យ៉ូសែប ស៊្មីធ គឺជាអ្នកបង្កើត និង ជាប្រធានទីមួយនៃ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ លោក និង អ្នកដែលជឿតាមលោក បានរៀបចំសាសនាចក្រឡើងជាផ្លូវការនៅភូមិហ្វាយ៉ែត្ត នូវ យ៉ោក នៅថ្ងៃទី 6 ខែ មេសា ឆ្នាំ 1830 ។ លោកបានធ្វើអធិបតីលើសាសនាចក្ររហូតដល់ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 1844 គឺជាពេលដែលលោកត្រូវគេធ្វើទុក្ករកម្ម ។ នៅក្រោមការដឹកនាំរបស់លោក សមាជិកភាពក្នុងសាសនាចក្របានកើនឡើងពីប្រាំមួយនាក់ទៅដល់ 26,000 នាក់ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 1800 ចៅហ្វាយក្រុង បូស្តុន និង អ្នកនិពន្ធជាតិ និង អ្នកសរសេរពីនយោបាយឈ្មោះ ចូសាយ ឃ្វីនស៊ី បានសរសេរថា ៖ « នៅពេលអនាគតនឹងមានសំណួរចោទឡើងថា តើពួកអាមេរិកដ៏ឆ្នើមបានធ្វើអ្វីខ្លះ ដើម្បីផ្ដួចផ្ដើមគំនិត និង ជោគវាសនានៃជនរួមជាតិខ្លួន ជាងអ្នកណាទៀតនៅលើទ្វីបនេះ ? ជារឿងចម្លែកអស្ចារ្យដូចបានឃើញមកហើយថា វាពុំមែនមិនអាចកើតឡើងបាននោះទេ ដែលចម្លើយចំពោះសំណួរនេះនឹងឆ្លើយថា គឺយ៉ូសែប ស៊្មីធ ដែលជាព្យាការីពួកមរមន ! » ។
យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ។ បានកើតនៅថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ 1805 នៅភូមិសារ៉ុន រដ្ឋ វ័រម៉ន្ត ដែលឪពុកលោកឈ្មោះ យ៉ូសែប និង ម្តាយឈ្មោះ លូស៊ី ម៉ាក ស្ម៊ីធ ។ លោកបានកើតក្នុងគ្រួសារកសិករក្រីក្រ ជាកូនទីប្រាំក្នុងចំណោមកូនទាំង 11 នាក់ដែល—ប្រាំបួននាក់បាននៅរស់ ។ ពីព្រោះតែគ្រួសាររបស់លោកពុំអាចផ្គត់ផ្គង់ការសិក្សារដ្ឋដែលមានតម្លៃថ្លៃបាន នោះយ៉ូសែប រៀនបានត្រឹមថ្នាក់ទីបីនៅសាលាចំណេះដឹងទូទៅតែប៉ុណ្ណោះ ។ លោកបានទទួលការអប់រំច្រើននៅផ្ទះពីការសិក្សាព្រះគម្ពីរបរិសុទ្ធជាគ្រួសារជាមួយនឹងបងប្អូនប្រុសស្រីរបស់លោក ។
មិត្តភក្តិរបស់យ៉ូសែប គឺ ប៉ាលី ប្រាត្ត បានរៀបរាប់ពីរូបរាងរបស់លោកថាមានកំពស់ 6 ហ្វីត ( 1.83 ម៉ែត ) « សមសួន មាំមួន ហើយរហ័សរហួន សម្បុរជ្រះ សក់ស្លូត ភ្នែកខៀវស្រទន់ [ និង ] មានពុកចង្ការស្ដើង » ។ ដោយមានទំនោរ « ចូលចិត្តសប្បាយពីធម្មជាតិ » យ៉ូសែប ចូលចិត្តលេងជាមួយក្មេងៗ ឬ បោកចំបាប់ និង « ល្បែងទាញដំបង » ក្នុងការប្រកួតកម្លាំង ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ដែលបានមកលេងយ៉ូសែប នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ បានសរសេរថា ៖ « លក្ខណៈខាងក្រៅរបស់លោកពុំស្ដែងចេញដូចជាអ្វីដែលខ្ញុំរពឹងថាជួបនឹងព្យាការីរបស់ព្រះទាល់តែសោះ ។ ផ្ទុយទៅវិញ ... ខ្ញុំបែរជាឃើញថា លោកជាបុរសរាក់ទាក់ រួសរាយ គួរឲ្យចូលចិត្ត ចេះធ្វើឲ្យគេរីករាយ ។ ខ្ញុំពុំអាចមិនចូលចិត្តលោកបានទេ » ។
