Additional Resource

សុខុមាលភាព និង ភាព​ខ្លួន​ទី​ពឹងខ្លួន

គោលបំណង​របស់​កម្មវិធី​សុខុមាលភាព​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ត្រូវ​មើល​ថែ​ជន​ខ្វះខាត ខណៈ​ដែល​ការ​បង្រៀន​អំពី​គោលការណ៍​ទាំងឡាយ ​នឹង​អនុញ្ញាត​ឲ្យ​ជន​ខ្វះខាត​នោះ បាន​ក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន ហើយ​រក្សា​បាន​នូវ​ការ​គោរព​ចំពោះ​ខ្លួន​គេ ។ កម្មវិធី​ក៏​ផ្ដល់​ឱកាស​ជាច្រើន​ដល់​សមាជិក​សាសនាចក្រ​ដទៃ​ទៀត​ទាំង​អស់ ដើម្បី​បម្រើ— បំពេញ​បញ្ញត្តិ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ ដើម្បី​ផ្ដល់​អាហារ​ដល់​ជន​ស្រេក​ឃ្លាន ផ្ដល់​ទឹក​ដល់​អ្នក​ស្រេក ផ្ដល់​ជម្រក​ដល់​អ្នក​ចម្លែក ស្លៀក​ពាក់​ឲ្យ​អ្នក​អាក្រាត និង​សួរ​សុខ​ទុក្ខ​អ្នក​ឈឺ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​រៀប​ចំឡើង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ឆ្នាំ 1830 អ្នក​ដឹកនាំ​សាសនាចក្រ បាន​ស្ថាបនា​ជា​ឃ្លាំង​របស់​ប៊ីស្សព ជា​កន្លែង​ដែល​ទទួល​ការ​បរិច្ចាគ​គ្រាប់​ធញ្ញជាតិ និង​របស់​ប្រើប្រាស់​ដទៃ​ទៀត​ពី​សមាជិក ជា​ដង្វាយ​ចេញ​ពី​ចិត្ត គឺ​ត្រូវ​បាន​ស្ដុក​ទុក និង​បរិច្ចាគ​ទៅ​ជួយ​ដល់​សមាជិក​ខ្វះខាត ។ នៅ​ក្នុង​ខែ មេសា ឆ្នាំ 1936 សាសនាចក្រ​បាន​រៀបចំ​កម្មវិធី​សុខុមាលភាព​ជា​ផ្លូវការ​មួយ ដើម្បី​ជួយ​ដល់​សមាជិក​សាសនាចក្រ ដែល​រង​ទុក្ខ​ដោយ​ការ​រង​ឥទ្ធិពល​បំផ្លាញ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ ។ សព្វថ្ងៃ​នេះ កម្មវិធី​សុខុមាលភាព ត្រូវ​បាន​ពង្រីក​ទៅ​គ្រប់​ទីកន្លែង​នៃ​សាកល​លោក ហើយ​ជួយ​មនុស្ស​គ្រប់​ជំនឿ​ទាំងអស់ ។

