ការចេញ​ផ្សាយ​ព័ត៌មាន

ការ​សម្ដែង​តន្ត្រី​របស់​ក្រុម​ចម្រៀង​យុវជន​ និង​អ្នកផ្សព្វ​ផ្សាយ​សាសនា​មរមន នៅ​​សួរ​ច្បារ​មាត់​ទន្លេ

ប្រជាជនក្នុង​​ខេត្ត​កំពង់​ធំ​ជាង​ពីរ​រយ​នាក់​បាន​មក​ទស្សនា​កម្សាន្តនូវ​ការ​ប្រគំតន្ត្រីនៅមាត់​ទន្លេ នា​ល្ងាច ​ថ្ងៃ​សុក្រ ដែលនេះជាការសម្ដែង​របស់ក្រុម​អ្នក​ផ្សព្វ​ផ្សាយ​សាសនាបីនាក់ដែល​មាន​ទេពកោសល្យខាងប្រគុំតន្រ្តី ។ នេះជាសម្ដែង​តំណាង​ឲ្យ​សាសនា​ចក្រ​នៃ​ព្រះ​យេ​ស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ក្រុម​ចម្រៀងនៃ​យុវជនមរមន​ នៅ​ក្នុង​ខេត្ត​នេះ។ កម្មវិធី​នេះ​ក៏មានប្រគុំ​តន្ត្រីបែប​ខ្មែរ និងបែប​អាមេរិក​ដ៏​ពេញ​និយម​ ព្រមទាំងប្រគុំបទសាសនា​គ្រីស្ទ និង​តន្ត្រី​បុរាណ​ផ្សេងទៀត​របស់អាមេរិកនិងកម្ពុជា​យ៉ាងឧឡារិកផងដែរ។  ស៊ិស្ទើ ស៊ីនដឺក្រាត  ជាអ្នកលេង​វីយឡុង   អ៊ែលឌ័រ ប៉ារ៉ាម័រ ជាអ្នកលេងហ្គីតា  និងអ៊ែលឌ័រ ប៊្រីតធីន  ជាអ្នកលេង​ព្យាណូ  ព្រមទាំង​មានក្រុម​ចម្រៀង ចូលរួម​​សម្ដែងការប្រគុំ​តន្ត្រីសម្រាប់​ល្ងាច​នេះ។​

មានសំណួរសួរទៅកាន់ អ៊ែលឌ័រ ប៊្រីតធីន ដែលជា​អ្នក​រៀបចំ​កម្មវិធីថា ហេតុ​អ្វី​បានជារៀបចំការប្រគំ​តន្រ្តីក្រុម​ចម្រៀង​យុវជន និង​អ្នក​ផ្សព្វ​ផ្សាយសាសនាដូច្នេះ? អ៊ែលឌ័រ ប៊្រីតធីន បាន​ឆ្លើយថា " ...គេ​តែងតែ​មើល​មក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ និង​សមាជិក​សាសនា​ចក្រ​ជា ‘មនុស្សចម្លែក’ និង​មិន​ជា​ផ្នែក​មួយ​នៃ​សហគមន៍​។ គោលបំណង​នៃ​ការ​ប្រគំ​តន្រ្តី​នេះ​គឺដើម្បី​​ប្រាស្រ័យ​ទាក់ទង និង​ធ្វើ​ឲ្យ​អ្នក​ស្រុក​​ស្គាល់​ពួក​យើង និង​សាសនា​របស់​យើងឲ្យ​កាន់តែ​ច្បាស់។"

ការ​សម្ដែង​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីកន្លែង​ដ៏​ស្រស់​ស្អាត​តាម​មាត់ស្ទឹងសែននៃខេត្ត​កំពង់ធំ​​។ ក្រុម​ភ្លេងបីនាក់នេះ​ ព្រមទាំង​ក្រុម​ចម្រៀង​យុវជន​សាសនា​ចក្រ​ទទួល​បាន​អ្នក​ចូលរួម​ទស្សនា​ដែល​ជា​អ្នក​ដំណើរ​ជាង ២០០ នាក់​ នៅ​​មើល​ការ​សម្ដែង​រយៈពេល ២ ម៉ោង។ ពេញ​មួយ​ល្ងាច អ្នក​ចូលរួម​ទស្សនា​ចេញ​ចូលឥតឈប់​ចាប់​ពី ១៥០ នាក់ ទៅ ៣០០ នាក់។ មាន​កម្មករ​ជា​ច្រើន​នាក់​​ដែលកំពុងជិះ​ម៉ូតូ​ទៅ​ផ្ទះ​ក៏បាន​ឈប់​ដើម្បី​ស្ដាប់​ និង​​មើល​ការ​សម្ដែង​មួយ​ភ្លែតដែរ។ ចំពោះ​អ្នក​ដែល​មាន​ចម្ងល់​អំពី "មរមន" និង​សាសនា​ចក្រ អ្នក​ផ្សព្វ​ផ្សាយ​សាសនានឹង​នៅ​ក្បែរ​​ដើម្បី​ឆ្លើយ​សំណួរ​។

អ៊ែលឌ័រ សំ បាន​និយាយ​ថាគាត់ “មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ក្នុងការបាន​ជួប​មនុស្ស​ជាច្រើនដែល​​ចូលចិត្ត​ការ​សម្ដែង​ និង​អ្នក​ដែល​ចង់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​អំពី​សាសនាចក្រ"។ អ្នក​ទាំងអស់គ្នា ព្រមទាំង​កងសន្តិសុខក្រុង​បាន​ទទួល​ស្គាល់​ថា តន្ត្រី​នេះ​មាន​ការ​​កម្សាន្ត​សប្បាយរីករាយ។ អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដែល​ទស្សនា​ការ​សម្ដែង​ទាំង​មូល បាន​សម្ដែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា អ្នក​ផ្សព្វ​ផ្សាយ​សាសនា និង​យុវជន​បាន​ចំណាយ​ពេលវេលា​សម្ដែង​ការ​ប្រគំ​តន្ត្រី​សហគមន៍​ដោយ​ឥត​គិត​ថ្លៃ។

អ្នក​ចួលរួមទស្សនា​ការ​សម្ដែង​ជា​ច្រើននាក់​បាន​ស្នើ​ឲ្យ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នប្រាប់​ពួកគេ​អំពី​សាសនា​ចក្រ​បន្ថែមទៀត។ អ្នក​ខ្លះ​ក៏​បាន​រៀបចំ​ការ​ណាត់​ជួប​ជាមួយ​អ្នកផ្សព្វ​ផ្សាយ​សាសនា​ឲ្យ​ទៅ​លេង​ផ្ទះ​​ពួកគេ​នៅ​ថ្ងៃ​បន្ទាប់​ផង​ដែរ។ ស៊ិស្ទើ ណែត បាន​និយាយ​ថា "នេះ​គឺ​ជា​ថ្ងៃ​ល្អ​បំផុត យើង​ត្រូវ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នេះ​ឲ្យ​កាន់​តែ​ច្រើនថែមទៀត។"

សមាជិក​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ក្នុង​ខេត្ត​កំពង់ធំនឹង​ផ្លាស់​​ទៅ​ក្រុមជំនំ​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​ដែល​​ស្ថិត​នៅ​អគារ​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៦ និង​នៅ​ជាប់នឹង​វិទ្យាល័យ​ក្នុង​ទីរួម​ខេត្ត។