Additional Resource

ការបើក​ដំណើរការ​អគារ​សម្ភព​ថ្មី នាំ​មក​នូវ​សុវត្ថិភាព​ដល់​ទារក​ទើប​នឹង​កើត​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទប្រគល់ជូនគម្រោងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំផ្នែកសុខាភិបាលខេត្ត និងមូលដ្ឋាន

យុគសម័យ​ថ្មី​នៃ​ការថែទាំ​សុខភាព​ទារក និង​មាតា​បាន​ចាប់ផ្តើម​ហើយ​នៅឯ​មន្ទីរពេទ្យ​បង្អែក​ព្រះ​នរោត្តម​សីហនុ ក្រុង​សួង បន្ទាប់ពី​ការប្រគល់​ជាផ្លូវការ​នូវ​អគារ​សម្ភព​ថ្មី​ដែល​មាន​លក្ខណៈ​ទំនើប​ទាន់សម័យ ។

គម្រោង​នេះ​ត្រូវបាន​សាងសង់ និង​បាន​បំពាក់​គ្រឿងបរិក្ខារ​ទាំងឡាយ​តាមរយៈ​ការបរិច្ចាគ​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​ផ្ដល់​ការសន្យា​នូវ​លក្ខខណ្ឌ​ដែល​មាន​សុវត្ថិភាព​ប្រសើរ​ជាង​មុន​ចំពោះ​មាតា និង​ទារក​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ។

គ្រឿងបរិក្ខារ​មន្ទីរពេទ្យ​ថ្មី​ត្រូវបាន​ប្រារព្ធ​នៅក្នុង​ពិធី​ប្រគល់​គម្រោងនា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ ។ ព្រឹត្តិការណ៍​នេះ​មាន​ការចូលរួម​ពី​សំណាក់​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាច្រើន​រូប រួមទាំង​ឯកឧត្តម​អភិបាល​ខេត្ត ប៉ែន កុសល្យ ផងដែរ ។ អ្នកតំណាង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ក៏​បាន​ចូលរួម​ក្នុង​ការកាត់​ខ្សែបូ​ដែល​ជា​ជំហាន​ឆ្ពោះ​ទៅមុខ​ដ៏​សំខាន់ សម្រាប់​ការថែទាំ​សុខភាព​នៅក្នុង​តំបន់​ផងដែរ ។

© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

មន្ទីរពេទ្យ​បង្អែក​ព្រះ​នរោត្តម​សីហនុ គឺជា​មន្ទីរពេទ្យ​បង្អែក​ដ៏​សំខាន់​សម្រាប់​ស្រុក​នេះ ដែល​បម្រើ​ដល់​ប្រជាជន​ប្រមាណជា ២៤២,០០០ នាក់ ។ ដោយ​មាន​ទារក​ប្រមាណជា​៣៥០​នាក់ បាន​កើត​ជា​រៀងរាល់​ឆ្នាំ នោះ​អគារ​សម្ភព​ថ្មី​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​យ៉ាងខ្លាំង ។ ទារក​ដំបូង​បាន​កើត​នៅក្នុង​អគារ​ថ្មី​នេះ​កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺ​នៅ​ពីរ​ថ្ងៃមុន​ពិធី​ប្រគល់​អគារ​នេះ ។

ទារកពីរនាក់ដំបូង ជាមួយម្តាយរបស់ពួកគេ ដែលបានកើតនៅអគារសម្ភពថ្មី នៅឯមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ឯកឧត្តម​អភិបាល​ខេត្ត ប៉ែន កុសល្យ បាន​ថ្លែង​អំណរគុណ​ចំពោះ​ការបរិច្ចាគ​នេះ ដោយ​ថ្លែង​អំណរគុណ​ដល់​អ្នក​គ្រប់គ្នា​ដែល​បាន​ចូលរួម​ចំណែក និង​បាន​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​មើល​ការខុសត្រូវ​លើគម្រោង​នេះ ។ លោក​បាន​មាន​ប្រសាសន៍​អំពី​តម្លៃ​នៃ​ការចែករំលែករវាង​គ្រិស្តបរិស័ទ និង​ពុទ្ធបរិស័ទ​ក្នុង​ការចង់​បម្រើ និង​ជួយ​អ្នកដទៃ​ដែល​ខ្វះខាត ។ លោក​អភិបាល​ក៏​បាន​លើកទឹក​ចិត្ត​ដល់​បុគ្គលិក​របស់​មន្ទីរពេទ្យ​ឲ្យ​ថែទាំ​អគារ​ថ្មី​នេះ​ឲ្យបាន​ល្អ និង​រក្សា​ស្តង់ដារ​សណ្ដាប់ធ្នាប់ និង​​

