ការរំលោភបំពានលើកុមារ
ការរំលោភបំពានលើកុមារ បានដាស់ក្នុងខ្លួនយើងនូវអារម្មណ៍ដែលមានទំហំដ៏ធំមួយ ដែលពុំអាចថ្លែងបាន ។ ប្រហែលជាបទឧក្រិដ្ឋនេះ ប៉ះនឹងអារម្មណ៍យើងខ្លាំង ដោយសារយើងចាំ ពីអារម្មណ៍នៃការបីកូនក្នុងដៃរបស់យើងនៅគ្រាដំបូងជាយ៉ាងណា—ជាអារម្មណ៍នៃក្ដីស្រឡាញ់ដ៏លើសលប់ និងយ៉ាងជ្រាលជ្រៅបំផុតនៃភាពជាឪពុកម្ដាយ ដើម្បីចិញ្ចឹមបីបាច់ បង្រៀន និងការពារ ។ វាគឺជាការដ៏រន្ធត់ និង មិនគួរឲ្យជឿ ដែលមនុស្សម្នាក់នឹងធ្វើបាបដល់កុមារតូចម្នាក់នោះ ។ វាគឺជាទម្រង់នៃការលាក់ពុតដ៏ធំបំផុត ។
សង្គម កំពុងតែរួបរួមគ្នាផ្ដាច់ឬសគល់នៃការរំលោភបំពានលើកុមារចេញ ។ សារជាថ្មីឡើងវិញ យើងមើលឃើញសហគមន៍ទាំងមូល កំពុងធ្វើការជាមួយគ្នា ដើម្បីរុករកកុមារដែលត្រូវគេចាប់ខ្លួន និងរំលោភបំពានដោយភ័យខ្លាចនោះ ។ វាគឺជាសារព័ត៌មានរបស់ជាតិ ពេលកុមារម្នាក់ ស្ថិតក្នុងគ្រោះថ្នាក់ ។
ប៉ុន្តែការរំលោភបំពានលើកុមារ ពុំមែនជាប្រធានបទនៃរបាយការណ៍សារព័ត៌មានរបស់ជាតិជានិច្ចកាលនោះទេ ។ តាមធម្មតា អំពើអាក្រក់នេះ ពុំត្រូវបានគេនិយាយ ឬគិតពីវាឡើយ ។ ប៉ុន្តែចាប់តាំងពីមុនវាក្លាយជាប្រធានបទដ៏សំខាន់ដំបូងនៅក្នុងសហរដ្ឋ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី អតីតប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានថ្កោលទោសជាសាធារណៈចំពោះការរំលោភបំពានលើកុមារថា ជាអំពើអាក្រក់ដ៏ខ្លាំង ។ នៅដើមឆ្នាំ 1980 លោកបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់យើង នៅពេលលោកមានប្រសាសន៍នៅក្នុងការចាក់ផ្សាយសន្និសីទទូទាំងពិភពលោកមួយថា ៖ « ខ្ញុំរីករាយណាស់ ដែលសារធារណជន បានដឹងពីកំណើននៃអំពើអាក្រក់ដ៏ធ្ងន់ធ្ងរនេះ ។ ការបំពានលើកុមារតូចៗ . . ដើម្បីបំពេញបំណងប្រាថ្នាដ៏ឥតក្ដីមេត្តា គឺជាអំពើបាបដ៏អាក្រក់បំផុតមួយ » ។
តើសាសនាចក្រ មានមុខងារអ្វីផ្សេងទៀត ? បញ្ហានេះ បានចាក់ចូលដល់ដួងចិត្តនៃគោលលទ្ធិរបស់សាសនាចក្រ ។ កុមារតូចៗ ស្លូតត្រង់ និងមានតម្លៃណាស់ នៅក្នុងព្រះនេត្ររបស់ព្រះ ។ ព្រះយេស៊ូវគ្រីស្ទ បានជួបនឹងគ្រាដ៏ទន់ភ្លន់បំផុតមួយចំនួនរបស់ទ្រង់ ជាមួយកុមារតូចៗ ហើយទុកភាសាធ្ងន់ៗបំផុតរបស់ទ្រង់ សម្រាប់អ្នកទាំងឡាយដែលបំពានលើកុមារ ។ « ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំរវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើ យ៉ាងនោះ នឹងមានប្រយោជន៍ដល់អ្នកនោះជាជាង » (ម៉ាថាយ 18:6 ) ។លើសពីនោះ គ្រួសារ គឺជាស្នូលនៃសាសនាចក្រ ។ កុមារតូចៗ ចូលរួមកម្មវិធីសាសនាចក្រជាមួយឪពុកម្ដាយពួកគេ ។ ការអនុវត្តន៍របស់សាសនាចក្រ រួមមាន រាត្រីគ្រួសារប្រចាំសប្ដាហ៍ ដោយដាក់ចំណាប់អារម្មណ៍ផ្សេងៗមួយអន្លើរ ដើម្បីងាកមកស្ថាបនាទំនាក់ទំនងគ្រួសារឲ្យរឹងមាំវិញ ។ នៅក្នុងគ្រួសារ ឪពុកម្ដាយទាញកម្លាំងពីគ្នាទៅវិញទៅមក ដើម្បីស្រឡាញ់ និងការពារកូនៗរបស់ពួកគេ ដោយការផ្ដល់បរិយាកាសមួយ ដែលកូនៗអាចរីកចម្រើន និងអភិវឌ្ឍនៅក្នុងបរិយាកាសនៃក្ដីស្រឡាញ់ និងការគាំទ្រ ។ សាសនាចក្រ ផ្ដល់កន្លែងជួបជុំមួយសម្រាប់ក្រុមគ្រួសារ ដែលចង់ចិញ្ចឹមបីបាច់កូនៗរបស់ពួកគេជាមួយតម្លៃខាងវិញ្ញាណ ។ ទាំងសាសនាចក្រ និងគ្រួសារ មានចំណាប់អារម្មណ៍ខ្ពស់បំផុតទៅលើសុខុមាលភាពរបស់កូនៗ ។
នៅក្នុងឯកសារនេះ បញ្ហានៃការបំពានលើកុមារ ត្រូវបានញែកចេញពីទស្សនៈវិស័យរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ តើមានអ្វីខ្លះដែលបានធ្វើឡើង បំបាក់ទឹកចិត្តវា ? តើសាសនាចក្រធ្វើអ្វីខ្លះ សម្រាប់ជនរងគ្រោះ ? តើធ្លាប់មានករណីឡើងតុលាការ ឬការដោះស្រាយផ្លូវច្បាប់អ្វីទេ ហើយបើមាន ហេតុអ្វី ? តើសាសនាចក្រប្រព្រឹត្តនឹងអ្នកទាំងឡាយ ដែលបំពានលើកុមារតូចៗដោយរបៀបណា ? តើបទពិសោធន៍ក្នុងសាសនាចក្រនេះ ខុសពីព្រះវិហារសាសនា និងអង្គការសាសនាផ្សេងទៀតដោយរបៀបណា ហើយតើភាពស្រដៀងគ្នាមានអ្វីខ្លះ ? ក្នុងប៉ុន្មានទំព័រនេះ សំណួរទាំងនេះត្រូវបានលើកមកពិភាក្សា ។
ការការពារកុមារតូចៗ
តួនាទីរបស់សាសនាចក្រ ក្នុងសង្គ្រាមសហគមន៍ទាស់នឹងអំពើអាក្រក់ នៃការរំលោភបំពាន ត្រូវរៀននូវអ្វីដែលយើងអាចធ្វើ ដើម្បីប្រឈមមុខនឹងបញ្ហាដែលមាន ហើយចែកចាយបទពិសោធន៍យើងជាមួយអ្នកដទៃ ដែលគេត្រូវបានលើកទឹកចិត្តដូចគ្នា ។
តើនរណាជាបព្វជិត ?
សាសនាចក្រ មានបព្វជិតដែលពុំទទួលប្រាក់កម្រៃ ។ ពួកអ្នកដឹកនាំក្នុងក្រុមជំនុំ ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានហៅថាជា ប៊ីស្សព ។ ប៊ីស្សព ត្រូវបានជ្រើសរើសចេញពីសមាជិកភាពក្នុងមូលដ្ឋាន ដើម្បីបម្រើជាអ្នកស្ម័គ្រចិត្តសម្រាប់រយៈពេលប្រាំឆ្នាំ ។ ប៊ីស្សពភាគច្រើន រស់នៅក្នុងសហគមន៍អស់រយៈពេលជាយូរ ហើយចាត់ទុក សមាជិកនៃក្រុមជំនុំរបស់ពួកគាត់ ជាមិត្ត និងអ្នកជិតខាងជិតស្និត ។ ហើយប៊ីស្សពភាគច្រើន មានកូនៗផ្ទាល់ខ្លួនពួកគាត់ ដែលជាញឹកញាប់កូនតូចៗ ចូលរួមក្នុងព្រះវិហារ ហើយចូលរួមក្នុងសកម្មភាពព្រះវិហារ ។ ហេតុដូច្នេះ ប៊ីស្សព បានចាប់អារម្មណ៍យ៉ាងខ្លាំងរួចទៅហើយទៅលើសុវត្ថិភាព និងសុខុមាលភាពនៃសហគមន៍សាសនាចក្ររបស់ពួកគាត់ ។ នៅពេលអ្នកបំពានលើកុមារ គំរាមគំហែងដល់សុវត្ថិភាពនៃក្រុមជំនុំគាត់ នោះប៊ីស្សព ពុំមានការលើកទឹកចិត្ត ឬមានហិរញ្ញវត្ថុ ឬអ្វីផ្សេងមកធ្វើ ជាជាងការការពារដល់គ្រួសារសាសនាចក្ររបស់គាត់ ដូចជាគ្រួសារគាត់ផ្ទាល់នោះទេ ។
ប៊ីស្សព ពុំទទួលប្រាក់ខែ ឬរង្វាន់ខាងហិរញ្ញវត្ថុណាមួយនោះទេ ។ ពួកគាត់ក៏ពុំមែនជាសមាជិកដាច់ដោយឡែកនៃបព្វជិតដែរ ។ គ្មានលំដាប់បព្វជិតភាពពិសេសណាមួយនៅក្នុងសាសនាចក្រសម្រាប់ពួកគាត់ចូលរួមនោះទេ ។ ប៊ីស្សពពួកបរិសុទ្ធថ្ងៃចុងក្រោយ រស់នៅក្នុងសហគមន៍ ហើយធ្វើការងារតាមធម្មតារបស់ពួកគាត់ ដូចជាមនុស្សគ្រប់គ្នាដទៃទៀតដែរ ។ ដោយសារពួកគាត់ មើលខុសត្រូវលើតម្រូវការនៃការិយាល័យរបស់ប៊ីស្សពពួកគាត់ ភាគច្រើននៅចុងសប្ដាហ៍ និងពេលល្ងាច នោះពួកគាត់អាចធ្វើដូច្នោះបាន ដោយគ្រាន់តែហៅសមាជិកដទៃទៀតក្នុងក្រុមជំនុំ ដែលមានចំនួនដ៏ច្រើនឲ្យជួយពួកគាត់ប៉ុណ្ណោះ ។
ប៊ីស្សព អាចជាគ្រូបង្រៀននៅសាលារៀន ជាវេជ្ជបណ្ឌិត ឬអ្នកជំនួញ ។ ដើម្បីជួយគាត់ បណ្ណារក្ស អាចត្រូវបានហៅឲ្យបង្រៀនថ្នាក់សាលាថ្ងៃអាទិត្យសិស្សអាយុប្រាំមួយឆ្នាំ ។ ឱសថការីម្នាក់ អាចមើលខុសត្រូវលើអង្គការកុមារសម្រាប់អាយុបីឆ្នាំ ដល់ 11 ឆ្នាំ ។ ការហៅទាំងនេះ គឺបណ្ដោះអាសន្ន ហើយផ្លាស់ប្ដូរជាញឹកញាប់ ប៉ុន្តែមនុស្សគ្រប់គ្នាដែលបម្រើតាមការអញ្ជើញរបស់ប៊ីស្សព ត្រូវបានរំពឹងឲ្យរស់នៅតាមគោលការណ៍ទាំងឡាយនៃសាសនារបស់ពួកគេ ដែលចំនុចសំខាន់ គឺគោរពដល់ក្រុមគ្រួសារ និងកុមារតូចៗ ។
តើមានអ្វីនៅក្នុងឈ្មោះមួយ ?
