byu_dance25_Top-Banner-Picture.jpg
Translation

ក្រុមរបាំ BYU Ballroom ធ្វើឲ្យ​ទស្សនិកជន​រំភើបរីករាយ​នៅក្នុង​
ប្រទេស​កម្ពុជា និងប្រទេសរៀតណាម

ក្រុមរាំនិស្សិតបានផ្សព្វផ្សាយឥទ្ធិពលនៅគ្រប់ទីកន្លែងដែលពួកគេទៅដល់ក្នុងតំបន់អាស៊ីអាគ្នេយ៍

នាល្ងាច​ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ២០២៥ នៅសាល​មហោស្រព កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ទស្សនិជន​គ្រប់វ័យ​ជាង ២,០០០ នាក់​​មាន​សេចក្តីរំភើប​រីករាយ ហើយ​បានជាប់ចិត្ត​នឹង​ក្រុមសម្តែង Ballroom Dance មកពី​សាកល​វិទ្យាល័យ ព្រិកហំា យ៉ង់ ( ប៊ី.វ៉ាយ.យូ ) ។ នាឱកាស​ដ៏​ពិសេស​នេះ សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បាន​ផ្តល់​មហា​កិត្តយស​យាងអញ្ជើញ​ចូលរួម ។

មាន​សមាជិកព្រះ​ញាតិវង្សានុវង្ស​ជាច្រើន​ព្រះអង្គ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់រួមមាន ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី​ក្រសួងធម្មការ និង​សាសនា លោកជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី ព្រមទាំង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ក្នុង​សហគមន៍​ជាច្រើន​រូបទៀត ក៏​បាន​អញ្ជើញ​ចូលរួម​ទស្សនា​ផងដែរ ។

ការសម្តែង​ដែល​មាន​រយៈពេល ៩០ នាទី​របស់​សាកល​វិទ្យាល័យ ប៊ី.វ៉ាយ.យូ. ​ក្រោម​ចំណងជើង​ថា « Rhythm » បាន​ធ្វើ​ឲ្យ​មហោស្រព​ទាំងមូល​ឮសូរកងរំពង ជាមួយនឹង​ការបង្ហាញ​បច្ចេកទេស​ដ៏​រស់រវើក​នៃ​ស្តង់ដា​របាំ Ballroom Dance និង ឡាតាំង រួមមាន​ចង្វាក់​រាំស្លូ រាំ​តាំងហ្គោ រាំបោះជំហាន​លឿនៗ រាំ​ឆាត់ឆា និងរាំ​សាំបា ។ ​នេះ​មិនត្រឹមតែ​ជា​ការសម្តែង​លើក​ទីមួយ​របស់​ក្រុម​របាំ​នេះ​​នៅក្នុង​ប្រទេស​កម្ពុជាទេ ប៉ុន្តែ​សម្រាប់​ទស្សនិកជន​ជាច្រើន នោះ​ក៏ជា​លើក​ទីមួយ​ដែល​បាន​ស្គាល់​របាំ Ballroom Dance ។

អែលឌើរ អេង ប៊ុនហួច ជាក្រុម​ចិតសិបនាក់​ប្រចាំ​ប្រទេស​កម្ពុជា ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ជា​សាសនាចក្រ​ដែលបានឧបត្ថម្ភ​ដល់ ប៊ី.វ៉ាយ.យូ. បាន​កត់សម្គាល់​ឃើញ​ថា « របាំនេះ​ទាំង​មាន​ភាព​ថ្លៃថ្នូរ និង​ពោរពេញ​ដោយ​ថាមពល ។ យើងមាន​អំណរគុណ​ចំពោះ​ក្រុម​រាំ​និស្សិត​ទាំងនេះ ដែល​បាន​ធ្វើដំណើរ​យ៉ាងឆ្ងាយ​ដើម្បី​ចែកចាយ​ទេពកោសល្យ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​យើង​សង្ឃឹម​ដោយ​អស់​ពីចិត្ត​ថា ពួកគេ​នឹង​ត្រឡប់​មកវិញ​ម្តង​ទៀត ! »

