Additional Resource

ការ​សម្លាប់​រង្គាល​នៅ​ភ្នំ​វាលស្មៅ

នៅ​ថ្ងៃទី​ 11 ខែ កញ្ញា ឆ្នាំ 1857 មាន​ទាហាន​ក្នុង​ស្រុក​ប្រហែល​ជា 50 ទៅ 60 នាក់ នៅ​ក្នុង​យូថាហ៍​ភាគ​ខាង​ត្បូង ដែល​មាន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​អាមេរិកកាំង​ក្រហម បាន​សម្លាប់​រង្គាល​ពួក​អ្នក​ធ្វើ​អន្ដោប្រវេសន៍​ប្រហែល​ជា 120 នាក់ ដែល​គេ​កំពុង​ធ្វើ​ដំណើរ​តាម​រទេះ​សេះ​ទៅ​កាន់​រដ្ឋ​កាលីហ្វូញ៉ា ។ ព្រឹត្តការណ៍​ដ៏​សោកនាដកម្ម​នេះ បាន​បន្សល់​ទុក​តែ​កុមារ​ចំនួន​ 17 នាក់​ដែល​មាន​អាយុ​ប្រាំ​មួយ​ឆ្នាំ​ចុះ​ក្រោម​ប៉ុណ្ណោះ វាបាន​កើត​ឡើង​នៅក្នុង​ជ្រលង​ភ្នំ​មួយ​ដែល​ហៅ​ថា ភ្នំ​វាលស្មៅ ដែល​មាន​ចម្ងាយ​ប្រហែល​ជា 35 ម៉ែល ( 56 គ.ម ) ភាគ​ទិសនិរតី​នៃ​ទីក្រុង​សេដា ។

ដោយ​សារ​តែ​ជន​ដៃ​ដល់​ទាំង​នោះ​ជា សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​សាសនាចក្រ បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ព្យាបាល​របួស ដែល​បណ្ដាល​មក​ពី​ការ​សម្លាប់​រង្គាល​នេះ ។ នៅ​ក្នុង​ឆ្នាំ 1999 ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លីពេល​នោះ បាន​ចូលរួម​ជាមួយ​នឹង​កូនចៅ​របស់​ជន​រងគ្រោះ ដើម្បី​ចូលរួម​រំលែក​ទុក​នៅ​កន្លែង​នោះ ។ ចាប់​តាំង​ពី​ពេល​នោះ​មក សាសនាចក្រ​បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​កូនចៅ​អ្នក​ទាំង​នោះ ដើម្បី​ថែរក្សា​បូជនីយស្ថាន​ និង​ទីកន្លែង​ដែល​នៅ​ជុំវិញ​នោះ ហើយ​បាន​តាំងចិត្ត​ថា នឹង​កែលម្អ ហើយ​ថែរក្សា​តំបន់​នោះ​នៅ​ពេល​អនាគត ។

ដោយ​ខិតខំ​ដើម្បី​ធ្វើ​ឲ្យ​គេ​បាន​ដឹង​អំពី​ព្រឹត្តការណ៍​នោះ នោះ​អ្នក​ដឹកនាំ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​បើក​បណ្ណាសា​របស់​សាសនាចក្រ ឲ្យ​ដល់​អ្នក​និពន្ធ​សៀវភៅ ​ការ​សម្លាប់​រង្គាល​នៅ​ភ្នំ​វាលស្មៅឆ្នាំ 2007 ។ ពេល​ថ្លែង​សុន្ទរក​ថា​គំរប់​ខួប​ទី 150 ឆ្នាំ នៃ​ការសម្លាប់​រង្គាល នៅ​ថ្ងៃ​ទី 11 ខែ កញ្ញា ឆ្នាំ 2007 នោះ​ប្រធាន​ ហែនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា ៖