អនាម័យ​ខ្ពស់ ។

អគារ​សម្ភព​ថ្មី​នេះ ដំបូងឡើយ​ជា​អគារ​ដែល​គ្មាន​អ្វី​សោះ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ ហើយ​អគារ​នេះ​ត្រូវបាន​ជួសជុល​ទាំងស្រុង ឥឡូវ​អគារ​នេះ​មាន​នូវ​បន្ទប់​វះកាត់​ពិសេស​សម្រាប់​ការសម្រាល​កូន ។ កាលពីមុន អ្នក​ជំងឺ​ដែល​ត្រូវការ​ការវះកាត់​បន្ទាន់​ត្រូវ​ផ្លាស់ទៅ​បន្ទប់​វះកាត់​ចម្ងាយ​ជាង​១០០​ម៉ែត្រ ដែល​ជា​ការពន្យារ​ពេល​ដ៏​គ្រោះថ្នាក់​ក្នុង​គ្រា​ដ៏​សំខាន់ ។

វេជ្ជបណ្ឌិត រ័ត្ន ពុទ្ធិកា ប្រធាន​មន្ទីរពេទ្យ បាន​មាន​ប្រសាសន៍​ថា « ឥឡូវ​នេះ​អ្វី​គ្រប់​យ៉ាង​គឺនៅ​ក្នុង​អគារ​តែ​មួយ ។

វា​ពិតជា​នឹង​ជួយ​សង្គ្រោះ​ដល់​ជីវិត​មាតា និង​ទារក ។ អ្នក​ជំងឺ​របស់​យើង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ » ។ អគារ​សម្ភព​ថ្មី​នេះ​មាន​ឧបករណ៍ និង​គ្រឿង​សង្ហារិម​ទំនើបៗ​សម្រាប់​បន្ទប់​ឈឺ​ពោះ​សម្រាល បន្ទប់​សម្រាល និង​បន្ទប់​សម្រាក​ព្យាបាល ព្រម​ជាមួយ​នឹង​កន្លែង​សម្រាប់​ការថែទាំ​ពិសេស​ដល់​ទារក​ទើប​នឹង​កើត​ផងដែរ ។

បុគ្គលិក​មន្ទីរពេទ្យ និងពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​បង្ហាញបន្ទប់សម្រាលថ្មីនៅក្នុងមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ក្នុងពិធីប្រគល់គម្រោងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ហៅ​ឱកាស​នេះ​ថា « ថ្ងៃ​ដ៏​រីករាយ » ។ លោក​​ក៏​​បាន​លើកឡើង​ពី​ការរួមចំណែក​យ៉ាង​ច្រើន​របស់​សាសនាចក្រ​នៅក្នុង​ខេត្ត​របស់​លោក ដែល​បាន​ផ្តល់​ឧបករណ៍​មាន​គុណភាព​ខ្ពស់ និង​ជួសជុល​អគារ​ថ្មី​ដោយ​បំពាក់​គ្រឿងបរិក្ខារ​ថ្មីៗ​ដូចជា ម៉ាស៊ីន​ត្រជាក់ និង​ប្រព័ន្ធ​អគ្គិសនី​ជាដើម ។ លោក​បាន​មាន​ប្រសាសន៍​ថា ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ដែល​បំពាក់​នៅក្នុង​មន្ទីរពេទ្យ​នេះ​នឹង​ជួយ​​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​ពេទ្យ​ឆ្មប​ផ្តល់​ការថែទាំ​សង្គ្រោះ​បន្ទាន់​ទៅដល់​ទារក ដែល​ទើប​នឹង​កើត​បាន​កាន់តែ​ប្រសើរ​ជាង​មុន ។

វេជ្ជបណ្ឌិត កែវ បាន​មាន​ប្រសាសន៍​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​បុគ្គលិក​សាសនាចក្រ « រស់នៅ​តាម​គោលការណ៍​សាសនា​របស់​ពួកគេ ដោយ​មាន​ដួងចិត្ត​សប្បុរស » ។ លោក​បាន​លើកឡើង​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ក៏​បាន​ផ្ដល់​ការបំពាក់បំប៉ន ដើម្បី​កែលម្អ​សេវាកម្ម​សង្គ្រោះ​បន្ទាន់​ផងដែរ ។

លោក រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វា​ជា​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​អគារ​នេះ ។

លោក​បាន​ពន្យល់​ថា ការងារ​មនុស្សធម៌​របស់​សាសនាចក្រ​បាន​ទទួល​មូលនិធិ​ពី​ការបរិច្ចាគ​ដោយ​សមាជិក​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ហើយ​ជា​ការបង្ហាញ​ពី​បំណងប្រាថ្នា​របស់​សាសនាចក្រ ដើម្បី​ជួយ​មនុស្ស​ទាំងអស់​ដែល​ខ្វះខាត ។