មានធាតុសំខាន់មួយទៀតចំពោះការបម្រើដោយឥតគិតថ្លៃរបស់សាសនាចក្រ ដែលសំខាន់ចំពោះមេធាវី អ្នកកាសែត និងអ្នកដទៃទៀត បានចាប់អារម្មណ៍ទៅលើ គឺការយល់ដឹងអំពីការបំពានលើកុមារ ។
សមាជិកនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលសកម្មស្ទើរតែទាំងអស់ កាន់តំណែងទទួលខុសត្រូវមួយចំនួន ដើម្បីជួយដល់ប៊ីស្សព ធ្វើកិច្ចការរបស់គាត់ ។ ក្នុងករណីបុរស និងយុវជនដែលមានភាពសក្ដិសម ចាប់ពីអាយុ 12 ឆ្នាំឡើងទៅ នោះអ្នកទាំងអស់ មានចំណែកនៃបព្វជិតភាពរបស់សាសនាចក្រ ។ ជាទូទៅ យុវជនដែលមានអាយុ 12 ឆ្នាំម្នាក់ ដែលមកព្រះវិហារជាទៀងទាត់ ត្រូវបានតែងតាំងជាឌីកុនម្នាក់ ។ ដល់អាយុ 14 ឆ្នាំ នោះគាត់នឹងក្លាយជាគ្រូ ហើយដល់អាយុ 16 ឆ្នាំ នឹងក្លាយជាសង្ឃ ។ បុរសពេញវ័យស្ទើរតែទាំងអស់ ត្រូវបានតែងតាំងជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ ។ ទោះជាយ៉ាងណា កាលដែលត្រូវបានតែងតាំងបព្វជិតភាព និងកាន់តំណែងសង្ឃ អែលឌើរ ឬសង្ឃជាន់ខ្ពស់ នោះពុំមែនជាការផ្ដល់សិទ្ធិអំណាចណាមួយដល់បុគ្គលនោះ ក្នុងក្រុមជំនុំ ឬធ្វើឲ្យគាត់ក្លាយជាអ្នកដឹកនាំម្នាក់នោះទេ ។ សមាជិកក្នុងសាសនាចក្ររបស់គាត់ ពុំគោរពគាត់ដោយការកោតខ្លាច ឬការគោរពដ៏ពិសេសណាមួយនោះទេ ។ តាមពិត ទោះជាបុរសម្នាក់ឈប់មកសាសនាចក្រក្ដី នោះគាត់នៅតែជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ដដែល ដរាបណាគាត់នៅតែជាសមាជិកសាសនាចក្រ ។
ពេលខ្លះ រឿងសារព័ត៌មាន បានបង្ហាញក្នុងចំណងជើងថា « អ្នកដឹកនាំមរមន ត្រូវបានចោទប្រកាន់អំពីការបំពានលើកុមារ » ។ មេធាវីកាត់ក្ដីមួយចំនួន បានដឹងជាមុនថា ការប្រើឈ្មោះដូចជា « សង្ឃជាន់ខ្ពស់ » ដូច្នេះ អាចបង្ហាញឲ្យឃើញដូចជា មនុស្សម្នាក់មានសិទ្ធិអំណាចធំ បានល្មើសនឹងច្បាប់ ហេតុនោះហើយ វាបង្កើននូវតម្លៃដ៏តក់ស្លុតជាមួយនឹងក្រុមប្រឹក្សាតុលាការ និងប្រព័ន្ធសារព័ត៌មាន ។ ការអះអាងដូច្នោះខុសឆ្គង ។
ការចូលរួមរបស់សមាជិក ដើម្បីបញ្ឈប់នូវការបំពានលើកុមារ
ក្រុមជំនុំពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺដូចជាគ្រួសារធំមួយ ជាក្រុមមនុស្សដែលធ្វើការជាមួយគ្នា ដោយមានអាកប្បកិរិយានៃការគាំទ្រគ្នាទៅវិញទៅមកមួយ ។ សាសនាចក្រ មានក្រុមគ្រួសារដែលបានលើកទឹកចិត្តជាយូរអង្វែងមួយ ដើម្បីនិយាយអំពីការបំពានលើកុមារ ដើម្បីអប់រំខ្លួនគេអំពីរបៀបរៀបចំ និងការពារសោកនាដកម្មដូច្នោះ ។ ចាប់តាំងពីឆ្នាំ 1976 មានអត្ថបទសារព័ត៌មាន និងទស្សនាវដ្ដីច្រើនជាង 50 បានបង្ហាញនៅក្នុងការបោះពុម្ពសាសនាចក្រ ថ្កោលទោសចំពោះការបំពានលើកុមារ ឬការអប់រំសមាជិកអំពីរឿងនេះ ។ អ្នកដឹកនាំសាសនាចក្រ បាននិយាយអំពីប្រធានបទនេះ ច្រើនជាង 30 ដងនៅក្នុងសន្និសីទទូទៅរបស់សាសនាចក្រ ។ ការបំពានលើកុមារ គឺជាប្រធានបទនៃមេរៀនជាទៀងទាត់មួយ ដែលបានបង្រៀនអំឡុងការប្រជុំថ្នាក់សាលាថ្ងៃអាទិត្យ ។
សាសនាចក្រ ក៏បានផលិតសម្ភារ និងកាសែតវីដេអូសម្រាប់ការបំពាក់បំប៉នដ៏ច្រើនផងដែរ ។ សម្ភារទាំងនេះ ត្រូវបានប្រើដើម្បីបំពាក់បំប៉នថ្នាក់ដឹកនាំសាសនាចក្រ អំពីរបៀបដើម្បីស្គាល់ និងឆ្លើយតបចំពោះការបំពានដូច្នោះ ។ បុគ្គលិកនៅកន្លែងទូរស័ព្ទជំនួយ 24 ម៉ោង ជាអ្នកផ្ដល់ប្រឹក្សាដ៏មានវិជ្ជាជីវៈ ផ្ដល់ដំបូន្មានសម្របតាមស្ថានការណ៍ ដូច្នេះអ្នកដឹកនាំក្នុងមូលដ្ឋាន អាចចាត់វិធានការណ៍សមរម្យ តាមករណីនីមួយៗ ។
ទីបំផុត សាសនាចក្រ ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីអាចជួយពង្រឹងដល់ក្រុមគ្រួសារ ។ មនុស្សគ្រប់រូប និងវិទ្យាស្ថានគ្រប់កន្លែង ត្រូវធ្វើនូវចំណែករបស់ពួកគេ ប៉ុន្តែនៅទីបំផុត គ្រួសាររឹងមាំ មានក្ដីស្រឡាញ់ និងមើលថែទាំ គឺជាការការពារដ៏ល្អបំផុត ចំពោះការបំពានលើកុមារ ។ អតីតប្រធានសាសនាចក្រ ប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ថា ៖ « អ្វីៗទាំងអស់នេះ នឹងកើតឡើង ហើយកាន់តែអាក្រក់ឡើង ទាល់តែមានការទទួលស្គាល់ដ៏សំខាន់មួយ មែនហើយ ជាជំនឿស៊ប់ដ៏រឹងមាំ និងក្លៀវក្លាមួយ ស្ដីអំពីភាពពិត ដែលថា គ្រួសារគឺជាឧបករណ៍នៃព្រះដ៏មានមហិឫទ្ធិ ។ វាគឺជាការបង្កបង្កើតរបស់ទ្រង់ ។ វាក៏ជាអង្គភាពមូលដ្ឋានរបស់សង្គមផងដែរ » ។
