មុនឆ្នាំ២០២២ ប្រទេសកម្ពុជាបានមានការបំពាក់បំប៉នដែលមានកម្រិតតិចតួច និងស្ទើរតែគ្មានឧបករណ៍សម្រាប់ធ្វើការវះកាត់ដោយប្រើឧបករណ៍ចោះឆ្លុះពោះសម្រាប់មនុស្សរាប់លាននាក់របស់ខ្លួនឡើយ ។ បច្ចេកវិទ្យាទំនើបនេះបានជួយកាត់បន្ថយការចំណាយ ទំហំស្នាមនៃការវះកាត់ តម្រូវការ និងរយៈពេលនៃការស្នាក់នៅក្នុងមន្ទីរពេទ្យ និងផលវិបាកក្រោយការវះកាត់បានយ៉ាងច្រើន ។ ការវះកាត់ជាច្រើនប្រភេទ រួមមាន ដំណើរការវះកាត់ ដោយប្រើចក្ខុទស្សន៍ នីតិវិធីរោគស្ត្រី ការយកថង់ទឹកប្រមាត់ និងខ្នែងពោះវៀន អាចវះកាត់ដោយប្រើបច្ចេកទេសនេះ ។
វេជ្ជបណ្ឌិត រ៉ៃម៉ន ប្រាយស៍ MD វេជ្ជបណ្ឌិត រ៉ូបឺត ឌីន ម៉ាតសុន សាស្ត្រាចារ្យផ្នែកវះកាត់សកលបានមានប្រសាសន៍នៅឯសាកលវិទ្យាល័យយូថាហ៍ ដែលជាអ្នកចូលរួមចំណែកជាមួយគម្រោងនេះចាប់តាំងពីដើមដំបូង បានមានប្រសាសន៍ថា « ការបង្កើតនិតិវិធីវះកាត់ដោយប្រើឧបករណ៍ចោះឆ្លុះពោះ ឬការកាត់បន្ថយទំហំ ការវះកាត់មកតូច ជួយពង្រឹងប្រព័ន្ធថែទាំសុខភាពទាំងមូល និងអនុញ្ញាតឲ្យអ្នកជំងឺត្រឡប់ទៅធ្វើការវិញបានឆាប់ ដោយបង្កើនឱកាសរបស់ពួកគេសម្រាប់ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច » ។
ដោយដឹងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំផ្នែកវេជ្ជសាស្រ្តបានស្វែងរកជំនួយពីសមាគមនិកាយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីជួយដល់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតរបស់ពួកគេជាមួយនឹងការបណ្តុះបណ្តាល និតិវិធីប្រើឧបករណ៍ចោះឆ្លុះពោះ និងដើម្បីផ្តល់ឧបករណ៍ដែលចាំបាច់ ។ គោលដៅគឺថា នៅទីបំផុតគឺដើម្បីធ្វើឲ្យប្រព័ន្ធថែទាំសុខភាពរបស់កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដំណើរការនិតិវិធីវះកាត់នេះបានដោយខ្លួនឯង ។
ដើម្បីឆ្លើយតបនឹងសំណើនេះ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដមកពីសាកលវិទ្យាល័យយូថាហ៍ មជ្ឈមណ្ឌលសម្រាប់ការវះកាត់សកលបានចាប់ផ្ដើមបេសកកម្មផ្នែកអប់រំមួយក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយធ្វើសិក្ខាសាលាដោយផ្ទាល់ជាច្រើនថ្ងៃនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្រៀនវេជ្ជបណ្ឌិតកម្ពុជានូវជំនាញដែលត្រូវការ ។ កម្មវិធីនេះបានទទួលមូលនិធិពីសមាគមនិកាយ និងសម្របសម្រួលដោយវេជ្ជបណ្ឌិតរៀមច្បងស្ម័គ្រចិត្តមកពីសមាគមនិយាយ ។
ការបំពាក់បំប៉នដំបូងគឺទទួលបានជោគជ័យយ៉ាងខ្លាំង ដូចជាការបំពាក់បំប៉នបន្ថែម និងការបរិច្ចាគឧបករណ៍ទាំងឡាយ ។ ការបណ្តុះបណ្តាលដែលប្រើឧបករណ៍ឆ្លុះពោះ ត្រូវបានផ្តល់ជាលើកដំបូង ដោយគ្រូពេទ្យវះកាត់ និងគិលានុបដ្ឋាយិកានៃសាកលវិទ្យាល័យយូថាហ៍ ។ ឥឡូវនេះ ការទទួលខុសត្រូវសម្រាប់ការបណ្តុះបណ្តាលនេះបានប្តូរទៅឲ្យបុគ្គលិកនៅមន្ទីរពេទ្យបង្អែកជាតិរបស់កម្ពុជាជាអ្នកធ្វើវិញ ។ ការណ៍នេះធ្វើឲ្យកម្ពុជាមានទំនុកចិត្តលើខ្លួនឯងក្នុងការបំពាក់បំប៉នគ្រូពេទ្យវះកាត់ដែលប្រើឧបករណ៍ចោះឆ្លុះពោះ ។
ការរីកចម្រើនដ៏គួរឲ្យរំភើបនៅក្នុងវិស័យវេជ្ជសាស្ត្ររបស់ប្រទេសកម្ពុជាបានលេចចេញជារូបរាង នៅ ក្នុងខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលមន្ទីរពេទ្យកាល់ម៉ែត បានឧបត្ថម្ភការបំពាក់បំប៉នផ្នែកវះកាត់ដោយប្រើឧបករណ៍ចោះឆ្លុះពោះនៅក្នុងផ្នែករោគស្ត្រីដោយខ្លួនឯង ។ វគ្គបំពាក់បំប៉នដ៏សំខាន់នេះត្រូវបានសម្របសម្រួលជួយផ្នែកបុគ្គលិក និងផ្តល់មូលនិធិទាំងស្រុងដោយមន្ទីរពេទ្យបង្ហាត់បង្រៀនដ៏ធំរបស់កម្ពុជា ។ គ្រូបង្រៀនខ្មែរចំនួន ៥ នាក់ បានបង្រៀនសិក្ខាកាមចំនួន ២៥ នាក់ ។ ឥឡូវនេះសិក្ខាកាមទាំងនោះទទួលបានការបំពាក់បំប៉ន និងអាចអនុវត្តនីតិវិធីដែលកាត់បន្ថយទំហំនៃការវះកាត់មកតូចទាំងនេះ ។
រដ្ឋាភិបាល និងសហគមន៍វេជ្ជសាស្ត្រកម្ពុជា កោតសរសើរចំពោះការគាំទ្ររបស់សមាគមនិកាយក្នុងការត្រួសត្រាយវគ្គបំពាក់បំប៉ននេះ ។ ពេលនេះគ្រូពេទ្យវះកាត់នៅកម្ពុជាអាចបង្រៀនបច្ចេកទេសទាំងនេះដល់គ្រូពេទ្យទូទាំងប្រទេសកម្ពុជា ។ សមត្ថភាពប្រើឧបករណ៍ចោះឆ្លុះពោះ នេះបានធ្វើឲ្យជម្រើសវេជ្ជសាស្រ្តដែលមានសម្រាប់ប្រជាជនកម្ពុជាបានប្រសើរឡើងយ៉ាងខ្លាំង ក៏ដូចជាគុណភាព និងលទ្ធផលនៃការថែទាំសុខភាពរបស់ពួកគេផងដែរ ។