នៅពេលប្រធាន រ័សុល អិម ណិលសុន នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានឈានចូលដល់ខួបកំណើតលើកទី ១០០ របស់លោកកាលពីដើមឆ្នាំនេះ លោកបានអញ្ជើញមនុស្សគ្រប់គ្នាឲ្យ ផ្ដល់អំណោយនៃសេចក្ដីស្រឡាញ់ ទៅកាន់នរណាម្នាក់ដែលត្រូវការ ។ ការអញ្ជើញរបស់ព្យាការី បានទទួលផលផ្លែដ៏សំខាន់ ហើយបានភ្ជាប់ជាមួយនឹងព្រះវិញ្ញាណនៃព្រះគ្រីស្ទក្នុងគ្រប់ជំនាន់ទាំងអស់ — រួមទាំងកិច្ចការនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសព្វថ្ងៃនេះផងដែរ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយខិតខំយកលំនាំជីវិតរបស់ពួកគេតាមព្រះជន្មរបស់ព្រះគ្រីស្ទ មើលថែដល់មនុស្សដែលខ្វះខាត អញ្ជើញពិភពលោកនេះឲ្យទទួលយកការបង្រៀនរបស់ព្រះគ្រីស្ទ ហើយបង្រួបបង្រួមក្រុម គ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
ទំព័រនេះគឺជាការក្រឡេកមើលទៅអតីតកាល អំពីរបៀបដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានបន្ដធ្វើការណ៍នេះនៅឆ្នាំ២០២៤ ។
ការមើលថែដល់មនុស្សដែលខ្វះខាត
សាសនាចក្របានពង្រីកកិច្ចខិតខំរបស់ខ្លួនដើម្បីជួយដល់ស្ដ្រី និងកុមារអាយុក្រោម ៥ ឆ្នាំនៅទូទាំងពិភពលោក ។ សេចក្ដីជំនឿដែលបានចំណាយជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំលើគម្រោងសប្បុរសធម៌ បានផ្ដល់ប្រាក់ ៥៥.៨ លានដុល្លារដើម្បី ជួយកុមារ ១២ លាននាក់ និងស្ដ្រី ២.៧ លាននាក់
នៅដើមឆ្នាំនេះ យើងបានទៅធ្វើទស្សនកិច្ចនៅប្រទេសលីបេរីយ៉ា ដើម្បីមើលឃើញផលផ្លែមួយចំនួននៃកិច្ចការសាកល ដែលសាសនាចក្របានជួយដល់កម្មវិធីអាហារពិភពលោកឲ្យសម្រេចបានលទ្ធផល ដើម្បីដោះស្រាយបញ្ហាអសន្ដិសុខអាហារ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយបានឈោងទៅជួយសហគមន៍របស់ពួកគេដោយសេចក្ដីស្រឡាញ់ បន្ទាប់ពីមានគ្រោះមហន្ដរាយធម្មជាតិមក ។ ឧទាហរណ៍ អ្នកស័្មគ្រចិត្តជាង ២១,០០០ នាក់បានកេណ្ឌគ្នាជួយដល់រដ្ឋចំនួនប្រាំ ក្នុងពេលជាងប្រាំមួយសប្ដាហ៍ ដើម្បីជួយដល់ប្រជាជនបន្ទាប់ពី ព្យុះកំបុតត្បូងហេឡិន និងមិលថុន ។ សាសនាចក្រក៏បានប្រមូលសមាជិក និងធនធានរបស់ខ្លួនជួយផងដែរបន្ទាប់ពីមាន ទឹកជំនន់នៅប្រទេសអេស្ប៉ាញ ។ គម្រោងផ្សេងទៀតរួមមានប្រាក់ ៨ លានដុល្លារសម្រាប់ អាហារនៅសាលារៀននៅប្រទេសហៃទី វ៉ាក់សាំងសម្រាប់ កុមារ ៥.២ លាននាក់នៅប្រទេសហ្គាណា ប្រាក់ ២ លានដុល្លារសម្រាប់ ធនាគារអាហារទីក្រុងតូរ៉ុនតូ និងជំនួយសង្គ្រោះពីគ្រោះមហន្ដរាយនៅ ប្រទេសស៊ីលី ប្រទេសជប៉ុន ប្រទេសសៀរ៉ាឡេអូន និង ប្រទេសហ្វីលីពីន ។
