Translation

ការជួសជុល​កែលម្អ​ជីវិត​សិក្សា​នៅ​សាលា​សុធារស

កាល​ពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ពិធី​ប្រគល់-ទទួល​អគារ​សិក្សា​ថ្មី​នេះ បានធ្វើឡើង​នៅ​សាលាបឋម​សិក្សា និង​អនុវិទ្យាល័យ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ នៃ​ប្រទេស​កម្ពុជា ។ ថ្នាក់​ដឹកនាំ​សាលារៀន និង​ប្រជា​ពលរដ្ឋ ព្រមទាំង​អ្នកតំណាង​នៃ​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បានឧបត្ថម្ភ​ការជួសជុល​កែលម្អ​នោះ បានជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ព្រឹត្តិការណ៍​នេះ ។

អ្នកចូលរួម​ក្នុង​ពិធី​នោះ​មាន​លោក សែម មុនីជោត អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខណ្ឌចំការមន នាយក​សាលា​បឋមសិក្សា​សុធារស លោក ឃិន សុផាន នាយក​អនុវិទ្យាល័យ​សុធារស លោក វ៉េ សុចាន់ និង​ប្រធាន​សមាគម​និកាយ រ័ត្ន ច័ន្ទសុភា ។

ក្នុង​ពិធី​សំណេះសំណាល​នោះ លោក​នាយក​សាលា សុផាន បានថ្លែង​អំណរគុណ​ចំពោះ​សមាគមនិកាយ « សម្រាប់​ជំនួយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​សាលា​របស់​យើង​រីកចម្រើន » ។ អ្នក​រួមការងារ​របស់​លោក​នាយកសាលា សុចាន់ បានចែកចាយ​ថា ឥឡូវនេះ « សាលា​របស់យើង​មាន​ការផ្លាស់ប្ដូរ​យ៉ាងសំខាន់ ដោយ​អគារសិក្សា​ថ្មី​អនុញ្ញាត​ឲ្យ​សិស្ស​សិក្សា ក៏​ដូចជា [ ផ្តល់ ] បន្ទប់ទឹក​ស្អាត និង​អនាម័យ​សម្រាប់​សិស្សានុសិស្ស … គ្រូបង្រៀន និង​អាណាព្យាបាល​ផងដែរ » ។

មាន​សិស្ស​ថ្នាក់​មត្តេយ្យ​សិក្សា​ចំនួន ៤៧ នាក់ សិស្ស​ថ្នាក់​បឋម​សិក្សា​ចំនួន ៥៧០ នាក់ និង​សិស្ស​ថ្នាក់​អនុវិទ្យាល័យ​ចំនួន ២០០ នាក់ ចូលរៀន​នៅ​សាលា​សុធារស​ទាំងពីរ ។ សរុប​មាន​សិស្សានុសិស្ស​ចំនួន ៨១៧ នាក់ ដោយ​មាន​បុគ្គលិក​សាលា និង​ឪពុកម្តាយ​បន្ថែម នឹង​ទទួល​បានអត្ថប្រយោជន៍​ពី​គម្រោង​ជួសជុល​កែលម្អ​នេះ ។ ប្រធាន​សមាគម​និកាយ រ័ត្ន ច័ន្ទសុភា ពន្យល់​ថា « សមាគម​និកាយ​មាន​កិត្តិយស​ដែល​បានចូលរួម​ជា​ចំណែក​មួយ​ក្នុង​ការជួយ​ដល់​សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​សុធារស ។ យើង​ជឿ​ថា វិស័យ​អប់រំ​នឹង​ជួយ​មនុស្ស​គ្រប់​គ្នា​ទទួល​បាន​ចំណេះដឹង និងការងារ​ល្អនៅក្នុង​ពេល​អនាគត ក៏​ដូចជា​កាត់បន្ថយ [ ចំនួន​នៃ ] ភាព​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ » ។

photo_10_2024-09-17_09-03-36.jpg
photo_10_2024-09-17_09-03-36.jpg
សាលាសុធារស ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានទទួលអំណោយពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីកែលម្អសម្ភារសិក្សា និងអ្វីៗជាច្រើនទៀត ។ រូបភាពនេះបង្ហាញពីស្ថានភាពរបស់សាលា មុនពេលការជួសជុលកែលម្អត្រូវបានបញ្ចប់ និងពិធីប្រគល់-ទទួលដែលបានធ្វើឡើងសម្រាប់សិស្សានុសិស្សនៅសាលារៀន ឪពុកម្តាយ និងបុគ្គលិក នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