ការឈោងទៅជួយដល់ជនរងគ្រោះ
អ្នករិះគន់មួយចំនួនអំពីសាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានពោលថា សាសនាចក្របានដាក់តម្រូវការរបស់ជនរងគ្រោះក្រោយគេ ។ មានរបាយការណ៍ដ៏ច្រើនទៀត បានផ្ដល់យោបល់ថា សាសនាចក្របានគេចចេញពីជនរងគ្រោះ ពីព្រោះពួកគេបានធ្វើឲ្យខ្មាស់ដល់អ្នកដឹកនាំសាសនាចក្រ ។
ការរិះគន់ទាំងនេះ បានបង្ហាញពីការធ្លាក់ចុះនៃជំនឿរបស់សាសនាចក្រ ។ ការជួយដល់ជនរងគ្រោះ គឺជាកង្វល់ដំបូងគេ ។ វាគឺជាលក្ខណៈរបស់ពួកគ្រីស្ទានគ្រប់រូប ដើម្បីឈោងទៅជួយដោយក្ដីមេត្តា និងក្ដីស្រឡាញ់ ដល់អ្នកទាំងឡាយដែលមានបញ្ហានឹងការឈឺចាប់នៃការបំពាន ។ វាគឺជាចំណែកមួយនៃការបម្រើរបស់យើង ។ នៅក្នុងសាសនាចក្រ ជនរងគ្រោះ អាចស្វែងរកការណែនាំខាងវិញ្ញាណ ដែលទីបំផុត នាំទៅរកការព្យាបាល តាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ជនរងគ្រោះការបំពាន ក៏ត្រូវបានផ្ដល់នូវការប្រឹក្សាខាងវិជ្ជាជីវៈផងដែរ ដើម្បីពួកគេអាចទទួលផលមកពីជំនាញដ៏ល្អបំផុតដែលមិនទាក់ទងនឹងសាសនា មិនថាគេមានសមត្ថភាពបង់ប្រាក់បានប៉ុណ្ណាទេ ។
សៀវភៅក្បួនខ្នាតជាផ្លូវការរបស់សាសនាចក្រ សម្រាប់ថ្នាក់ដឹកនាំ បានថ្លែងថា ការទទួលខុសត្រូវដំបូងបំផុតរបស់សាសនាចក្រ គឺជួយដល់អ្នកទាំងឡាយ ដែលរងការបំពាន ហើយដើម្បីការពារដល់អ្នកទាំងឡាយដែលអាចនឹងរងនូវការបំពាននាពេលអនាគត ។
តើសាសនាចក្រធ្វើដូចនេះ ដោយរបៀបណា ? ចាប់តាំងពីបង្កើតសាសនាចក្រ គោលគំនិតសំខាន់អំពីគ្រួសារ និងគោលលទ្ធិរបស់សាសនាចក្រ បានផ្ដល់នូវការគាំទ្រនេះ ។ បន្ថែមពីលើនេះ ទូរស័ព្ទជំនួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ 1995 ដើម្បីផ្ដល់ដល់ប៊ីស្សពជាផ្លូវបន្ទាន់ទៅកាន់អ្នកប្រឹក្សាដ៏មានវិជ្ជាជីវ ដើម្បីណែនាំពួកគាត់នៅក្នុងការការពារដល់ជនរងគ្រោះ ដែលរងការបំពាន ។ ប៊ីស្សព គឺជាមនុស្សល្អ ប៉ុន្តែវាពុំអាចធ្វើទៅរួចទេ ដើម្បីឲ្យពួកគាត់យល់នូវរឿងស្មុគស្មាញទាំងអស់នៃការបំពានលើកុមារនោះ រួមទាំងតម្រូវការផ្សេងៗនៃច្បាប់ក្នុងរដ្ឋផ្សេងៗគ្នានោះ ។ អ្វីដែលពួកគាត់អាចធ្វើ គឺទូរស័ព្ទទៅកាន់លេខសុំជំនួយបន្ទាន់ នៅពេលកុមារស្ថិតនៅក្នុងគ្រោះថ្នាក់ ។ ដោយគ្រាន់តែតាមការទូស័ព្ទទៅ នោះពួកគាត់អាចទទួលបានការណែនាំមកពីអ្នកមានជំនាញជាច្រើន ដែលមានបទពិសោធន៍ ។
ឧទាហរណ៍ បើយុវវ័យម្នាក់ប្រាប់ដល់ប៊ីស្សពរបស់គាត់ឲ្យដឹងជាមុនពីការបំពាន នោះការទូរស័ព្ទដំបូងរបស់គាត់ គឺហៅទៅកាន់លេខជំនួយ សុំធនធានដើម្បីជួយដល់ជនរងគ្រោះ ហើយការពារកុំឲ្យមានការបំពានបន្ថែមទៀត ។ បើឧប្បទ្ទវហេតុ គឺជារឿងឃាតកម្ម នោះប៊ីស្សពក៏ទទួលការណែនាំពីរបៀបដើម្បីរាយការណ៍ទៅកាន់អាជ្ញាធរស្របច្បាប់ផងដែរ ។ យើងដឹងថា គ្មានព្រះវិហារណាផ្សេងទៀត ដែលផ្ដល់ជំនួយដ៏មានវិជ្ជាជីវៈដល់អ្នកគ្រប់គ្រង ដើម្បីជួយដល់ជនរងគ្រោះដោយការបំពាន់ 24 ម៉ោងក្នុងមួយថ្ងៃ 365 ថ្ងៃក្នុងមួយឆ្នាំនោះទេ ។
តើវាដំណើរការឬទេ ? មែនហើយ ។ខណៈដែលគ្មានប្រព័ន្ធណា ត្រូវបំភាន់ នោះជនរងគ្រោះ ទទួលបានការការពារ និងការមើលថែដែលពួកគេត្រូវការ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុងការសម្ភាសន៍ជាមួយ ម៉ៃ វ៉លឡេស នៃ កម្មវិធី 60 នាទី របស់ស៊ី.ប៊ី.ស៊ី បានថ្លែងដូចនេះថា ៖ « ខ្ញុំបារម្ភនឹងជនរងគ្រោះខ្លាំងណាស់ ។ ដួងចិត្តរបស់ខ្ញុំបានគិតដល់ពួកគេ ។ ខ្ញុំចង់ធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបានដើម្បីសម្រាលការឈឺចាប់របស់គេ ដើម្បីការពារមិនឲ្យរឿងអាក្រក់ និងទុច្ចរិតនេះកើតឡើងបាន ។ . . . ខ្ញុំដឹងថា គ្មានអង្គការផ្សេងទៀតណា នៅក្នុងពិភពលោកនេះ ដែលខិតខំយ៉ាងខ្លាំង ព្យាយាមយ៉ាងខ្លាំង បានធ្វើយ៉ាងច្រើនដើម្បីយកឈ្នះលើបញ្ហានេះ ដើម្បីធ្វើការដោះស្រាយវា ដើម្បីធ្វើអ្វីមួយផ្លាស់ប្ដូរវានោះទេ ។ យើងទទួលស្គាល់នូវលក្ខណៈដ៏អាក្រក់របស់វា ហើយយើងចង់ជួយមនុស្សរបស់យើង ជួយដល់ពួកគេ ឈោងទៅរកពួកគេ » ។
