សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបង្កើតឡើងនៅថ្ងៃទី 6 ខែ មេសា ឆ្នាំ 1830 ក្នុងទីក្រុង ហ្វាយ៉ែត្ត រដ្ឋ នូវយ៉ោក ។ នៅពេលសាសនាចក្រ រីកចម្រើន នោះអ្នកប្រែចិត្តជឿថ្មី បានប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ និង រដ្ឋ មីសសួរី ។ ខណៈដែលពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ បានជួបនឹងការបៀតបៀន នោះអ្នកទាំងឡាយដែលបានជួបជុំគ្នានៅរដ្ឋមីសសួរី ត្រូវបានបណ្ដេញចេញពីទីក្រុងមួយទៅទីក្រុងមួយដោយពួកមនុស្សកំណាចម្ដងហើយម្ដងទៀត ។ ដោយត្រូវបានបណ្ដេញចេញពីរដ្ឋ មីសសួរី ក្នុងឆ្នាំ 1839 នោះសមាជិកសាសនាចក្រ បានប្រមូលផ្ដុំគ្នានៅរដ្ឋ អិលលីណោយ ហើយបានស្ថាបនាសហគមន៍ឡើងនៅវាលភក់តាមទន្លេ មិស៊ីស៊ិបពី ។ ទោះជាយ៉ាងណា ក្នុងរយៈពេលប្រាំពីរឆ្នាំ ពួកគេត្រូវបានបង្ខំម្ដងទៀតឲ្យចេញពីផ្ទះពួកគេ ។ ដោយបានដឹកនាំដោយ ព្រិកហាំ យ៉ង់ នោះពួកអ្នកត្រួសត្រាយទាំងនេះ បានភៀសខ្លួនទៅភាគខាងលិច ទៅកាន់ជ្រលងភ្នំសលត៍ លេក ចម្ងាយ 1300 ម៉ែល ( 2092 គ.ម ) ។
- ព្រះវិហារបរិសុទ្ធដំបូងគេ បានស្ថាបនាដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ មានទីតាំងនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ទោះជាតម្លៃប៉ាន់ស្មានមានចំនួន 40000 ដុល្លារអាមេរិក— ដែលគិតទៅមានចំនួនប្រហែលជាបីភាគបួននៃចំនួនទឹកប្រាក់មួយលានដុល្លារ បើគិតតាមសេដ្ឋកិច្ចសព្វថ្ងៃក្ដី ក៏សមាជិកសាសនាចក្របានតាំងចិត្តសាងសង់ព្រះវិហារបរិសុទ្ធដែរ ។ ជាញឹកញាប់ បុរសៗនឹងធ្វើការសាងសង់ពេញមួយថ្ងៃ ហើយចំណាយពេលយប់នៅយាមព្រះវិហារបរិសុទ្ធពីមនុស្សកំណាច ។ ពេលវាជិតសង់រួចនៅឆ្នាំ 1836 មានការបរិច្ចាគគ្រឿងកែវ និងចានព័រសឺឡែន ដើម្បីកំទេចកំបែកទៅជាកំបោសិតរូប ធ្វើឲ្យព្រះវិហារបរិសុទ្ធមានរូបរាងប្រាកដឡើងយ៉ាងភ្លឺចាំង ។
- ក្រោមការដឹកនាំរបស់ យ៉ូសែប ស្ម៊ីធ នោះមានអ្នកផ្សព្វផ្សាយសាសនាចំនួនប្រាំពីរនាក់ បានជិះទូកទៅទីក្រុង លីវើរភូល ប្រទេសអង់គ្លេស ហើយបានបើកបេសកកម្មអង់គ្លេសក្នុងឆ្នាំ 1837 ។ បន្ទាប់ពីការផ្សព្វផ្សាយរយៈពេលប្រាំបួនខែក្នុងព្រះវិហារនានា ពីមួយកន្លែងទៅមួយកន្លែង នោះមានអ្នកផ្លាស់ប្រែចិត្តជឿថ្មីជិត 2000 នាក់ ។ នៅពេលសមាជិកសាសនាចក្រ 800 នាក់បានប្រមូលផ្ដុំគ្នាក្នុងឆ្នាំ 1863 ដើម្បីជិះនាវាឈ្មោះ អាម៉ាហ្សូន ទៅប្រទេសអាមេរិក នោះអ្នកនិពន្ធអង់គ្លេស ឈ្មោះ ឆាឡេស ឌីកកិនស៍ បានឡើងទូកដើម្បីសង្កេតមើល ។ ដោយកត់សំគាល់លើរបៀបរៀបរយ និងការរៀបចំរបស់ពួកគេ លោកបានសង្កេតឃើញថា អ្នកផ្លាស់ប្រែចិត្តមរមន ប្រៀបដូចជា « មនុស្សដ៏ល្អ និងដ៏ជម្រើសរបស់ប្រទេសអង់គ្លេស » ។