នៅឆ្នាំនេះ ម៉ាស៊ីនផ្ដល់អំណោយរបស់សាសនាចក្រមាននៅទីតាំងច្រើនជាងមុន — នៅទីក្រុងចំនួន ១០៧ ក្នុងប្រទេសចំនួន ១៣ នៅលើទ្វីបចំនួនប្រាំ រួមទាំងលើកដំបូងនៅទ្វីបអាហ្វ្រិក និងអាស៊ីផងដែរ ។ សម្ភាររាប់សិបលានត្រូវបានបរិច្ចាគតាមរយៈម៉ាស៊ីនផ្ដល់អំណោយតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលមានតម្លៃជាង ៣២ លានដុល្លារ ។
ដូចសព្វដង ផ្នែកមួយនៃការឈោងទៅជួយរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទគឺជាការបម្រើអន្ដរជំនឿ ។ ឧទាហរណ៍ សន្និសីទយុវវ័យនៅទីក្រុងយូបា រដ្ឋកាលីហ្វ័រញ៉ា បានកើតឡើងហួសពីព្រំដែនសាសនាទៅទៀត ។ យុវវ័យចំនួន ២០០ នាក់បានជួបជុំគ្នានៅព្រះវិហារសាសនាស៊ិកឈ្មោះ ហ្គួដវ៉ារ៉ា ដើម្បីរៀនអំពីគុណតម្លៃ និងការអនុវត្តនានា ដែលសាសនាស៊ិកមានដូចគ្នាជាមួយនឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែរ — និងដើម្បីបម្រើ ។
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
ព្រះវិហារបរិសុទ្ធនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទគឺជាកន្លែងដែលពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលរួមនៅក្នុងពិធីការដ៏ពិសិដ្ឋ ដែលបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ ថ្នាក់ដឹកនាំពួកបរិសុទ្ធថ្ងៃចុងក្រោយបានឧទ្ទិសសំណង់ដ៏ពិសិដ្ឋទាំងនេះចំនួន ១៦ នៅឆ្នាំ២០២៤ ហើយប្រធាន ណិលសុន បានប្រកាសការសាងសង់ចំនួន ៣២ ថែមទៀត ។
នៅខែមេសា រូបសំណាកទេវតាមរ៉ូណៃបានវិលត្រឡប់ មកលើចុងកំពូលកណ្ដាលនៅភាគខាងកើតនៃព្រះវិហារបរិសុទ្ធ សលត៍ លេក វិញ ។ ដំណាក់នៃព្រះអម្ចាស់នេះទទួលបានការកែលម្អផ្នែកទាក់ទងនឹងការរញ្ជួយដី និងសសរគ្រឹះដ៏សំខាន់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ ។
ខណៈដែលតំបន់មួយចំនួននៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធនៅបិទនៅឡើយ ក៏ភ្ញៀវទស្សនាអាចរីករាយនឹងផ្លាហ្សាអគារការិយាល័យរបស់សាសនាចក្រ និងផ្លាហ្សាផ្លូវធំដែលនៅជាប់គ្នានោះបានដែរ ដែលការសាងសង់បានបញ្ចប់នៅដើមឆ្នាំនេះ ។
នៅខែវិច្ឆិកា ព្យាការីដែលមានវ័យ ១០០ ឆ្នាំបានឧទ្ទិស ព្រះវិហារបរិសុទ្ធទី ២០០ របស់សាសនាចក្រ ។
