DSC03453.jpg
Translation

ការបរិច្ចាគ​របស់​សាសនាចក្រ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​នៅ​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា នឹង​ជួយសង្រ្គោះ​ដល់​ជីវិត​អ្នកជំងឺ​បេះដូង​ជាច្រើន​នាក់

« នេះ​គឺជា​ការបរិច្ចាគ​ចេញពី​ដួងចិត្ត​របស់​យើង​ទៅកាន់​ដួងចិត្ត​របស់​បងប្អូន » ។ នោះ​គឺជា​អ្វី​ដែល​អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ បានបង្ហាញ​ពី​អំណោយ​សម្រាប់​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ថ្មី​សម្រាប់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ។ 

មន្ត្រី​ផ្នែកសុខាភិបាល និង​រដ្ឋាភិបាល​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ការបរិច្ចាគ​មកពី​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ នឹង​ជួយ សង្រ្គោះ​ជីវិត និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ដែល​មាន​ជំងឺ​បេះដូង ។

ឯកឧត្តម ឌី រ៉ាដូ អភិបាល​រង​ខេត្ត​សៀមរាប បានថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​សម្រាប់​ការបរិច្ចាគ និង​មាន​ប្រសាសន៍​ថា ការបរិច្ចាគ​នេះ​នឹង​ពង្រឹង​មន្ទីរពេទ្យ​ខេត្ត និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជំងឺ​មកពី​តំបន់​ផ្សេងៗ​ជា​ច្រើន ។ លោក​បានលើក​ឡើង​ផងដែរ​ថា មន្ទីរពេទ្យ​នេះ​ក៏​បម្រើដល់​​ភ្ញៀវ​​ទេសចរណ៍​ជា​ច្រើន​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដែល​នៅ​ជិត​នេះ និង​កន្លែង​ទាក់ទាញ​ផ្សេង​ទៀត​ផងដែរ ។

នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាងសង់ អែលឌើរ តៃ ដែល​បម្រើ​ជា​ប្រធាន​តំបន់​អាស៊ី​របស់​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា ការបរិច្ចាគ​ដល់​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​នេះ​ធ្វើ​ឡើង​ទៅ​បាន​តាមរយៈ​ការបរិច្ចាគ​សប្បុរសធម៌​បន្តិចបន្តួច​ពី​សមាជិក​ធម្មតា​នៃ​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។ លោក​បាន​មាន​ប្រសាសន៍​ថា « សមាជិក​របស់​យើង​នឹង​រីករាយ​ដែល​ដឹង​ថា ការបរិច្ចាគ​របស់​ពួកគេ​នឹង​ឆ្ពោះ​ទៅ​រក​បុព្វហេតុ​ដ៏​អស្ចារ្យ ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​មិត្ត​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​បាន​ប្រសើរ​ឡើង » ។

គម្រោង​នេះ​បានដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ គូស្វាមី​ភរិយា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ អាច​មើលឃើញ​ពី​តម្រូវការ​ដ៏​ខ្លាំង​នៃ​មជ្ឈមណ្ឌល​មួយ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​ដែល​មាន​នៅ​ទីតាំង​នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ ដែល​ជា​រាជធានី​របស់​ប្រទេស​កម្ពុជា ។ នៅ​ខែកុម្ភៈ ឆ្នាំ២០២៤ អែលឌើរ ឌែល ជី រិនឡាន់ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានអញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប ហើយ​បានប្រកាស​ថា សាសនាចក្រ​នឹង​សាង សង់​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ។ ចាប់តាំង​ពី​ពេល​នោះ​មក ក្រុម​ការងារ​នៅក្នុង​មូលដ្ឋាន និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បញ្ចប់​ដំណើរការ​ការអនុម័ត​ដ៏​យូរ​នោះ ហើយ​ជ្រើសរើស​អ្នកប្រឹក្សាយោបល់ និង​អ្នក​ម៉ៅការ ។  គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​ប្រហែល​មួយ​ឆ្នាំ​ដើម្បី​សាងសង់ និង​បំពាក់​គ្រឿងបរិក្ខារ ។ វា​ជា​គម្រោង​មនុស្សធម៌​ដ៏​ធំ​បំផុត​របស់​សាសនាចក្រ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា ។ 

ពិធី​បើក​ការដ្ឋានសាងសង់​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ថ្មី​នេះ មាន​ភាពអធិកអធម​ជា​ខ្លាំង រួម​មាន​ការថ្លែង​សុន្ទរកថា​ដោយ​ឥស្សរជន និង​ពិធី​ក្រុង​ពាលី​ដែល​មាន​ផ្កា​ចម្រុះពណ៌ ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ខ្មែរ ដែល​ប្រសិទ្ធពរ​ដល់​គម្រោង​សំខាន់​មួយ​នៅ​ពេល​ដែល​គម្រោង​នោះ​ចាប់ផ្ដើម ។

លក្ខណៈ​ពិសេស​នៃ​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​នេះ​នឹង​ជា​បន្ទប់​ពិសោធន៍​ព្យាបាល​ជំងឺ​បេះដូង​ដ៏​ទំនើប ដែល​ជា​កន្លែង​ដំបូង​គេ​ក្នុង​ប្រទេស​ក្រៅពី​ទីក្រុង​ភ្នំពេញ ។ ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ទំនើប​នឹង​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​បេះដូង​នៅក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ជុំវិញ​នោះ បាន​ទទួល​ការព្យាបាល​ក្នុង​មូលដ្ឋាន​ជំនួស​ឲ្យ​ការធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​ទៅកាន់​ទីក្រុង​ភ្នំពេញ​នៅលើ​ផ្លូវ​ដែល​មាន​ការកកស្ទះ ។ បច្ចុប្បន្ន​នេះ អ្នកជំងឺ​ជាច្រើន​ដែល​មាន​ជំងឺបេះដូង​មិន​អាច​រស់រាន​មាន​ជីវិត​បាន​ឡើយ ។

