Leader Biography

ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បម្រើ​ជា​ប្រធាន​ទី 16 នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចាប់តាំង​ពី​ថ្ងៃ​ទី 3 ខែ កុម្ភៈ ឆ្នាំ 2008 ។ លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​ចាប់តាំង​ពី​ថ្ងៃ​ទី 10 ខែ វិច្ឆិកា ឆ្នាំ 1985 ។ នៅ​ថ្ងៃ​ទី 12 ខែ មិនា ឆ្នាំ 1995 លោក​ត្រូវបាន​ញែក​ចេញ​ជា​ទីប្រឹក្សា​ទី​មួយ​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ពីមុន​នោះ នៅ​ថ្ងៃ​ទី 5 ខែ មិថុនា ឆ្នាំ 1994 លោក​ត្រូវបាន​ហៅ​ជា​ទីប្រឹក្សា​ទី​ពីរ​របស់​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ និង​ជា​ទីប្រឹក្សា​ទី​ពីរ​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ថ្ងៃ​ទី 10 ខែ វិច្ឆិកា ឆ្នាំ 1985 ។ លោក​ត្រូវបាន​គាំទ្រ​ឲ្យ​បម្រើ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅ​ថ្ងៃ​ទី 4 ខែ តុលា ឆ្នាំ 1963 ហើយ​ត្រូវបាន​តែងតាំង​ជា​សាវក​នៅ​ថ្ងៃ​ទី 10 ខែ តុលា ឆ្នាំ 1963 ក្នុង​វ័យ 36 ឆ្នាំ ។

ប្រធាន ម៉នសុន បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​របស់​សាសនាចក្រ​នៅ​កាណាដា ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ តូរ៉ុនតូ អនទែរីយ៉ូ ពី​ឆ្នាំ 1959 ដល់ ឆ្នាំ 1962 ។ ​ពី​មុន​គ្រា​នោះ លោក​បាន​បម្រើ​នៅ​ក្នុង​គណៈ​ប្រធាន​ស្តេក ធែមផល វ្យូ នៅ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ និង ជា​ប៊ីស្សព​មួយ​រូប​នៃ​វួដ​ទីប្រាំមួយ-ប្រាំពីរ ក្នុង​ស្តេក​នោះ​ដែរ ។

លោក​បាន​កើត​នៅ​ទីក្រុង សលត៍ លេក នៅ​ថ្ងៃ​ទី 21 ខែ សីហា ឆ្នាំ 1927 ប្រធាន ម៉នសុន ជា​កូន​ប្រុស​របស់ ជី ស្ពែនស៊ើរ និង ក្លាឌីស ខនឌី ម៉នសុន ។ លោក​បាន​សិក្សា​នៅ​សាលា​រដ្ឋ​ទីក្រុង សលត៍ លេក ហើយ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​សាកល​វិទ្យាល័យ យូថាហ៍ ក្នុង​ឆ្នាំ 1948 ដោយ​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ។ លោក​បាន​ទទួល​ការងារ ហើយ​បាន​បម្រើការ​ជា​សមាជិក​​នៃមហាវិទ្យាល័យ​ពាណិជ្ជកម្ម​នៅ​សាកល​វិទ្យាល័យ យូថាហ៍ ។ ក្រោយមក លោក​បានទទួល​សញ្ញាបត្រ​ថ្នាក់​អនុ​បណ្ឌិត​ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ។ នៅខែ មេសា ឆ្នាំ 1981 សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បាន​ប្រគល់​សញ្ញាបត្រ​កិត្តិយស​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ជូន​ប្រធាន​ម៉នសុន ។ លោក​ត្រូវបាន​ប្រគល់​ឲ្យ​សញ្ញាប័ត្រកិត្តិយស​ថ្នាក់​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ ដោយ​មហាវិទ្យាល័យ​សហគមន៍​ទីក្រុង សលត៍ លេក នៅ​ខែ មិថុនា ឆ្នាំ 1996 ។ លោក​បាន​ទទួល​សញ្ញាប័ត្រកិត្តិយស​ថ្នាក់​បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ យូថាហ៍ នៅ​ខែ ឧសភា ឆ្នាំ 2007 ។ នៅខែ ឧសភា ឆ្នាំ 2009 លោក​បាន​ទទួល​សញ្ញាបត្រ​កិត្តិយសថ្នាក់បណ្ឌិត​ផ្នែក​ទំនាក់ទំនង ពី​សាកលវិទ្យាល័យ យូថាហ៍ វាលី និង សញ្ញាបត្រ​កិត្តិយស​ថ្នាក់​បណ្ឌិត​ផ្នែក​សេវាកម្ម​សាធារណៈ ពី​សាកលវិទ្យាល័យ យូថាហ៍ភាគ​ខាង​ត្បូង ។ នៅខែ មេសា ឆ្នាំ 2010 លោក​បាន​ទទួលសញ្ញាបត្រ​កិត្តិយស​ថ្នាក់​បណ្ឌិត​​ផ្នែក​មនុស្ស​សាស្ត្រ ពី​សាកលវិទ្យាល័យ វែប៊ើរ ស្តេត ។ នៅ​ខែ ឧសភា ឆ្នាំ 2011 លោក​បាន​ទទួលសញ្ញាបត្រ​កិត្តិយស​ថ្នាក់បណ្ឌិត​ផ្នែក​មនុស្សសាស្ត្រ ពី​មហាវិទ្យាល័យ ឌិស៊ី ស្តេត រដ្ឋ យូថាហ៍ ។ លោក​ជា​សមាជិក​ក្នុងសមាគម អាលហ្វា ខាផា សាយ ​ជា​សមាគម​ផ្នែក​ពាណិជ្ជកម្ម​ល្បីល្បាញ​មួយ ។