ព្រឹត្តិការណ៍​ដែល​បាន​រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ ប៊ី.វ៉ាយ.យូ. និង​សាសនាចក្រ​នេះ ក៏​មាន​វត្តមាន​របស់​សាលា​របាំ​ព្រះនាង​បុប្ផាទេវី និង​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ចូលរួម​សម្តែង​ចែកចាយ​ទេពកោសល្យ​គ្នា នៅពេល​ចាប់ផ្ដើម​ការសម្តែង​ផងដែរ ។ ក្រុម​ទាំងបី​នេះ​បាន​ជួប​គ្នា​មួយ​ថ្ងៃ​មុន​នៅឯ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា និង​ក្នុង​ការហាត់សម ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាមរយៈ​ការផ្លាស់ប្តូរ​ការសម្តែង​របាំ Ballroom Dance និង​របាំ​ប្រពៃណី​ខ្មែរ ។

ឯឧត្តម អ៊ិត វិចិត្រ ជា​ថ្នាក់ដឹកនាំ​ប្រឹក្សា​ផ្នែក​អាជីវកម្ម​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ ហើយ​រូប​លោក​ក៏​បានជួយ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ផងដែរ បាន​មាន​ប្រសាសន៍​ថា « [ គោលបំណង​ដែល​នាំ​ពួកគេ​ឲ្យ​ជួប​គ្នា ] គឺ​ដើម្បី​គាំទ្រ​លើ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ស្នាដៃ​នៃ​សិល្បៈ​កម្រិត​អន្តរជាតិ ទន្ទឹម​នឹង​នោះ​ក៏​បានផ្តល់​នូវ​ការលើកទឹកចិត្ត​ជំរុញ​ដល់​សិល្បៈករ​ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា​ផងដែរ » ។

លោក ឃឺត ហូលមេន ជានាយក​ក្រុមសម្តែង​សិល្បៈ បានមាន​ប្រសាសន៍ថា « បទពិសោធន៍​បែប​នេះ​ហើយ​ដែល​យើង​ចង់​រស់នៅ​មើលឃើញ » ។

វា​មិន​ត្រឹមតែ​ជា​ការផ្លាស់ប្តូរ​ទេពកោសល្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការចែករំលែក​នូវ​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​ពួកយើង​ផងដែរ ។ ក្រុម​របាំ​ប្រពៃណី​បាន​បង្រៀន​យើង​អំពី​ក្បាច់​រាំ​នានា​ដែល​បាន​បន្ត​ជាច្រើន​ជំនាន់ ហើយ​យើង​បាន​ចែករំលែក​ចង្វាក់រាំ​ផ្ទាល់ខ្លួន​ខ្លះ​ជាមួយ​ពួកគេ​វិញ ។ យើង​ពុំ​ត្រូវការ​អ្នកបកប្រែទេ—យើង​គ្រាន់តែ​ស្តាប់​ភ្លេង ក្បាច់រាំ និង​បំណង​ប្រាថ្នា​ពិតប្រាកដ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​គ្នាប៉ុណ្ណោះ » ។

នៅពេល​លោក​ខាងលិច​ជួបនឹង​លោក​ខាងកើត នោះ​ការសម្តែង​របស់​ពួកគេ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ស្ញប់ស្ញែង​យ៉ាងខ្លាំង ។

byu_dance25_Inline-Media_Group-Picture.jpgDOWNLOAD

ចាប់តាំង​ពី​ការបង្កើតឡើង​ក្នុងឆ្នាំ​១៩៦០ ក្រុមសម្តែង Ballroom Dance ប៊ី.វ៉ាយ.យូ. បានសម្តែង​ជូន​ទស្សនិកជន​
ទស្សនា​រាប់​លាន​នាក់ នៅក្នុង​ប្រទេស​ជាង ៣៥ ប្រទេស ។ ក្រុមរបាំ​នេះ​គឺជា​ក្រុម​សិល្បៈ​សម្តែង​ដ៏​ល្បីល្បាញ​លំដាប់​អន្តរជាតិ ដែល​បានឈ្នះ​ពាន់រង្វាន់​ជើងឯក​នៅ​សហរដ្ឋអាមេរិក និង​អង់គ្លេស ។

ក្រុមអ្នករបាំ​​ទាំង ៣២ រូប​នេះ​ជានិស្សិត​រៀន​ពេញ​ម៉ោង ហើយ​បើនិយាយទៅ ពួកគេ​គឺជា​អ្នក​ដែល​ស្ម័គ្រចិត្ត ប៉ុន្តែ​ពួកគេ​បាន​ទទួល​បាន​កេរ្តិ៍ឈ្មោះ​សម្រាប់​ភាពឥតខ្ចោះ និង​សិល្បៈ ដែល​បានជំរុញ​ឲ្យ​លោក ប្រាយអិន ម៊េកដូណល ជា​ប្រធាន​ក្រុម​ប្រឹក្សា​របាំជាតិ​របស់​អាមេរិក ហៅ​ក្រុមរបាំ Ballroom Dance ​នេះ​ថា « កំណប់​ដ៏​អស្ចារ្យ​បំផុត​របស់​ពិភពលោក » ។

