1. តើពួកមរមន នៅអនុវត្តពហុពន្ធភាពឬទេ ?
មានពួកមរមនច្រើនជាង 14 លាននាក់នៅក្នុងសហរដ្ឋអាមេរិ និងជុំវិញពិភពលោក ហើយពុំមានពួកគេណាម្នាក់ គឺជាអ្នកមានប្រពន្ធច្រើនទេ ។ ការអនុវត្តន៍ពហុពន្ធភាព គឺត្រូវបាន ហាមឃាត់ជាដាច់ខាត នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បទដ្ឋានទូទៅនៃអាពាហ៍ពិពាហ៍ក្នុងសាសនាចក្រ គឺមានប្រពន្ធតែមួយជានិច្ច ដូចបានប្រាប់នៅក្នុងព្រះគម្ពីរមរមន ( យ៉ាកុប ជំពូក 2 ខ 27 )។ ពហុពន្ធភាព គឺជាចំណែកនៃអតីតកាលរបស់យើង ប្រហែលជារយៈពេល 50 ឆ្នាំមុន នៅក្នុងសតវត្សរ៍ទី 19 ។ ប៉ុន្តែវាគ្មានទៀតឡើយនៅក្នុងបច្ចុប្បន្នកាលរបស់យើងទេ ។ ពហុពន្ធភាព ត្រូវបានបញ្ឈប់ជាផ្លូវការនៅក្នុងឆ្នាំ 1890— គឺ 118 ឆ្នាំកន្លងទៅហើយ ។ អ្នកទាំងឡាយណាដែលអនុវត្តពហុពន្ធភាពសព្វថ្ងៃនេះ ពុំមានពាក់ព័ន្ធនឹងសាសនាចក្រទេ ។
2. តើពួកមរមនជឿទៅលើព្រះយ៉ាងដូចម្ត៉េចដែរ ?
ជាញឹកញាប់ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រះ គឺសំដៅថាជាព្រះវរបិតាសួគ៌ ដោយសារទ្រង់គឺជាព្រះបិតានៃវិញ្ញាណមនុស្សទាំងអស់ ហើយពួកគេត្រូវបានបង្កើតឡើងតាមរូបអង្គទ្រង់ ( លោកុប្បត្តិ 1:27 ) ។ វាគឺជាពាក្យសមរម្យមួយចំពោះព្រះ ដែលទ្រង់មានព្រះទ័យល្អ និងយុត្តិធម៌ មានគ្រប់ព្រះប្រាជ្ញាញាណ និងអំណាចទាំងអស់ ។ ព្រះជាព្រះបិតា ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ បង្កើតបានជាក្រុមព្រះ ឬក្រុមព្រះបីអង្គសម្រាប់ពួកមរមន ។
3. តើមានអ្វីខ្លះកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធមរមន ?
ព្រះវិហារបរិសុទ្ធពុំមែនជាទីថ្វាយបង្គំធម្មតានៅថ្ងៃអាទិត្យ សម្រាប់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះទេ ។ ដោយសារតែភាពពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ នោះមានតែសមាជិកនៃសាសនាចក្រ ដែលមានជំហរល្អប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះវិហារបរិសុទ្ធ ។ គោលបំណងចម្បងនៃកិច្ចការ ព្រះវិហារបរិសុទ្ធ គឺ « ផ្សារភ្ជាប់ » ឬការបង្រួបបង្រួមក្រុមគ្រួសារជាមួយគ្នា ដោយរំពឹងទុកថា ទំនាក់ទំនងទាំងនោះ បន្តមានហួសពីសេចក្ដីស្លាប់ ។ ពិធីនានានៃព្រះវិហារបរិសុទ្ធដូចគ្នានេះ អាចធ្វើសម្រាប់អ្នកទាំងឡាយដែលបានស្លាប់ ។ ការអនុវត្តន៍ក្នុងព្រះវិហារបរិសុទ្ធ ពុំមានភាពស្រដៀងគ្នាទៅនឹងព្រះវិហារគ្រីស្ទានដទៃទៀតទេ ។
4. តើពួកមរមនជឿលើព្រះគម្ពីរបរិសុទ្ធដែរឬទេ ?
