Additional Resource

ការ​ផ្សារភ្ជាប់

នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពាក្យ ការ​ផ្សារភ្ជាប់ សំដៅ​ទៅ​លើ​ការ​រួបរួម​គ្នា​នៃ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ព្រមទាំង​កូនៗ​របស់​ពួកគាត់​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។ ការ​ផ្សារភ្ជាប់​នេះ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ ដោយ​បុរស​ម្នាក់​ដែល​មាន​បព្វជិតភាព ឬ​សិទ្ធិ​អំណាច​មក​ពី​ព្រះ ។ តាម​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការ​ផ្សារភ្ជាប់ មាន​ន័យ​ថា ​ទំនាក់ទំនង​គ្រួសារ​ទាំង​នេះ នឹង​កាន់​ខ្ជាប់​បន្ទាប់ពី​សេចក្ដី​ស្លាប់ បើ​បុគ្គល​ម្នាក់ៗ រស់នៅ​ស្របតាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គ្រួសារគឺ​សំខាន់​ក្នុងផែនការរបស់​ព្រះ ជា​អង្គភាព​ដ៏​សំខាន់​បំផុត ទាំង​នៅ​លើ​ផែនដី និង​នៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ។

នៅ​ពេល​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មរមន ពិធីការ​ត្រូវ​បាន​ហៅ​ថា​ជា​ ការ​ផ្សារភ្ជាប់ ។ នៅពេល​កូនៗ​ កើត​មក​ក្នុង​ចំណង​គូស្វាមី​ភរិយា​នេះ​ក្រោយមក នោះ​ពួកគេ​ត្រូវ​បាន​ចាត់ទុក​ថា បាន​ផ្សារភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​ទៅ​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ។ គូស្វាមី​ភរិយា ដែល​ចូលរួម​ក្នុង​សាសនាចក្រ បន្ទាប់ពី​ពួកគេ​បាន​រៀបការ​រួចហើយ ឬ​ពុំ​បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពី​ដំបូង ដោយ​សារ​មូលហេតុ​ផ្សេងៗ នៅ​តែ​មាន​ឱកាស​ដើម្បី​ផ្សារភ្ជាប់​នឹង​គ្នា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នា​ពេល​ក្រោយ ។ ឪពុក​ម្ដាយ អាច​មាន​កូនៗ​ផ្សារភ្ជាប់​នឹង​ពួកគេ​នៅ​គ្រា​នោះ ។ ពិធី​បរិសុទ្ធ​នៃ​ការ​ផ្សារភ្ជាប់​ទាំង​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ជំនួស​មរណជន​ផងដែរ ដើម្បី​ចង​ភ្ជាប់​ក្រុម​គ្រួសារ​ជាមួយ​គ្នា​រាប់​ជំនាន់ ។

ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ បាន​មាន​បន្ទូល​អំពី​គំនិត​នៃ​ការ​ផ្សារភ្ជាប់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

« កាល​ព្រះយេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា ភីលីព នោះ​ទ្រង់​មាន​ព្រះបន្ទូល សាកសួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំងឡាយ គេ​ថា​កូន​មនុស្ស​ជា​នរណា? …

« ហើយ​ស៊ីម៉ូន ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជ​បុត្រា នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

« រួច​ព្រះយេស៊ូវ មាន​បន្ទូល​តប​ឆ្លើយ​វិញ​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ ៖ ត្បិតវ​មិនមែន​ជា​សាច់ឈាម ដែល​បាន​សម្តែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ ។

« ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ ។

« ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ » (ម៉ាថាយ 16:13 16–19)។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​លើ​សិទ្ធិ​អំណាច​ដូចគ្នា​នេះ ដែល​បាន​ប្រគល់​ដល់​ពេត្រុស គឺ​ត្រូវ​បាន​ប្រគល់​ដល់​យ៉ូសែប ស្ម៊ីធ ក្នុង​ឆ្នាំ 1829 ហើយ​បាន​ផ្ដល់​ត​ទៅ​ព្យាការី​បច្ចុប្បន្ន និង​ប្រធាន​សាសនាចក្រ ថូម៉ាស អេស ម៉នសុន ។ មាន​តែ​ព្យាការី​ទេ ទើប​អាច​ផ្ដល់​អំណាច​នៃ​ការ​ផ្សារភ្ជាប់​ទៅ​បុរស​ដទៃ ហើយ​មាន​តែ​បុរស​មួយ​ចំនួន​តិច​ប៉ុណ្ណោះ ដែល​កាន់​សិទ្ធិ​​អំណាច​នេះ​នៅ​ពេល​ដែល​បាន​ផ្ដល់​ឲ្យ​នា​ពេល​ណា​មួយ ។​