កាលនៅវ័យ 7 ឆ្នាំ យ៉ូសែប មានជំងឺគ្រុនពោះវៀនអំឡុងការឆ្លងក្នុងតំបន់មួយ ។ ទោះជាលោកបានជាសះស្បើយក្នុងរយៈពេលពីរសប្ដាហ៍ក្ដី រោគឆ្លងដ៏ឈឺចាប់មួយនោះបានបៀមនៅក្នុងឆ្អឹងជើងរបស់យ៉ូសែប ។ នៅពេលដែលការព្យាយាមសម្អាតរោគឆ្លងនោះបរាជ័យ គ្រូពេទ្យចង់ធ្វើការកាត់ជើងចេញ ។ ម្ដាយរបស់យ៉ូសែប បានសុំឲ្យគ្រូពេទ្យវះកាត់ម្ដងទៀត ហើយគ្រូពេទ្យបានកាត់យកឆ្អឹងដែលមានរោគឆ្លងនោះចេញដោយពុំមានថ្នាំស្ពឹក ឬ ឧបករណ៍ពេទ្យត្រឹមត្រូវឡើយ ។ យ៉ូសែប ដែលបានបដិសេធមិនឲ្យគេចងភ្ជាប់នឹងគ្រែ ឬ ផឹកជាតិស្រវឹងដើម្បីបន្សាបការឈឺចាប់នោះ បានទ្រាំនឹងការវះកាត់នៅក្នុងរង្វង់ដៃរបស់ឪពុកលោក ។ ទោះជាលោកបានដើរដោយប្រើឈើច្រត់អស់រយៈពេលបីឆ្នាំ និង រងឈឺចាប់ដោយការដើរខ្ចើចៗអស់មួយជីវិតក្ដី ក៏យ៉ូសែប បានជាសះស្បើយដែរ ។
យ៉ូសែប ស៊្មីធ បានរៀបការនឹង អិមម៉ា ហេល នៅថ្ងៃទី 18 ខែ មករា ឆ្នាំ 1827 ។ រយៈពេល 17 ឆ្នាំនៃអាពាហ៍ពិពាហ៍ ពួកលោកមានកូន 11 នាក់ មានពីរនាក់ជាកូនចិញ្ចឹម ។ កូនទាំងបីនាក់ដំបូងរបស់យ៉ូសែប និង អិមម៉ាបានស្លាប់ពេលដែលបានកើតមក ។ ក្នុងឆ្នាំ 1831 ពួកលោកបានទទួលចិញ្ចឹមកូនភ្លោះ ដែលមានកូនប្រុសម្នាក់ក្នុងចំណោមកូនភ្លោះនោះបានស្លាប់ពីមុនថ្ងៃកំណើតមួយខួបរបស់គេ ។ 12 ឆ្នាំជាងក្រោយមក អិមម៉ា បានផ្ដល់កំណើតដល់កូនប្រុសប្រាំមួយនាក់ថែមទៀត ដែលមានបួននាក់បាននៅរស់—កូនពៅគេបានកើតមកប្រាំខែ បន្ទាប់ពីមរណភាពរបស់យ៉ូសែប ។
ដោយមានការច្របូកច្របល់ខាងសាសនានៅគ្រានិយមសាសនាក្នុងរដ្ឋ នូវ យ៉ោក ដែលលោកបានរស់នៅក្នុងឆ្នាំ 1820 យ៉ូសែបមានអាយុ 14 ឆ្នាំ បានអានសំបុត្រនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយបានដើរចូលទៅក្នុងព្រៃដើម្បីអធិស្ឋាន ។ យ៉ូសែបចែងទុកថា ព្រះ និង ព្រះយេស៊ូវគ្រីស្ទ បានបង្ហាញព្រះកាយដល់លោក ។ លោកបានចែងថា « ខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត ដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ » ។ នៅក្នុងពន្លឺនោះ លោកបានឃើញតួអង្គពីរ—តួអង្គមួយបានមានព្រះបន្ទូលហៅឈ្មោះយ៉ូសែប ដោយចង្អុលទៅតួអង្គមួយទៀតថា « នេះជាព្រះរាជបុត្រាស្ងួនភ្ងាររបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ ! » សមាជិកសាសនាចក្រហៅបទពិសោធន៍នេះថាជា « ទស្សននិមិត្តដំបូង » ។ វាបានផ្លាស់ប្ដូរយ៉ូសែប ស៊្មីធ ហើយលោកបានក្លាយជាមនុស្សសំខាន់នៃជំនឿរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ វាបានចាប់ផ្ដើមកិច្ចការនៃការស្ដារឡើងវិញនៃសាសនាចក្រព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។
យ៉ូសែប ស៊្មីធ ត្រូវបានស្គាល់ច្បាស់ពីការបកប្រែរបស់លោកនៃព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ សមាជិកសាសនាចក្រជឿថា យ៉ូសែប ត្រូវបាននាំទៅឯទួលក្បែរភូមិប៉ាលម៉ៃរ៉ា នូវ យ៉ោក ជាកន្លែងដែលលោកបានទទួលបញ្ជីបុរាណពីទេវតាព្រះនាមថា មរ៉ូណៃ ។ បញ្ជីនោះត្រូវបានឆ្លាក់លើផ្ទាំងមាសប្រាប់ពីប្រវត្តិប្រជាជន ដែលបានរស់នៅលើទ្វីបអាមេរិកនៅជំនាន់ព្រះគ្រីស្ទ ។ យ៉ូសែប បានបកប្រែផ្ទាំងទាំងនោះក្នុងរយៈពេលបីខែ ហើយព្រះគម្ពីរមរមនត្រូវបានបោះពុម្ពជាលើកទីមួយដោយ អ៊ី.ប៊ី ហ្គ្រែនឌីន ក្នុងឆ្នាំ 1830 ។