  • មូលនិធិ​សម្រាប់​កម្មវិធី​សុខុមាលភាព​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ​តាមរយៈ​ការ​បរិច្ចាគ​មក​ពី​សមាជិក​សាសនាចក្រ ។ នៅ​ថ្ងៃ​អាទិត្យ​មួយ​ក្នុង​ខែ សមាជិក​នៃ​សាសនាចក្រ អត់​ទទួល​ទាន​អាហារ​ពីរ​ពេល ហើយ​ផ្ដល់​ប្រាក់​ដែល​គេ​នឹង​ចំណាយ​សម្រាប់​អាហារ​នៅ​ថ្ងៃ​នោះ​ទៅ​ដល់​សាសនាចក្រ ។
  • មនុស្ស​ខ្វះខាត ត្រូវ​បាន​ប្រាប់​ដល់​អ្នក​ដឹកនាំ ( ប៊ីស្សព ) នៃ​ក្រុម​ជំនំ​ក្នុង​មូលដ្ឋាន ដោយ​មាន​ជំនួយ​ពី​ប្រធាន​សមាគម​សង្គ្រោះ —ជា​ស្ត្រី​ម្នាក់​មក​ពី​ក្រុម​ជំនុំ ដែល​បម្រើ​ជា​អ្នក​ដឹកនាំ​អង្គការ​ស្ត្រី ។ ទំហំ​ក្រុម​ជំនុំ ត្រូវ​បាន​រក្សា​ក្នុង​រង្វង់​មនុស្ស​ពីរ​បី​រយ​នាក់ ដើម្បី​ឲ្យ​អ្នក​ដឹកនាំ​ក្នុង​មូល​ដ្ឋាន អាច​ស្គាល់​មនុស្ស​របស់​ពួកគាត់ ។
  • នៅ​តាម​កន្លែង​មួយ​ចំនួន មាន​ការ​សញ្ជឹងគិត​យ៉ាង​ខ្ពស់​អំពី​សមាជិក​សាសនាចក្រ នោះ​អគារ​សុខុមាលភាព អាច​នឹង​ធំ ។ វិសាលដ្ឋាន​សុខុមាលភាព នៅ​ជិត​នឹង​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​ដ៏​ធំ​បំផុត​នៃ​អគារ​ដូច្នេះ ។ អគារ​នៅក្នុង​វិសាលដ្ឋាន​នេះ រួមមាន​រោងចក្រ​ផលិតផល​កំប៉ុង រោងចក្រ​ទឹក​ដោះ​គោ ឃ្លាំង​របស់​ប៊ីស្សព ហាង​លក់​សម្ភារ​ជជុះ​ដែល​គេ​បរិច្ចាគ មជ្ឈមណ្ឌល​ស្វែង​រក​ការងារ និង​កន្លែង​ស្ដុក​ស្រូវ​សាឡី និង​គ្រាប់​ធញ្ញជាតិ​ដទៃ​ទៀត ។
  • ឃ្លាំង​របស់​ប៊ីស្សព ជាញឹកញាប់​ប្រៀប​ធៀប​ទៅ​នឹង​ផ្សារ​ដែល​គ្មាន​គិត​ប្រាក់ ។ អាហារ និង​សម្ភារ​ផ្ទះ​សម្បែង​ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នកទាំង​ឡាយ ដែល​ពុំ​អាច​ផ្គត់ផ្គង់​ខ្លួន​គេ ហើយ​ដែល​នាំ​មក​ជាមួយ​នូវ​សំណើរ​សុំ​ជា​លាយលក្ខណ៍​អក្សរ ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​ប៊ីស្សព​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ។ អ្នក​ទទួល​សម្ភារ ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​ការ​សម្រាប់​អ្វី​ដែល​គេ​បាន​ទទួល ដើម្បី​ពង្រីក​សមត្ថភាព​របស់​ពួកគេ ។ មាន​ឃ្លាំង​របស់​ប៊ីស្សព​ចំនួន 129 ដែល​មាន​ទីតាំង​នៅ​ជុំវិញ​ពិភពលោក ។
  • មជ្ឈមណ្ឌល​សេវាកម្ម​ធនធាន​ការងារ ផ្ដល់​ជា​កន្លែង​មួយ​ដែល​មនុស្ស​អាច​ទទួល​បាន​ការ​បំពាក់បំប៉ន​ការងារ រៀន​សរសេរ​ប្រវត្តិរូប​សង្ខេប​របស់​ពួកគេ​ឲ្យ​កាន់​តែ​ល្អ ហើយ​ស្វែងរក​ឱកាស​ការងារ ។ មាន​មជ្ឈមណ្ឌល​ចំនួន 259 កន្លែង​នៅ​លើ​ពិភពលោក ។
  • ឧស្សាហកម្ម​ដេសើរ៉ែត គឺ​ជា​អង្គការ​គ្មាន​ប្រាក់​ចំណេញ​មួយ ដែល​បម្រើ​ជា​អគារ​បំពាក់បំប៉ន​ការងារ និង​ប្រតិបត្តិការ​ហាង​លក់​សម្ភារ​ជជុះ ។ ហាង​លក់​សម្ភារ​ជជុះ បើក​ជា​សាធារណៈ ។
  • សេវាកម្ម LDS Family គឺ​ជា​អង្គការ​ឯកជន គ្មាន​ប្រាក់​ចំណេញ​មួយ​ដែល​ផ្ដល់​នូវ​ការ​ប្រឹក្សា សេវា​សុំ​កូន​ចិញ្ចឹម ជា​ធនធាន និង​ក្រុម​គាំទ្រ​ដល់​ការ​ព្យាបាល​ការ​ញៀន សម្រាប់​បញ្ហា​សង្គម បញ្ហា​សតិអារម្មណ៍ និង​បញ្ហា​ខាង​វិញ្ញាណ ។