Translation

ខាលលីន ចនសុន អាវរិង ទទួលមរណភាព

គាត់​គឺជា​ភរិយា​របស់​ប្រធាន ហែនរី ប៊ី អាវរិង

ស៊ីស្ទើរ ខាលលីន ចនសុន អាវរិង ជា​ភរិយា​របស់​ប្រធាន ហែនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បានទទួល​មរណភាព​ដោយ​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​អាទិត្យ ទី ១៥ ខែ​តុលា ឆ្នាំ ២០២៣ ដោយ​មាន​ក្រុមគ្រួសារ​នៅ​ក្បែរជុំវិញ​នៅ​ទីក្រុង ប៉ោនទីហ្វុល រដ្ឋ យូថាហ៍ ។ គាត់​មាន​អាយុ ៨២ វស្សា ។

ស៊ីស្ទើរ ខាលលីន បាន​កើតនៅ ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃទី ១១ ខែ​ឧសភា ឆ្នាំ ១៩៤១ ជា​កូន​របស់​លោក ជេ ស៊ីរីល និង​អ្នកស្រី ឡាព្រីលី លីនស៊ី ចនសុន ។ ក្រុមគ្រួសារ និង​មិត្តភក្តិ​ចងចាំ​ទុក​ថា គាត់​ជា​យុវនារី​ម្នាក់ ដែល​ពោរពេញ​ដោយ​ភាពរីករាយ​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ពូកែ​ខាងកីឡា និង​ការសិក្សា ដោយ​បម្រើការ​ជា​ប្រធាន​ក្រុម​កីឡា​វាយ​កូនបាល់​នៅ​វិទ្យាល័យ​របស់​គាត់ ជា​ប្រធាន​ក្រុម​សិស្ស និង​ទទួល​ពានរង្វាន់​សិស្ស​កិត្តិយស ។ បន្ទាប់​ពី​រៀន​នៅ​វិទ្យាល័យ​ស៊ីស្ទើរ ខាលលីន បាន​បន្ត​ការសិក្សា​របស់​គាត់​នៅ​សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា នៅ ប៊ឺកលី ជា​កន្លែង​ដែល​ទីបន្ទាល់​របស់​គាត់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្តេជ្ញាចិត្ត​ចំពោះ​ជំនឿ​របស់​គាត់​កាន់តែ​ស៊ីជម្រៅ ។

នៅ​ឆ្នាំ ១៩៦១ ពេល​ចូល​រៀន​នា​រដូវក្តៅ​នៅ​សាលា​បូស្តុន គាត់​បាន​ចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន​មួយ ដែល​គ្រា​នោះ​ហើយ​ធ្វើ​ឲ្យ​និស្សិត​វ័យក្មេង​នៃ​សាកលវិទ្យាល័យ ហាវឺដ ដែល​មាន​ឈ្មោះ​ហែនរី ប៊ី អាវរិង បាប់​អារម្មណ៍​នឹង​គាត់ ។ ក្រោយមក​លោក​បាន​មាន​ប្រសាសន៍​ថា លោក​ចាប់អារម្មណ៍​ភ្លាមៗ​ចំពោះ​ទង្វើល្អ​របស់​គាត់ ហើយ​នឹកឃើញ​ដល់​គំនិត​ថា « បើ​ខ្ញុំ​អាច​រស់នៅ​ជាមួយ​នាង​បាន ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​ចង់​បាន » ។ ពួកលោក​បាន​ជួប​គ្នា​នៅ​សប្តាហ៍​បន្ទាប់ ក៏​បានចាប់ផ្តើម​ណាត់ជួប ហើយ​ក្រោយមក​បាន​រៀបការ​នៅថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ១៩៦២ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ លូហ្គែន យូថាហ៍ ។

ជីវិត​អាពាហ៍ពិពាហ៍​របស់​ស្វាមី​ភរិយា​វ័យក្មេង​រូប​នេះ​បាន​ចាប់ផ្តើម​នៅ ប៉ាឡូ អាល់តូ ជា​កន្លែង​ដែលប្រធាន ហែនរី សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ធុរកិច្ច នៅ​សាកលវិទ្យាល័យ​ស្ទេនហ្វ័ឌ ។ នៅ​អំឡុង​គ្រា​ដំបូងៗ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកលោក សេចក្តីជំនឿ និង​ការយល់ដឹង​របស់​ស៊ីស្ទើរ ខាលលីន អំពី​បញ្ហា​ខាងវិញ្ញាណ​បានរីកចម្រើន នៅពេល​ដែល​គាត់​បាន​គោរពប្រត្តិបត្តិ និង​ស្វែងរក​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ អូកលែន កាលីហ្វ័រញ៉ា ជា​ប្រចាំ ។ ស៊ីស្ទើរ ខាលលីន និង​ប្រធាន ហែនរី បានចំណាយ​ពេល​ប្រាំបួន​ឆ្នាំ​នៅ ប៉ាឡូ អាល់តូ ហើយ​គ្រួសារ​របស់​ពួកលោក​ក៏​កាន់តែ​មាន​សមាជិក​ច្រើន ដោយ​មាន​កូនប្រុស​ឈ្មោះ ហែនរី, ស្តូត និង ម៉ាធូវ ។

