Additional Resource

ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ

ពេល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ សាងសង់ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ នោះ​អគារ​ពិសិដ្ឋត្រូវ​បាន​បើក​សម្រាប់​ការ​ទស្សនា​ជា​សាធារណៈ ។ មនុស្ស​គ្រប់រូប អាច​ចូលរួម​ក្នុង​ការ​សម្ពោធ​បើក​​នេះ ​តាម​ធម្មតា វា​មាន​រយៈពេល​ពីរ​បី​សប្ដាហ៍ ។ បន្ទាប់ពី​នោះ​មក ព្រះវិហារ​បរិសុទ្ធ ត្រូវ​បាន​ឧទ្ទិស​ឆ្លង​ជា​ផ្លូវ​ការ ហើយ​បើក​សម្រាប់​សមាជិក​សាសនាចក្រ ដែល​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សេចក្ដី​ជំនឿ​តែ​ប៉ុណ្ណោះ ។

អំឡុង​ពេល​ពិធី​សម្ពោធ អ្នក​ទស្សនា​រៀន​ច្រើន​អំពី​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ និង​មូលហេតុ​ដែល​វា​សំខាន់​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បទពិសោធន៍​ពិធី​សម្ពោធ ចាប់​ផ្ដើម​ជាមួយ​នឹង​វីដេអូ​ណែនាំ​ខ្លី​មួយ ហើយ​បន្ទាប់មក​អ្នកណែ​នាំ​ផ្លូវ​ស្ម័គ្រ​ចិត្ត​ម្នាក់ នាំ​អ្នក​ទស្សនា​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពេល​ដល់​ខាង​ក្នុង អ្នក​នាំ​ភ្ញៀវ ពន្យល់​អំពី​មុខងារ​របស់​បន្ទប់​សំខាន់ៗ ដែល​អាច​រួមមាន​ទាំង​ការ​បង្រៀន អាពាហ៍ពិពាហ៍ ឬ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ អ្នក​នាំ​ភ្ញៀវ ក៏​ពន្យល់​សង្ខេប​ផងដែរ​អំពី​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​នៅ​ពី​ខាង​ក្រោយ​មុខ​ងារ​ទាំង​នេះ ។ នៅពេល​បញ្ចប់​ការ​ដើរ​ទស្សនា អ្នក​ទស្សនា ត្រូវ​បាន​ដឹកនាំ​ទៅ​កាន់​តំបន់​ទទួល​ភ្ញៀវ និង​អាហារ​សំរន់​មួយ ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​ឆ្លើយ​សំណួរ​បន្ថែម ។

ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ គឺ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ពេល​ខ្លះ អាច​តម្រូវ​ឲ្យ​មាន​សំបុត្រ ដោយ​សារ​មាន​តម្រូវ​ការ​ខ្ពស់ ។ បន្ថែម​ពី​លើ​ការ​ដើរ​ទស្សនា​ជា​សាធារណៈ​ ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ ជាញឹកញាប់​ក៏​មាន​ការ​ដើរ​ទស្សនា​សម្រាប់​អ្នក​ជិត​ខាង អ្នក​ម៉ៅការ​សំណង់ កម្មករ​សំណង់ ប្រព័ន្ធ​សារព័ត៌មាន​ក្នុង​តំបន់ និង​អ្នក​ធំ​ក្នុង​រដ្ឋាភិបាល និង​សហគមន៍​ដែល​បាន​អញ្ជើញ​ផងដែរ ។

ចំពោះ​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រះវិហារ​បរិសុទ្ធ គឺ​ជា​ « ដំណាក់​របស់​ព្រះអម្ចាស់ » ជា​ទីកន្លែង​ដ៏​ពិសិដ្ឋ​បំផុត​នៅលើ​ផែនដី ។ កម្មវិធី​ក្នុង​ព្រះវិហារ​បរិសុទ្ធ ចងភ្ជាប់​ក្រុម​គ្រួសារ​ជាមួយ​គ្នា​ជា​រៀង​រហូត បង្រៀន​អំពី​គោលបំណង​នៃ​ជីវិត និង​ពន្យល់​អំពី ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ ។ អ្នក​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ គូស​បញ្ជាក់​អំពី​ការ​រីកចម្រើន​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន និង​អំពី​ការ​ពង្រឹង​ដល់​ការតាំងចិត្ត​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដើម្បី​ធ្វើ​តាម​គំរូ​របស់ព្រះអង្គ​សង្គ្រោះ ។

មាន​ព្រះវិហារ​បរិសុទ្ធ​ដំណើរ​ការ​ចំនួន 134 នៅ​ទូទាំង​ពិភពលោក​បច្ចុប្បន្ន​នេះ ហើយ​មាន​ 26 ទៀត​បាន​ប្រកាស ឬ​កំពុង​សាងសង់ ។