Trainees-in-emergency-medicine-receive-certificates-May-5-6-Phnom-Penh.jpg
Additional Resource

ការបណ្ដុះបណ្ដាលនៅក្នុងប្រទេសកម្ពុជាអំពីការសង្គ្រោះបន្ទាន់តាមក្បួនវេជ្ជសាស្ត្រ ដែលទទួល​បានការបំផុសគំនិតពីគំរូរបស់ព្រះយេស៊ូវ ដែលជាអង្គនៃការប្រោសឲ្យជា

ការសង្គ្រោះបន្ទាន់តាមក្បួនវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសារគម្រោងបណ្តុះបណ្តាលផ្នែកថែទាំសុខភាពដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ  បានផ្ដល់មូលនិធិ និងឧបត្ថម្ភ ស្របតាមគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ។

នៅពេលពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បង ផ្នែកមនុស្សធម៌ដែលមានអែលឌើរ ម៉ាកុស និងស៊ីស្ទើរ ម៉ាវេល
អ៊ើនសរ បានអញ្ជើញមកដល់ប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ២០២៤ ពួកគាត់បានសង្កេតឃើញយ៉ាងឆាប់រហ័សពីតម្រូវការដ៏ចាំបាច់ដើម្បីមានការបណ្តុះបណ្តាលអំពីការសង្រ្គោះបន្ទាន់​តាមក្បួនវេជ្ជសាស្ត្រ (EM) ។ នៅពេល​មានពួកអ្នកជួយសង្រ្គោះជួរមុខ និង​ក្រុមបុគ្គលិកសុខាភិបាលទទួលបាន​ការបណ្ដុះបណ្ដាលបានត្រឹមត្រូវ នោះជីវិតប្រជាជន​រាប់​ពាន់នាក់នឹងបានជួយសង្រ្គោះជីវិត ។

Doctors-and-nurses-learn-emergency-care-for-newborn-infants-at-Kampong-Cham-Provincial-Hospital-
Doctors-and-nurses-learn-emergency-care-for-newborn-infants-at-Kampong-Cham-Provincial-Hospital-
គ្រូពេទ្យ និងគិលានុបដ្ឋាយិកា រៀនការថែទាំសង្គ្រោះបន្ទាន់ដល់ទារកទើបនឹងកើតនៅមន្ទីរពេទ្យខេត្តកំពង់ចាម។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អែលឌើរ អ៊ើនសរ ជាវេជ្ជបណ្ឌិតធ្វើការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេល​៣៥ឆ្នាំ នៅទីក្រុងផតលេន
រដ្ឋម៉េន៍ បានមានប្រសាសន៍ថា « ការទទួលបានអ្នកជំនាញដែល​ទទួលបានការបំពាក់បំប៉នច្បាស់លាស់ គឺជា​ចំណុចសំខាន់សម្រាប់​ទំហែទាំសង្រ្គោះបន្ទាន់ » ។

ស៊ីស្ទើរ អ៊ើនសរ មានប្រសាសន៍ថា « សុខភាពល្អគឺជាមូលដ្ឋានសម្រាប់ជីវិតប្រកបដោយសុភមង្គល និងផលិតភាពនៃជីវិត ។ ព្រះអង្គសង្គ្រោះគឺជាអង្គ​ប្រោសឲ្យជាដ៏ចំណានហើយធ្វើជាគំរូនៃសេចក្តីស្រឡាញ់ចំពោះអ្វីៗទាំងអស់ដែលទ្រង់ឆ្លងកាត់ ។ យើងគ្រាន់តែធ្វើតាមការដឹកនាំរបស់ទ្រង់ ដើម្បីផ្ដល់ពរដល់ជីវិតប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជា » ។

នៅក្នុងប្រទេសកំពុងអភិវឌ្ឍមួយចំនួនទៀត ការបណ្តុះបណ្តាលការសង្គ្រោះបឋមដ៏ល្អបានកាត់បន្ថយអត្រាមរណភាពយ៉ាងច្រើន  ដោយការកែលម្អការឆ្លើយតប​ទៅនឹងគ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិត ការរងរបួស និងជំងឺស្រួចស្រាវដែលបណ្តាលឲ្យបាត់បង់ឈាម បញ្ហាដកដង្ហើម របួស ឆក់ និងផ្លាស់ប្តូរស្ថានភាពផ្លូវចិត្ត ។