ការប្រឈមនឹងអ្នកប្រព្រឹត្ត
ដូចបានថ្លែងយ៉ាងច្បាស់ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គ្មានគោលការណ៍ការអត់ឱនចំពោះអ្នកបំពានលើកុមារសោះឡើយ ។ នៅពេលមានការសង្ស័យពីការបំពាន នោះសាសនាចក្រដឹកនាំសមាជិកឲ្យទាក់ទងទៅអជ្ញាធរស្របច្បាប់មុនគេ បន្ទាប់មកទាក់ទងទៅប៊ីស្សពក្នុងមូលដ្ឋានពួកគេ សុំការប្រឹក្សា និងការគាំទ្រ ។ សាសនាចក្រ សហការពេញទំហឹងជាមួយនឹងការប្រតិបត្តិច្បាប់ ក្នុងការស៊ើបអង្កេតឧប្បត្តិហេតុនៃការបំពានលើកុមារ ហើយនាំអ្នកប្រព្រឹត្តនោះទៅតុលាការ ។
សមាជិកនៃសាសនាចក្រ ដែលរកឃើញថាមានទោសបំពានលើកុមារ ក៏ស្ថិតនៅក្រោមច្បាប់របស់ព្រះផងដែរ ។ ប្រធាន ហ៊ីងគ្លី ក៏បានមានប្រសាសន៍ថា ៖ « ដួងចិត្តយើង អាណិតអាសូរដល់អ្នកប្រព្រឹត្ត ប៉ុន្តែយើងពុំអាចអត់ឱនចំពោះអំពើបាប ដែលគាត់មានកំហុសនោះឡើយ ។ ទីណាមានការប្រមាថ ទីនោះមានការដាក់ទោស » ។ អ្នកបំពានលើកុមារដែលបានផ្ដន្ទាទោស ត្រូវកាត់កាលចេញ ការដាក់វិន័យដ៏ខ្ពស់បំផុតក្នុងជំនឿរបស់យើង អាចត្រូវបង្ខំឲ្យមាន ។ សមាជិកដែលបានកាត់កាលចេញ ពុំអាចមានចំណែកក្នុងការប្រជុំសាសនាចក្រ ឬមានការទទួលខុសត្រូវអ្វីសោះក្នុងក្រុមជំនុំ ។
តើអ្នកបំពានលើកុមារ ដែលបានបង់ថ្លៃស្របច្បាប់ចំពោះបទឧក្រិដ្ឋរបស់ពួកគេ ហើយបានធ្វើតាមនូវដំណើរការនៃការប្រែចិត្តដោយតឹងរ៉ឹង ជាមួយនឹងអ្នកដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន អាចក្លាយជាសមាជិកសាសនាចក្រម្ដងទៀតបានដែរឬទេ ? អាចបាន ។ក្នុងនាមជាពួកគ្រីស្ទាន យើងជឿលើការអភ័យទោស ។ ប៉ុន្តែតើពួកគេអាចបម្រើនៅក្នុងចំណុះណាមួយ ដែលនឹងដាក់ពួកគេឲ្យទាក់ទងផ្ទាល់នឹងកុមារម្ដងទៀត នៅក្នុងជីវិតពួកគេឬទេ ? ទេពិតជាពុំបានទេ ។ការអភ័យទោស ពុំបានដកផលវិបាកនៃអំពើបាបនោះទេ ។ ការការពារគ្រួសារ គឺជាគោលការណ៍ដំបូងគេមួយរបស់សាសនាចក្រ ។
ចាប់តាំងពីឆ្នាំ 1995 សាសនាចក្រ បានដាក់ចំណារសម្ងាត់មួយនៅលើកំណត់ត្រាសមាជិកភាព របស់សមាជិកណាដែលបានបំពានលើកុមារកាលពីមុនមក ។ កំណត់ត្រាទាំងនេះ ទៅតាមពួកគេគ្រប់ក្រុមជំនុំ ដែលពួកគេផ្លាស់ទៅ ដើម្បីវាផ្ដល់ដំណឹងដល់ប៊ីស្សព កុំឲ្យដាក់ពួកគេនៅក្នុងស្ថានភាពនានា ដែលមានកុមារទៀតឡើយ ។ ដរាបណាដែលយើងដឹង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាវិទ្យាស្ថានសាសនាដំបូងគេ ដែលបង្កើតប្រព័ន្ធតាមដានដូច្នេះ ។ យើងគាំទ្រថា គ្រួសារគឺពិសិដ្ឋ ហើយគាំទ្រការការពារកូនចៅរបស់គេ ។ រឿងនេះ ពន្យល់ពីមូលហេតុដែលសាសនាចក្រ គឺជាបក្សនិកាយមួយនៃបក្សនិកាយមួយចំនួន ដែលដាក់វិន័យបព្វជិតជាផ្លូវការលើសមាជិកយ៉ាងច្បាស់ ( ដែលផ្ទុយនឹងបព្វជិតផ្លូវការ ) ចំពោះការប្រព្រឹត្តការរំលោភបំពានខាងផ្លូវភេទ ។
សាសនាចក្ររបស់យើង អនុវត្តនូវប្រព័ន្ធតាមដាននេះ ដោយសារតែជំនឿចម្បងរបស់យើង ។ គ្មានតុលាការនៅក្នុងសហរដ្ឋណា ដែលដាក់វិទ្យាស្ថានសាសនាមួយ ឲ្យទទួលខុសត្រូវចំពោះការពុំការពារដល់សមាជិកពីការបំពានដោយសមាជិកដទៃទៀតឡើយ ។ ការធ្វើដូច្នោះ នឹងបង្វែរវិទ្យាស្ថានសាសនាទៅជាឧបករណ៍ប៉ូលីស បង្វែរថ្នាក់ដឹកនាំទៅជាមន្ត្រីអនុវត្តច្បាប់ ។ សាសនាចក្រធ្វើការតាមដានដោយស្ម័គ្រចិត្តចំពោះសមាជិកភាព ពុំមែនដោយសារច្បាប់ ឬខ្លាចការប្ដឹង ប៉ុន្តែដោយសារតែមានកង្វល់ដោយផ្ទាល់ចំពោះក្រុមគ្រួសារ និងកុមារតូចៗ ។
កាតព្វកិច្ចដើម្បីរាយការណ៍
ចំនុចសំខាន់នៃបញ្ហាផ្លូវច្បាប់ជាច្រើន គឺជាពេលវេលា និងថាតើការជូនដំណឹងអំពីការបំពានដ៏ធំមួយដែលនឹងកើតឡើង ឬអំពីអ្នកបំពាន ត្រូវបានគេរាយការណ៍ដែរឬទេ ។ អ្នកកាន់តំណែងសាសនាចក្រ ធ្វើតាមច្បាប់រដ្ឋ ស្ដីអំពី ពេលវេលា និងរបៀបដើម្បីរាយការណ៍អំពីទង្វើនៃការបំពានលើកុមារទៅកាន់អជ្ញាធរសាធារណៈ ។
