Additional Resource

យុវវ័យ​នៅ​ក្នុង​សាសនាចក្រ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ផ្ដល់​កម្មវិធី​មួយ​ដ៏​ពេញ​លេញ សម្រាប់​យុវវ័យ​តាមរយៈ​អង្គការ​យុវជន និង​អង្គការ​យុវនារី ។ យុវវ័យ មាន​អាយុ​ពី 12 ឆ្នាំ ដល់ 17 ឆ្នាំ ជួប​ជុំ​គ្នា​ក្នុង​ថ្នាក់​នៅ​ថ្ងៃ​អាទិត្យ សម្រាប់​ការ​ណែនាំ​ខាង​សាសនា និង​ជាច្រើន​ដង​ក្នុង​មួយ​ខែ សម្រាប់​សកម្មភាព​សង្គម​ រួម​ទាំង​គម្រោង​ការ​បម្រើ កីឡា ការបោះ​ជំរុំ និង​ការ​រាំ​កំសាន្ដ ។ យុវជន និង​យុវនារី​ ក៏​ផ្ដល់​ឲ្យ​នូវ​តំណែង​ថ្នាក់​ដឹកនាំ​ផងដែរ នៅ​ក្នុង​អង្គការ ដែល​ពួកគេ​រៀន​អំពី ជំនាញ​ថ្នាក់​ដឹកនាំ ដូចជា ការ​ដាក់​គោលដៅ ការ​រៀបចំ​សកម្មភាព​ក្រុម និង​ការ​ដោះ​ស្រាយ​បញ្ហា ។

យុវជន

យុវជន​ដែល​មាន​ភាព​សក្ដិសម​ ត្រូវ​បាន​តែងតាំង​ជា​ឌីកុន​នៅក្នុង​បព្វជិតភាព​អើរ៉ុន​ក្នុង​អាយុ 12 ឆ្នាំ ។ ពួកគេ​នឹង​ឡើង​ទៅ​ដល់​តំណែង​គ្រូ​នៅ​អាយុ 14 ឆ្នាំ ហើយ​បន្ទាប់មក​នឹង​ទៅ​តំណែង​សង្ឃ​ នៅ​អាយុ 16 ឆ្នាំ ។ ការ​ទទួល​ខុស​ត្រូវ​ចម្បង​មួយ​របស់​អ្នក​ដឹកនាំ​នៅ​ក្នុង​កម្មវិធី​យុវជន គឺ​ដើម្បី​រៀប​ចំ​យុវជន​ឲ្យ​ធ្វើ​នូវ​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព ហើយ​ស្ថាបនា​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់ ។

ការទទួល​ខុស​ត្រូវ​របស់​យុវជន ដែល​កាន់​តំណែង​បព្វជិតភាព​ រួមមាន​ការ​រៀបចំ និង​ការ​ផ្ដល់​សាក្រាម៉ង់ ( សេចក្ដី​រួបរួម​គ្នា ) ចំពោះ​សមាជិក​សាសនាចក្រ អំឡុង​កម្មវិធី​ថ្វាយបង្គំ​ថ្ងៃ​អាទិត្យ ការ​សួរ​សុខ​ទុក្ខ និង​ការ​បង្រៀន​សមាជិក​នៅ​តាម​ផ្ទះ​ពួកគេ ហើយ​នឹង​ការ​ប្រមូល​ការ​បរិច្ចាគ​សម្រាប់​អ្នក​ក្រីក្រ ។

អង្គការ​យុវជន ក៏​រៀបចំ​ក្មេង​ប្រុស​សម្រាប់​កាតព្វកិច្ច​នា​ពេល​អនាគត​ក្នុង​គ្រួសារ​ពួកគេ ជីវិត​ផ្ទាល់​ខ្លួន​គេ និង​សហគមន៍ តាមរយៈ​កម្មវិធី​សម្រេច​ស្នាដៃ ដែល​ហៅ​ថា « កាតព្វកិច្ច​ចំពោះ​ព្រះ » ផងដែរ ។  បន្ថែម​ពី​លើ​នោះ សាសនាចក្រ​ចារ​យល់​ព្រម និង​ជា​អ្នក​ឧបត្ថម្ភ​ ក្រុម​កាយឫទ្ធិសម្រាប់​យុវជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និងប្រទេសកាណាដា ។

ថ្នាក់​យុវនារី

គោលបំណង​នៃ​កម្មវិធី​យុវនារី គឺ​ដើម្បី​ជួយ​ដល់​យុវនារី​វ័យ​ជំទង់ ឲ្យ​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រៀន​ជំនាញ​ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​តួនាទី​នា​ពេល​អនាគត​របស់​ពួកគេ ក្នុង​នាម​ជា​ស្ត្រី​ក្នុង​សាសនាចក្រ និង​ក្នុង​នាម​ជា​សមាជិក​នៃ​សមាគម​សង្គ្រោះ ។

អ្នក​ដឹកនាំ​យុវនារី រៀបចំ​ផែនការ​រាល់​សប្ដាហ៍​សម្រាប់​ថ្នាក់​ថ្ងៃ​អាទិត្យ ដែល​បង្រៀន​យុវនារី​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ និង​របៀប​ដើម្បី​អនុវត្ត​គោលការណ៍​ទាំងនោះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

យុវនារី ចូលរួម​ក្នុង​កម្មវិធី​សម្រេច​ជោគជ័យ​មួយ ដែល​ហៅ​ថា « ការ​អភិវឌ្ឍន៍​ខ្លួន » ដោយ​ការ​ដាក់​គោលដៅ នៅ​ក្នុង​គុណតម្លៃ​ទាំង​ប្រាំបី ៖ សេចក្ដី​ជំនឿ និស្ស័យ​នៃ​ព្រះ គុណសម្បត្តិ​ផ្ទាល់​ខ្លួន ចំណេះវិជ្ជា ការជ្រើស​រើស និង​ការទទួល​ខុស​ត្រូវ ការងារ​ល្អ សេចក្ដី​ទៀងត្រង់ និង​គុណធម៌ ។ យុវនារី ក៏​រៀន​ជំនាញ​ដែល​ប្រកប​ដោយ​គុណតម្លៃ ហើយ​ទទួល​រង្វាន់ តាមរយៈ​កម្មវិធី​បោះ​ជំរុំ​យុវនារី​ផងដែរ ។