ប្រធាន ណិលសុន បានថ្លែងថា « នៅពេលខ្ញុំគិតអំពីអភ័យឯកសិទ្ធិក្នុងការឧទ្ទិសព្រះវិហារបរិសុទ្ធ ដេសេរ៉ែត ភីក រដ្ឋយូថាហ៍ នៅចុងសប្ដាហ៍នេះ ចិត្តខ្ញុំរំភើបយ៉ាងអនេកចំពោះអ្វីទាំងអស់ ដែលព្រះអម្ចាស់កំពុងធ្វើសម្រាប់ប្រជាជនរបស់ទ្រង់ » ។ « នៅពេលខ្ញុំកើត មានតែព្រះវិហារបរិសុទ្ធចំនួនប្រាំមួយប៉ុណ្ណោះដែលដំណើរការក្នុងសាសនាចក្រ ។ ព្រះវិហារបរិសុទ្ធ ដេសេរ៉ែត ភីក នឹងជាព្រះវិហារបរិសុទ្ធទី ២០០ នៅក្នុងពិភពលោកនេះ ។ សូមគិតទៅមើល ! សាសនាចក្រចំណាយពេលរហូតដល់ឆ្នាំ២០០០ ដើម្បីឧទ្ទិសព្រះវិហារបរិសុទ្ធចំនួន ១០០ ជាលើកទីមួយ ហើយឥឡូវនេះ គ្រាន់តែ ២៤ ឆ្នាំក្រោយមកសោះ យើងឧទ្ទិសព្រះវិហារបរិសុទ្ធចំនួន ១០០ ជាលើកទីពីរ ។ ព្រះអម្ចាស់ពិតជាកំពុងតែពន្លឿនកិច្ចការរបស់ទ្រង់មែន ។ ខ្ញុំពោរពេញដោយការដឹងគុណចំពោះសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ដែលណែនាំយើងឲ្យសាងសង់ព្រះវិហារបរិសុទ្ធទៅកាន់តែជិតសមាជិកនៃសាសនាចក្រនៅទូទាំងពិភពលោក » ។
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកការបង្រៀនរបស់ព្រះគ្រីស្ទ
ប្រធាន ណិលសុន បានថ្លែងថា « អ្វីដែលល្អបំផុតនឹងមកដល់ក្នុងពេលខាងមុខ … ព្រោះព្រះអង្គសង្គ្រោះនឹងយាងមកម្តងទៀត ។ អ្វីដែលល្អបំផុតនឹងមកដល់ក្នុងពេលខាងមុខ ព្រោះព្រះអម្ចាស់កំពុងតែពន្លឿនកិច្ចការទ្រង់ ។ អ្វីដែលល្អបំផុតនឹងមកដល់ក្នុងពេលខាងមុខ ពេលយើងបង្វែរដួងចិត្ត និងជីវិតទៅរកព្រះយេស៊ូវគ្រីស្ទ ។
ទីប្រឹក្សារបស់ព្យាការី កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអ្នកកាន់អំណាចទូទៅបានធ្វើដំណើរទូទាំងពិភពលោក ដើម្បីចែកចាយសារលិខិតរបស់ខ្លួនតាមរយៈពាក្យសម្ដី និងទង្វើ ។
នៅឯការប្រជុំធម្មនិដ្ឋានមួយនៅរដ្ឋអារីហ្សូណា ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានពោលថា ព្រះជន្ម ការងារបម្រើ ពលិកម្មដ៏ធួន និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ « សមនឹងទទួលបានការយកចិត្តទុកដាក់ខ្លាំងជាងនេះ » ។ លោកបានបន្ថែមថា ព្រះយេស៊ូវបាន « ធ្វើអ្វីៗគ្រប់យ៉ាងដែលសំខាន់ខ្លាំងសម្រាប់ដំណើររបស់យើងឆ្លងកាត់ជីវិតរមែងស្លាប់នេះទៅកាន់ជោគវាសនា ដែលបានគូសវាសរួចហើយនៅក្នុងផែនការនៃព្រះវរបិតាសួគ៌របស់យើង » ។ នៅឯការឧទ្ទិសព្រះវិហារបរិសុទ្ធនៅរដ្ឋយូថាហ៍ ភាគខាងត្បូង ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀនថា « បងប្អូននឹងរកឃើញអំណរនៅក្នុងការបម្រើរបស់បងប្អូន[ នៅក្នុងដំណាក់នៃព្រះអម្ចាស់ ]ដែលមិនអាចកើតមានតាមរបៀបផ្សេងទៀតទេ » ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋដូមីនីក — ដែលជាការធ្វើដំណើរអន្ដរជាតិលើកទីមួយរបស់លោកក្នុងនាមជាប្រធានស្ដីទីនៃកូរ៉ុមនេះ ។ លោកបានលើកទឹកចិត្តប្រជាជនឲ្យ « ជឿ » ។ លោកបានថ្លែងថា « អ្វីដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ[ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ] ត្រូវតែមានដើម្បីចាប់ផ្ដើមដំណើររបស់យើង និងមើលឃើញជោគជ័យរបស់សាសនាចក្រ និងដំណឹងល្អនេះ គឺការតាំងចិត្តដើម្បីមានសេចក្ដីជំនឿ ដើម្បីជឿ » ។
នៅក្នុងសារលិខិតមួយសម្រាប់មជ្ឈិមវ័យនៅលីវ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានពោលថា ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាចម្លើយចំពោះការភ័យខ្លាចរបស់យើង ។ « ព្រះយេស៊ូវគ្រីស្ទគឺជា កម្លាំងនៃយុវជន ។ ទ្រង់គឺជាកម្លាំងនៃយុវមជ្ឈិមវ័យ — ទ្រង់គឺជាកម្លាំងនៃពួកយើងទាំងអស់គ្នា » ។ នៅប្រទេសប៉េរូ អែលឌើរ ដេវីឌ អេ បែដណា បានលើកទឹកចិត្តអ្នកមានអាជីពជំនាញពួកបរិសុទ្ធថ្ងៃចុងក្រោយវ័យក្មេង អនុញ្ញាតឲ្យការតាំងចិត្តរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ជួយពួកគេផ្ដល់ពរជ័យដល់មនុស្សដទៃ ។ អែលឌើរ បែដណា បានមានប្រសាសន៍ថា « យើងមានការទទួលខុសត្រូវដើម្បីធ្វើជាពន្លឺ ដែលបំភ្លឺក្នុងពិភពលោកមួយ ដែលហាក់ដូចជាងងឹតខ្លាំងទៅៗ » ។ « យើងគួរតែជាមនុស្សដែលសប្បាយចិត្តខ្លាំងបំផុតក្នុងចំណោមមនុស្សទាំងអស់ ដោយសារតែអ្វីដែលយើងដឹងអំពីខ្លួនយើង និងមូលហេតុដែលយើងនៅទីនេះ » ។
កាលថ្លែងទៅកាន់អ្នកកាសែតនៅប្រទេសកូរ៉េខាងត្បូង អែលឌើរ ឃ្វីនថិន អិល ឃុក បានមានប្រសាសន៍ថា ចំណុចសំខាន់នៃការធ្វើជាគ្រីស្ទានម្នាក់ គឺជាការស្រឡាញ់មនុស្សដទៃ ។ អែលឌើរ ឃុក បានពោលថា « ប្រសិនបើបងប្អូនមើលទៅគំរូរបស់ព្រះអង្គសង្គ្រោះ ទ្រង់មិនបានចំណាយពេលរបស់ទ្រង់ទាំងអស់គង់នៅជាមួយមនុស្សដែលយល់ស្របតាមទ្រង់ទាំងស្រុងនោះទេ ។ សូមស្រឡាញ់អ្នកជិតខាងរបស់បងប្អូន ដូចបងប្អូនស្រឡាញ់ខ្លួនឯងដែរ » ។
អំឡុងទស្សនកិច្ចមួយទៅកាន់មន្ទីរពេទ្យនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជួយមើលថែទារកមិនគ្រប់ខែ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះកុមារម្នាក់ៗ ។
