ចាប់តាំងពីវាត្រូវបានបោះពុម្ពជាភាសាអង់គ្លេសលើកដំបូងក្នុងឆ្នាំ 1830 ព្រះគម្ពីរមរមនត្រូវបានបកប្រែពេញលេញជា 82 ភាសា ហើយបានបោះពុម្ព មានចំនួនសរុបច្រើនជាង 150 លានក្បាល ។ វាត្រូវបានពិពណ៌នាថាជា « សិលាគន្លឹះ » នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ តាំងពីដើមដំបូងមកម្ល៉េះ ដែលសមាជិកសាសនាចក្រ បានទទួលយកវាជាព្រះគម្ពីរ ។
នេះពុំមែនមានន័យថា ព្រះគម្ពីរមរមន ជំនួសឲ្យ គម្ពីរបរិសុទ្ធ សម្រាប់សមាជិកនៃសាសនាចក្រនោះទេ ។ ព្រះគម្ពីរបរិសុទ្ធ និងព្រះគម្ពីរមរមន ត្រូវបានប្រើជាមួយគ្នានៅក្នុងការផ្សព្វផ្សាយ និងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយ ក៏បានគិតថា ព្រះគម្ពីរមរមនជាកំណត់ត្រាមួយនៃអារ្យធម៌ដ៏អស្ចារ្យរបស់អាមេរិកកាំងពីបុរាណផងដែរ ។
1 / 2 |
ស្របទៅតាមកំណត់ត្រា អារ្យធម៌មួយនៃអារ្យធម៌ទាំងនេះ មានមែកធាងមកពីបុរសម្នាក់ឈ្មោះ លីហៃ ដែលបានចាកចេញពីទីក្រុងយេរូសាឡិម ជាមួយគ្រួសារគាត់នៅប្រហែលជាឆ្នាំ 600 ម.គ.ស ។ ពួកគេបានធ្វើដំណើរទៅកាន់សមុទ្រ បានសង់ទូកមួយ ហើយបានបន្ដដំណើរនៅលើសមុទ្រទៅកាន់ទ្វីបអាមេរិក ។
បន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់ក្នុងពិភពលោកថ្មី នោះការមិនចុះសម្រុងគ្នាបានកើតធំឡើងៗ ដែលបណ្ដាលឲ្យក្រុមគ្រួសារ បំបែកគ្នាជាបក្សសម្ព័ន្ធ ដែលទីបំផុតកើតជាជាតិសាសន៍ពីរប្រឆាំងគ្នា ។ ជម្លោះបានកើតឡើង អំឡុង 1000 ឆ្នាំ តាមដែលបានកត់ត្រា ដែលនាំឲ្យមានការស្លាប់ផុតពូជដល់ជាតិសាសន៍មួយ នៃជាតិសាសន៍ទាំងពីរនេះ ។
នៅក្នុងបរិបទនៃរឿងនេះ គឺជាលំដាប់មួយនៃការព្យាករណ៍ និងទីបន្ទាល់ទាំងឡាយ អំពីព្រះយេស៊ូវគ្រីស្ទ ថាជាព្រះអង្គសង្គ្រោះនៃពិភពលោក ដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ មានរួមទាំងការយាងមករបស់ ព្រះយេស៊ូវ ដែលបានរស់ឡើងវិញ មានព្រះជន្មរស់ យាងទៅជួបនឹងប្រជាជននៅក្នុងពិភពលោកថ្មី ។
ព្រះគម្ពីរមរមន កត់ត្រាថា អំឡុងការបម្រើរបស់ព្រះគ្រីស្ទទៅកាន់ប្រជាជនអាមេរិកពីបុរាណ ទ្រង់បានស្ថាបនាសាសនាចក្ររបស់ទ្រង់ ដូចគ្នានឹងក្នុងពិភពលោកចាស់ផងដែរ ។
ស្របតាមកំណត់ត្រា ប្រជាជនបានរស់នៅក្នុងសាមគ្គីភាព និងភាពចម្រុងចម្រើនជិត 200 ឆ្នាំ បន្ទាប់ពីការយាងទៅជួបរបស់ព្រះគ្រីស្ទ ។
យូរៗទៅ មានមនុស្សជាច្រើនបានចាប់ផ្ដើមបោះបង់ចោលការបង្រៀនរបស់ព្រះគ្រីស្ទ ។ អំពើទុច្ចរិត បានមានយ៉ាងខ្លាំងក្នុងចំណោមពួកគេ ហើយសង្គ្រាមនៃការសម្លាប់ផ្ដាច់ពូជមួយបានកើតឡើង ដែលបំផ្លាញជាតិសាសន៍មួយទាំងមូល ។
ព្រះគម្ពីរមរមន ប្រាប់អំពីរបៀបដែលព្រឹត្តការណ៍ទាំងនេះ ត្រូវបានកត់ត្រាទុកដោយយកចិត្តទុកដាក់នៅលើផ្ទាំងចំណារលោហធាតុ ។ ការទទួលខុសត្រូវក្នុងការថែរក្សា និងការសរសេរបន្ថែមទៅលើកំណត់ត្រានេះ បានចាប់ផ្ដើមដោយមនុស្សដំបូងគេ ដែលបានចាកចេញពីទីក្រុងយេរូសាឡិម ដែលត្រូវបានប្រគល់តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។