ទោះ​ជា​ពួកគេ​ជា​និយោជិក​សាសនាចក្រ​ក្ដី ក៏​អ្នក​និពន្ធ​ទាំងឡាយ បាន​រក្សាការ​គ្រប់គ្រង​ខាង​ការ​កែសម្រួល​ទាំងស្រុង ហើយ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​ខ្លួន​ចេញ​ពីការ​ចងក្រង​ទាំងស្រុង​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ ដែល​ពួកគេ​បាន​ប្រមូល​ផ្ដុំ ។ ពួកគេ​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ពេញលេញ​ចំពោះ​ឯកសារ​ដែល​ជាប់​ទាក់ទង​ទាំងអស់ ដែល​សាសនាចក្រ​មាន ។ សេចក្ដី​សន្និដ្ឋាន​សំខាន់​ពីរ ដែល​ពួកគេ​បាន​រក​ឃើញ​គឺ​ថា ( 1) សារលិខិត​នោះ នាំ​ទៅ​រក​ឆន្ទៈ និង​បំណង​របស់​ព្រិកហាំ យ៉ង់ ពុំ​មែន​ដើម្បី​បង្អាក់​ដល់​ពួក​ជន​អន្ដោប្រវេសន៍​ដែល​បាន​មក​យឺត​ពេល​នោះ​ទេ ហើយ (2) គឺ​ថា​ការទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល ដាក់​ទៅ​លើ​ពួក​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក្នុង​ភូមិភាគ​ដែល​នៅ​ជិត​នឹង​ភ្នំ​វាលស្មៅ ដែល​កាន់​តំណែង​កងទ័ព និង​ស៊ីវិល ព្រម​ទាំង​សមាជិក​នៃ​សាសនាចក្រ ដែល​ធ្វើ​សកម្មភាព​ក្រោម​ការ​ដឹកនាំ​របស់​ពួកគេ ។​

ទោះ​ជា​គ្មាន​ព្រឹត្តការណ៍​ណា​ក្នុង​ប្រវត្តិសាស្ត្រ អាច​ត្រូវ​បាន​ដឹង​ដោយ​ពេញ​លេញ​ក្ដី កិច្ចការ​របស់​អ្នក​និពន្ធ​ទាំង​បី​រូប​នេះ អាច​ជួយ​យើង​ឲ្យ​ដឹង​ច្រើន​ជាង​ដែល​យើង​បាន​ដឹង អំពី​ព្រឹត្តការណ៍​ដ៏​អាក្រក់​នេះ ។ សេចក្ដី​ពិត បាន​ធ្វើ​ឲ្យ​យើង​សោកសៅ​យ៉ាង​ខ្លាំង នៅពេល​យើង​បាន​ដឹង​រឿង​នោះ ។ ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប្រាប់​ថា យើង​ផ្សាយ​ជំទាស់​ទាំង​ស្រុង​ចំពោះ​ការ​កំចាយ​ឈាម​របស់​បុរស ស្ត្រី និង​កុមារ​ស្លូតត្រង់ ។ មែនហើយ វា​គាំទ្រ​ភាព​សុខសាន្ដ និង​ការអភ័យទោស ។ ហើយ​អ្វី​ដែល​បាន​ធ្វើ​ឡើង​ជា​យូរ​មក​ហើយ​នោះ ដោយ​សមាជិក​នៃ​សាសនាចក្រ​របស់​យើង តំណាង​ឲ្យ​ការ​លាចាក​ពី​ការបង្រៀន​ និង​ទង្វើ​របស់​ពួក​គ្រីស្ទាន​ដ៏​អាក្រក់ និង​ពុំ​អាច​ដោះ​សារ​បាន​ឡើយ ។ យើង​ពុំ​អាច​ផ្លាស់​ប្ដូរ​អ្វី​ដែល​បាន​កើត​ឡើង​ទេ ប៉ុន្តែ​យើង​អាច​ចងចាំ និង​គោរព​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ទីនេះ ។

យើង​សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​ជា​ខ្លាំង​ពន់ពេក​ចំពោះ​ការ​សម្លាប់​រង្គាល ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជ្រលង​ភ្នំ​នេះ កាលពី 150 ឆ្នាំ​កន្លង​ទៅ​នា​ថ្ងៃ​នេះ ហើយ​នឹង​ចំពោះ​បទពិសោធន៍​ការ​រងទុក្ខ​ដ៏​ច្រើន ដែលពុំ​អាច​ថ្លែង ដោយ​ជន​រងគ្រោះ​នៅ​គ្រា​នោះ និង​សាច់​ញាតិ​របស់​ពួកគេ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។