អែលឌើរ អ៊ើនសរ បាន​មាន​ប្រសាសន៍​ថា « ប្រទេស​កម្ពុជា​មាន​វេជ្ជបណ្ឌិត និង​គ្រឿងបរិក្ខារ​ថែទាំ​សុខភាពដ៏​ល្អ ។ ប៉ុន្តែ​ភាគច្រើនផ្ដោតទៅលើតែ​ទីក្រុង​ធំៗ និង​​មន្ទីរពេទ្យ​ធំៗ ​។​ នៅទូទាំងប្រទេសភាគច្រើនត្រូវការធនធានជំនាញ EM  និងការបណ្តុះបណ្តាលឲ្យបានកាន់តែល្អប្រសើរ ជាពិសេសនៅតាមមណ្ឌលសុខភាពតូចៗ និងមន្ទីរពេទ្យស្រុក ។ ការបណ្តុះបណ្តាលសង្រ្គោះបឋមឲ្យបានត្រឹមត្រូវសម្រាប់​ពួកអ្នកជួយសង្រ្គោះជួរមុខក៏ត្រូវការផងដែរ ។

អែលឌើរ និងស៊ីស្ទើរ អ៊ើនសរ មើលឃើញយ៉ាងច្បាស់ថា កម្មវិធីបំពាក់បំប៉ននៅទូទាំងប្រទេសចាំបាច់ត្រូវធ្វើឡើង ដើម្បីជួយ​ដល់​បុគ្គលិក​សុខាភិបាលជួរមុខវាយតម្លៃ និងគ្រប់គ្រងជំងឺស្រួចស្រាវ និងរបួសដើម្បីសង្រ្គោះជីវិត ។

អែលឌើរ អ៊ើនសរ បាន​មានប្រសាសន៍​ថា « យើង​បាន​ធ្វើ​គម្រោង​នេះ​អស់ជា​ច្រើន​ខែ ។ ការពិភាក្សា និងការដាក់ផែនការសហការជាច្រើនចាំបាច់ត្រូវធ្វើឡើងជាមួយរដ្ឋាភិបាល និងមន្ត្រីថែទាំសុខភាព ដើម្បីទទួលបានការអនុម័តដែលចាំបាច់ និងឆ្ពោះទៅរកការអនុវត្ត » ។

កម្មវិធីបណ្តុះបណ្តាលជំនាញ EM ដ៏ល្អមួយគឺត្រូវការជាចាំបាច់ ហើយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដែលមានបទពិសោធត្រូវតែជួបជុំគ្នាដើម្បីធ្វើការបណ្តុះបណ្តាល ។

អែលឌើរ អ៊ើនសរ បានដឹងថា វគ្គសិក្សាថែទាំសង្គ្រោះបន្ទាន់មូលដ្ឋាន (Basic Emergency Care Course) ដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក (WHO) កាកបាទក្រហមអន្តរជាតិ និងសហព័ន្ធអន្តរជាតិសម្រាប់ឱសថសង្គ្រោះបន្ទាន់ (International Federation for Emergency Medicine) គឺត្រូវបំផុតសម្រាប់ប្រទេសកម្ពុជា ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលបានបង្រៀនវគ្គសិក្សានេះ នោះវាបានជួយកាត់បន្ថយការស្លាប់ដោយសាររបួស និងជំងឺស្រួចស្រាវបាន ៣៥% ។

6-EM-training-Kampong-Cham-Provincial-hospital-March-24-27-test.jpg
6-EM-training-Kampong-Cham-Provincial-hospital-March-24-27-test.jpg
សិក្ខាកាម​ពេទ្យ​សង្គ្រោះ​បន្ទាន់​ចូល​ប្រឡង​​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

គាត់បានស្គាល់​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ជនជាតិហ្វីលីពីន គ្រូ​បង្គោល​ទាំងអស់ និង​សមាជិក​នៃ​សមាគម​អាស៊ី​សម្រាប់​ឱសថសង្គ្រោះ​បន្ទាន់ ដែល​មាន​លទ្ធភាព​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ចាប់ផ្តើម​ដំណើរការ​បណ្តុះបណ្តាលនេះ ។