សាសនាចក្រ គោរពព្រះគម្ពីរបរិសុទ្ធ ជាព្រះបន្ទូលនៃព្រះ ជាសៀវភៅព្រះគម្ពីរដ៏ពិសិដ្ឋមួយ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្រឡាញ់ការបង្រៀន ហើយសិក្សាពេញមួយជីវិតអំពីប្រាជ្ញាដ៏ទេវភាពនៃព្រះគម្ពីរបរិសុទ្ធ ។ បន្ថែមពីលើនោះ អំឡុងកម្មវិធីថ្វាយបង្គំ ព្រះគម្ពីរបរិសុទ្ធ ត្រូវបានគិតពិចារណា និងពិភាក្សា ។ ព្រះគម្ពីរបន្ថែមមាន— ព្រះគម្ពីរមរមន, គោលលទ្ធិ និងសេចក្ដីសញ្ញា និងមុក្ដាដ៏មានតម្លៃមហិមា—ជួយពង្រឹង និងគាំទ្រដល់ការបង្រៀនរបស់ព្រះ តាមរយៈសាក្សីបន្ថែម ហើយបានផ្ដល់នូវដំណើររឿងបទពិសោធន៍ផ្ទាល់ខ្លួនដ៏រំជួលចិត្តរបស់មនុស្សជាច្រើន ដែលមានជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។ ស្របតាម សាវករបស់សាសនាចក្រ អិម. រ័សុល បាឡឺដ« ព្រះគម្ពីរមរមន ពុំបង្អន់ ឬបន្ថោក ហើយក៏មិនមែនពុំគូសបញ្ជាក់អំពីព្រះគម្ពីរបរិសុទ្ធនោះដែរ ។ ផ្ទុយទៅវិញ ព្រះគម្ពីរមរមន បានពង្រីក លាតសន្ធឹត និងលើកតម្កើងព្រះគម្ពីរបរិសុទ្ធ » ។
5. តើពួកមរមនជាគ្រីស្ទានឬទេ ?
ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គសំខាន់ចំពោះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលកាន់តាមព្រះនាមទ្រង់ ។ រាល់ការអធិស្ឋាននៅក្នុងផ្ទះ និង រាល់ការបង្រៀននៅក្នុងសាលាជំនុំ ត្រូវបញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ តំណាងនៃសាក្រាម៉ង់ ( សេចក្ដីរួមគ្នា ) ត្រូវបានទទួលទានជារៀងរាល់សប្ដាហ៍នៅក្នុងម៉ោងថ្វាយបង្គំដែលជានិមិត្តសញ្ញានៃដង្វាយធួនរបស់ទ្រង់ ។ ពលិកម្មធួនរបស់ព្រះគ្រីស្ទ បង់ថ្លៃអំពើបាបសម្រាប់មនុស្សលោកទាំងអស់ ស្របតាមលក្ខខណ្ឌនៃការប្រែចិត្តផ្ទាល់ខ្លួន ។ ពលិកម្មរបស់ទ្រង់ក៏អនុញ្ញាតឲ្យមនុស្សទាំងពួងអាចបានរស់ឡើងវិញដោយមានអមតភាពផងដែរ ។
6. តើសាសនាចក្រមានមុខនាទីអ្វី ស្ដីអំពី ទំនាក់ទំនងខាងជាតិសាសន៍?
