ការចេញ​ផ្សាយ​ព័ត៌មាន

គ្រោះទឹកជំនន់នៅខេត្តព្រៃវែង

គ្រួសារ​ជាង ១០០០ គ្រួសារ​ទទួល​បាន​ការ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​តាម​រយៈ​អង្គការ LDS បន្ទាប់​ពីទទួលរង​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ក្នុង​ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង។ ឯក​ឧត្ដម មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា ​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ផ្ដល់​អំណោយ​ថា ការ​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​នឹង​​ផ្ដល់​ទៅ​ដល់​ក្រុម​គ្រួសារ​ដែល​ក្រី​ក្រ​បំផុត​នៅ​ក្នុង​តំបន់​នេះ។

​ព្យុះភ្លៀងដ៏ខ្លាំងបានបណ្តាលឲ្យគ្រួសារជាច្រើនចាកចោលពីផ្ទះសម្បែងរបស់ពួកគេ។ ការជន់លិចតាមដងទន្លេនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងបានទទួលរងផលប៉ះពាល់យ៉ាង​ខ្លាំង។ អង្គការ​សប្បុរសធម៌ LDS បានត្រួតពិនិត្យស្ថានភាព និងរៀបចំការ​ផ្គត់ផ្គង់ជំនួយពេលមានគ្រោះទឹកជំនន់សម្រាប់​គ្រួសារដែល​ឥតទី​ជម្រកភ្លាមៗ។ ឯកឧត្តមបណ្ឌិត អ៊ុង វិបុល អនុរដ្ឋលេខាធិការបានធ្វើការទំនាក់ទំនងជាមួយ អង្គការ LDS និងដោយមានការកិច្ចខំប្រឹងប្រែងរបស់​ក្រុមការងារ ​ស្បៀងអាហារត្រូវបានផ្ដល់​ឲ្យជនរងគ្រោះដោយសារទឹកជំនន់ជាង ១០០០ គ្រួសារ។ នៅក្នុង​ពិធី​ចែក​អំណោយនៅថ្ងៃទី ៩ ខែកញ្ញា វេលាម៉ោង ៩:០០ ព្រឹក ​ឯកឧត្តម​បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះការ​ខំប្រឹងបែ្រងរបស់អ្នកទាំងអស់គ្នាដោយប្រាកដថា ជនរងគ្រោះ​បាន​ទទួលជំនួយភ្លាមៗ​តាម​ដែល​អាច​ធ្វើ​បាន។ មាន​តំបន់ចំនួន​បីកន្លែងនៅក្នុងខេត្តព្រៃវែងបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់។

អង្គការ​សប្បុរសធម៌ LDS ​ជា​អង្គការ​​មនុស្សធម៌​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ អង្គការ LDS បាន​ជួយ និង​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​រយៈពេល​ជាង ១៥ ឆ្នាំ ក្នុង​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​កម្ពុជា​ជាង ៥ លាន​នាក់។