ការចេញ​ផ្សាយ​ព័ត៌មាន

អង្គការ LDS Charities ផ្ដល់​ប្រអប់​ផ្ទុកវ៉ាក់សាំង​ដល់​កម្មវិធី​ចាក់​​វ៉ាក់សាំងថ្នាក់​ជាតិ

ឯកឧត្ដម សាស្ត្រាចារ្យ អេង ហ៊ួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែង​អំណរ​អរគុណ​ដល់​អង្គការ LDS Charities ចំពោះការ​បន្ត​គាំទ្រ​របស់​ពួកគេ​ដល់​កម្មវិធី​ចាក់​​វ៉ាក់សាំង​ថ្នាក់​ជាតិ​របស់​ប្រជាជនកម្ពុជា​ក្នុង​ពិធី​ផ្ទេរប្រគល់​ប្រអប់​ផ្ទុកវ៉ាក់សាំងចំនួន ១,៥០០ និង​កញ្ចប់​ទឹកកក​ចំនួន ៦,០០០ដល់​ក្រសួង​ ដែល​បរិច្ចាគ​ដោយ​អង្គការ LDS Charities នៃ​​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​វគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។

​​          ប្រអប់​ផ្ទុកវ៉ាក់សាំង​ទាំង​នោះ​នឹង​បញ្ជូន​ទៅ​សហគមន៍​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​តំបន់​ដាច់​ស្រយាល សហគមន៍​ជនជាតិភាគតិច និងក្រុម​ផ្លាស់​ទីលំនៅ​ញឹកញាប់​ក្នុង​ទី​ប្រជុំ​ជន និង​តំបន់​ជនបទ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឯកឧត្ដម សាស្ត្រាចារ្យ អេង ហ៊ួត បាន​ថ្លែង​ក្នុង​ពិធី​ថា៖ “ កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​មាន​ការងារ​ជា​ច្រើន​សម្រាប់​អនុវត្ត​នា​ពេល​អនាគត ដើម្បី​លប់បំបាត់​ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ផ្សេងៗ ហើយ​ប្រអប់​ផ្ទុកវ៉ាក់សាំង​ទាំង​នោះ​នឹង​ជួយ​បានច្រើន​​ក្នុង​ផែនការ​លុប​បំបាត់​នេះ​”។

អង្គការ សប្បុរស​ធម៌​នៃ​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ បាន​ផ្ដល់​ការ​គាំទ្រ​តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល​ក្នុង​តំបន់​ហានិភ័យ​ខ្ពស់ ចាប់​តាំង​ពី​ឆ្នាំ ២០១១ ហើយ​បាន​ផ្ដល់​ជំនួយ ៨០០,០០០ ដុល្លារ​អាមេរិក ដល់​ការ​ប្រឹងប្រែង​នេះ។

គម្រោង​ចាក់វ៉ាក់សាំង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វេជ្ជបណ្ឌិត Hossain Shafi តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោក ជុំ អូន នៃ​អង្គការ UNICEF។ ឯកឧត្ដម រដ្ឋលេខាធិការ បាន​ថ្លែង​ថា៖ “នេះ​ជា​ដៃ​គូ​ដ៏​ល្អ ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ស្លាប់​របស់​កុមារស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា”។