នៅចុងខែមីនា ឆ្នាំ២០២៥ ការបើកវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើង ។ ដោយសហការជាមួយក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានចំណាយ និងឧបត្ថម្ភក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក្នុងខេត្តកំពង់ចាម ដើម្បីបង្រៀនវគ្គសិក្សាថែទាំសង្គ្រោះបន្ទាន់មូលដ្ឋាន (Basic Emergency Care course ) ក្នុងរយៈពេល៤​ថ្ងៃ ។

បុគ្គលិកថែទាំសុខភាពជួរមុខចំនួន៣១នាក់ មកពីមន្ទីរពេទ្យបង្អែកចំនួន ៩ នៅទូទាំងខេត្តកំពង់ចាម ត្រូវបានបណ្តុះបណ្តាល--ដែលរួមមានទាំងគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបផងដែរ ។ អែលឌើរ អ៊ើនសរ មាន​ប្រសាសន៍​ថា ៖ « ទោះបីជា​យើង​មាន​បញ្ហា​​ទាក់ទងនឹង​ការ​បកប្រែឯកសារ និង​​បកប្រែផ្ទាល់មាត់ក្តី ក៏ខ្ញុំ​រីករាយ​ជាមួយ​នឹង​ក្រុម​អ្នក​សម្រប​សម្រួល និង​ភាព​បត់បែន​របស់​ពួកគេ​​ជួយ​ដល់​ក្រុម​នេះដែរ » ។

រយៈពេលបួនថ្ងៃគឺពោរពេញទៅដោយការបង្រៀន ការពិភាក្សាជាក្រុមតូចៗ និងការបណ្តុះបណ្តាលជំនាញ បានបន្តដោយការធ្វើតេស្តសរសេរ និងការធ្វើតេស្ដផ្ទាល់មាត់ ។ ក្នុងចំណោមសិស្ស៣១នាក់ មាន២១នាក់ទទួលបានវិញ្ញាបនបត្រ អែលឌើរ អ៊ើនសរ បានមានប្រសាសន៍ថា « ប៉ុន្តែពួកគេទាំងអស់គ្នាបានត្រឡប់ទៅផ្ទះវិញដោយមានទំនុកចិត្តកាន់តែខ្លាំង នៅពេលមានអ្នកជំងឺស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត មកមន្ទីរពេទ្យរបស់ពួកគេ » ។

វគ្គបណ្តុះបណ្តាលជំនាញ EM ទីពីរ ដែលសាសនាចក្របានឧបត្ថម្ភផងដែរនោះ ត្រូវបានបង្រៀននៅដើមខែឧសភា ក្នុងរាជធានីភ្នំពេញ ។ ការផ្តោតសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺអ្នកដឹកនាំជំនាញ EM នៃមន្ទីរពេទ្យជាតិ ។ វគ្គសង្គ្រោះបន្ទាន់មូលដ្ឋានត្រូវបានបន្តដោយថ្នាក់ « បណ្ដុះបណ្ដាលអ្នកដែលចេញទៅបណ្ដុះបណ្ដាលគេ » ។ បុគ្គលិកថែទាំសុខភាពជួរមុខចំនួន១៦នាក់ ឥឡូវនេះ គឺជាក្រុមអ្នកសម្របសម្រួល ។ អែលឌើរ អ៊ើនសរ កំពុងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការពង្រីកការបណ្តុះបណ្តាលជំនាញ EM នៅទូទាំងប្រទេសកម្ពុជា ។

ការប៉ាន់ប្រមាណ និងការវាយតម្លៃដ៏លម្អិតនៃកម្មវិធីបណ្តុះបណ្តាលដំបូងនេះគឺកំពុងដំណើរការ ។ គោលដៅសំខាន់គឺរៀបចំក្រុមស្នូលនៃអ្នកជំនាញថែទាំសុខភាពកម្ពុជា ដែលអាចធ្វើជាគ្រូបណ្តុះបណ្តាលនាពេលអនាគត ដោយការស្ថាបនាសមត្ថភាពក្នុងមូលដ្ឋាន និងធានានូវនិរន្តរភាពរយៈពេលវែង ។