ដូច្នេះ​ វា​មិនមែន​ជា​ការភ្ញាក់ផ្អើល​ទេ ដែល​ក្រុមរាំ​និស្សិត​ទាំង​នោះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្តែង​ថ្វាយព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) និង​ម្ចាស់ក្សត្រី សុធីតា (Suthida) និង​ភ្ញៀវកិត្តយស​ផ្សេង​ទៀត​ទស្សនា​នៅ ទីក្រុងបាំងកក ដែល​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុន​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ។

ក្រៅពី​ការសម្តែង​នៅលើ​វេទិកា​ដ៏​ធំ​ដែល​មាន​វត្តមាន​របស់​ព្រះញាតិវង្សានុវង្ស នោះ​ក្រុម​រាំនិស្សិត​ទាំងនេះ​ក៏​បានធ្វើ​ការសម្តែង​នៅ​សាលា​អន្តរជាតិ ហ្សាយអិន ភ្នំពេញ​ផងដែរ ហើយ​បានបង្រៀន​រាំ​ដល់​សិស្សានុសិស្ស​វ័យជំទង់​ជាង ២០០ នាក់​ផងដែរ ។ ជាថ្មី​ម្តងទៀត​នៅខេត្ត​សៀម​រាប ពួកគេ​ក៏បាន​ផ្ដល់​ការងារបម្រើ​ដល់​សមាជិក និង​មិត្តភក្កិ​របស់​សាសនាចក្រ​ជាង ២០០ នាក់​នៅក្នុង​សាលាជំនុំ​តូចមួយ តាមរយៈ​ការសម្តែង​របស់​ពួកគេ ។ បន្ទាប់​ពីការសម្តែង​នៅប្រទេស​កម្ពុជា ពួកគេ​បាន​បន្ត​សម្តែង​នៅ​ទីក្រុងហូជីមិញ និង​ទីក្រុងហាន់ណូយ នៅទីនោះ​ពួកគេ​ផ្តល់​ការកម្សាន្ត​ជូន​ទស្សនិកជន​សរុប​ប្រមាណ​ជា ១៤០០​នាក់ ។ មាន​មន្រ្តីរាជការ និង​ក្រុម​គ្រួសារ​របស់​ពួកលោក​ជាច្រើន​បាន​មក​អមដំណើរ​ជាមួយ​ដើម្បី​ធ្វើការ​គាំទ្រ ។

ក្រុម​របាំ​ដ៏​ជំនាញ​ទាំងនេះ​ជាទូទៅ​មិន​បាន​ឃើញ​វេទិកា​សម្តែង​របស់​ពួកគេ​រហូត​ដល់​ថ្ងៃ​ដែល​ព្រឹត្តិការណ៍​នេះ​មកដល់ ប៉ុន្តែ​ពួកគេ​ចេះ​បត់បែន ហើយ​អាច​កែតម្រូវ​ការរាំ​របស់​ពួកគេ​ទៅតាម​ទីកន្លែង ឬ​ស្ថានភាព​ដែល​ពួកគេ​
សម្តែង ។ ភាពក្លៀវក្លា និង​សមត្ថភាព​ឆ្លើយតប​យ៉ាង​រហ័សរហួន​នោះ គឺជា​លទ្ធផល​ដែល​បាន​មកពី​ការហាត់រៀន​ជាច្រើន​ឆ្នាំ​នៅ​ខាងក្រោយ​ឆាក ។ មិនថា​ពួកគេ​សម្តែង​នៅ​សាល​មហោស្រព​ដ៏ធំ​នៅក្នុង​ប្រទេស ឬ​នៅក្នុង​ក្រុមតូច​មួយ​នៅ​កន្លែង​ហាត់សម​នោះទេ ពួកគេ​បានប្រឹង​អស់​ពីសមត្ថភាព ។

លោក ចនណាថាន់ ថាំង មកពី​ទីក្រុង​ហូជីមិញ បាន​មាន​ប្រសាសន៍ថា « ខ្ញុំ​បាន​ជាប់ចិត្ត​ដោយ​ការសម្តែង​របស់​ពួកគេ ។ ភរិយា​របស់ខ្ញុំ​បានយំ​មិនឈប់ ហើយ​គាត់​និយាយ​ថា គាត់​ទទួល​​អារម្មណ៍​ដឹង​ពី​ការខិតខំប្រឹងប្រែង​សម្តែង​របស់​ពួកគេ ។