ដំណឹងល្អ គឺមានសម្រាប់មនុស្សទាំងអស់ ។ អ្នកដែលនៅក្នុងក្រុមជាតិពន្ធទាំងអស់ តែងតែត្រូវបានស្វាគមន៍មកក្នុងសាសនាចក្រ ហើយទទួលបុណ្យជ្រមុជទឹក ជាសមាជិក បង្រៀនលើវេទិកា និងអធិស្ឋានក្នុងក្រុមជំនុំ ។ ក៏ពុំមានរឿងនយោបាយណាមួយនៅក្នុងសាសនាចក្រ អំពីក្រុមជំនុំបែកផ្សេងពីគ្នាឡើយ ក៏គ្មានសមាជិកបុរសជនជាតិអាហ្វ្រិកល្អណា ពុំត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាពនោះដែរ ។ បន្ទាប់ពីការផ្លាស់ប្ដូរនៅក្នុងខែ មិថុនា ឆ្នាំ 1978 ភ្លាមនោះ សាសនាចក្របានចាប់ផ្ដើមតែងតាំងសមាជិកបុរសជនជាតិស្បែកខ្មៅ ដែលសកម្មឲ្យកាន់តំណែងបព្វជិតភាព នៅកន្លែងណាដែលពួកគេចូលរួម នៅគ្រប់ទិសទីលើពិភពលោក ។ នៅក្នុងឆ្នាំ 2006 ប្រធានសាសនាចក្រ ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រកាសថា « គ្មានមនុស្សណា ដែលបាននិយាយបង្អាប់ អំពីអ្នកទាំងឡាយដែលមានជាតិសាសន៍ផ្សេង អាចគិតថាខ្លួនគាត់ជាសិស្សពិតរបស់ព្រះគ្រីស្ទឡើយ ។ ទាំងពុំអាចគិតថា ខ្លួនគាត់បានធ្វើត្រូវនឹងការបង្រៀនរបស់សាសនាចក្រនោះដែរ ។ ចូរយើងទាំងអស់គ្នាទទួលស្គាល់ថា យើងម្នាក់ៗ គឺជាបុត្រា ឬបុត្រីរបស់ព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង ដែលទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ទាំងអស់ » ។
7. តើស្ត្រីមរមន អាចធ្វើអ្វីខ្លះ នៅក្នុងសាសនាចក្រ ?
ស្ត្រីដើរតួយ៉ាងថ្លៃថ្នូរក្នុងកិច្ចការនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ទន្ទឹមនឹងពេលដែលស្ត្រីពុំត្រូវបានតែងតាំងឲ្យមានបព្វជិតភាពនៅក្នុងសាសនាចក្រ ហើយពុំកាន់តំណែងក្នុងពិធីនានាដូចជា ការប្រសិទ្ធពរសាក្រាម៉ង់ក្នុងការតំណាង ឬ ធ្វើបុណ្យជ្រមុជទឹកទេនោះ ពួកគេបម្រើក្នុងតំណែងអ្នកដឹកនាំច្បង និង ជាអ្នកផ្សព្វផ្សាយសាសនា និង គ្រូបង្រៀន ហើយពួកគេបង្រៀននៅលើវេទិកា និង ដឹកនាំការអធិស្ឋានក្រុមជំនុំក្នុងការប្រជុំថ្វាយបង្គំ ។
8. តើហេតុអ្វីបានជាសាសនាចក្រ បញ្ជូនអ្នកផ្សព្វផ្សាយសាសនាចេញទៅ ?
កិច្ចខិតខំផ្សព្វផ្សាយសាសនារបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺផ្អែកទៅលើគំរូនៃអ្នកផ្សព្វផ្សាយសាសនាបម្រើជាគូរៗក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបង្រៀនដំណឹងល្អ និងជ្រមុជទឹកឲ្យអ្នកជឿទាំងឡាយ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ឧទាហរណ៍ កិច្ចការរបស់ពេត្រុស និងយ៉ូហាន ក្នុងគម្ពីរកិច្ចការនៃពួកសាវក ) ។ ម្ដងៗមានអ្នកផ្សព្វផ្សាយសាសនាច្រើនជាង 52,000 នាក់ ដែលមានអាយុតិចជាង 25 ឆ្នាំ កំពុងបម្រើបេកកម្មសម្រាប់សាសនាចក្រ ក្នុងបេសកកម្មជិត 350 បេសកកម្មនៅទូទាំងពិភពលោក ។ កិច្ចការផ្សព្វផ្សាយសាសនា គឺជាកិច្ចការស្ម័គ្រចិត្ត ដែលអ្នកផ្សព្វផ្សាយសាសនាដាក់មូលនិធិសម្រាប់បេសកកម្មរបស់ពួកគេដោយផ្ទាល់ខ្លួន ។ ពួកគេទទួលការចាត់តាំងរបស់ខ្លួនមកពីទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ហើយត្រូវបានបញ្ជូនទៅកាន់ប្រទេស ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យមានសាសនាចក្រតែប៉ុណ្ណោះ ។ នៅកន្លែងខ្លះក្នុងពិភពលោក អ្នកផ្សព្វផ្សាយសាសនា ត្រូវបានបញ្ជូនឲ្យទៅបម្រើតែខាងផ្នែកសប្បុរសធម៌ ឬបេសកកម្មជាក់លាក់ដទៃទៀតប៉ុណ្ណោះ ។
9. តើទស្សនៈរបស់ពួកមរមន អំពីគោលបំណងនៃជីវិតមានអ្វីខ្លះ ?
សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ជីវិតរមែងស្លាប់ ត្រូវបានមើលឃើញក្នុងបរិបទនៃប្រវត្តិសាស្ត្រមួយដ៏ធំ ចាប់តាំងពីជីវិតមុនជីវិតលើផែនដី ជាកន្លែងដែលវិញ្ញាណនៃមនុស្សលោកទាំងអស់គ្នា បានរស់នៅជាមួយព្រះវរបិតាសួគ៌ ទៅកាន់ជីវិតអនាគតមួយ នៅក្នុងវត្តមានរបស់ទ្រង់ ជាកន្លែងដែលមានការរីកចម្រើន រៀនសូត្រ និងការកែលម្អរជាបន្ដបន្ទាប់ ។ ជីវិតនៅលើផែនដី គឺចាត់ទុកថាជាស្ថានភាពបណ្ដោះអាសន្ន ដែលបុរស និងស្ត្រី ត្រូវបានសាកល្បង ហើយព្យាយាម — និងជាកន្លែងដែលពួកគេទទួលបទពិសោធន៍ ដែលពុំអាចទទួលបាននៅកន្លែងផ្សេងឡើយ ។ ព្រះដឹងថា មនុស្សលោក នឹងធ្វើកំហុសឆ្គងជាច្រើន ដូច្នេះ ទ្រង់បានប្រទានព្រះអង្គសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវគ្រីស្ទ ដែលនឹងលើកដាក់មកលើព្រះអង្គទ្រង់នូវអំពើបាបនៃពិភពលោក ។ ចំពោះសមាជិកនៃសាសនាចក្រ សេចក្ដីស្លាប់ខាងរូបកាយនៅលើផែនដី គឺពុំមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្ដើមជំហានបន្ទាប់ទៀតនៅក្នុងផែនការរបស់ព្រះ សម្រាប់កូនចៅរបស់ទ្រង់ ។
10. ហេតុអ្វីពួកមរមន ពុំជក់ ឬផឹកស្រាដូច្នេះ ?
ក្រមសុខភាពសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានផ្ដោតទៅលើពាក្យសំដីនៃប្រាជ្ញាវាងវៃ វិវរណៈឆ្នាំ 1833 បង្ហាញអំពីអាហារដែលមានសុខភាពល្អ និងសារធាតុនានា ដែលមិនល្អសម្រាប់រូបកាយមនុស្ស ។ ស្របគ្នានោះដែរ ស្រា ថ្នាំជក់ តែ កាហ្វេ និងថ្នាំខុសច្បាប់ ត្រូវបានហាមឃាត់ ដោយសារតែឥទ្ធិពលញៀន និងឥទ្ធិពលគ្រោះថ្នាក់របស់វា ។ ការសិក្សា UCLA រយៈពេល 14 ឆ្នាំមួយ ដែលបានបញ្ចប់នៅក្នុងឆ្នាំ 1997 អត្រានៃការស្លាប់ដែលបានតាមដាន និងការអនុវត្តច្បាប់សុខភាពរបស់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយចំនួន 10000 នាក់ក្នុងរដ្ឋកាលីហ្វូញ៉ា បានបង្ហាញថា សមាជិកសាសនាចក្រ ដែលគោរពតាមក្រមសុខភាព មានអត្រាការស្លាប់ទាបបំផុតមួយពីជំងឺមហារីក និងជំងឺសសៃឈាមបេះដូង ក្នុងសហរដ្ឋអាមេរិក ហើយសមាជិកសាសនាចក្រ ដែលធ្វើតាមក្រមនេះ មានជីវិតរស់នៅបានប្រាំបីឆ្នាំ ទៅ 11 ឆ្នាំ យូរជាងចំនួនប្រជាជនស្បែកសទូទៅនៃសហរដ្ឋអាមេរិក ។