បញ្ហាខាងសីលធម៌ដែលកាន់តែលំបាកទៀត គឺថាតើប៊ីស្សព គួររាយការណ៍អំពីព័ត៌មាននៃការបំពានទៅកាន់អជ្ញាធរសាធារណៈឬទេ នៅពេលលោកបានទទួលព័ត៌មាននោះ ជាលក្ខណៈឯកសិទ្ធិនៃការសារភាពកំហុសនោះដោយសម្ងាត់ ។ ក្រៅពីការពាក់ព័ន្ធនឹងបញ្ហាលំបាកខាងសាសនា នោះព្រះវិហារ និងអ្នកជំនាញមួយចំនួន ជឿថា ការបង្ខំឲ្យបព្វជិតរាយការណ៍អំពីការសារភាពដោយសម្ងាត់ វាមិនទំនងនឹងធ្វើឲ្យអ្នកដែលបំពានលើកុមារ នឹងមកដើម្បីទទួលជំនួយទេ ។ ពួកគេទំនងជានឹងបន្ដធ្វើការបំពានតទៅទៀត ។ អ្នកផ្សេងប្រកែកថា ការអនុវត្តច្បាប់ ត្រូវតែមានភ្លាមៗ ដោយសារតែការធ្វើការបំពានដដែលៗនោះ មានហានិភ័យខ្ពស់ ។ គ្មានការមូលមតិគ្នាអំពីរឿងលំបាកនេះទេ ។
ភាពស្មុគស្មាញនៃបញ្ហានេះ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងច្បាប់រាយការណ៍ផ្សេងៗពីរដ្ឋមួយទៅរដ្ឋមួយ ។ មានរដ្ឋចំនួនម្ភៃបីរដ្ឋ មានច្បាប់ដែលតម្រូវឲ្យបព្វជិតរាយការណ៍តែពេលណា ដែលព័ត៌មានពុំមានចំណែកនៃការសារភាពជាផ្លូវការទៅកាន់អ្នកដឹកនាំខាងសាសនា ។ ឧទាហរណ៍ នៅក្នុងរដ្ឋទាំងនេះ បព្វជិត ដែលដឹងអំពីការបំពានក្នុងទំនាក់ទំនងជាការណ៍សម្ងាត់ ដូចជាការសារភាពកំហុស ពុំមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីរាយការណ៍ពីការបំពានទៅកាន់អាជ្ញាធរទេ ប៉ុន្តែបព្វជិតនោះ ធ្វើការអង្កេតដោយផ្ទាល់លើការបំពាននោះ ឬមានមូលហេតុឯករាជ្យមួយ ដើម្បីសង្ស័យថា ការបំពាននោះ គឺតម្រូវឲ្យមានការរាយកាណ៍ឬអត់ ។ នៅក្នុងរដ្ឋចំនួនប្រាំបួនទៀត បព្វជិត មានកាតព្វកិច្ចរាយការណ៍អំពីការបំពានលើកុមារ មិនថាមានបញ្ហាយ៉ាងណាទេ ។ ហើយនៅក្នុងរដ្ឋ 18 ទៀត និងនៅក្នុងមណ្ឌលនៃកូឡុំប៊ី ( សំដៅលើរដ្ឋវ៉ាស៊ីនតោន ឌីស៊ី ) ច្បាប់អំពីការរាយការណ៍ ពុំតម្រូវឲ្យបព្វជិតរាយការណ៍អំពីការបំពានលើកុមារជាដាច់ខាត ។
ប៊ីស្សព នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបង្រៀនថា ពួកគេមានការទទួលខុសត្រូវធំពីរ ពេលពួកគេដឹងអំពីករណីនៃការបំពានលើកុមារ ។ ទីមួយ ពួកគេត្រូវការពារជនរងគ្រោះ ។ ទីពីរ ពួកគេត្រូវឲ្យប្រព្រឹត្តជនទទួលខុសត្រូវចំពោះទង្វើរបស់គេ ។ ទោះជានៅក្នុងរដ្ឋ ដែលភាពសម្ងាត់នៃការសារភាព រារាំងពុំឲ្យបព្វជិតធ្វើការរាយការណ៍ក្ដី ក៏ប៊ីស្សព ធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីការពារកុំឲ្យមានការបំពានបន្ថែមទៀត ។ ត្រូវធ្វើការខិតខំគ្រប់យ៉ាង ដើម្បីបញ្ចុះបញ្ចូលឲ្យអ្នកបំពាន ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន រួមទាំងការទៅកាន់អជ្ញាធរច្បាប់ផងដែរ ។ ពិតណាស់ថា មនុស្សដែលទៅជួបនឹងប៊ីស្សព ដើម្បីធ្វើការសារភាព គឺទំនងថា អ្នកដឹកនាំសាសនាចក្ររូបនោះ អាចមានឥទ្ធិពលលើគាត់ឲ្យធ្វើរឿងត្រឹមត្រូវ ។
នៅពេលមានករណីទៅតុលាការ
តើសាសនាចក្រធ្លាប់ទៅតុលាការក្នុងក្ដីការបំពានលើកុមារដែរឬទេ ? ធ្លាប់មាន ។សាសនាចក្រ ធ្លាប់ដោះរឿងក្ដីមួយចំនួនតូច កាលពីទស្សវត្សកន្លងទៅ ដោយសារបណ្ដឹងអំពីស្ថានភាពជាក់លាក់ ។ តែករណីភាគច្រើន សាសនាចក្រផ្ដល់ជាការប្រឹក្សាដល់ជនរងគ្រោះ ។
ទោះជាយ៉ាងណាក៏ដោយ ការបំពានលើកុមារ គឺពុំមែនជាបញ្ហាតែក្នុងព្រះវិហារនោះទេ ។ វាគឺជាបញ្ហាសង្គមមួយ ហើយក៏ដូចជាសង្គមទូទៅដែរ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានយល់ដឹងអំពីភាពស្មុគស្មាញដ៏ស៊ីជម្រៅ ចាប់តាំងពីដើមសតវត្សន៍ 1980 ពេលដែលការបំពានលើកុមារចាប់ផ្ដើមក្លាយជាបញ្ហាដ៏ធំមួយនោះមកម្ល៉េះ ។ ចាប់តាំងពីពេលនោះមក សាសនាចក្របានប្រឈមមុខនឹងទ្វេគ្រោះ ។ តើព្រះវិហារការពារដល់កុមារផង ជួបទាក់ទងនឹងអ្នកប្រព្រឹត្តដោយមានប្រសិទ្ធភាពផង និងការពារខ្លួននៅតុលាការ ពេលគេចោទប្រកាន់ដោយខុសឆ្គង ហើយពេលដែលករណីទាំងនោះ គ្មានតម្លៃផងនោះ បានដោយរបៀបណា ?
