Translation

ការបរិច្ចាគ​នៃ​ក្តីសង្ឃឹម និង​សេចក្តី​ស្រឡាញ់​សម្រាប់​យុវនារី និង​កុមារី​នៅ​ប្រទេស​កម្ពុជា

សាសនាចក្រ​បានបរិច្ចាគ​ឧបករណ៍ និង​គ្រឿង​ផ្គត់ផ្គង់​ដើម្បី​ជួយ​ដល់​ស្ត្រី និង​កុមារី ដែល​ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​ផ្លូវ​ភេទ អំពើហិង្សា ការរំលោភបំពាន ឬ​ការកេងប្រវ័ញ្ច នៅក្នុង​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ។

Church-Donation
Church-Donation
ពិធី​ប្រគល់​បរិក្ខារ​ជាមួយ​ស្ថាបនិក​អង្គការ AFESIP Cambodia លោកស្រី ម៉ម សូម៉ាលី ( កណ្តាល ) ជាមួយ​ក្មេងស្រី​មកពី​កម្មវិធី​ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួកគេ​ដោយ​កាយវិការ​បេះដូង ។ រូបភាព​នេះ​ក៏​មាន​នាយកកម្ម​វិធី និង​បុគ្គលិក ( ខាងក្រោយ ) ផងដែរ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ អែលឌើរ រីឆាដ និង​ស៊ីស្ទើរ ផាទ្រីយ៉ា ហ្គើឡាច ( ឆ្វេង ) និង​អ្នកផ្សព្វផ្សាយ​សាសនា​ទំនាក់ទំនង អែលឌើរ ដេវីឌ និង ស៊ីស្ទើរ ម៉ាក់ខេត អ៊ររេដ ( ស្តាំ ) មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានប្រមូលផ្តុំ​ជាមួយ​ក្រុម​ដើម្បី​អបអរសាទរ​ការបរិច្ចាគ​នៅ​មជ្ឈមណ្ឌល Tom Dy Recovery នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.

ដោយ​ធ្វើការ​ជាមួយ អង្គការ Agir pour les Femmes en Situation Precaire (AFESIP) Cambodia ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មកពី សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ឧបករណ៍ និង​គ្រឿង​ផ្គត់ផ្គង់ នៅថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០២៣ នៅ​មជ្ឈមណ្ឌល​ Tom Dy Recovery នៅ ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ។ ការផ្គត់ផ្គង់​ផ្សេងៗ​ត្រូវបាន​បរិច្ចាគ​ដើម្បី​ជួយ​ដល់​ស្ត្រី និង​កុមារី​ដែល​ជា​អ្នក​រួច​ពី​ការជួញដូរ​ផ្លូវភេទ ឬ​ប្រឈមមុខ​នឹង​ការក្លាយ​ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​ផ្លូវភេទ អំពើហិង្សា ការរំលោភបំពាន ជាទាសករ​ដែល​ជាប់​កិច្ចសន្យា និង​ការកេងប្រវ័ញ្ច ។

គម្រោង​នេះ​កើត​ឡើង​ដោយ​មាន​ជំនួយ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ អែលឌើរ រីឆាដ និង​ស៊ីស្ទើរ ផាទ្រីយ៉ា ហ្គើឡាច ពី​សាសនាចក្រ ដែល​បាន​ជួប​ជាមួយ​សមាជិក​របស់ AFESIP Cambodia និង​កំណត់​ពី​តម្រូវការ​ជំនួយ ។ ការចូលរួម​ចំណែក​របស់​សាសនាចក្រ​បាន​ជួយ​កែលម្អ​ផ្នែក​ទំហែទាំ​សុខភាព និង​ប្រសិទ្ធភាព​របស់​គ្រឹះស្ថាន ដោយ​ការផ្តល់​ម៉ាស៊ីន​ជីវគីមី ម៉ាស៊ីន​វិភាគ​គ្រាប់​ឈាម រទះ​ចាក់ថ្នាំ និង​តុ​ក្បែរគ្រែ ។ ឧបករណ៍​ថែទាំ​សុខភាព​ដែល​បានធ្វើ​បច្ចុប្បន្នភាព​ឥឡូវនេះ​អនុញ្ញាត​ឲ្យ​កុមារី​អាច​ធ្វើ​តេស្ត​នៅ​នឹង​កន្លែង​បាន ដោយ​ពុំ​ចាំបាច់​ចំណាយពេល​បន្ថែម និង​ចំណាយ​ថ្លៃ​ក្នុង​ការធ្វើ​ដំណើរ​ជាមួយ​បុគ្គលិក​ទៅកាន់​ការិយាល័យ​វេជ្ជបណ្ឌិត​ដើម្បី​ធ្វើ​តេស្ត​ឡើយ ។