លោក​វេជ្ជបណ្ឌិត ចិន ណារ៉ុង ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង ដែល​រួម​ជាមួយនឹង​សហការី​របស់​លោក​កំពុង​ទទួល​ការបណ្ដុះបណ្ដាល​ដើម្បី​ព្យាបាល​អ្នកជំងឺ​នៅ​ឯ​មន្ទីរពិសោធន៍​បាន​មាន​ប្រសាសន៍​ថា « គម្រោង​នេះ​នឹង​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ជាច្រើន​នាក់ ។ វា​នឹង​ផ្លាស់ប្តូរ​មុខមាត់​នៃ​ការព្យាបាល​ជំងឺ​បេះដូង​នៅក្នុង​តំបន់​របស់​យើង » ។

វេជ្ជបណ្ឌិត ណារ៉ុង និង​សហការី​របស់​លោក​នឹង​អាច​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បញ្ហា​បេះដូង​ជាច្រើន​ដោយ​បញ្ចូល​ទុយោ ( បំពង់​ស្តើង​វែង ) ចូល​ទៅក្នុង​សរសៃឈាម​ធំ​មួយ ហើយ​បញ្ជូន​វា​ទៅ​កាន់​បេះដូង ។ កាមេរ៉ា និង​ឧបករណ៍​ផ្សេងៗ​អាច​ដាក់​នៅ​ខាង​ចុង​ទុយោ ដើម្បី​រកមើល​បញ្ហា​បេះដូង និង​អនុវត្ត​នីតិវិធី​សង្គ្រោះ​ជីវិត ដើម្បី​ស្តារ​លំហូរឈាម​ឡើងវិញ ដោយ​សម្អាត​សរសៃ​ឈាម​រួម​តូច ឬ​ស្ទះ ឬ​ពង្រីក​រន្ធ​សន្ទះ​បេះដូង​ដែល​រួម​តូច ។ 

ក្រៅ​ពី​ការសាងសង់​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​ដែល​មាន​ពីរ​ជាន់ នៅ​ខាងលើ​អគារ​ផ្ដល់​ឈាម​មួយ​ជាន់​ដែល​មាន​ស្រាប់ សាសនាចក្រ​កំពុង​បរិច្ចាគ​ឧបករណ៍​ឯកទេស​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ទាំងអស់​ដែល​ត្រូវការ​សម្រាប់​មន្ទីរពិសោធន៍​កាត់​ត​បំពង់​បេះដូង ។

អែលឌើរ តៃ បាន​ជម្រាប​ដល់​ភ្ញៀវកិត្តិយស វេជ្ជបណ្ឌិត និង​បុគ្គលិក​មន្ទីរពេទ្យ​ថា គម្រោង​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​នេះ « នៅ​ជិត​បេះដូង​ខ្ញុំ » ដោយសារ​រូប​លោក​ជា​អតីត​អ្នកជំងឺ​បេះដូង​ខ្លួន​ឯង ហើយ​លោក​យល់​ពី​សារៈសំខាន់​នៃ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​បេះដូង និង​បច្ចេកវិទ្យា​ព្យាបាល​ដ៏​ទំនើប ។ 

លោក​បានបន្ត​ថា សាសនាចក្រ​បានស្ថិត​ក្នុង​សហគមន៍​សៀមរាប​ប្រហែល ២០ ឆ្នាំ​មក​ហើយ ហើយ​បានទទួល​ពរ និង​ការស្វាគមន៍​ពី​ប្រជាពល​រដ្ឋ ។ « យើង​សូម​ស្វាគមន៍​ចំពោះ​ឱកាស​នេះ​ក្នុង​ការផ្តល់​ត្រឡប់​ទៅ​ឲ្យ​សហគមន៍​វិញ​នូវ​មណ្ឌល​សុខភាព​នេះ ។ យើង​ជឿ​ថា យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ ដោយ​ការស្រឡាញ់ និង​ការបម្រើ​អ្នក​ជិតខាង » ។

លោក​វេជ្ជបណ្ឌិត ប៉ែន ផល្គុន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​បម្រើ​អ្នក​ជំងឺ​រាប់ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​ភាគ​ច្រើន​មាន​បញ្ហា​សុខភាព​ពិបាក​ព្យាបាល ដែល​មិន​អាច​ព្យាបាលបាន​នៅក្នុង​មន្ទីរពេទ្យ​តូចៗ និង​មណ្ឌល​សុខភាព​ក្នុង​តំបន់ ។

ប្រធាន​មន្ទីរពេទ្យ​បាន​មាន​ប្រសាសន៍​ថា ជំងឺ​បេះដូង​គឺជា​បញ្ហា​ដែល​កំពុង​កើន​ឡើង ។ ដោយ​មាន​នូវ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ថ្មី​នេះ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​បេះដូង​នឹង​អាច​ព្យាបាល​អ្នក ជំងឺ​បេះដូង ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត​នៅក្នុង​មូលដ្ឋាន​បាន ។ លោក​បាន​ថ្លែង​អំណរគុណ​ជា​តំណាង​ឲ្យ​អ្នកជំងឺ​ វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​បុគ្គលិក​មន្ទីរពេទ្យ​ដទៃ​ទៀត​ទាំងអស់ ដល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។