មុនពេល​គម្រោង​នេះ​ចាប់ផ្តើម សាលា​រៀន​នេះ​មាន​កង្វល់​លើ​ការ​លិចទឹក បង្គន់​មិន​អាច​ប្រើប្រាស់​បាន និង​ស្ថានភាព​មិន​មាន​សុវត្ថិភាព​ផ្សេងៗទៀត ។ អ្នក​គ្រប់គ្រង​ផ្នែក​មនុស្សធម៌​ប្រចាំ​ភូមិភាគ លោក​យ៉ារេឌ វង់ មកពី​តំបន់​អាស៊ី​របស់​សាសនាចក្រ​ដែល​ជា​អ្នក​មើល​ការខុសត្រូវ​លើ​គម្រោង​នេះ​បាន​ថ្លែង​ថា « បញ្ហា​គឺ​ធ្ងន់ធ្ងរ ដោយសារ​អគារ​នេះ​អាច​បង្ក​ជា​គ្រោះថ្នាក់ បើ​សិន​នៅ​តែបន្ត​ប្រើប្រាស់​អគារ​នេះ​ជា​សាលារៀន​ដោយ​បែប​នេះ ។ សិស្សានុស្សិស​មិន​អាច​បន្ត​ការសិក្សា​របស់​ពួកគេ​បាន​ទេ ដោយសារ​កន្លែង​លិចទឹក និង​គ្មាន​សុវត្ថិភាព » ។

វិសាលភាព​នៃ​គម្រោង​នេះ រួម​មាន​ការផ្តល់​ឧបករណ៍​សាលារៀន​លើស​ពី​ការជួសជុល​កែលម្អ ។ សមាគម​និកាយ​បាន​ផ្តល់​សម្ភារសិក្សា និង​ប្រអប់​ដាក់​អាហារ​ថ្ងៃត្រង់​ដល់​សាលា​បឋមសិក្សា​សុធារស និង​បានជួសជុល​បង្គន់​អនាម័យ​ពីរ​កន្លែង​ដែល​មួយ​កន្លែងៗ​មាន​បង្គន់​ចំនួន​ប្រាំ ។ អនុវិទ្យាល័យ​សុធារស មាន​បន្ទប់រៀន​នៅ​ជាន់​ផ្ទាល់ដី លាបថ្នាំ​ខាងក្នុង និង​ខាងក្រៅ ហើយ​បង្គន់​ក៏​ត្រូវ​បានជួសជុល​កែលម្អ​ផងដែរ ។

សាលា​បាន​ជួយ​គម្រោង​នេះ ដោយ​យក​មែកឈើ​ដែល​ជ្រុះ​ចេញ​ពី​ជុំវិញ​កន្លែង​បង្គន់ ដើម្បី​រៀបចំ​ជួសជុល ។ សមាជិក​នៃ​ក្រុម​យុវមជ្ឈិមវ័យ​នៅលីវ​របស់​សមាគម​និកាយ បានជួយ​រៀបចំ​ដាក់​សម្ភារសិក្សា​ជាមួយ​កាបូបស្ពាយ និង​ប្រអប់​ដាក់​អាហារ​ថ្ងៃត្រង់ ។

តាមរយៈ​ការជួសជុល​ការ៉ូឥដ្ឋ​ដែល​ខូច នោះ​សិស្សានុសិស្ស​មាន​បរិយាកាស​សាលារៀន​កាន់តែ​មាន​សុវត្ថិភាព ។ អគារ​បង្គន់​ដែល​បានជួសជុល​កែលម្អ​រួច​ផ្តល់​នូវ​អនាម័យ​កាន់​តែ​ប្រសើរ ។  សម្ភារសិក្សា​ដែល​ផ្តល់​ជូន​នឹង​គ្របដណ្តប់​ការសិក្សា​បានពេញ​មួយ​ឆ្នាំ ដោយ​អនុញ្ញាត​ឲ្យ​គ្រួសារ​របស់​សិស្ស​ដែល​ជា​អ្នកទទួល​ទាំងនេះ​ទុក​ប្រាក់​របស់​ពួកគេ​ប្រើប្រាស់​លើ​តម្រូវការ​ចាំបាច់​របស់​ពួកគេ​ផ្សេង​ទៀត​នៅ​ឯ​ផ្ទះ ។ ប្រអប់​ដាក់​អាហារ​ថ្ងៃត្រង់​អាច​ប្រើបាន​ច្រើន​ដង​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការយក​អាហារ​របស់​ពួកគេ​ទៅ​សាលារៀន​ជា​រៀង​រាល់ថ្ងៃ ។

អនុប្រធាន​មន្ទីរ លោក មុនីជោត បាន​មាន​ប្រសាសន៍​ថា « បន្ទាប់ពី​ខ្ញុំ​បានដឹង​ពី​របៀប​ដែល​សមាគមនិកាយ​អាច​មាន​ថវិកា​ដើម្បី​ធ្វើ … គម្រោង​នេះ ខ្ញុំ​ពិត​ជា​ស្ញប់ស្ញែង … [ ចំពោះ ] សេចក្តីស្រឡាញ់​ចេញពី​ចិត្ត​របស់​សមាជិក​ម្នាក់ៗ​របស់ [ សមាគមនិកាយ ] ដែល​បាន​តមអាហារ​ពីរ​ពេល​ដើម្បី​បរិច្ចាគ​សម្រាប់​គម្រោង​ទាំងនេះ ។ យើង​រំភើប និង​ដឹងគុណ​ចំពោះ​ការលះបង់​របស់​សមាគមនិកាយ និង​សមាជិក [ របស់​សមាគមនិកាយ ] … ដើម្បី​ជួយ​ដល់​សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​សុធារស… » ។ គាត់​បាន​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មើល​ថែ​សាលា​រៀន​នេះ ។