ថ្វីបើបានកើតក្នុងត្រកូលកសិករ យ៉ូសែប បានធ្វើការជាអ្នកបោះពុម្ព សហគ្រិន និង អ្នកជំនួញ ។ ក្នុងគ្រាដែលលោកបានដឹកនាំសាសនាទើបនឹងកើតថ្មី យ៉ូសែប បានបង្កើតកម្មវិធីបេសកកម្មអន្តរជាតិមួយ ហើយអ្វីដែលបានឃើញនៅសព្វថ្ងៃនេះគឺជាអង្គការស្ត្រីធំជាងគេនៅលើពិភពលោក ។ លោកបានត្រួតត្រាលើអគារនៅក្នុងទីក្រុងទាំងបី និង ដឹកនាំការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធ —ទាំងអស់នេះគឺនៅខណៈដែលប្រឈមមុខនឹងការបៀតបៀនពីឧក្រិតជនក្នុងមូលដ្ឋាន ដែលទីបំផុតបានបណ្ដេញសមាជិកចេញពីទីក្រុងទាំងបីដែលយ៉ូសែប បានបោះទីតាំង ។
ពីព្រោះតែសិទ្ធិខាងសាសនា និង សិទ្ធិប្បវេណីរបស់ពួកបរិសុទ្ធជាប្រជាជនអាមេរិកត្រូវគេបដិសេធចោលទោះជាមានការអង្វរកច្រើនលើកច្រើនសារដល់សហព័ន្ធរដ្ឋាភិបាលក្ដី ក៏ពួកអ្នកដឹកនាំសាសនាចក្របានប្រកាសពីបេក្ខភាពរបស់យ៉ូសែប ស្ម៊ីធ ធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកក្នុងខែ មករា ឆ្នាំ 1844 ។ ដល់ត្រឹមខែ ឧសភា យ៉ូសែប ត្រូវបានជ្រើសតាំងដោយអនុសញ្ញាទីក្រុង ណាវ៉ូ រដ្ឋ អិលលីណោយ ។ វេទិកានយោបាយរបស់លោកបានអំពាវនាវឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលជាប្រយោជន៍ដល់សិទ្ធិខាងសាសនា និង សិទ្ធិប្បវេណីក្នុងការប្រឈមមុខនឹងការបៀតបៀន ។ ដោយការហួសចិត្ត យ៉ូសែប និង បងប្រុសរបស់លោកត្រូវពួកឧក្រិតជនសម្លាប់ក្នុងខែ មិថុនា នៅឆ្នាំដដែលនោះ ដើម្បីរារាំងកុំឲ្យលោកចូលរួមនយោបាយបាន ។
យ៉ូសែប និង បងប្រុសរបស់លោក ហៃរុម ត្រូវគេបាញ់សម្លាប់នៅថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 1844 ដោយឧក្រិតជនម្នាក់ក្នុងចំណោមឧក្រិតជន 150 ទៅ 200 នាក់ ។ ឧក្រិតជនទាំងនោះត្រូវឃុំខ្លួនក្នុងពន្ធនាគារ រដ្ឋ អិលលីណោយ ពីបទចោទប្រកាន់ខុស និង ក្បត់ជាតិ បន្ទាប់ពីពួកវាត្រូវបានហ៊ុំព័ទ្ធដោយរង្វង់ច្បាប់ ។ យ៉ូសែបមានអាយុ 28 ឆ្នាំ ហៃរុមមានអាយុ 44 ឆ្នាំ ។ នៅថ្ងៃទី 28 ខែ មិថុនា សពរបស់យ៉ូសែប និង ហៃរ៉ុម ត្រូវបានគេរៀបចំ និង ដាក់នៅខាងក្រៅឲ្យអ្នកកាន់ទុក្ខយំសោកប្រមាណ 10,000នាក់ បានឃើញ ហើយត្រូវបញ្ចុះនៅថ្ងៃបន្ទាប់ដោយសម្ងាត់ ចៀសវាងការវាយប្រហារ ឬ ការបំផ្លាញរូបកាយជាទីសក្ការៈពីសំណាក់ពួកឧក្រិតជន ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយសព្វថ្ងៃមានចំនួន 14 លាននាក់ជាង ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ គោរពយ៉ូសែប ស៊្មីធ ទុកជាព្យាការីដូចពួកគេគោរពពួកព្យាការីក្នុងព្រះគម្ពីរបរិសុទ្ធដែលមានដូចជា ម៉ូសេ និង អេសាយជាដើម ។