Additional Resource

សន្និសីទ​ទូទៅ

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ជួប​ជុំគ្នា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ទូទាំង​ពិភពលោក សម្រាប់​អ្វី​ដែល​គេ​ហៅ​ថា « សន្និសីទទូទៅ » ។ សន្និសីទ​នេះ ជា​ការ​បន្ថែម​ទៅ​លើ​ កម្មវិធី​ថ្វាយបង្គំ​ប្រចាំ​សប្ដាហ៍ ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ​របស់​ពួកគេ ។

សន្និសីទ​ទូទៅ ត្រូវ​បាន​ធ្វើ​ឡើង​រាល់​ខែ​មេសា និង​ខែ​តុលា ហើយ​មាន​ការ​ប្រជុំ​រយៈពេល​ពីរ​ម៉ោង​ចំនួន​ប្រាំ​ដង ដែល​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ ។ ការ​ប្រជុំ​ខែ​មេសា ត្រូវ​បាន​ហៅ​ថា សន្និសីទ​ប្រចាំ​ឆ្នាំ ហើយ​ការ​ប្រជុំ​ក្នុង​ខែ​តុលា ហៅ​ថា​សន្និសីទ​ពាក់​កណ្ដាល​ឆ្នាំ ។

សម័យ​ប្រជុំ​ទាំងឡាយ​មាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ រសៀល​ថ្ងៃ​សៅរ៍ ព្រឹក​ថ្ងៃ​អាទិត្យ និង​រសៀល​ថ្ងៃ​អាទិត្យ គឺ​ត្រូវ​បាន​បើក​សម្រាប់​មនុស្ស​គ្រប់​គ្នា ខណៈ​ដែល​មាន​សម័យ​ប្រជុំ​មួយ ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ គឺ​សម្រាប់​បុរស និង​យុវជន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​កាន់​បព្វជិតភាព

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ធ្វើ​ដំណើរ​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ចូលរួម​សន្និសីទ​ទូទៅ ដែល​ផ្ដើម​នៅ​ក្នុងមជ្ឈមណ្ឌល​សន្និសីទ ដែល​មាន​កៅអី​ចំនួន 21000 កៅអី នៅ​ក្នុង​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ។ សំបុត្រ​ឥតគិត​ថ្លៃ ត្រូវ​បាន​ចែកចាយ​សម្រាប់​សម័យ​ប្រជុំ​នីមួយៗ ព្រម​ទាំង​មាន​ការ​ឈរ​តម្រង់​ជួរ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​គ្មាន​សំបុត្រ​ផងដែរ ។ មាន​អគារ​ដែល​នៅ​ជិត​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ សម្រាប់​អ្នក​ទាំងឡាយ​ដែល​ពុំ​អាច​ចូល​ទៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ដោយ​សារ​តែ​ច្រើន​ពេក​នោះ ។

ដោយសារ​តែ​សមាជិក​របស់​សាសនាចក្រ​មាន​ចំនួន​ 14 លាន​នាក់​ ជា​ចំនួន​ដ៏​លើសលប់ នោះ​ពួកគេ​ពុំ​អាច​ចូលរួម​ក្នុង​សន្និសីទ​ទូទៅ​ដោយ​ផ្ទាល់​ទេ ដូច្នេះ​ការ​ប្រជុំ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ផ្កាយ​រណប​ទៅកាន់​អគារ​ព្រះវិហារ​ជាង 7400 កន្លែង​នៅ​ក្នុង​ប្រទេស​ចំនួន 102 ប្រទេស ។ សមាជិក​ក៏​អាច​មើល​សន្និសីទ​តាម​ទូរទស្សន៍​ផងដែរ តាមរយៈ​ស្ថានីយ៍​ចាក់​ផ្សាយ​នៅ​ទីក្រុង​សលត៍ លេកKSLBYU-TV។ បន្ថែម​ពី​លើ​នោះ សាសនាចក្រ​មាន​ការ​ផ្សាយ​បន្ដ​ផ្ទាល់​នៅ​គេហទំព័រLDS.org និង​នៅ​ប៉ុស្ដិ៍Mormon Channel។ 

