Additional Resource

មាត្រា​នៃ​សេចក្ដី​ជំនឿ

សេចក្ដី​ថ្លែង​ជា​សង្ខេប​ចំនួន​ដប់បី បាន​សរសេរ​ដោយយ៉ូសែប ស្ម៊ីធដើម្បី​សង្ខេប​អំពី​គោលលទ្ធិ​សំខាន់ៗ​មួយ​ចំនួន​របស់​សាសនាចក្រ ។

1. យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច និង ដល់​ព្រះរាជ​បុត្រា​ទ្រង់​គឺព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់ ព្រះវិញ្ញាណ​បរិសុទ្ធ ។
 

2. យើង​ខ្ញុំ​ជឿ​ថា​ មនុស្ស​ទាំងអស់​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​អំពើ​បាប​របស់​ខ្លួន​ផ្ទាល់ គឺ​មិនមែន​ចំពោះ​អំពើ​រំលង​របស់​លោក​អ័ដាម​ទេ ។
 

3. យើង​ខ្ញុំ​ជឿ​ថា តាម​រយៈដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយ​សារការគោរព​តាម​ក្រឹត្យ​វិន័យ និង ពិធីការ​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

4. យើង​ខ្ញុំ​ជឿ​ថា គោលការណ៍​ទី​មួយ និង ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ​គឺ ៖ ទី​មួយ សេចក្តី​ជំនឿ ជឿ​ដល់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ទី​ពីរ​ការប្រែ​ចិត្ត ទី​បីបុណ្យ​ជ្រមុជ​ទឹកដោយ​ការពន្លិច​សម្រាប់​ការផ្តាច់​បាប ទី​បួន​ការដាក់​ដៃ​លើ សម្រាប់​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។

5. យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ត្រូវ​តែ​បាន​ហៅ​ពី​ព្រះ ដោយ​ការព្យាករណ៍ និង ដោយ​ការ​ដាក់​ដៃ​លើ ដោយ​អស់​អ្នក​ណា​ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ ហើយ​ប្រព្រឹត្ត​ពិធីការ​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

6. យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​រៀបចំ​ដូច​គ្នា ដូច​ដែល​មាន​នៅ​ក្នុង​សាសនាចក្រ​ពី​អតីតកាល​ដូច​ជា ពួក​សាវក ពួក​ព្យាការីពួក​គ្រូ​គង្វាល ពួក​គ្រូ ពួក​គ្រូ​ផ្សាយ​ដំណឹង​ល្អ ជា​ដើម ។

7. យើង​ខ្ញុំ​ជឿ​ដល់​អំណោយ​ទាន​ខាង​ភាសា ការព្យាករណ៍ វិវរណៈ ការនិមិត្ត ការប្រោស​ឲ្យ​ជា ការបក​ប្រែ​ភាសា ជាដើម ។

8. យើង​ខ្ញុំ​ជឿ​ថាព្រះគម្ពីរ​បរិសុទ្ធគឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ បើសិន​ជា​បាន​បកប្រែ​ត្រឹមត្រូវ យើង​ខ្ញុំ​ក៏​ជឿ​ដែរ​ថា ព្រះគម្ពីរ​មរមនជា​ព្រះ​បន្ទូល​នៃ​ព្រះ ។

9. យើង​ខ្ញុំ​ជឿ​ចំពោះ​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង សំខាន់ៗ​ជា​ច្រើន ដែល​ទាក់ទង​ទៅ​នឹង​នគរ​នៃ​ព្រះ ។

10. យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​ប្រមូល​ដ៏​ពិត​ប្រាកដ នៃ​សាសន៍​អ៊ីស្រាអែល និង ចំពោះ​ការ​កសាង​ឡើង​វិញ​នូវ​ពូជ​ទាំង 10 អំបូរ​ថា ​ក្រុង​ស៊ីយ៉ូន ( ក្រុង​យេរូសាឡិម​ថ្មី ) នឹង​ត្រូវ​បាន​ស្ថាបនា​នៅ​លើ​ទ្វីប​អាមេរិក​ថា ព្រះគ្រីស្ទ​នឹង​សោយ​រាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ ហើយ​ថា ផែនដី​នឹង បាន​ផ្លាស់​ប្តូរ​សារ​ជា​ថ្មី ហើយ​នឹង​ទទួល​សិរី​ល្អ​ដ៏​ប្រកប​ដោយ​ភាព​បរមសុខ ។

11. យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​មហិទ្ធីឬទ្ធិ ស្រប​តាម​ការ​ណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់ មាន​សិទ្ធិ​ដូចគ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា​នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា ។

12. យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​នៅ​ក្រោម​អំណាច​ស្ដេច ប្រធានាធិបតី អ្នក​គ្រប់គ្រង និង ចៅក្រម​ទាំងឡាយ ក្នុង​ការគោរព​ប្រតិបត្តិ និង ការគាំទ្រ​ច្បាប់ ។

13. យើង​ខ្ញុំ​ជឿ​លើ​ការប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ត្រឹមត្រូវ បរិសុទ្ធ សប្បុរស គុណធម៌ ហើយ​លើ​ការធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់ ពិតមែន​ហើយ យើង​ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ខ្ញុំ​ដើរ​តាម​សេចក្តី​ដាស់​តឿន​របស់​ប៉ុល— យើង​ជឿ​ដល់​អ្វីៗ​ទាំងអស់ យើង​ខ្ញុំ​សង្ឃឹម​ដល់​អ្វីៗ​ទាំងអស់ យើង​ខ្ញុំ​បាន​ទ្រាំទ្រ​អ្វីៗ​ជា​ច្រើន ហើយ​សង្ឃឹម​ថា​នឹង​អាច​ទ្រាំទ្រ​អ្វីៗ​ទាំងអស់​បាន​ដែរ ។ ហើយ​បើសិន​ជា​មាន​អ្វី​ណា​មួយ ដែល​ប្រកប​ដោយ​គុណធម៌ គួរ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​គួរ​ឲ្យ​សរសើរ នោះ​យើង​ខ្ញុំ​ស្វែងរក​របស់​ផង​ទាំងនេះ​ហើយ ។