Leader Biography

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ត្រូវ​បាន​ហៅ​ជា​ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 3 ខែ កុម្ភៈ ឆ្នាំ 2008 ។ លោក​ត្រូវ​បាន​គាំទ្រ​ជា​សមាជិក​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៃ​សាសនាចក្រ​នៅ​ថ្ងៃ​ទី 2 ខែ តុលា ឆ្នាំ 2004 ។ លោក​បាន​បម្រើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ចាប់​តាំង​ពី​ខែ មេសា ឆ្នាំ 1994 ។

ប្រធាន អុជដូហ្វ បាន​កើត​នៅ​ថ្ងៃ​ទី 6 ខែ វិច្ឆិកា ឆ្នាំ 1940 នៅ​ទីក្រុង អូសត្រោវ ប្រទេស ឆេក ដែល​ឪពុក​ម្ដាយ​លោក​ឈ្មោះ ខាល អាល់ប៊ើត និង ហ៊ិលឌើរហ្កាត អូភែល អូជដូហ្វ ។ នៅ​ឆ្នាំ 1947 គ្រួសារ​របស់​លោក​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង ហ្សីកខោវ ប្រទេស អាល្លឺម៉ង់ ។ ពួក​លោក​បាន​ហោះហើរ​ទៅ​ទីក្រុង ហ្វ្រែងហ្វើត / មេន នៅ​ឆ្នាំ 1952 ជា​ពេល​ដែល​លោក​បាន​ទទួល​ការអប់រំ​ផ្នែក​វិស្វកម្ម ។ នៅ​ឆ្នាំ 1959 លោក​បាន​ចូល​ជួរ​ទ័ព​អាកាស​អាល្លឺម៉ង់ ហើយ​បាន​បម្រើការ​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​អស់​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ ។

ក្នុង​ឆ្នាំ 1965 ប្រធាន អុជដូហ្វ បាន​ចាប់ផ្ដើម​ការងារ​ជា​អ្នក​បើក​យន្តហោះ​អាល្លឺម៉ង់ លូហ្វហានសា អ៊ែរឡាញ ។ ពី​ឆ្នាំ 1970 ដល់ ឆ្នាំ 1996 លោក​បាន​ធ្វើការ​ជា​មេបញ្ជាការ​ហោះហើរ​យន្តហោះ B737 អ៊ែរប៊ុស ឌីស៊ី10 និង B747 ។ ខណៈ​ដែល​លោក​កំពុង​ធ្វើការ​ជា​មេបញ្ជាការ​បំពាក់​បំប៉ន និង ត្រួតពិនិត្យ នោះ​លោក​បាន​មាន​ទំនួល​ខុស​ត្រូវ​ផ្នែក​គ្រប់គ្រង ។ តំណែង​ទាំងនេះ​រួម​មាន​មេ​បញ្ជាការ​ផ្នែក​អ្នក​បើក​យន្តហោះ B737 នាយក​សាលា​អ្នក​បើក​យន្តហោះ​នៅ​រដ្ឋ អារីហ្សូណា អ្នក​ដឹកនាំ​បុគ្គលិក​លើ​យន្តហោះ​ទាំងអស់ ហើយ​ទីបំផុត​ជា​អនុ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​ប្រតិបត្តិការ​ការហោះហើរ និង ជា​មេ​បញ្ជាការ​អ្នក​បើក​យន្តហោះ លូហ្វហានសា ។ លោក​ក៏​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិការ​ហោះហើរ​នៃ​សមាគម​គមនាគមន៍​ផ្លូវ​អាកាស​អន្តរជាតិផង​ដែរ ។

ឌៀថើរ អុជដូហ្វ និង ហារីត រែជ បាន​រៀបការ​នៅ​ឆ្នាំ 1962 ។ ពួក​លោក​មាន​កូន​ពីរ​នាក់ និង ចៅ​ប្រាំមួយ​នាក់ ។ ដោយ​ការហៅ​ជាសាវក​ម្នាក់ ក្រុមគ្រួសារ អុជដូហ្វ បាន​ចាកចេញ​ពី​ដែនដី​កំណើត​របស់ខ្លួន ហើយ​សព្វថ្ងៃ​នេះ​រស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​សហរដ្ឋ​អាមេរិក ។

ឌៀថើរ និង ហារីត អុជដូហ្វ រីករាយ​នឹង​សកម្មភាព​កំសាន្ត​ក្រៅ​ផ្ទះ​នានា ចូលចិត្ត​សិល្បៈ ហើយ​រីករាយ​បំផុត​ក្នុង​ការចំណាយ​ពេល​នៅ​ជាមួយ​កូនៗ និង ចៅៗ​របស់​ពួក​លោក ។