អែលឌើរ គ្រីស្តូហ្វឺសិន បានថ្លែងថា « កាលយើងបានទៅជួបកុមារដ៏សែនតូចទាំងនេះ និងកុមារធំជាងនេះមួយចំនួនដែលទទួលបានការថែទាំនៅពេទ្យកុមារ អ្នកជំងឺ និងអ្នកម្ដាយទាំងឡាយ យើងមានអារម្មណ៍ថា ជីវិតនីមួយៗពិតជាមានតម្លៃខ្លាំងណាស់ ។ មនុស្សគ្រប់គ្នាគឺពិសិដ្ឋ ។ មនុស្សម្នាក់ៗគឺជាបុត្ររបស់ព្រះ » ។ « យ៉ាងហោចណាស់សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅមួយថា ការណ៍ទាំងនេះជាក់ស្ដែងខ្លាំងណាស់ នៅពេលខ្ញុំឃើញជីវិតតោងជាប់នឹងតុល្យភាពនេះ និងជីវិតកុមារដែលផុយស្រួយ និងការថែទាំដ៏ស្រទន់ដែលបានផ្ដល់ឲ្យ » ។
ខណៈនៅប្រទេសហ្វីលីពីន អែលឌើរ នែល អិល អាន់ឌើរសិន បានទូន្មានអំពីការអភ័យទោសឲ្យនរណាម្នាក់ ៖ « ពេលយើងអភ័យទោស បងប្អូនមិនអនុញ្ញាតឲ្យវាមានឥទ្ធិពលអាក្រក់លើដួងចិត្តរបស់បងប្អូនផ្ទាល់ឡើយ ។ បងប្អូនព្យាយាមផ្ចង់គំនិតរបស់បងប្អូនលើរបៀបដែលព្រះអង្គសង្គ្រោះនឹងមានព្រះតំរិះ ។ ទ្រង់មានអ្វីជាច្រើនដែលប្រឆាំងនឹងទ្រង់ ។ ប៉ុន្ដែកាលទ្រង់នៅលើឈើឆ្កាង តើទ្រង់បានមានបន្ទូលយ៉ាងដូចម្ដេច ? ‹ ព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ › ហើយនោះគឺជាអ្វីដែលបងប្អូនត្រូវនិយាយ » ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន បានរំឭកអ្នកទាំងឡាយដែលបានរងទុក្ខដោយសារភ្លើងឆេះព្រៃ ដែលបានបណ្ដាលឲ្យមនុស្សស្លាប់នៅលើកោះមោអ៊ីថា ព្រះនឹងគង់នៅជាមួយពួកគេ ។
អែលឌើរ រ៉ាសបាន បានមានប្រសាសន៍ថា « រឿងល្អៗកើតមកពីព្រះយេស៊ូវគ្រីស្ទ » ។ « ខ្ញុំអធិស្ឋានថា ទ្រង់នឹងបង្វែរផេះទៅជាសម្រស់សម្រាប់បងប្អូនវិញ ។ ខ្ញុំដឹងថា ព្រះអម្ចាស់ស្រឡាញ់បងប្អូន ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូន ។ គ្មាននរណាម្នាក់នៅទីនេះត្រូវមានអារម្មណ៍ឯកោនោះឡើយ ។ យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះវរមាតាបិតាសួគ៌ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ជាសង្ឃជាន់ខ្ពស់នៃរឿងល្អៗដែលនឹងកើតឡើង » ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានបង្រៀនអ្នកកាសែតនៅប្រទេសកេនយ៉ាអំពីអត្ថន័យនៃពួកសាវក ។ លោកបានថ្លែងថា « ប្រសិនបើមនុស្សស្គាល់គ្រិស្ដសាសនា នោះពួកគេនឹងស្គាល់ពួកសាវក » ។ « ដូចគ្នាដែរ យើងត្រូវបានហៅឲ្យទៅកាន់ជាតិសាសន៍ទាំងឡាយនៃពិភពលោកនេះ ហើយថ្លែងសាក្សីអំពីភាពជាព្រះនៃព្រះបុត្រព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះដែលមានព្រះជន្មរស់ » ។