លោក​បាន​មាន​ប្រសាសន៍​ថា « គម្រោង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ដល់​ប្រជាជន​ទាំងអស់​ឲ្យ​ទទួល​បាន​សុខភាព​ល្អ ។ យើង​សង្ឃឹម​ថា គម្រោង​នេះ​បង្ហាញពី​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ប្រជាជន​នៅក្នុង​ខេត្ត​នេះ​ទាំងអស់ » ។ សាសនាចក្រ​បាន​ចូលរួម​ក្នុង​គម្រោង​មនុស្សធម៌​ជាង​៦៥០​នៅក្នុង​ប្រទេស​កម្ពុជា ចាប់​តាំងពី​ឆ្នាំ១៩៩៨ មកម្ល៉េះ ។

អគារវះកាត់ទំនើបថ្មីនៅក្នុងមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ក្នុងពិធីប្រគល់គម្រោងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ការបរិច្ចាគ​នេះ​ក៏​រួមបញ្ចូល​នូវ​គ្រឿងបរិក្ខារ​មន្ទីរពេទ្យ​សំខាន់ៗ​ផ្សេង​ទៀត​ដែរ​រួម​មាន ម៉ាស៊ីន​ថត​កាំរស្មីអ៊ិច​ទំនើប ឧបករណ៍ និង​សម្ភារ​ថ្មីៗ​សម្រាប់​គ្រូពេទ្យ​ភ្នែក ដែល​មាន​តែ​មួយគត់​នៅក្នុង​ខេត្ត​នេះ ដែល​បម្រើ​ដល់​ប្រជាជន​នៅក្នុង​ខេត្ត​ទាំងមូល ប្រមាណ​ជា​១​លាន​នាក់ ។

អ្នក​ជំនាញ​វិជ្ជាជីវៈ​វេជ្ជសាស្រ្ត​មាន​សេចក្តី​រំភើប​ជាមួយ​នឹង​ការផ្លាស់ប្តូរ​នេះ ។ វេជ្ជបណ្ឌិត ស៊ីម សុខម៉ាន ជា​វេជ្ជបណ្ឌិត​គ្រួសារ​បាន​ពិពណ៌នា​អំពី​អគារ​ថ្មី​នេះ​ថា « ស្អាត និង​មាន​ផាសុកភាព​សម្រាប់​អ្នក​ជំងឺ » ។

លោក អ៊េង ចេង អ្នក​ម៉ៅការ​ទូទៅ​សម្រាប់​គម្រោង​នេះ បាន​កោត​សរសើរ​ចំពោះ​ការតាំងចិត្ត​របស់​សាសនាចក្រ​ទាក់ទង​នឹង​គុណភាព​សាងសង់ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ពួកគេ​តែងតែ​ចង់​បាន​អ្វី​ដែល​មាន​គុណភាព​ល្អ​ជានិច្ច ពួកគេ​មិន​ចង់​បាន​គុណភាព​ថោកៗ​នោះ​ទេ ។ ពួកយើង​ធ្វើ​ការងារ​ប្រកប​ដោយ​គុណភាព​ដោយ​ប្រើ​សម្ភារ​ដែល​មាន​គុណភាព​ល្អៗ ដែល​សម្ភារ​ទាំងអស់​នោះ​នឹង​ប្រើ​បាន​យូរ​អង្វែង ។ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ធ្វើការ​ជាមួយ​សាសនាចក្រ​នេះ » ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌បាន​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​បង្អែក​ព្រះ​នរោត្តម​សីហនុ ត្រូវបាន​ជ្រើសរើស​ដោយសារ​បុគ្គលិក​ដ៏​មាន​សមត្ថភាព និង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ដើម្បី​ថែរក្សា​អនាម័យ និង​ការមើលថែ​ដល់​អ្នក​ជំងឺ ។ ពួកគាត់​បាន​លើកឡើង​ពី​ភាពរីករាយ « លើស​ពី​ធម្មតា » របស់​ប្រធាន​មន្ទីរពេទ្យ និង​ក្រុម​របស់​គាត់ ដោយ​មាន​អារម្មណ៍​ថា ស្ថាប័ន​នេះ​មិន​ត្រឹមតែ​ប្រើប្រាស់​ជំនួយ​ដែល​បាន​ផ្តល់ឲ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នឹង​រក្សា​អគារ​នេះ​ឲ្យ​នៅ​គង់វង្ស​យូរ​អង្វែង​ផងដែរ ។

<

ប្រធាន​មន្ទីរពេទ្យ វេជ្ជបណ្ឌិត រ័ត្ន ពុទ្ធិកា កាត់​ខ្សែបូ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​សម្ភព​ថ្មី មន្ទីរពេទ្យ​បង្អែក​ព្រះ​នរោត្តម​សីហនុ ក្នុង​អំឡុង​ពេល​ប្រគល់​គម្រោង​នា​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។ © 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD