ព្រះទាំងបីព្រះអង្គនៃគ្រីស្ទសាសនាគឺសំដៅលើក្រុមព្រះ ដោយសមាជិកនៃ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ទន្ទឹមនឹងឃ្លាដែលបានប្រើដោយពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ពួកគ្រីស្ទានដទៃទៀតសម្រាប់ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណដ៏បរិសុទ្ធ ( ឬ ព្រះវិញ្ញាណបរិសុទ្ធ ) នោះការយល់ដឹងរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយចំពោះសមាជិកទាំងបីព្រះអង្គនៃក្រុមព្រះមានលក្ខណៈខុសពីដាច់ស្រឡះពីទំនៀមទម្លាប់គ្រីស្ទសាសនាទូទៅ ។
ព្រះជាព្រះវរបិតា
ព្រះត្រូវបានចាត់ទុកជានិច្ចនៅក្នុងសាសនាចក្រថា ជាព្រះវរបិតាសួគ៌ ពីព្រោះទ្រង់ជាព្រះវរបិតានៃវិញ្ញាណមនុស្សទាំងអស់ ហើយថាពួកគេត្រូវបានបង្កើតមកតាមរូបអង្គទ្រង់ ( លោកុប្បត្តិ 1:27 ) ។ វាគឺជាប្រយោគមួយដ៏សមហេតុផលដែលថា ព្រះមានព្រះទ័យសន្ដោស និង អព្យាក្រឹត មានគ្រប់ព្រះបញ្ញាញាណ និង ព្រះចេស្ដា ។ ពួកមរមនជឿថា ទ្រង់មានព្រះកាយដូចជាមនុស្ស ប៉ុន្តែជាព្រះកាយអមតៈ និង ល្អឥតខ្ចោះ ។ ព្រះវរបិតាសួគ៌បានបង្កើត « ផែនការនៃសេចក្ដីសង្គ្រោះ » ដែលអនុញ្ញាតឲ្យយើងម្នាក់ៗរស់នៅក្នុងវត្តមានទ្រង់ និងជាមួយក្រុមគ្រួសាររបស់ពួកគេសម្រាប់ភាពអស់កល្បជានិច្ច ។ តាមពិតទៅ នេះគឺជាកិច្ចការទ្រង់ —ដើម្បីនាំមកនូវអមតៈភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចនៃបុត្រាបុត្រីទាំងឡាយរបស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គសំខាន់ចំពោះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលកាន់តាមព្រះនាមទ្រង់ ។ រាល់ការអធិស្ឋាននៅក្នុងផ្ទះ និង រាល់ការបង្រៀននៅក្នុងសាលាជំនុំ ត្រូវបញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ តំណាងនៃសាក្រាម៉ង់ ( សេចក្ដីរួមគ្នា ) ត្រូវបានទទួលទានជារៀងរាល់សប្ដាហ៍នៅក្នុងម៉ោងថ្វាយបង្គំដែលជានិមិត្តសញ្ញានៃដង្វាយធួនរបស់ទ្រង់ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយទទួលយកទាំងស្រុងនូវបញ្ជីប្រវត្តិសម្ព័ន្ធមេត្រីថ្មីនៃព្រះរាជកំណើត ព្រះជន្ម និង ការបម្រើ ការសុគត និង ដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ក៏ដូចជាព្រះវរបិតាទ្រង់ដែរមានព្រះកាយ—គឺជាព្រះកាយនោះឯងដែលបានយាងចេញពីផ្នូរបន្ទាប់ពីដំណើររស់ឡើងវិញរបស់ទ្រង់ ហើយទ្រង់បានអញ្ជើញឲ្យពួកសិស្សទ្រង់ « ប៉ះ … ហើយមើល » ( លូកា 24:39 ) ។
ដោយជាមនុស្សគ្រប់លក្ខណ៍តែមួយអង្គឯងគត់ដែលបានមានព្រះជន្មលើផែនដីនេះ ព្រះយេស៊ូវបានធ្វើជាគំរូសម្រាប់ឲ្យមនុស្សគ្រប់គ្នាយកតម្រាប់តាម ។ ដោយសារតែមនុស្សសុទ្ធតែធ្លាក់ នោះពលិកម្មធួនរបស់ព្រះគ្រីស្ទបង់ថ្លៃអំពើបាបស្របតាមលក្ខខណ្ឌនៃការប្រែចិត្តផ្ទាល់ខ្លួន ។ ពលិកម្មរបស់ទ្រង់ក៏អនុញ្ញាតឲ្យមនុស្សទាំងពួងអាចបានរស់ឡើងវិញដោយមានអមតភាពផងដែរ ។ ទ្រង់គឺជាព្រះអង្គសង្គ្រោះ និង ជាអង្គជំនុំជម្រះនៅពេលអនាគត ។
ព្រះវិញ្ញាណបរិសុទ្ធ
សមាជិកសាសនាចក្រជឿថា ព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គវិញ្ញាណដែលពុំមានរូបកាយឡើង ។ បេសកកម្មសំខាន់នៃព្រះវិញ្ញាណបរិសុទ្ធ—ដែលពេលខ្លះត្រូវបានហៅថាព្រះវិញ្ញាណដ៏បរិសុទ្ធ—នោះ គឺដើម្បីធ្វើទីបន្ទាល់អំពីព្រះវរបិតា និង ព្រះរាជបុត្រា ដើម្បីបើកសម្ដែងសេចក្ដីពិត ដើម្បីលួងលោមចិត្ត និង ដើម្បីញែកជាបរិសុទ្ធ ។ ទ្រង់គឺជាមគ្គុទេសន៍ និង គ្រូបង្រៀនសួគ៌ា ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយជឿថា ព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិត និង មានអានុភាពលើមនុស្សសុចរិតដែលចុះចូលនឹងការបំផុសគំនិតទាំងនោះ ។ មិនតែប៉ុណ្ណោះ « អំណោយទាន » ព្រះវិញ្ញាណបរិសុទ្ធ គឺជាអភ័យឯកសិទ្ធិនៃការរីករាយនឹងដៃគូស្មោះត្រង់ប្រសិនបើយើងធ្វើតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រគល់ឲ្យសមាជិកនៃសាសនាចក្របន្ទាប់ពីបុណ្យជ្រមុជទឹកដោយអ្នកកាន់បព្វជិតភាព ដោយដាក់ដៃលើក្បាលរបស់អ្នកទទួលបុណ្យជ្រមុជទឹក ហើយប្រសិទ្ធិពរដល់ពួកគេឲ្យ « ទទួលយកព្រះវិញ្ញាណបរិសុទ្ធ » ។