អំឡុង​សន្និសីទ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ និយាយ​អំពីប្រធាន​បទ​ខាង​វិញ្ញាណ​ផ្សេងៗ​គ្នា ។ ពួកគាត់​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក៏​ដូចជា​អ្នក​តំណាង​រដ្ឋាភិបាល និង​អ្នក​តំណាង​សហគមន៍ ព្រមទាំង​ភ្ញៀវ​សន្និសីទ​ដទៃ​ទៀត​ផងដែរ ។ ​ អ្នក​ឡើង​និយាយ រួមមាន​អ្នក​ដឹកនាំ​សាសនាចក្រ​លើ​ពិភពលោក​គឺ ​ប្រធាន ថូម៉ាស អេស ម៉នសុន និង​ទីប្រឹក្សា​របស់​គាត់ ក្នុង​គណៈប្រធាន​ទីមួយ ដែល​គ្រប់គ្រង​លើតួ​នៃ​សាសនាចក្រ ។ ការ​ថ្លែង​សុន្ទរកថា ក៏​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ និង​អ្នក​ដឹកនាំ​ដទៃ​ទៀត​ផងដែរ ។

សុន្ទរកថា​សន្និសីទ​ទូទៅ មាន​រយៈពេល​ផ្សេងៗ​គ្នា​ ចាប់ពី​ប្រហែល​ជា 5 នាទី ទៅ 20 នាទី ។ ប្រធាន​បទ ពុំ​ត្រូវ​បាន​ចាត់​ទេ អ្នក​ឡើង​និយាយ​ម្នាក់ៗ​ជ្រើសរើស​ប្រធាន​បទ​ផ្ទាល់​ខ្លួន​របស់​គាត់ ។ សុន្ទរកថា ជាធម្មតា​និយាយ​អំពី​គោលការណ៍​ដំណឹង​ល្អ​មូលដ្ឋាន ឬ​ថ្លែង​ពី​រឿង​សំខាន់ៗ​ក្នុង​ជំនាន់​នេះ អ្នក​ឡើង​និយាយ​ក៏​លើក​ទឹកចិត្ដ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទផងដែរ ។

បន្ទាប់ពី​សន្និសីទ​ចប់ សុន្ទរកថា​ទាំងឡាយ ត្រូវ​បាន​ផ្សាយ​នៅ​លើ​គេហទំព័រLDS.org ហើយ​បោះពុម្ព​ឡើងវិញ​នៅ​ក្នុង​ទស្សនាវដ្ដី​.Ensignនិង​ លីអាហូណា​ របស់​សាសនាចក្រ ដូច្នេះ​សមាជិក​អាច​អាន និង​សិក្សា​វា ។

តន្ត្រី​សម្រាប់​សម័យ​ប្រជុំ​សន្និសីទ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ហើយ​នឹង​អ្នក​លេង​ព្យាណូ​ខ្យល់ ក្រុម​ចម្រៀង​ និង​ក្រុម​ជំនុំ​សាសនាចក្រ​ដទៃ​ទៀត ។ តន្ត្រី គូស​បញ្ជាក់​អំពី​បាវចនា​ដំណឹង​ល្អ ។

ពួក​អ្នក​ដឹកនាំ​សាសនាចក្រ បាន​ដឹកនាំ​សន្និសីទ​ទូទៅ ចាប់​តាំង​ពី​ឆ្នាំ 1830 ជាពេល​ដែល​សាសនាចក្រ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​យ៉ូសែប ស្ម៊ីធ ។ យោង​តាម​ប្រវត្តិវិទូ ហ្គ្លីន អិម លីអូណាត ថា « មាន​សមាជិក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច ប្រហែល​ជា 30 នាក់​បាន​ចូលរួម​ក្នុង​សន្និសីទ​ដំបូង​គេ ព្រម​ជា​មួយ​នឹង​អ្នក​ដទៃ​ទៀត ដែល​ចាប់​អារម្មណ៍​លើ​សាសនាចក្រ » ។​

សព្វ​ថ្ងៃ សន្និសីទ ត្រូវ​បាន​បក​ប្រែ​ផ្ទាល់​មាត់​ក្នុង​ពេល​ដំណាល​គ្នា ទៅ​ជា​ភាសា​ចំនួន 92 ភាសា មាន​លំដាប់​ចាប់ពី ភាសា​អាល់បានី ទៅដល់​ ភាសា​យ៉ាប៉េស ដើម្បី​បម្រើ​ដល់​សមាជិក​អន្ដរជាតិ​ដែល​កំពុង​តែ​រីក​ចម្រើន និង​មាន​ចំនួន​ដ៏​ធំ​មួយ​នោះ ។ ការ​បកប្រែ​ជា​ភាសា​គរ​អាមេរិក និង​ការ​ដាក់​អក្សរ​រត់​លើ​អេក្រង់ ក៏​មាន​ផងដែរ ។