អ្នករក្សាកំណត់ត្រាចុងក្រោយគេម្នាក់ គឺជាព្យាការីអាមេរិកពីបុរាណ ឈ្មោះថា មរមនជាអ្នកដែលសង្ខេបកំណត់ត្រាជាច្រើនទសវត្សរ៍មកក្នុងដំណើររឿងសង្ខេបខ្លីដាក់នៅលើផ្ទាំងចំណារមាស ។
កំណត់ត្រាសង្ខេបនេះ ត្រូវបានមរមនប្រគល់ទៅឲ្យកូនប្រុសរបស់លោក ឈ្មោះ មរ៉ូណៃ ( ដែលអានថា ម-រ៉ូ-ណៃ) ជាអ្នកនៅរស់តែម្នាក់នៃសាសន៍របស់លោក ពេលលោកហៀបផុតជីវិត លោកបានកប់ផ្ទាំងទាំងឡាយនៅជើងភ្នំមួយ ដែលជាច្រើនសតវត្សរ៍ក្រោយមក ត្រូវបានគេស្គាល់ថាជាទីក្រុងនូវយ៉ោកភាគខាងលើ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយ ជឿថា គឺជើងភ្នំនេះ ដែលសព្វថ្ងៃត្រូវបានគេហៅថា កូនភ្នំកូម៉ូរា នៅជិតភូមិបាល់ម៉ៃរ៉ា រដ្ឋនូវយ៉ោក ដែលមរ៉ូណៃ បានត្រឡប់មកវិញក្នុងឆ្នាំ 1823 ជាតួអង្គទេវតា ដើម្បីនាំយុវជន យ៉ូសែប ស្ម៊ីធ ទៅរកផ្ទាំងចំណារដែលលាក់ទុកនោះ ។ ក្រោយមក យ៉ូសែបស៊្មីធ បានស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឡើង ។
ប្រវត្តិសាសនាចក្រកាលពីដើម កត់ត្រាថា នៅទីបំផុត មរ៉ូណៃ បានប្រគល់កាតព្វកិច្ចដល់យ៉ូសែប ស្ម៊ីធឲ្យថែផ្ទាំងចំណារមាសជាបណ្ដោះអាសន្ន ដែលបានអនុញ្ញាតឲ្យមាន បុរសបីរូប មើលឃើញផ្ទាំងនោះ ហើយ បុរសប្រាំបីរូបផ្សេងទៀត ឲ្យប៉ះផ្ទាំងនោះ ។ ទីបន្ទាល់ជាលាយលក្ខណ៍អក្សររបស់សាក្សីទាំងនេះ មាននៅបុព្វកថារបស់ព្រះគម្ពីរមរមន ។
យ៉ូសែប បានបកប្រែផ្ទាំងចំណារប្រហែលជារយៈពេលបីខែ បន្ទាប់មកលោកបានប្រគល់ផ្ទាំងទាំងនោះទៅទេវតាមរ៉ូណៃវិញ ។ ព្រះគម្ពីរមរមន ត្រូវបានបោះពុម្ពដំបូងជាភាសាអង់គ្លេសនៅរដ្ឋ នូវយ៉ោក ក្នុងឆ្នាំ 1830 ។
ក្នុងឆ្នាំ 1851 ព្រះគម្ពីរមរមន ត្រូវបានបកប្រែជាភាសាដាណាម៉ាក ដែលជាភាសាផ្សេងពីភាសាអង់គ្លេសជាលើកដំបូង ។ ហើយក្នុងឆ្នាំ 2000 សាសនាចក្របានធ្វើបណ្ណាសារដ៏សំខាន់មួយ ដែលនាំឲ្យមានការបកប្រែព្រះគម្ពីរមរមនសរុបដល់ទៅ 100 ភាសា រួមទាំងភាសាអង់គ្លេស ។ គម្ពីរនេះត្រូវបានបោះពុម្ព ជាគម្ពីរមួយក្បាលពេញ មាន 81 ភាសា ក្រៅពីភាសាអង់គ្លេស ហើយជាការជម្រើសចេញពីគម្ពីរមរមន ត្រូវបានបោះពុម្ពជា 25 ភាសាផ្សេងទៀត ។
ដើម្បីជួយវែកញែក និងគូសបញ្ជាក់អំពីគោលបំណងនៃព្រះគម្ពីរមរមន ចំណងជើងរងមួយ ត្រូវបានដាក់បន្ថែមក្នុងឆ្នាំ 1982 ។ ដែលចំណងជើងទាំងមូល អានថា ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
យ៉ូសែប ស្ម៊ីធ បានកត់ត្រាវិវរណៈដទៃទៀត ដែលលោកបានទទួលមកពីព្រះ ជាការបន្ថែមទៅលើការបកប្រែព្រះគម្ពីរមរមន ។ វិវរណៈជាច្រើនទាំងនេះ មាននៅក្នុងគម្ពីរពីរផ្សេងទៀត នៃគម្ពីរសម័យទំនើប ដែលត្រូវបានហៅថាគម្ពីរ គោលលទ្ធិ និងសេចក្ដីសញ្ញា និងគម្ពីរ មុក្ដាដ៏មានតម្លៃមហិមា ។