ក្នុងការព្យាយាម ដើម្បីឲ្យមានការគាំទ្រពីក្រុមប្រឹក្សាតុលាការដ៏មានសក្ដានុពល នោះមេធាវីមួយចំនួនតូច បានព្យាយាមយ៉ាងខ្លាំង ដើម្បីចោទប្រកាន់ថា សាសនាចក្រមានបំណងផ្ដល់ជម្រកសុវត្ថិភាពដល់អ្នកបំពានលើកុមារ ។ ការចោទប្រកាន់បែបនេះ គឺពុំគួរឲ្យជឿសោះ ចំពោះអ្នកដឹកនាំ និងសមាជិកនៃសាសនាចក្រ ហើយគ្មានតម្លៃសោះ ។ ការអះអាងថា អ្នកដឹកនាំសាសនាចក្រ នឹងឲ្យកន្លែងស្នាក់នៅដល់អ្នកបំពាននៅក្នុងចំណោមពួកគេ គឺបានដាក់កូនៗពួកគេឲ្យស្ថិតក្នុងហានិភ័យ គឺមិនសមហេតុផលនោះទេ ។
ចូរងាកមកទស្សនៈនេះវិញ ។ មានករណីការបំពានលើកុមារជាច្រើនរាប់រយ ត្រូវបានដាក់សំណុំរឿង រាល់ឆ្នាំទាស់នឹងព្រះវិហារជាច្រើនក្នុងសហរដ្ឋ ។ ខណៈដែលករណីតែមួយ មានយ៉ាងច្រើនសំណុំរឿងដូច្នោះ នោះមានតែបន្ដិចបន្ដួចប៉ុណ្ណោះ ដែលដាក់សំណុំរឿងទាស់នឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ—វាតិចជាងដែលរំពឹងទុក ផ្ដោតទៅលើសមាជិក ស.រ.អា ច្រើនជាងប្រាំមួយលាននាក់នោះ ។ មូលហេតុមួយចំពោះរឿងនេះ គឺដោយសារតែសាសនាចក្របានខិតខំប្រាប់ពីបញ្ហាអស់រយៈពេលជាង 20 ឆ្នាំកន្លងទៅហើយ ។ ករណីភាគច្រើន ដែលបាននាំទៅតុលាការសព្វថ្ងៃនេះ ជាប់ទាក់ទងនឹងការបំពាន ដែលបានកើតឡើងជាយូរ តាំងពីមុនសាសនាចក្រ អនុវត្តគោលការណ៍បច្ចុប្បន្ន និងកម្មវិធីបំពាក់បំប៉នរបស់ខ្លួនទៅទៀត ។
ចំនុចសំខាន់មួយទៀត ដែលគួរគូសបញ្ជាក់ ។ ករណីការបំពានរបស់បព្វជិត ដែលបានកើតឡើងជាញឹកញាប់នៅក្នុងជាតិសាសន៍ក្នុងឆ្នាំ 2002 មានជាប់ទាក់ទងនឹងការចោទប្រកាន់ថា ព្រះវិហារបិទបាំងសង្ឃ ឬអ្នកបម្រើដែលធ្វើការបំពាននោះ ។ ផ្ទុយទៅវិញ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ទើរតែពុំដែលប្ដឹងចំពោះការបំពានដែលបានប្រព្រឹត្តឡើងដោយប៊ីស្សពខ្លួននោះឡើយ ។ ផ្ទុយទៅវិញ ករណីជាច្រើនដែលប្ដឹងទាស់នឹងសាសនាចក្រ តាមធម្មតា វាទាក់ទងនឹងសមាជិកម្នាក់ដែលបានបំពានលើសមាជិកម្នាក់ទៀត ។ ជាញឹកញាប់ ការបំពានដែលបានពោល គឺពុំដែលកើតមាននៅក្នុងទីកម្មសិទ្ធិសាសនាចក្រ ឬទាក់ទងក្នុងសកម្មភាពសាសនាចក្រណាមួយទេ ។
ដូច្នេះ ករណីទាំងនេះ សាសនាចក្រនឹងការពារខ្លួន ពុំមែនដោយសារវាជាអ្វីមួយដែលត្រូវបិទបាំងនោះទេ ប៉ុន្តែដោយសារសាសនាចក្រ មានអ្វីមួយដ៏មានតម្លៃដើម្បីការពារ —គឺកុមារតូចៗ ។
ព្រះបន្ទូលរបស់ព្រះចំពោះសាសនាចក្រ
នៅខាងក្រោមនេះ គឺត្រូវបានដកចេញពីសុន្ទរកថាមួយទៅកាន់សមាជិកភាពនៃសាសនាចក្រលើពិភពលោក ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី មកពីទីក្រុងសលត៍ លេក ខែមេសា ឆ្នាំ 2002 ៖
« ការរំលោភបំពានដូច្នោះ ពុំមែនជារឿងថ្មីទេ ។ មានភស្ដុតាងដើម្បីចង្អុលបង្ហាញថា វាមានជាច្រើនសម័យកាលមកហើយ ។ វាជារឿងដ៏អាក្រក់ សោកនាដកម្ម និងគួរភ័យខ្លាចបំផុតមួយ ។ ខ្ញុំសោកស្ដាយដើម្បីនិយាយថា វាមាននូវការបង្ហាញពីអារម្មណ៍ក្នុងកម្រិតតិចតួច អំពីរឿងអាក្រក់គួរឲ្យខ្លាចនេះ ក្នុងចំណោមពួកយើង ។ វាជាអ្វីមួយ ដែលពុំអាចអនុញ្ញាតឲ្យមាន ឬអត់ឱនឲ្យឡើយ ។ ព្រះអម្ចាស់ផ្ទាល់ បានមានបន្ទូលថា ‹ ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំរវាតចិត្តចេញនោះ ស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះ នឹងមានប្រយោជន៍ដល់អ្នកនោះជាជាង » ( ម៉ាថាយ 18: 5–6 ) ។
« នោះគឺជាពាក្យធ្ងន់ៗមកពីព្រះអម្ចាស់នៃមេត្រីភាព ជាព្រះរាជបុត្រានៃព្រះ ។
