Newsroom
ការចេញ​ផ្សាយ​ព័ត៌មាន

អង្គការមិនមែនរដ្ឋាភិបាល​ប្រចាំប្រទេស​កម្ពុជា​ផ្ដួច​ផ្ដើមគំនិត​រៀបចំ​កម្មវិធីអនាម័យ​ច្រើន​ប្រភេទ​សម្រាប់កុមារ 

នៅក្នុង​ពិធីមួយ​កាលពីពេល​ព្រឹកថ្ងៃទី ១៧ ខែកក្កដា ក្នុងស្រុកបាគង ខេត្តសៀមរាប  អង្គការ RACHA និងអង្គការសប្បុរសធម៌ អិល.ឌី.អេស. ដែល​ជា​ដៃគូ​មនុស្ស​ធម៌​របស់សាសនាចក្រ​នៃព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ បាន​ចាប់ផ្ដើម​កម្មវិធី​អនាម័យ​ច្រើន​ប្រភេទ​សម្រាប់កុមារ។កុមារដែល​ គ្រប់អាយុចូល​រៀន​ចំនួន ២៥០ នាក់​ត្រូវ​បាន​ណែនាំអំ​ពី​កម្មវិធី​សុខភាព​ផ្ទាល់​ខ្លួន​មួយ​ដែល​បាន​រៀប​ចំឡើង​ដើម្បី​បង្រៀន​ពួកគេ​ឲ្យ​មាន​ទម្លាប់​អនាម័យ​ប្រសើរ​ជាងមុន។ គោលបំណង​សំខាន់​បំផុត​នៃកម្មវិធី​គឺ ការប្រើប្រាស់​ប្រព័ន្ធ​ធុង​ចម្រោះ​ទឹក​ថ្មី​ដែល​បង្កើត​ដោយ​អង្គការ RACHA ដើម្បីផ្ដល់​ទឹក​បរិភោគ ដល់​សិស្ស និង​ប្រជាពលរ​ដ្ឋ​ក្នុងមូលដ្ឋាន​បានពេញ​មួយ​ឆ្នាំ​​ពីអាងស្តុកទឹកភ្លៀងនៅ​រដូវវស្សា ឬ​ពី​អណ្ដូង​ទឹក​នៅរដូវប្រាំង។  

ពិធីកាត់​ខ្សែបូរ បានប្រារព្ធ​ធ្វើឡើង​នៅពេល​ការបញ្ចប់​ជាស្ថាពរ​នូវប្រព័ន្ធ​ទឹកស្អាត​ថ្មី និងដើម្បី​ផ្ដល់ជា​សញ្ញា​អំពីការ​ចាប់ផ្ដើម​នៃកម្មវិធី​អប់រំ​អនាម័យ ទូលំទូលាយ​ដល់កុមារ​ដែលគ្រប់​អាយុចូល​រៀន។ កម្មវិធីរួមមាន​កញ្ចប់​អនាម័យ​ដែលរៀបចំ​ដោយអង្គការសប្បុរសធម៌ អិល.ឌី.អេស.  ហើយ​ត្រូវ​បាន​ផ្ដល់ឲ្យ​ដល់សិស្សចំនួន ២៥០ នាក់។  កញ្ចប់ មាន​ដូចជា កន្សែង ក្រមា សាប៊ូ ច្រាស​ដុសធ្មេញ ថ្នាំដុសធ្មេញ និង​កន្ត្រៃកាត់​ក្រចក។  បន្ទាប់មក បុគ្គលិកអង្គការ RACHA បានបង្រៀន​សិស្សរយៈពេល ៦ ម៉ោង​អំពី​ការ​ប្រើប្រាស់​កញ្ចប់ ការ​ផ្គត់ផ្គង់​ទឹក​ថ្មី និង​ការ​ប្រើប្រាស់​បង្គន់​ឲ្យបាន​ត្រឹមត្រូវ។ 

បុគ្គលិក​សាលារៀន និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ចូល​រួម​ពិធី​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​ខាងលើ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការជួយ​ដោះស្រាយ​តម្រូវការ​សុខភាព​របស់កុមារ​នៅក្នុង​សហគមន៍​របស់ពួកគេ។  លោក ពូ សំ អាត - ដែលជាអភិបាលស្រុកបាគង ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​​ទៅកាន់​កុមារ​ចំនួន ២៥០ នាក់​នៅ​ក្នុង​ពិធី​ដោយ​សង្កត់​លើ​ភាពចាំ​បាច់​សម្រាប់​កុមារ និង​ឪពុក​ម្តាយ​ក្នុង​ការប្រើ​ប្រាស់​ទឹកស្អាត និង​ទម្លាប់​អនាម័យ​ល្អ​ដើម្បី​ទទួល​បាន​សុខភាពល្អ។  លោក​បានមាន​ប្រសាសន៍ថា « កុមារដែលមាន​សុខភាពល្អ និង​ឪពុក​ម្ដាយ​ដែល​មាន​សុខភាពល្អ នឹងជំរុញឲ្យកូន​រៀន​ពូកែ » ។