ប្រធាន ម៉នសុន បាន​បម្រើ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ​នៅពេល​ដែល​​សង្គ្រាម​លោក​លើក​ទី 2 ជិតនឹង​បញ្ចប់ ។ លោក​បាន​រៀបការ​នឹង ហ្វ្រានសេស ប៊ែវើរលី ចនសុន នៅ​ថ្ងៃ​ទី 7 ខែ តុលា ឆ្នាំ 1948 ក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។ លោក​ទាំង​ពីរ​មាន​កូន​បី​នាក់ ចៅ​ប្រាំបី​នាក់ និង ចៅទួត​ប្រាំពីរ​នាក់ ។

ប្រធាន ម៉នសុន បាន​ធ្វើការ​ក្នុង​អាជីពដ៏​ថ្លៃថ្នូរ​មួយខាង​ផ្នែក​បោះពុម្ព​​យ៉ាង​ស្ទាត់ជំនាញ ។ លោក​បាន​ធ្វើការ​ឲ្យ Deseret Newsក្នុង​ឆ្នាំ 1948 ជាទីកន្លែង​ដែល​លោក​បាន​បម្រើ​ជា​អ្នក​គ្រប់គង​​ផ្នែកផ្សព្វផ្សាយ​​សម្រាប់សារព័ត៌មាន​នោះ និង​សម្រាប់​ភ្នាក់ងារ​សាជីវកម្ម​សារព័ត៌មាន ។ ក្រោយ​មក លោក​បាន​ទទួល​តំណែង​ជា​អ្នក​គ្រប់គ្រងផ្នែក​លក់​នៃ​សារព័ត៌មាន Deseret News ដែល​ជា​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅលោក​ខាង​លិច ហើយ​ក្រោយ​មក​បាន​ឡើង​តំណែង​ជានាយកទូទៅ ជា​តំណែងដែល​លោក​បាន​ទទួល​ពេល​លោក​ត្រូវបាន​ចាត់តាំង​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​ក្នុង​ឆ្នាំ 1963 ។ លោក​បាន​បម្រើការ​ជា​ប្រធាន​ក្រុម​ប្រឹក្សានៃ​ក្រុម​ហ៊ុន​​បោះពុម្ព​ផ្សាយសារព័ត៌មាន Deseret News អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ ប្រធាន ម៉នសុន ជា​អតីត​ប្រធាន​ឧស្សាហកម្ម​បោះពុម្ពនៃរដ្ឋ យូថាហ៍ និង ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​នាយក​នៃ​ឧស្សាហកម្ម​បោះពុម្ព​សហរដ្ឋ​អាមេរិក ។

ជាមួយ​នឹង​បទពិសោធន៍​ផ្នែក​ពានិជ្ជកម្ម​ដ៏​ទូលំទូលាយ​​របស់​លោក ប្រធាន ម៉នសុន បាម​បម្រើការ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ផ្នែកពាណិជ្ជកម្ម និង ឧស្សាហកម្ម​ដ៏​ល្បីល្បាញ​មួយ​ចំនួន ។ បច្ចុប្បន្ន​លោក​បម្រើ​ជា​ប្រធានក្រុម​ប្រឹក្សា​ភិបាលផ្នែក​​អប់រំ និង ​ក្រុម​ប្រឹក្សានាយករបស់​​សាសនាចក្រ អិល.ឌី.អេស ។

ចាប់តាំង​ពី​ឆ្នាំ 1969 មក ប្រធាន ម៉នសុន បាន​បម្រើ​ជា​សមាជិក​នៃ​​ក្រុមប្រឹក្សា​ប្រតិបត្តិ​ជាតិផ្នែកក្រុម​​កាយឫទ្ធិ​អាមេរិក ។