បុគ្គលិកផ្នែកថែទាំសុខភាពកម្ពុជាម្នាក់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូងនេះបាននិយាយថា « សូមអរគុណច្រើនចំពោះការបណ្តុះបណ្តាលនេះ និងសូម​អរគុណចំពោះវេជ្ជបណ្ឌិតមកពីប្រទេសហ្វីលីពីនទាំងអស់ដែលបានអញ្ជើញមកបង្រៀន ។ នេះគឺជាចំណេះដឹងថ្មីសម្រាប់ខ្ញុំ ហើយវាពិតជាល្អណាស់ដែលបានប្រើចំណេះដឹងនេះដើម្បីជួយប្រជាជននៅកន្លែងដែលខ្ញុំធ្វើការ ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថានឹងមានវគ្គបែបនេះបន្ថែមទៀត ដើម្បីឲ្យមនុស្សជំនាន់ក្រោយមានឱកាសបានរៀនផងដែរ » ។

ការប៉ាន់ប្រមាណវគ្គបណ្តុះបណ្តាលបានបញ្ចប់ ៖ « ការបើកដំណើរការប្រកបដោយជោគជ័យនៃវគ្គសិក្សាថែទាំសង្គ្រោះបន្ទាន់មូលដ្ឋានរបស់ WHO គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បី​លើកកម្ពស់សេវាថែទាំសុខភាពសង្គ្រោះបន្ទាន់របស់ប្រទេស ។ តាមរយៈការបណ្ដុះបណ្ដាលបុគ្គលិកថែទាំសុខភាពជួរមុខនូវជំនាញថែទាំសង្គ្រោះបន្ទាន់ដ៏ចាំបាច់ គំនិតផ្តួចផ្តើមនេះរួមចំណែកដោយផ្ទាល់ដល់បេសកកម្មសកលរបស់ WHO ក្នុងការពង្រឹងប្រព័ន្ធថែទាំសង្គ្រោះបន្ទាន់ ក្នុងមជ្ឈដ្ឋានដែលខ្វះខាត ។ កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតនឹងផ្តោតលើការពង្រីកការបណ្តុះបណ្តាល និងការរៀបចំការអប់រំស្តីពីការថែទាំសង្គ្រោះបន្ទាន់នៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា » ។

សម្រាប់​អែលឌើរ និង​ស៊ីស្ទើរ អ៊ើនសរ មាន​ផ្នែក​ខាង​វិញ្ញាណ​ដ៏​សំខាន់​ក្នុង​ការ​កែលម្អ​ការថែទាំ​សុខភាព​នៅ​កម្ពុជា ។ ស៊ីស្ទើរ អ៊ើនសរ  មានប្រសាសន៍ថា « យើងចូលចិត្តឱកាសដើម្បីដើរតាមគន្លងរបស់អង្គ​ប្រោសឲ្យជាដ៏ចំណាន » ។

អែលឌើរ អ៊ើនសរ បានមានប្រសាសន៍ថា « យើងមានអំណរគុណជាពិសេសចំពោះសមាជិកនៃសាសនាចក្រទូទាំងពិភពលោក ដែលបរិច្ចាគមូលនិធិមនុស្សធម៌របស់សាសនាចក្រ ដែលធ្វើឲ្យសេវាកម្មនេះអាចធ្វើទៅបាន ។ ពួកយើង និងថ្នាក់ដឹកនាំ​សាសនាចក្រផ្សេងទៀត​ត្រូវ​បានប្រគល់​ភារកិច្ច​ឲ្យ​ប្រើប្រាស់​មូលនិធិ​ដ៏​ពិសិដ្ឋ​ទាំងនេះ​ដោយ​ឆ្លាតវៃ ដើម្បី​ផ្ដល់ពរ​ដល់​ជីវិត​នៃ ‹ ដល់​អ្នក​តូច​បំផុត​ › ហើយ​យើងធ្វើទំនួលខុសត្រូវនោះយ៉ាងយកចិត្តទុកដាក់ » ។