- ក្នុងឆ្នាំ 1838 អភិបាលរដ្ឋ មីសសួរី លីលប៊ើន ដបុលយូ ប័ហ្គស៍ បានចេញនូវ « បញ្ជាសម្លាប់ផ្ដាច់ពូជ » ដ៏អាក្រក់មួយ ។ បទបញ្ជា បានមកជាការឆ្លើយតបចំពោះរបាយការណ៍ពន្លើសអំពីអ្វីដែលបានកើតមានឡើង រវាងពួកបរិសុទ្ធ និងអ្នកស្រុកនៅរដ្ឋមីសសួរីជាយូរមកនោះ ។ វាថ្លែងថា « ពួកមរមន ត្រូវតែចាត់ទុកដូចជាពួកមារសត្រូវ ហើយត្រូវតែសម្លាប់ផ្ដាច់ពូជ ឬបណ្ដេញចេញពីរដ្ឋ បើចាំបាច់ ដើម្បីសេចក្ដីល្អជាសាធារណៈ » ។ ទោះជាមិនអាចប្រតិបត្តិការ ចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ឆ្នាំ 1800 បានក្ដី ក៏បញ្ជានោះ ពុំត្រូវបានរំលាយចោលជាផ្លូវការដែរ រហូតដល់ឆ្នាំ 1976 —រយៈពេល 138 ឆ្នាំក្រោយមក ។
- បន្ទាប់ពីសមាជិកសាសនាចក្រ ត្រូវបានបង្ខំឲ្យចេញពីរដ្ឋអូហៃអូ និងមីសសួរី ពួកគេបានតាំងលំនៅនៅក្នុងភូមិខូមើស រដ្ឋ អិលលីណោយ—ជាវាលភក់តាមទន្លេ មិស៊ីស៊ិបពី ។ ទីក្រុង ត្រូវបានដាក់ឈ្មោះឡើងវិញថា ណៅវូ ក្នុងខែតុលា ឆ្នាំ 1839 ដែលជាឈ្មោះក្លាយមកពីពាក្យហេព្រើរ មានន័យថា អ្វីមួយដែលគួរឲ្យរីករាយ ឬស្រស់ស្អាត ឬជាកន្លែងសុខសាន្ដ និងស្រស់ស្អាត ។ នៅពេលពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រមូលផ្ដុំគ្នានៅក្នុងទីតាំងថ្មី ចំនួនប្រជាជនក្នុងទីក្រុង បានកើនឡើង ដែលប៉ាន់ស្មានថា មានអ្នករស់នៅចំនួន 12000 នាក់ ។ ណៅវូ បានក្លាយជាមជ្ឈមណ្ឌលអាជីវកម្មដ៏ធំមួយយ៉ាងឆាប់ ដែលផ្ទុយពីទីក្រុងឈីហ្គាហ្គូ បើគិតពីទំហំ ។
- នៅពេល ណៅវូ បានរីកចម្រើន ការជំទាស់របស់ពួកមនុស្សកំណាចក៏បានកើនឡើងដែរ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ បានសាងសង់ព្រះវិហារបរិសុទ្ធ នៅទីក្រុង ណៅវូ ប៉ុន្តែពេលវាត្រូវបានឧទ្ទិសឆ្លង ពួកគេត្រូវបានបង្ខំឲ្យចេញពីផ្ទះសម្បែងរបស់ពួកគេសារជាថ្មីម្ដងទៀត ។ ព្រះវិហារបរិសុទ្ធ ត្រូវបានបោះបង់ចោល បានប្រមាថដោយពួកមនុស្សកំណាច បន្ទាប់មកដុតបំផ្លាញដោយភ្លើង ក្នុងឆ្នាំ 1848 ។ មួយសតវត្សរ៍កន្លះក្រោយមក ព្រះវិហារបរិសុទ្ធណៅវូ ត្រូវបានសង់ឡើងវិញ តាមប្លង់ដើម ហើយបានឧទ្ទិសឆ្លងដោយអតីតប្រធានសាសនាចក្រ ហ្គរដុន ប៊ី ហ៊ិងគ្លី ក្នុងខែមិថុនា ឆ្នាំ 2002 ។ ចន្លោះខែកុម្ភៈ និងខែកញ្ញា ឆ្នាំ 1846 សមាជិកសាសនាចក្រភាគច្រើន ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះពួកគេក្នុងទីក្រុងណៅវូ ។ ពួកគេជាច្រើន បានរត់គេចនៅតាមផ្លូវ ដែលសព្វថ្ងៃនេះ គេហៅថា « ផ្លូវទឹកភ្នែក » ។ អំឡុងពេលដ៏ត្រជាក់នេះទឹកទន្លេមិស៊ីស៊ិបពី ទាំងមូលបានកករឹង ដែលអាចឲ្យសមាជិកសាសនាចក្ររាប់ពាន់នាក់ ដើរឆ្លងកាត់ដោយថ្មើរជើង ឬដោយរទេះគោបាន ។ អ្នកកត់កំណត់ហេតុមួយចំនួន បាននិយាយថា ការកកទឹកទន្លេរឹងនេះ ជាអព្ភូតហេតុមួយ មានការនិយាយកំប្លែងមួយថា « វាជាអព្ភូតហេតុមួយ ដែលស្ទើរតែធ្វើឲ្យពួកបរិសុទ្ធរាប់ពាន់នាក់ត្រូវកករឹង » ។