មុនការរៀបចំនៃកិច្ចប្រជុំថ្នាក់ដឹកនាំសន្និសីទទូទៅ ( ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ) គណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រកាសពីការកែសម្រួលកាលវិភាគការប្រជុំថ្នាក់រៀននៅថ្ងៃអាទិត្យនាពេលខាងមុខ ដើម្បីគាំទ្រដល់សមាជិកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។ ការកែសម្រួលទាំងនេះនឹងពង្រឹងដល់ការរៀនសូត្រដំណឹងល្អនៅឯគេហដ្ឋាន និងនៅក្នុងក្រុមជំនុំទាំងឡាយនៅទូទាំងពិភពលោក ។ សូមមើលលិខិតផ្លូវការមកពីគណៈប្រធានទីមួយ ។
នៅខែមករា ឆ្នាំ២០១៩ សាសនាចក្របានអនុវត្តកាលវិភាគថ្ងៃអាទិត្យរយៈពេលពីរម៉ោង ដើម្បីផ្តល់ឱកាសកាន់តែច្រើនឲ្យបុគ្គលម្នាក់ៗ និងក្រុមគ្រួសារសិក្សាដំណឹងល្អដែលផ្តោតលើគេហដ្ឋាន ។ សមាជិកនៅទូទាំងពិភពលោកបានទទួលយកការផ្លាស់ប្ដូរទាំងនេះដោយសេចក្ដីជំនឿ និងភាពរីករាយ ។ ការកែសម្រួលបន្ថែមទៀតនឹងត្រូវបានណែនាំ ដើម្បីបង្កើនការសិក្សា មិត្តភាព និងការថ្វាយបង្គំឲ្យបានប្រសើរ ។
ការប្រជុំសាលាថ្ងៃអាទិត្យ និងការប្រជុំកូរ៉ុម និងថ្នាក់រៀនរៀងរាល់សប្តាហ៍
កាលវិភាគប្រចាំសប្តាហ៍ឆ្លាស់វេនគ្នាសម្រាប់សាលាថ្ងៃអាទិត្យ និងការប្រជុំកូរ៉ុម ឬថ្នាក់រៀននឹងត្រូវបានជំនួស ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្រោមកាលវិភាគដែលបានធ្វើបច្ចុប្បន្នភាព ៖
- ការប្រជុំសាលាថ្ងៃអាទិត្យ សមាគមសង្គ្រោះ កូរ៉ុមអែលឌើរ ក្រុមយុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុន នឹងធ្វើឡើងរៀងរាល់សប្តាហ៍ ។
- ការប្រជុំសាក្រាម៉ង់នឹងបន្តមានរយៈពេល៦០នាទីដដែល បន្ទាប់មកមានពេលខ្លីដើម្បីប្តូរទៅថ្នាក់រៀន ។
- រាល់ការប្រជុំសាលាថ្ងៃអាទិត្យ និងការប្រជុំកូរ៉ុម និងថ្នាក់រៀននឹងមានរយៈពេល២៥នាទី ។
- អង្គការបឋមសិក្សានឹងបន្ដមានរៀងរាល់ថ្ងៃអាទិត្យ ហើយនឹងមានរយៈពេល៥៥នាទី ខណៈដែលមជ្ឈិមវ័យ និងយុវវ័យចូលរៀនថ្នាក់រៀងៗខ្លួន ។
- ក្នុងករណីដែលកាលៈទេសៈក្នុងមូលដ្ឋានមានការចាំបាច់ នោះអង្គភាពអាចចាប់ផ្តើមដោយការប្រជុំអង្គការបឋមសិក្សា ការប្រជុំកូរ៉ុម និងថ្នាក់រៀនមុន ហើយបញ្ចប់ដោយការប្រជុំសាក្រាម៉ង់ ។
DOWNLOADប្រធាន ផល វី ចនសុន ដែលជាប្រធានសាលាថ្ងៃអាទិត្យទូទៅបានមានប្រសាសន៍ថា « ការជួបជុំគ្នារៀងរាល់សប្តាហ៍នៅក្នុងថ្នាក់នីមួយៗជួយពង្រឹងការរៀនសូត្រដំណឹងល្អ តាមរយៈការភ្ជាប់ចំណេះដឹងនេះទៅនឹងការសិក្សាផ្ទាល់ខ្លួន និងការសិក្សាជាលក្ខណៈគ្រួសារឲ្យកាន់តែជិតស្និទ្ធ ។ វាក៏ជួយបង្កើនការគាំទ្រខាងវិញ្ញាណ ដែលសមាជិកនឹងទទួលបានផងដែរ ។ ថ្វីបើកាលវិភាគមើលទៅខុសពីមុនក្ដី តែបរិមាណពេលវេលាដែលចំណាយក្នុងការរៀនសូត្រជាមួយគ្នានៅតែដដែល » ។
ការសម្របតាមសៀវភៅ « ចូរមកតាមខ្ញុំ »