បងស្រី រឿន ធារី មកពី​ខេត្ត​សៀម​រាប បាន​មានប្រសាសន៍ថា « ខ្ញុំ​អស់​កម្លាំង និង​ធុញថប់ពីព្រោះ​តែ​ការងារ និង​បញ្ហា​គ្រួសារ ហើយ​ខ្ញុំ​ស្ទើរ​តែ​មិន​បាន​មក​ចូលរួម​សកម្មភាព​នេះ ប៉ុន្តែ​ខ្ញុំ​រីករាយ​ណាស់​ដែល​ខ្ញុំ​បាន​មក​ចូលរួម ។ ការរាំ​ដ៏​ឥតខ្ចោះ​របស់​ពួកគេ​បក់​ផាត់​កង្វល់​របស់​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ ។ ចាប់តាំង​ពីរបាំ​ទីមួយ​រហូត​របាំ​ចុងបញ្ចប់ ខ្ញុំ​មានអារម្មណ៍​រីករាយ និង​សុខសាន្ត​ណាស់ ! » ។

អែលឌើរ អេង បាន​បន្ថែម​ថា « ពីព្រោះ​តែ​ការសម្តែង​របស់​ពួកគេ មនុស្ស​ចាប់ផ្តើម​ស្គាល់​សាសនាចក្រ​ប្រសើរ​ជាងមុន ទោះបី​ជាក្រុម​សម្តែង​មិនបាន​និយាយ​អំពី​សាសនាចក្រ​នៅក្នុង​ការសម្តែង​នេះ​ក្តី ។ [ វត្តមាន​របស់​ក្រុម​និស្សិត​នេះ ] នាំមក​នូវ​ក្តី​រំភើប​ដល់​យុវវ័យ យុវមជ្ឈិមវ័យ និង​ដល់​ទស្សនិកជន​ទាំងអស់ ។ ទន្ទឹម​នឹង​នោះ​ ពួកគេ​ក៏​បានបញ្ចេញ​ពន្លឺ​នៃ​ភាពសុខសាន្ត មិត្តភាព និង​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា​ផងដែរ » ។

ការ​ស្ដាប់​ឮ​មតិឆ្លើយតប​ទាំងនេះ​ពី​ទស្សនិកជន​ធ្វើ​ឲ្យ​និស្សិត​ទាំងនោះ​មាន​ក្តីរីករាយ​ក្រៃលែង ។ ខារ៉ូលីន ម៉ាន់នី អាយុ​២០ឆ្នាំ សិក្សា​ជំនាញ​ផ្នែក​ទំនាក់ទំនង បាន​និយាយ​ថា « ខ្ញុំរីករាយ​ណាស់​ដែល​ខ្ញុំ​អាច​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជន​ពាសពេញ​ពិភពលោក​តាមរយៈ​ទេពកោសល្យ​រាំ​របស់​យើង ។ វាបាន​នាំមក​នូវ​អត្ថន័យ និង​គោលបំណង​បន្ថែម​នៅក្នុង​ការសម្តែង​របស់យើង ដែល​យើង​មកទីនេះ​មិ​នត្រឹមតែ​ជា​ការផ្ដល់​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ស្ថាបនា​ទំនាក់ទំនង​រវាង​សហគមន៍​ផ្សេងគ្នា » ។

ក្រៅពី​ការសម្តែង​របស់​ពួកគេ ក្រុម​និស្សិត​ទាំងនេះ​ក៏​មាន​ឱកាស​បានចូលរួម​ជាមួយនឹង​វប្បធម៌​ដ៏​សម្បូរ​បែប​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ ។ ពួកគេ​ស្ញប់ស្ញែង​ដោយ​ភាពស្រស់ស្អាត​នៃ​ប្រាសាទ​អង្គរវត្ត​ពី​បុរាណ ហើយ​បាន​ចាប់អារម្មណ៍​ចំពោះ​ទេសភាព​ដ៏​អស្ចារ្យ​នៃ​ឈូង​សមុទ្រ ហៅឡុង ។ បទពិសោធន៍​របស់​ពួកគេ​រួមមាន ការកាន់​សត្វកណ្ដុរ​រាវរក​គ្រាប់មីន​របស់​អង្គការ Apopo នា​ខេត្ត​សៀមរាប ការទស្សនា​ប្រវត្តិសាស្រ្ត​ដ៏​ឈឺចាប់​នៃ​របប​ខែ្មរ​ក្រហម នៅ​សារមន្ទី​ប្រល័យពូជ​សាសន៍​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដំណើរ​រុករក​រូង​ក្រោមដី Cu Chi ក្នុង​ទីក្រុង​ហូជីមិញ ។