ប្រធាន ម៉នសុន បាន​ទទួល​សមាជិកភាព​នៅ​ក្នុង​សមាគម​អ្នក​គ្រប់គ្រង​ផ្នែក​លក់រដ្ឋ យូថាហ៍ ​ក្រុម​ផ្សាយ​ពាណិជ្ជកម្មសលត៍ លេក និង ក្រុមប្ដូរ​​រូបិយប័ណ្ណ សលត៍ លេក ។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ប្រធាន ម៉នសុន បាន​បម្រើ​ជា​សមាជិក​​ក្រុម​ប្រឹក្សាបម្រុងរ រដ្ឋ យូថាហ៍ ជាក្រុមប្រឹក្សា​មួយ​ដែល​គ្រប់គ្រង​លើ​ផ្នែកអប់រំជាន់​ខ្ពស់​ក្នុង​រដ្ឋ យូថាហ៍ ។ លោក​ក៏​បាន​បម្រើការ​ផងដែរជា​មន្ត្រី​មួយ​រូប​នៅក្នុង​​សមាគម​អតីត​និស្សិត​ប្រុស​ប្រចាំ​សាកល​វិទ្យាល័យ យូថាហ៍ ។

នៅ​ខែ ធ្នូ ឆ្នាំ 1981 ប្រធាន ម៉នសុន ត្រូវបាន​ចាត់តាំង​ដោយ​ប្រធាន រ៉ូណល រីហ្គែន ដើម្បី​បម្រើ​ជា​ប្រធានផ្នែក​ផ្ដួចផ្ដើម​សម្រាប់វិស័យឯកជន ។ លោក​បាន​បម្រើនៅ​ក្នុង​កិច្ចការ​នេះ​រហូត​ដល់​ឆ្នាំ 1982 ជា​ពេល​ដែល​កិច្ចការ​នេះ​​ត្រូវបាន​បញ្ចប់ ។

ប្រធាន ម៉នសុន ត្រូវបាន​បំពាក់​ជ័យលាភី​នៃ​អតីត​និស្សិត​ប្រុស​ដែល​មាន​ឈ្មោះ​ល្បី​ប្រចាំ​សាកលវិទ្យាល័យ យូថាហ៍ ក្នុង​ឆ្នាំ 1966 ។ លោក​ក៏​ជា​អ្នក​ទទួល​បាន​មេដាយ​ប្រាក់​កង​កាយឫទ្ធិ​អាមេរិក ( ឆ្នាំ 1971 ) មេដាយ​ក្របី​ប្រាក់​ដ៏​មាន​កិត្យានុភាព ( ឆ្នាំ 1978 ) និង មេដាយ​កង​កាយឫទ្ធិ​អន្តរជាតិ​ថ្នាក់​ខ្ពស់​បំផុត មេដាយ​ចចក​ស្ពាន់ និង មេដាយ​កញ្ជ្រោង​ប្រាក់ ពី​ក្រុម​កាយឫទ្ធិ​ប្រទេសកាណាដា ( ឆ្នាំ 2011 ) ផងដែរ ។ នៅ​ឆ្នាំ 1997 លោក​បាន​ទទួល​ជ័យលាភី​មីនីតមែន ពី​ឆ្មាំ​អន្តរជាតិ​ប្រចាំ​រដ្ឋ យូថា ក៏​មាន​ជ័យលាភី​គំរូ​នៃ​ភាព​ជា​បុរស ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ផងដែរ ។ ក្នុង​ឆ្នាំ 1998 លោក និង ស៊ីស្ទើរ ម៉នសុន ​បាន​ទទួល​ជ័យលាភី​សម្ព័ន្ធ​ផ្នែក​សប្បុរសធម៌ ពីស្ថាប័ន​ពួក​បងប្អូនស្រី​នៃសប្បុរសធម៌ របស់​សេន​ យ៉ូសែប ​វីឡា ។ ក្នុង​ឆ្នាំ 2000 លោក​បាន​ទទួល​ពាន​រង្វាន់​យ៉ូសែប និង ហៃរុម ស៊្មីធ ជា « អ្នក​ទំនាក់ទំនង​ប្រចាំ​ឆ្នាំ » ពី​សមាគម​ទំនាក់ទំនង​សាធារណៈ អិល.ឌី.អេស ។  ក្នុង​ឆ្នាំ 2005 លោក​បាន​ទទួល​ពាន​រង្វាន់​មរតក​ជីវិត ដោយ​គ្រឹះស្ថាន​ស្រាវជ្រាវ​ផ្នែក​បេះដូង និង សួត ដែល​ជា​ស្ថាប័ន​មួយ​នៃ​គ្រឹះស្ថាន​ដេសើរ៉ែត ។  ក្នុង​ឆ្នាំ 2007 លោក​បាន​ទទួល​ពានរង្វាន់​សប្បុរសធម៌​ទូទាំង​ពិភពលោក​របស់​រ៉ូថារី ។ លោក​បាន​ទទួល​ពានរង្វាន់​ពីស្ថាប័ន​​ទាំង​បួន​នៃ​សមាគមផ្នែក​គ្រប់គ្រង ប៊ី.វ៉ាយ.យូ ។