គ្រប់ក្រុមអាយុទាំងអស់នឹងបន្តចូលរួមក្នុងមេរៀន « ចូរមកតាមខ្ញុំ » ដែលគាំទ្រដល់ការសិក្សានៅឯគេហដ្ឋានដោយផ្ទាល់ ។ ថ្នាក់រៀនរៀងរាល់សប្តាហ៍នឹងផ្តល់ឱកាសជាប់លាប់ដើម្បីរៀនសូត្រជាមួយគ្នា ចែកចាយបទពិសោធន៍ និងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការរស់នៅតាមគោលការណ៍ដំណឹងល្អ ។
ថ្នាក់សាលាថ្ងៃអាទិត្យនឹងបន្តប្រើសៀវភៅ « ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ » ។
កម្មវិធីសិក្សាសម្រាប់យុវវ័យ ៖ « ដើម្បីកម្លាំងនៃយុវជន »
ឥឡូវនេះសៀវភៅ « ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស » ដែលបានធ្វើបច្ចុប្បន្នភាព—មាននៅក្នុងបណ្ណាល័យដំណឹងល្អហើយ—វាមាន១២ជំពូក ដែលស្របនឹងការសិក្សាប្រចាំខែ ។ ច្បាប់បោះពុម្ពកំពុងដឹកជញ្ជូនទៅកាន់អង្គភាពនានា ហើយថ្នាក់ដឹកនាំក្នុងមូលដ្ឋានមិនចាំបាច់បញ្ជាទិញទេ ។
សៀវភៅណែនាំនេះនឹងក្លាយជាកម្មវិធីសិក្សាសម្រាប់ថ្នាក់យុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុន ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។ ខ្លឹមសារគាំទ្របន្ថែមទៀតនឹងផ្តល់ជូនតាមរយៈទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ចាប់ផ្តើមពីច្បាប់ខែកញ្ញា ឆ្នាំ២០២៦ទៅ ។
ប្រធាន ធីម៉ូថេ អិល ហ្វាណេស ដែលជាប្រធានយុវជនទូទៅ បានមានប្រសាសន៍ថា « ព្យាការីដែលនៅរស់បានផ្ដល់សៀវភៅណែនាំ ដ.ក.យ. នេះឲ្យយើង ។ វាសាមញ្ញ ប៉ុន្តែវាមានអានុភាពខ្លាំង ។ វានឹងជួយយុវជន និងយុវនារីឲ្យផ្តោតលើព្រះគ្រីស្ទ ស្គាល់គោលលទ្ធិរបស់ទ្រង់ និងស្តាប់តាមព្រះវិញ្ញាណ ។ សៀវភៅណែនាំនេះនឹងជួយយុវវ័យឲ្យដើរដោយទំនុកចិត្ត ពឹងផ្អែកលើព្រះចេស្ដារបស់ទ្រង់ និងឆ្ពោះទៅមុខដោយមានសេចក្តីសង្ឃឹមនៅក្នុងពិភពលោកដ៏លំបាក ។ ខ្ញុំឃើញថា សេចក្ដីណែនាំនេះជាផ្នែកមួយដ៏មានប្រយោជន៍ក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ខ្ញុំ » ។
លទ្ធផលដែលចង់បានសម្រាប់យុវវ័យដែលសិក្សាសៀវភៅណែនាំនេះគឺថា ពួកគេនឹង ៖
- ក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ដោយមានការយល់ដឹងដ៏មុតមាំអំពីដំណឹងល្អរបស់ទ្រង់ ។
- ត្រៀមខ្លួនសម្រាប់អំណោយទានពិសិដ្ឋ ដោយមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីពិធីបរិសុទ្ធនៃបព្វជិតភាព និងសេចក្ដីសន្យានៃសេចក្តីសញ្ញា ។
- ត្រៀមខ្លួនសម្រាប់បេសកកម្ម ដោយមានបំណងប្រាថ្នាចង់បម្រើព្រះអម្ចាស់ ។
- ផ្តោតលើគ្រួសារនាពេលអនាគតរបស់ពួកគេ ដោយមានការយល់ដឹងថា អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានតែងតាំងឡើងដោយព្រះ ហើយថាគ្រួសារគឺជាចំណុចកណ្តាលនៃផែនការរបស់ព្រះវរបិតា ។
- ដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់ពួកគេ ។