សម្ភារ​សិក្សា​ដែល​បានបរិច្ចាគ​រួម​មាន កុំព្យូទ័រ​យួរដៃ ឯកសណ្ឋាន​សិស្ស និង​ស្បែកជើង​ចំនួន ១៥២ ឈុត និង​កង់​ចំនួន ៣០ គ្រឿង​សម្រាប់​សិស្សានុសិស្ស​បឋមសិក្សា ។ បណ្ណាល័យ​ក៏​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​បាន​បន្ថែម​សៀវភៅ​ចំនួន ២០០ ក្បាល សាឡុង កៅអី និង​គ្រឿង​សង្ហារិម​ផ្សេងៗ​ទៀត ។ លោកស្រី ម៉ម សូម៉ាលី ដែល​ជា​ស្ថាបនិក និង​ជា​ប្រធាន អង្គការ AFESIP បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ដឹង​ថា របស់​ទាំងនេះ​បាន​បរិច្ចាគ​មក​ដោយ​ក្តីស្រឡាញ់ » ។ គាត់​បាន​ពន្យល់​ថា របស់​ដែល​បាន​បរិច្ចាគ​មក​នេះ នឹង​ជួយ​កុមារី​ឲ្យ​បាន​ធូរស្រាល​ឡើងវិញ​ដោយ​ជោគជ័យ និង​ទទួល​បាន​ការអប់រំ និង​ការបណ្តុះបណ្តាល ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ទំនាក់ទំនង​ទៅក្នុង​សង្គម​បច្ចុប្បន្ន​វិញ ។

បកប្រែ​ពី​ភាសាបារាំង AFESIP មានន័យ​ថា « ការធ្វើ​សកម្មភាព​សម្រាប់​ស្ត្រី​ក្នុង​ស្ថានភាព​រងទុក្ខលំបាក » ។ ក្នុងនាម​ជាអង្គការ​មិន​រកប្រាក់​ចំណេញ AFESIP ទទួល​បាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ការបរិច្ចាគ​ឯកជន ដើម្បី​ផ្តល់​ការធូរស្រាល ការថែទាំ​សុខភាព ការថែទាំ​ផ្លូវចិត្ត ជំនួយ​ផ្នែក​ច្បាប់ ការអប់រំ និង​ការបណ្តុះបណ្តាល ការចូលរួម និង​សេវា​បណ្តាញ​ពង្រឹង​អ្នក​រួច​ពី​ការជួញដូរ​ផ្លូវភេទ​ដល់​ស្ត្រី និង​កុមារី​របស់​ខ្លួន ។

លោកស្រី​ ម៉ម សូម៉ាលី បាន​ចូលរួម​ក្នុង​កម្មវិធី​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ និង​ស្វាគមន៍​ភ្ញៀវ​មក​កាន់​អគារ​ជួសជុលថ្មី បន្ទាប់ពី​នោះ ក្មេងស្រីៗ​នៅក្នុង​មជ្ឈមណ្ឌល​បានសម្តែង​កម្មវិធី​ខ្លីៗ​ជា​បទចម្រៀង និង​សារ​ដ៏​ពិរោះ ។ លោកស្រី សូម៉ាលី ប្រាប់ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ពី​ការជួញដូរ​ផ្លូវភេទដែល​ត្រូវ​បាន​គេ​យក​ទៅ​ផ្ទះ​បន និង​ការរត់គេច​ខ្លួន​របស់គាត់ ។ គាត់​បាន​ចែកចាយ​ពី​បំណង​ចង់​បង្កើត​អង្គការ​មួយ​ដើម្បី​ជួយ​ជនរងគ្រោះ​ផ្សេងទៀត ។ លោកស្រី សូម៉ាលី បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សុបិន​អំពី​ថ្ងៃ​ដែល​ខ្ញុំ​អាច​ចាប់ផ្តើម​អ្វី​មួយ​បែប​នេះ ។ បេសកកម្ម​របស់ខ្ញុំ​គឺ​ស្វែងរក​ជំនួយ​សម្រាប់​ក្មេងស្រីៗ​ដែល​មាន​ជោគវាសនា​ស្រដៀង​នឹង​ខ្ញុំ ។ ខ្ញុំ​ចាប់​ផ្តើម​ទៅ​ផ្ទះ​បន ហើយ​បាន​ជួយ​ក្មេង​ស្រី​ម្តង​មួយៗ ដែល​គ្មាន​កន្លែង​ទៅ​ដោយ​សារ​គ្រួសារ​របស់​ពួក​គេ​លែង​ចង់​បាន​ពួក​គេ ។ វា​ចំណាយ​ពេល ៥ នាទី​ដើម្បី​ជួយ​សង្គ្រោះ​ក្មេងស្រី​ម្នាក់ ប៉ុន្តែ​វា​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ឲ្យ​នាង​បាន​ជា​សះស្បើយ​ពី​ការរន្ធត់ និង​របួស​ដែល​នាង​បាន​ឆ្លង​កាត់ » ។