បទពិសោធន៍​ទាំងនេះ​ធ្វើ​ឲ្យ​ពួកគេ​មាន​ទស្សន​វិស័យ​ទូលំទូលាយ​អំពី​ពិភពលោក និង​យល់ដឹង​អំពី​ជីវប្រត្តិ​ផ្សេងគ្នា​នៃ​ទស្សនិកជន​របស់​ពួកគេ ។

byu_dance25_0_Inline-Media.jpgDOWNLOAD

ម៉ៃឃល ម័រហ្គេន អាយុ​២៤ឆ្នាំ សិក្សា​ជំនាញ​ផ្នែកវិទ្យាសាស្រ្ត​សេដ្ឋកិច្ច និង​នយោបាយ ដែល​ចូលចិត្ត​ផ្នែក​ប្រវត្តិសាស្រ្ត​ជា​ខ្លាំង បាន​និយាយថា « ការ​មើលឃើញ​កន្លែង​ប្រវត្តិ​សាស្រ្ត​ទាំងនេះ​ដោយ​ផ្ទាល់​ភ្នែក គឺជា​បទពិសោធន៍​ដ៏​
អស្ចារ្យ​ខ្លាំងណាស់ ។ មេរៀន​ដែល​ខ្ញុំ​បានរៀន​នៅក្នុង​សៀវភៅសិក្សា​ប្រែក្លាយ​ជាជីវិត​ពិត ហើយ​ខ្ញុំ​ចូលចិត្ត​រាល់​វិនាទី​នៅ​ទីនេះ » ។”

ខាធីលីន ឡ័សុន អាយុ​២២ឆ្នាំ សិក្សា​ជំនាញ​ផ្នែកសុវត្ថិភាព​បច្ចេកវិទ្យា ដែល​មិន​ធ្លាប់​បាន​ចេញក្រៅ​ពី​សហរដ្ឋ​អាមេរិក​ឡើយ មុន​ដំណើរទស្សនកិច្ច​​នេះ បាន​និយាយ​ថា « ខ្ញុំ​ពេញ​ចិត្ត​ណាស់​ដែល​ដំណើរ​នេះ​បានបង្ហាញ​ដល់​ខ្ញុំ​ជាច្រើន​អំពី​ប្រជាជន និង​វប្បធម៌​ផ្សេងៗ​គ្នា ។ វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​ដែល​បាន​មើលឃើញ​ថា ប្រវត្តិ​សាស្រ្ត​របស់​ប្រទេស​នីមួយៗ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​វប្បធម៌​របស់​ប្រជាជន មិនថា​វាជាការ​ផ្លាស់ប្តូរ​ទីលំនៅ ឬ​សង្គ្រាម​នោះទេ ។ វា​ជា​រឿង​ដ៏​ពិសេសស​ដែល​បាន​នាំយក​ក្តី​រីករាយ​ជូន​ទស្សនិកជន ជាពិសេស​ទៅកាន់​ប្រជាជន​វ័យ​ចំណាស់ ដែល​បាន​ស៊ូទ្រាំ​នឹង​ការលំបាក និង​ការឈឺចាប់​ជាច្រើន » ។

នាយក ហូលមេន បានកត់​សម្គាល់​ឃើញថា បទពិសោធន៍​នេះ​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​និស្សិត​ទាំងនេះ​ជា​រៀងរហូត ហើយ​លោក​សង្ឃឹមថា​សេចក្តី​ស្រឡាញ់​ចំពោះ​របាំ​របស់​ពួកគេ​បាន​ដក់ជាប់​ក្នុង​ដួងចិត្ត និង​ក្នុង​ជីវិត​របស់​ពួកគេ​រហូត​តទៅ ។

កាល​ក្រុម​អ្នករបាំ Ballroom Dance ប៊ី.វ៉ាយ.យូ. បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​នៅ ភីសានុលក ប្រទេស​ថៃ ពួកគេ​នឹង​នៅតែ​បន្ត​ជំរុញ និង​ទទួលបាន​ការបំផុសគំនិត​ជានិច្ច ។