ព្រះវិហារបរិសុទ្ធពុំមែនជាទីថ្វាយបង្គំធម្មតានៅថ្ងៃអាទិត្យសម្រាប់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះទេ ។ ព្រះវិហារបរិសុទ្ធគឺខុសគ្នាស្រឡះពីរោងថ្វាយបង្គំ និង សាលាប្រជុំធម្មតារាប់ពាន់កន្លែងនៅពាសពេញពិភពលោកដែលត្រូវបានប្រើប្រាស់សម្រាប់ការប្រជុំនៅថ្ងៃអាទិត្យ ។
មនុស្សគ្រប់រូបដោយមិនប្រកាន់សាសនាឡើយ អាចចូលក្នុងសាលាប្រជុំពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ចូលរួមការប្រជុំបាន ។ ប៉ុន្តែ ដោយសារភាពពិសិដ្ឋរបស់ព្រះវិហារបរិសុទ្ធជា « ព្រះដំណាក់នៃព្រះអម្ចាស់ » នោះមានតែសមាជិកសាសនាចក្រដែលមានភាពស័ក្តិសមប៉ុណ្ណោះ ទើបអាចអនុញ្ញាតឲ្យចូលក្នុងព្រះវិហារបរិសុទ្ធបាន ។ សមាជិកត្រូវតែគោរពតាមគោលការណ៍គ្រឹះនៃសេចក្ដីជំនឿ និង បង្ហាញដល់អ្នកដឹកនាំប្រចាំមូលដ្ឋានក្នុងរយៈពេលពីរឆ្នាំម្ដងដើម្បីអាចបានចូលក្នុងព្រះវិហារបរិសុទ្ធ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ភាពពិសិដ្ឋនៃព្រះវិហារបរិសុទ្ធពីជំនាន់បុរាណស្ដែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និង សញ្ញាថ្មី ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ម៉ូសេ បានឲ្យកូនចៅអ៊ីស្រាអែលយករោងឧបោសថទៅជាមួយពួកគេ ( ព្រះវិហារបរិសុទ្ធដ៏ធំដែលអាចបត់បែនយកតាមខ្លួនបាន ) នៅពេលដែលពួកគេចុះទៅក្នុងទីរហោស្ថាន ។ ស្ដេចសាឡូម៉ូន បានសាងសង់ និង ឧទ្ទិសព្រះវិហារបរិសុទ្ធដ៏ល្អអស្ចារ្យ ដែលត្រូវបានបំផ្លិចបំផ្លាញដោយពួកបាប៊ីឡូនក្នុងឆ្នាំ 586 មុន គ.ស. ។ វាត្រូវបានជួសជុលសាងសង់ឡើងវិញ ហើយក្រោយមករីកសុះសាយយ៉ាងខ្លាំង ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញចោលសារជាថ្មីដោយពួករ៉ូម៉ាំងនៅឆ្នាំទី 70 នៃ គ.ស. ។ ជញ្ជាំងភាគខាងលិចដ៏ធំនៅតែមានក្នុងទីក្រុង យេរ៉ូសាឡិមសព្វថ្ងៃនេះ ហើយទោះជាមួយសហសវត្សរ៍បានកន្លងទៅហើយក្ដី ក៏នៅតែបន្សល់ទីពិសិដ្ឋមួយសម្រាប់ពួកសាសន៍យូដាដែរ ។ ព្រះគម្ពីរសញ្ញាថ្មី ចារពីដំណើររឿងរបស់ព្រះយេស៊ូវគ្រីស្ទសម្អាតព្រះវិហារបរិសុទ្ធ នៅពេលដែលភាពពិសិដ្ឋរបស់ព្រះវិហារបរិសុទ្ធត្រូវបានជាន់ឈ្លីដោយការលក់ដូររបស់ប្រជារាស្ត្រនៅក្នុងទីធ្លាព្រះវិហារបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធនានារបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានចាត់ទុកថាជាព្រះដំណាក់នៃព្រះអម្ចាស់ ដែលជាទីបរិសុទ្ធ ហើយសុខសាន្តដាច់ពីភាពកង្វល់នៃលោកិយ ។ ព្រះវិហារបរិសុទ្ធទាំងនេះជាទីកន្លែង ដែលសមាជិកសាសនាចក្រធ្វើការសន្យា និង ការតាំងចិត្តសំខាន់ជាមួយព្រះ ។ ព្រះវិហារបរិសុទ្ធក៏ជាកន្លែងដែលសច្ចាប្រណិធានដ៏ខ្ពស់នៃសេចក្ដីជំនឿកើតមាន—អាពាហ៍ពិពាហ៍នៃគូស្វាមីភរិយា និង « ការផ្សារភ្ជាប់ » នៃក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
ព្រះវិហារបរិសុទ្ធបម្រើជាកន្លែងដែលពិធីនានាមានដូចជា ពិធីបុណជ្រមុជទឹក និង អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច អាចត្រូវបានធ្វើឡើងជំនួសជនដែលស្លាប់ហើយ —ជាទង្វើមួយដែលពួកបរិសុទ្ធជឿ ត្រូវបានធ្វើតៗមកនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែក្រោយមកនោះត្រូវបានរលាយសាបសូន្យអស់ទៅ ។
ព្រះវិហារបរិសុទ្ធតម្រង់ពួកបរិសុទ្ធថ្ងៃចុងក្រោយទៅរកព្រះយេស៊ូវគ្រីស្ទ និង ជីវិតចុងក្រោយរបស់ពួកគេនៅជាមួយទ្រង់ ព្រះវរបិតាសួគ៌ និង សមាជិកក្រុមគ្រួសាររបស់គេ ប្រសិនបើគេធ្វើតាមកាបង្រៀនរបស់ព្រះគ្រីស្ទដោយស្មោះត្រង់ ។ក្នុងវិវរណៈសម័យទំនើប យ៉ូសែប ស៊្មីធ បានទទួលការណែនាំឲ្យសាងសង់ព្រះវិហារបរិសុទ្ធនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ( ត្រូវបានឧទ្ទិសឆ្លងក្នុងឆ្នាំ 1836 ) ។ ក្រោយមក លោកត្រូវបានណែនាំឲ្យសាងសង់ព្រះវិហារបរិសុទ្ធមួយនៅទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ( ឆ្នាំ 1846 ) ។ ដោយសារព្រះវិហារបរិសុទ្ធមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះសមាជិកសាសនាចក្រនៅសម័យមុន ទើបវេលាដែលបានមកដល់ច្រកភ្នំ សលត៍ លេក ព្រិកហាំ យ៉ង់ បានជ្រើសយកទីតាំងដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។
មានព្រះវិហារបរិសុទ្ធចំនួន 152 កន្លែងនៅទូទាំងពិភពលោក រួមទាំងកន្លែងកំពុងតែដំណើរការ កំពុងតែសាងសង់ ឬ បានប្រកាសរួច ។នៅលើកំពូលព្រះវិហារបរិសុទ្ធភាគច្រើន មានរូបសំណាក់ពណ៌មាសនៃបុរសពាក់អាវវែងកំពុងផ្លុំត្រែ ។ រូបសំណាក់នោះពិពណ៌នាពីទេវតាមរ៉ូណៃ ដែលជាព្យាការីជំនាន់បុរាណ និង ជាតួអង្គសំខាន់នៅក្នុងព្រះគម្ពីរមរមរន ។ រូបសំណាក់នេះ ជានិមិត្តរូបនៃប្រកាសដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅដល់ពិភពលោក ។