Cambodia-Humanitarian-Project
Cambodia-Humanitarian-Project
កុមារី និង​បុគ្គលិក​នៅ​មជ្ឈមណ្ឌល Tom Dy បានចែកចាយ​កាយវិការ​ដ៏​អស្ចារ្យ​មួយ​ដោយ​ថ្លែងអំណរគុណ​ដល់​ព្រះវិហារ​សម្រាប់​ការបរិច្ចាគ​ដោយ​ការអបអរសាទរ​រួមគ្នា​ថា « ខ្ញុំ​ស្រឡាញ់​អ្នក » នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​គ្រឿងបរិក្ខារ​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.

នាយក​សហកម្មវិធី AFESIP លោកស្រី វណ្ណ ស៊ីណា ដែល​ជា​អតីត​ជនរងគ្រោះ​នៃ​ការជួញដូរ​ផ្លូវភេទ​ឆ្លងដែន បាន​ចែកចាយ​បទពិសោធន៍ និង​បញ្ហា​ប្រឈម​របស់​កុមារី ។ គាត់​បាន​មាន​ប្រសាសន៍​អំពី​តួនាទី​របស់​គាត់​ក្នុង​ការជួយ​បង្រៀន និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​កុមារី​ក្នុង​ការ​និយាយ​និង​ទទួល​ជំនួយ ។ លោកស្រី​ ស៊ីណា បាន​មាន​ប្រសាសន៍​ថា ៖ « មនុស្ស​ជា​ច្រើន​ក្នុង​សហគមន៍​មិន​ដឹង​អំពី​ការរំលោភ​បំពាន​នោះ​ទេ ។ ការប្រឈម​គឺ​សម្រាប់​កុមារី​ក្នុង​ការលាតត្រដាង​អ្វី​ដែល​មាន​នៅក្នុង​ចិត្ត និង​ទទួល​បាន​ការជួយ ។ វា​មិន​ដូច​ជា​បញ្ហា​នៅលើ​ស្បែក​របស់​យើង​ដែល​អ្នក​អាច​មើល​ឃើញ​នោះ​ទេ » ។

ព្រឹត្តិការណ៍​ប្រគល់​គ្រឿង​បរិក្ខារ​នេះ​រួម​មាន​នូវ​សុន្ទរកថា​របស់​បុគ្គលិក​មួយ​ចំនួន​ដែល​ជា​សិស្ស​មុនៗ​នៅ​មជ្ឈមណ្ឌល ។ ប៉ែតសិប​ភាគរយ​នៃ​បុគ្គលិក​ស្រី​របស់​អង្គការ AFESIP Cambodia គឺជា​អ្នក​រួច​ពី​ការជួញដូរ​ផ្លូវភេទ ។ ពួកគេ​បានចែកចាយ​បទពិសោធន៍​របស់​ពួកគេ​អំពី​របៀប​ដែល​មជ្ឈមណ្ឌល​បាន​ជួយ​ពួកគេ និង​របៀប​ដែល​ពួកគេ​បាន​បញ្ចប់​វិទ្យាល័យ និង​សាកលវិទ្យាល័យ ហើយ​ទទួល​បាន​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​អាជីព​ប្រកប​ដោយ​និរន្តរភាព ។ លីងយ៉ា ដែល​ជា​អ្នក​រួច​ពី​ការជួញដូរ​ផ្លូវភេទ ពេលនេះ​ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដែល​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​របស់នាង ។ នាង​ក៏​ធ្វើការ​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​អប់រំ​សម្រាប់​មជ្ឈមណ្ឌល​ផងដែរ ។

​កុមារី​ជាច្រើន​មាន​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រន្ធត់ ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី​អង្គការ AFESIP Cambodia និង​មជ្ឈមណ្ឌល Tom Dy ពួកគេ​បាន​រកឃើញ​ភាពជោគជ័យ និង​ក្តីសង្ឃឹម​នាពេល​អនាគត ។ ឥឡូវនេះ ពួកគេ​អាច​ចិញ្ចឹម​ខ្លួន​ឯង និង​ជួយ​អ្នក​ដទៃ ហើយ​លែង​ជា​ជនរងគ្រោះ​ទៀត​ហើយ ប៉ុន្តែ​ជា​អ្នក​រួច​ពី​ការជួញដូរ​ផ្លូវភេទ​ដ៏​មាន​ឥទ្ធិពល ។