នៅក្នុងប្រទេសកម្ពុជា អែលឌើរ ឌែល ជី រិនឡាន់ ក្លាយជាថា្នក់ដឹកនាំសាសនាចក្រដំបូងគេបង្អស់ ដែលបានទៅជួបជាមួយនាយករដ្ឋមន្ដ្រីនៃប្រទេសនេះ ។ សាវករូបនេះបានប្រាប់ថា្នក់ដឹកនាំប្រទេសនេះថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទកំពុងបរិច្ចាគប្រាក់ជិត ២.២ លានដុល្លារដើម្បីសាងសង់មន្ទីរពេទ្យបេះដូងនៅខេត្តសៀមរាប ( ចម្ងាយ ៣១៨ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីភ្នំពេញ ) ។ គោលបំណងគឺដើម្បីផ្ដល់ការថែទាំសុខភាពឲ្យបានកាន់តែប្រសើរដល់ខេត្តនានានៅក្នុងប្រទេសកម្ពុជា ។ ការណ៍នេះនឹងផ្ដល់ពរជ័យដល់ប្រជាជន ដូចជាឪពុកមារបស់នាយករដ្ឋមន្ដ្រីផ្ទាល់ជាដើម ដែលបានស្លាប់នៅក្នុងខេត្តមួយទៀត ដោយសារជំងឺធ្ងន់ធ្ងរទាក់ទងនឹងបេះដូង ។
នៅប្រទេសប្រេស៊ីល អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បានលួងលោមអ្នកទាំងឡាយដែលបានរងទុក្ខដោយសារទឹកជំនន់ដ៏ហិនហោចនៅទីក្រុង ផរតូ អាល់ឡេហ្គ្រេ ។ អែលឌើរ ហ្គង បានមានប្រសាសន៍ថា « មន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់បានទទួលស្វាគមន៍ពួកយើង ហើយពួកលោកថ្លែងអំណរគុណជាខ្លាំងចំពោះសហប្រតិបត្តិការដ៏អស្ចារ្យក្នុងនាមជាអ្នកជិតខាង និងមិត្តភក្ដិ និងសមាជិកសហគមន៍ ក្នុងនាមជាបងប្អូនប្រុសស្រីនឹងសមាជិកសាសនាចក្ររបស់យើង និងថ្នាកដឹកនាំសាសនាចក្ររបស់យើង » ។ « វាមានភាពស្រទន់ និងពិសិដ្ឋណាស់ ដែលត្រូវបានរំឭកថា នៅគ្រាដ៏ពិបាកខ្លាំងបំផុត យើងមិនដែលឯកោឡើយ ។ នៅគ្រាដ៏ពិបាកខ្លាំងបំផុត ព្រះអម្ចាស់គង់នៅជាមួយយើង ទ្រង់ជួយយើង ទ្រង់ប្រទានពរជ័យដល់យើង — ហើយយើងធ្វើការណ៍នេះរួមគ្នា ។ វាគឺជាផ្នែកមួយនៃកម្មសិទ្ធិក្នុងសេចក្ដីសញ្ញា » ។
នៅប្រទេសអេស្ប៉ាញ អែលឌើរ អូលីសេស សូរ៉េស បានលើកទឹកចិត្តដល់អ្នករួចផុតពីទឹកជំនន់នៅទីក្រុងវ៉ាលេនសៀ ឲ្យទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។ លោកបានថ្លែងថា « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ពួកយើងស្រឡាញ់បងប្អូនយ៉ាងខ្លាំង ហើយយើងចង់នៅជិតបងប្អូន ។ នេះគឺជាមូលហេតុដែលយើងមកទីនេះ ។ ខ្ញុំសង្ឃឹមថា បងប្អូនអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើងសម្រាប់បងប្អូន ក៏ដូចជាសេចក្ដីស្រឡាញ់របស់ពួកយើងផងដែរ » ។
អែលឌើរ ផាទ្រីក ខៀរ៉ុន បានធ្វើការងារបម្រើនៅ រដ្ឋផ្លរីដា ប្រទេសលីបេរីយ៉ា ប្រទេសនីហ្សេរីយ៉ា ប្រទេសហ្វីលីពីន និងនៅកន្លែងផ្សេងទៀត ។ នៅដើមឆ្នាំនេះ សាវកថ្មីបំផុតរូបនេះ ( ដែលត្រូវបានហៅនៅខែធ្នូ ឆ្នាំ២០២៣ ) បានចំណាយពេលបីម៉ោងក្នុងពេលមួយថ្ងៃនិយាយទៅកាន់សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ ។ លោកបានចែកចាយសារលិខិតនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹម ។
