ក្រុម និង បុគ្គលដែលប្រព្រឹត្តពហុពន្ធភាពនៅក្នុង និង ក្បែររដ្ឋ យូថាហ៍ តែងបណ្ដាលឲ្យមានការយល់ច្រឡំដល់អ្នកសង្កេតការចៃដន្យ និង អ្នកទស្សនកិច្ចខាងកាសែត ។ ជនប្រព្រឹត្តពហុពន្ធ និង អង្គការពហុពន្ធនៅក្នុងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក និង កាណាដា គឺពុំមានទំនាក់ទំនងណាមួយជាមួសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឡើយ ទោះជាមាននាមជា « មរមន »—ដែលមនុស្សយល់ថាជាឈ្មោះហៅក្រៅរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយក្ដី—គឺពេលខ្លះបាននាំឲ្យមានការយល់ច្រឡំថាយើងជាពួកគេ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែងពីពហុពន្ធភាពនៃសាសនាចក្រនៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ 1998 ដូច្នេះថា ៖ « ខ្ញុំសូមថ្លែងឲ្យដាច់ស្រេចថា សាសនាចក្រនេះពុំមានការប្រព្រឹត្តណាទាល់តែសោះស្ដីពីពហុពន្ធភាព ។ ពួកគេទាំងនោះពុំមែនជាសមាជិកនៃសាសនាចក្រនេះទេ ។ ពួកគេភាគច្រើនពុំដែលធ្លាប់ជាសមាជិកឡើយ ។ ពួកគេទទឹងនឹងច្បាប់ប្បវេណីហើយ ។ ពួកគេដឹងថា ពួកគេទទឹងនឹងច្បាប់ប្បវេណី ។ ពួកគេត្រូវទទួលទោសតាមច្បាប់ ។ ប្រាកដណាស់ សាសនាចក្រពុំអាចកាត់សេចក្ដីបានឡើយទោះជាមានបញ្ហានេះកើតឡើងក្ដី ។
« ប្រសិនបើយើងដឹងថា សមាជិករបស់យើងប្រព្រឹត្តពហុអាពាហ៌ពិពាហ៌ នោះពួកគេនឹងត្រូវកាត់កាលចេញ ជាការដាក់ទោសមួយដ៏ធ្ងន់ធ្ងរដែលសាសនាចក្រអាចធ្វើ ។ ពួកគេពុំត្រឹមតែប្រព្រឹត្តល្មើសនឹងច្បាប់សង្គមនោះទេ តែក៏ល្មើសនឹងច្បាប់នៃសាសនាចក្រដែរ ។ ប្រការមួយនៃមាត្រានៃសេចក្ដីជំនឿរបស់យើងតម្រូវឲ្យធ្វើដូច្នោះ ។ វាចែងឡើងថា ‹ យើងខ្ញុំជឿចំពោះការនៅក្រោមអំណាចស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និង ចៅក្រមទាំងឡាយក្នុងការគោរពប្រតិបត្តិ និង ការគាំទ្រច្បាប់ › ( មាត្រានៃសេចក្តីជំនឿ 1:12 ) » ។