« ខ្ញុំដកស្រង់ចេញពីក្បួនខ្នាតនៃសាសនាចក្ររបស់យើង ៖ ‹ តួនាទីរបស់សាសនាចក្រគឺថា ការរំលោភបំពាន មិនអាចត្រូវបានត្រាប្រណីឲ្យនៅ គ្រប់រូបភាពទាំងអស់ ។ អ្នកទាំងឡាយណាដែលធ្វើការរំលោភបំពាន . . គឺស្ថិតនៅក្រោមការដាក់វិន័យរបស់សាសនាចក្រ ។ ពួកគេមិនគួរត្រូវបានប្រគល់ការហៅឲ្យបម្រើក្នុងសាសនាចក្រ ហើយមិនអាចមានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ ។ ទោះជាបុគ្គល ដែលបានរំលោភបំពានលើកុមារខាងផ្លូវភេទ ឬខាងរាងកាយ ទទួលបានការដាក់វិន័យរបស់សាសនាចក្រ ហើយក្រោយមកមានការរាប់អានពេញលេញវិញ ឬអនុញ្ញាតឲ្យចូលមកវិញ តាមរយៈពិធីបុណ្យជ្រមុជទឹក ក្ដី ក៏អ្នកដឹកនាំពុំគួរផ្តល់ឲ្យនូវការហៅឲ្យបម្រើ ឬកិច្ចការណាមួយ ដែលទាក់ទងទៅនឹងកុមារ ឬយុវវ័យឡើយ ទាល់តែគណៈប្រធានទីមួយ អនុញ្ញាតឲ្យមានការដកចេញនូវសេចក្តីអធិប្បាយនោះ នៃកំណត់ត្រាសមាជិកភាពរបស់បុគ្គលនោះសិន » ។
‹ ឧទារហណ៍ស្តីអំពីការរំលោភបំពាន ការទទួលខុសត្រូវចម្បងរបស់សាសនាចក្រ គឺដើម្បីជួយដល់អ្នកទាំងឡាយ ដែលត្រូវបានរំលោភបំពាន និងដើម្បីការពារអ្នកទាំងឡាយ ដែលអាចនឹងរងគ្រោះចំពោះការរំលោភបំពាននាពេលអនាគត › ។
« យើងបានធ្វើការដោះស្រាយបញ្ហានេះ អស់រយៈពេលជាយូរហើយមកដល់ឥឡូវនេះ ។ យើងបានជម្រុញឲ្យប៊ីស្សព ប្រធានស្ដេក និងអ្នកដទៃទៀត ឈោងទៅជួយជនរងគ្រោះ លួងលោមចិត្តពួកគេ ហើយពង្រឹងដល់ពួកគេ ប្រាប់ឲ្យពួកគេដឹងថា អ្វីដែលបានកើតឡើងនោះ គឺជារឿងខុស ថាការជួបប្រទះនោះ ពុំមែនជាកំហុសពួកគេទេ ហើយវាពុំអាចកើតឡើងម្ដងទៀតឡើយ ។
« យើងបានធ្វើការបោះពុម្ពផ្សាយ បង្កើតបណ្ដាញទូរស័ព្ទ នៅកន្លែងដែលអ្នកកាន់តំណែងសាសនាចក្រ អាចទទួលការប្រឹក្សាដើម្បីបម្រើករណីនានា ហើយផ្ដល់ជំនួយដោយមានជំនាញ តាមរយៈសេវាកម្ម LDS Family ។
« ទង្វើទាំងនេះ ជាញឹកញាប់វាមានលក្ខណៈជាឧក្រិដ្ឋកម្ម ។ វាត្រូវទទួលទណ្ឌកម្មក្រោមច្បាប់ ។ ទីប្រឹក្សាដ៏ជំនាញទាំងឡាយ រួមមានទាំងមេធាវី និងអ្នកធ្វើការខាងសង្គមកិច្ច គឺមាននៅតាមបណ្ដាញជំនួយនេះ ដើម្បីផ្ដល់ដំបូន្មានដល់ប៊ីស្សព និងប្រធានស្ដេក អំពីកាតព្វកិច្ចរបស់ពួកគាត់នៅក្នុងស្ថានភាពទាំងនេះ ។ អ្នកទាំងឡាយណាដែលនៅក្នុងជាតិសាសន៍ផ្សេង គួរតែទូរស័ព្ទទៅកាន់ប្រធានតំបន់រៀងៗខ្លួនរបស់ពួកគេ ។
« ឥឡូវ កិច្ចការនៃសាសនាចក្រ គឺជាកិច្ចការនៃសេចក្ដីសង្គ្រោះមួយ ។ ខ្ញុំចង់គូសបញ្ជាក់ពីរឿងនោះ ។ វាគឺជាកិច្ចការនៃការសង្គ្រោះព្រលឹង ។ យើងមានបំណងប្រាថ្នាចង់ជួយទាំងជនរងគ្រោះ និងអ្នកប្រព្រឹត្ត ។ ដួងចិត្តរបស់យើង ចង់ជួយដល់ជនរងគ្រោះ ហើយយើងត្រូវតែធ្វើសកម្មភាពជួយដល់ពួកគេ ។ ដួងចិត្តយើង អាណិតអាសូរដល់អ្នកប្រព្រឹត្ត ប៉ុន្តែយើងពុំអាចអត់ឱនចំពោះអំពើបាប ដែលគាត់មានកំហុសនោះឡើយ ។ ទីណាមានការប្រមាថ ទីនោះមានការដាក់ទោស » ។ ដំណើរការនៃច្បាប់រដ្ឋប្បវេណី នឹងធ្វើការតាមច្បាប់ ។ ហើយដំណើរការខាងសាសនា នឹងធ្វើការតាមច្បាប់សាសនា ដែលជាញឹកញាប់លទ្ធផលវាគឺជាការកាត់កាលចេញ ។ នេះគឺជារឿងធ្ងន់ធ្ងរ និងពិបាកមួយ ។
« ទោះជាយ៉ាងណា យើងទទួលស្គាល់ ហើយត្រូវតែទទួលស្គាល់ជានិច្ចថា នៅពេលគេបង់ថ្លៃតាមការផ្ដន្ទាទោស និងបង់ថ្លៃតាមតម្រូវការនៃយុត្តិធម៌ហើយ នោះគេនឹងមានដៃដ៏ជាជំនួយ និងចិត្តល្អ ឈោងទៅជួយគេ ។ ប្រហែលជានៅតែមាននូវការដាក់កំហិត ប៉ុន្តែក៏នឹងមាននូវសណ្ដានចិត្តល្អផងដែរ » ។