អែលឌើរ ខៀរ៉ុន បានមានប្រសាសន៍ថា « ចំពោះមនុស្សគ្រប់រូបដែលកំពុងឈឺចាប់ មានអារម្មណ៍ឯកោ មានអារម្មណ៍ថាគេបំភ្លេចបងប្អូន មានអារម្មណ៍ថាគេមិនខ្វល់ពីបងប្អូន ឬប្រព្រឹត្តខុសដាក់បងប្អូន ខ្ញុំអធិស្ឋានថា បងប្អូននឹងរកឃើញសេចក្ដីសុខសាន្ដមកពីប្រភពនៃគ្រប់ទាំងសេចក្ដីសុខសាន្ដ [ និង ] មកពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតារបស់បងប្អូនដែលគង់នៅស្ថានសួគ៌ ដែលស្រឡាញ់បងប្អូន មិនថាបងប្អូនជឿឬអត់នោះទេ » ។ « ព្រះរាជបុត្រារបស់ទ្រង់ ដែលជាព្រអង្គសង្គ្រោះរបស់យើង នឹងដាក់រឿងទាំងអស់នេះឲ្យត្រូវសម្រាប់បងប្អូនវិញ — ហើយខ្ញុំសង្ឃឹមថាក្នុងពេលឆាប់ៗនេះ ។ ប៉ុន្ដែវាពិតប្រាកដ នៅទីបញ្ចប់ ។ នេះគឺជាបំណងប្រាថ្នារបស់ខ្ញុំ ។ ហើយវាក៏ជាការសន្យារបស់ខ្ញុំជំនួសទ្រង់ផងដែរ » ។
នៅប្រទេសកូស្ដារីកា ប្រធានសមាគមសង្គ្រោះទូទៅ ខាំមៀល អិន ចនសុន បានផ្គត់ផ្គង់អាហារថ្ងៃត្រង់ដល់អស់អ្នកដែលទ័លក្រ ។ គាត់បានមានប្រសាសន៍ថា « ខ្ញុំពិបាកនឹងពណ៌នាជាពាក្យសម្ដីអំពីអារម្មណ៍របស់ខ្ញុំណាស់ » ។ « ខ្ញុំពិតជាមានអារម្មណ៍ថា យើងបានធ្វើអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងធ្វើ ដើម្បីផ្ដល់ពរជ័យដល់ក្រុមគ្រួសារទាំងនេះឲ្យទទួលបានអាហារ » ។
ប្រធានយុវនារីទូទៅ អេមីលី បេលី ហ្វ្រីមែន បានទៅធ្វើទស្សនកិច្ចនៅទីតាំងសប្បុរសធម៌នៅអឺរ៉ុបភាគខាងជើង រួមមានផ្ទះ រ៉ូណល ម៉ាក់ដូណល នៅទីក្រុងឌុយប្លាំងផងដែរ ។ គាត់បានថ្លែងថា « ផ្នែកមួយនៃកិច្ចការដ៏អស្ចារ្យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការផ្ដល់ការសង្គ្រោះ » ។ « ការថែទាំដល់បុត្រាបុត្រីរបស់ព្រះទាំងអស់គឺជារឿងដ៏អស្ចារ្យមួយ » ។
ប្រធានអង្គការបឋមសិក្សាទូទៅ ស៊ូសាន អេច ផតធើរ បានផ្ដល់ការងារបម្រើនៅតំបន់ការីប៊ិកជាមួយនឹងសារលិខិតនៃសេចក្ដីស្រឡាញ់ និងសាមគ្គីភាព ។ គាត់បានថ្លែងថា ព្រះបំផុសគំនិតយើងឲ្យជួយដល់មនុស្សដទៃ ។ គាត់បានលើកទឹកចិត្តពួកបរិសុទ្ធឲ្យប្រឈមមុខនឹងទុក្ខលំបាករបស់ពួកគេ ដោយការយកចិត្តទុកដាក់លើអ្វីៗដែលកើតឡើងនៅក្រៅខ្លួនពួកគេ ហើយរំឭកពួកគេថា ព្រះវរបិតាសួគ៌តែងស្ម័គ្រព្រះទ័យឆ្លើយតបនឹងការអធិស្ឋានជានិច្ច ។