យើងលើកទឹកចិត្តឲ្យយុវនារី យុវជន ឪពុកម្តាយ និងថ្នាក់ដឹកនាំរបស់ពួកគេជាវទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ជាប្រចាំសម្រាប់គ្រួសាររបស់ពួកគេដោយឥតគិតថ្លៃ ។ អស់អ្នកដែលចង់ទទួលបានទស្សនាវដ្តីបន្ថែមទៀត អាចទិញទស្សនាវដ្ដីច្បាប់ថ្មីៗបាននៅលើគេហទំព័រ Store.ChurchofJesusChrist.org ឬនៅហាងលក់រាយ ។ អ្នកអាចចូលមើលច្បាប់ថ្មីៗ និងច្បាប់ពីមុនៗជាទម្រង់ឌីជីថលបាននៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ប្រសិនបើសមាជិកត្រូវការជំនួយជាមួយនឹងការជាវជាប្រចាំ នោះពួកគេអាចទាក់ទងទៅអ្នកតំណាងទស្សនាវដ្តីក្នុងមូលដ្ឋាន ឬស្មៀនវួដរបស់ពួកគេ ។
DOWNLOADសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ
ការប្រជុំសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើររៀងរាល់សប្ដាហ៍ នឹងបន្ដផ្ដោតលើសារលិខិតមកពីសន្និសីទទូទៅថ្មីបំផុត ។ ការពិភាក្សាទាំងនេះសង្កត់ធ្ងន់លើការយល់ដឹងពីការបង្រៀនរបស់ព្យាការី និងការអនុវត្តការបង្រៀនទាំងនោះនៅក្នុងជីវិតប្រចាំថ្ងៃ ។
ប្រធាន ខាំមៀល អិន ចនសុន ដែលជាប្រធានសមាគមសង្គ្រោះទូទៅបានមានប្រសាសន៍ថា « មានកម្លាំងបន្ថែមទៀតដែលនឹងកើតមាន នៅពេលយើងជួបគ្នារៀងរាល់សប្តាហ៍ដើម្បីប្រឹក្សា រៀនសូត្រ និងគាំទ្រគ្នាទៅវិញទៅមក ។ នៅពេលយើងជួបជុំគ្នានៅក្នុងព្រះនាមរបស់ទ្រង់ នោះព្រះវិញ្ញាណនឹងគង់នៅទីនោះដើម្បីបង្រៀនយើង ទីបន្ទាល់ត្រូវបានពង្រឹង ហើយយើងលើកស្ទួយគ្នាទៅវិញទៅមកក្នុងភាពជាសិស្ស ។ ពេលវេលាប្រចាំសប្តាហ៍សម្រាប់ការភ្ជាប់ទំនាក់ទំនងនេះ នឹងជួយយើងឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ហើយកាន់តែជិតដិតនឹងគ្នា ។ យើងរកឃើញអំណរក្នុងការដើរលើផ្លូវនៃសេចក្តីសញ្ញាជាមួយគ្នា » ។
DOWNLOADពង្រឹងការថ្វាយបង្គំនៅក្នុងការប្រជុំសាក្រាម៉ង់
ខណៈដែលរយៈពេលនៃការប្រជុំសាក្រាម៉ង់នៅតែដដែល នោះថ្នាក់ដឹកនាំត្រូវបានលើកទឹកចិត្តឲ្យពិចារណាដោយចេតនាអំពីរបៀបពង្រឹងគុណភាពនៃការថ្វាយបង្គំ និងជួយឲ្យការប្រជុំសាក្រាម៉ង់ក្លាយជាចំណុចកាន់តែសំខាន់នៅក្នុងជីវិតរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សមាជិកត្រូវបានអញ្ជើញឲ្យស្វែងរកវិធីដែលមានអត្ថន័យ ដើម្បីបង្កើនបទពិសោធន៍ថ្វាយបង្គំរបស់ពួកគេ ។ ការប្រជុំសាក្រាម៉ង់គឺជាពេលវេលានៃអំណរ គារវភាព និងការរួបរួមដ៏កក់ក្ដៅ ដែលផ្តោតលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
ថ្ងៃអាទិត្យសប្តាហ៍ទីប្រាំក្នុងខែសីហា ឆ្នាំ២០២៦ នឹងត្រូវបានចំណាយពេលសម្រាប់ការរៀបចំ និងការពិភាក្សាពីសំណាក់យុវវ័យ ឪពុកម្តាយរបស់ពួកគេ និងថ្នាក់ដឹកនាំរបស់ពួកគេ ។ ការរៀបចំ និងការពិភាក្សាបន្ថែមសម្រាប់សមាជិកនឹងធ្វើឡើងនៅម៉ោងទីពីរ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។ ធនធាន ឯកសារបំពាក់បំប៉ន និងចម្លើយចំពោះសំណួរទូទៅនឹងត្រូវផ្តល់ជូននៅសប្តាហ៍ខាងមុខនេះ ។