Leader Biography

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 5 ខែ មេសា ឆ្នាំ 2008 ។ នៅ​ពេល​លោក​ត្រូវបាន​ហៅឲ្យ​បម្រើ​​មុខងារនេះ លោក​កំពុង​​បម្រើ​នៅ​ក្នុង​គណៈ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ ។

អំឡុង​ការកាន់​តំណែង​របស់​លោក​នៅ​ក្នុង​គណៈ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ភារកិច្ច​គ្រប់គ្រង​តំបន់​អាមេរិកភាគពាយព្យ និង ភាគអាគ្នេយ៍នៃ​សាសនាចក្រ ។ លោក​ក៏​បាន​បម្រើ​ជា​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ពង្សប្រវត្តិ និង ប្រវត្តិសាស្ត្រ​សាសនាចក្រផងដែរ ។ ពីមុន​ការបម្រើ​នោះ លោក​ជា​ប្រធាន​តំបន់​ម៉ិកស៊ិក​ខាង​ត្បូង​របស់​សាសនាចក្រ ដែល​មាន​ទីតាំង​នៅ​ទីក្រុង ម៉ិកស៊ីកូ ។

ពីមុន​ដែល​លោក​បម្រើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ពេញ​ម៉ោង​នៃ​សាសនាចក្រ អែលឌើរ គ្រីស្តូហ្វឺសិន បាន​ធ្វើការ​ជា​អ្នក​ប្រឹក្សារង​​ទូទៅ​នៃ​ធនាគារ NationsBank ( ដែល​សព្វថ្ងៃ​ជា​ធនាគារ​អាមេរិក ) នៅ​ទីក្រុង ឆាឡុត រដ្ឋ ខារ៉ូលីណា ខាង​ជើង ។ ពីមុន​ការងារ​នោះ លោក​បាន​ធ្វើការ​ជា​អនុ​ប្រធាន​ជាន់ខ្ពស់ និង ជាអ្នក​ប្រឹក្សា​ទូទៅ​ឲ្យ​ធនាគារសហភាពពាណិជ្ជកម្មនៃ​ថែណឺស៊ី នៅ​ទីក្រុង ណាសស្វិល ​ក៏​ជាទី​​កន្លែង​ដែល​លោក​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​សហគម និង អង្គការ​អន្តរ​ជំនឿផងដែរ ។ ពី​ឆ្នាំ 1975 ដល់​ឆ្នាំ 1980 អែលឌើរ គ្រីស្តូហ្វឺសិន ធ្វើ​ជា​មេធាវី​នៅ​ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី. បន្ទាប់​ពី​ការបម្រើការ​ជា​មេធាវី​សម្រាប់​ចៅក្រម​សង្កាត់ ចន ជេ ស៊ីរីកា ស.ហ.រ ។

លោក​បាន​កើត​នៅ​ទីក្រុង ភ្លែសិន ហ្គ្រូវ រដ្ឋ យូថាហ៍ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​នៅ​ទីក្រុង នូវ ជើស៊ី បាន​បញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ​ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ដែល​នៅ​ទី​នោះ​លោក​បាន​ទទួល​ងារ​ជា​អ្នក​ប្រាជ្ញ អ៊ែឌវីន អេស ហ៊ិងគ្លី ហើយ​បាន​បញ្ចប់ថ្នាក់​បរិញ្ញប័ត្រ​ផ្នែក​​ច្បាប់​របស់​លោក​ពីសាកល​វិទ្យាល័យ ឌូក ។

ក្នុង​ចំណោម​​ការហៅ​ដទៃ​ទៀត លោក​ធ្លាប់​បាន​បម្រើ​សាសនាចក្រ​ជា​អ្នក​តំណាង​ភូមិភាគ ប្រធាន​ស្តេក និង ប៊ីស្សព ។ កាល​ពី​ក្មេង លោក​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេសអាហ្សង់ទីន ។

អែលឌើរ គ្រីស្តូហ្វឺសិន និង ភរិយា​របស់​លោក ខាធើរីន យ៉ាកុប គ្រីស្តូហ្វឺសិន មាន​កូន​ប្រាំ​នាក់ ។