នៅ​ឆ្នាំ ១៩៧០ នៅពេល​ដែល​ស្វាមី​របស់គាត់​បម្រើ​ជា​ប៊ីស្សព និង​រីករាយ​នឹង​ការគ្រប់គ្រង​នៅ ស្ទេនហ្វ័ឌ នោះ ស៊ីស្ទើរ ខាលលីន បាន​លើក​ទឹកចិត្ត​លោក​ឲ្យ​ពិចារណា​ដោយ​អធិស្ឋាន​អំពី​ទិសដៅ​នៃ​អាជីព​របស់លោក ។ ដំបូងឡើយ ទោះជា​លោក​មិន​ពេញចិត្ត​នឹង​យោបល់​នេះ​ក្តី ក៏​លោក​នៅតែ​ធ្វើ​តាម​ដំបូន្មាន​របស់​ភរិយា​ដែរ ហើយ​បាន​ទទួល​ចំណាប់​អារម្មណ៍​ឲ្យ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​បើក​ចិត្តទទួល​យក​ឱកាស​ការងារ​ថ្មី ។ ជិត​មួយ​សប្តាហ៍​ក្រោយមក​ប្រធាន ហែនរី ត្រូវបាន​ផ្ដល់​ឲ្យ​តំណែង​ជា​ប្រធាន​មហាវិទ្យាល័យ រីកស៍ ដែល​ឥឡូវនេះ​ជា​សាកលវិទ្យាល័យ ប៊ី.វាយ.យូ -អៃដាហូ នៅ រ៉េចប៊ើក រដ្ឋ អែដាហូ ហើយ​ដែល​លោក​បាន​ទទួលយក​មុខ​តំណែង​នេះ ។ គ្រួសារ​នេះ​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​ក្នុង​អំឡុងពេល​របស់​ពួកលោក​រស់នៅ​ទីជនបទ​នៃ​រដ្ឋ​អៃដាហូ ហើយ ស៊ីស្ទើរ ខាលលីន និង ប្រធាន​ហែនរី ចូលចិត្ត​ជិះស្គី វាយកូនហ្គោល និង​លេង​កីឡា​វាយ​កូនបាល់—ថែមទាំង​ឈ្នះ​ការប្រកួត​កីឡា​វាយ​កូនបាល់​របស់​មហាវិទ្យាល័យ រីកស៍ ពីរដង​ជាមួយគ្នា​ក្នុង​ឆ្នាំ ១៩៧៥ ទៀត​ផង ។

គ្រួសារ អាវរិង បានផ្លាស់​ទៅ​រដ្ឋ យូថាហ៍ នៅ​ឆ្នាំ ១៩៧៧ នៅពេល​ប្រធាន ហែនរី ត្រូវបាន​តែងតាំង​ជា​អ្នក​តំណាង​ស្តីទី​ផ្នែក​អប់រំ​របស់​សាសនាចក្រ​សម្រាប់​សាសនាចក្រ ។ គ្រួសារ​នេះ​មាន​សមាជិក​កាន់តែ​ច្រើន​ដល់​ប្រាំបី​នាក់​ដោយ​មាន​កូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ ចន និង​កូន​ស្រី​ពីរ​នាក់​ដែល​មាន​ឈ្មោះ​ថា អ៊ីលីហ្សាបែត និង ម៉ារី ។ កិច្ចខិតខំ​ប្រឹងប្រែង​ចម្បង​របស់​ស៊ីស្ទើរ ខាលលីន បាន​បន្ត​គាំទ្រ និង​ផ្តល់​ការប្រឹក្សា​ដល់​ស្វាមី​របស់​គាត់ ហើយ​ផ្តោតលើ​ភាពជាម្តាយ ដែល​ជា​តួនាទី​ដែល​គ្រួសារ​របស់គាត់​និយាយ​ថា គាត់​មាន​ការលះបង់​យ៉ាងធំធេង និង​ចាត់ទុក​ថា ជា​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​គាត់ ។

កូន​ប្រុស​របស់​ប្រធាន ហែនរី ជេ អាវរិង បាន​និយាយ​ថា ៖ « ម៉ែ មាន​ទេពកោសល្យ និង​មហិច្ឆតា​ដ៏​មហិមា » ។ ប៉ុន្តែ​ការព្រួយបារម្ភ​ដ៏​លើសលប់​របស់​គាត់ គឺ​តែងតែ​ផ្ដោតលើ​ការបម្រើ​ព្រះវរបិតាសួគ៌​របស់​យើង និង​បុត្រាបុត្រី​របស់​ទ្រង់​ជានិច្ច » ។

កូនស្រី​របស់​ស៊ីស្ទើរ ខាលលីន អ៊ីលីហ្សាបែត អាវរិង ភីធឺ ចាំ​ពី​ការអធិស្ឋាន​ជាមួយ​ម្តាយ​របស់​នាង​ជា​រៀងរាល់​ថ្ងៃ ពីមុន​នាង​ចេញពី​ផ្ទះ ។ « ការអធិស្ឋាន​ប្រចាំថ្ងៃ​គឺជា​ភស្តុតាង​យ៉ាងច្បាស់​ពី​បំណង​ប្រាថ្នា​របស់គាត់​សម្រាប់​ពួកយើង​ឲ្យ​ប្រាស្រ័យ​ទាក់ទង​នឹង​ស្ថានសួគ៌ ដោយសារ​យើង​កាន់តែ​ធំ មាន​ន័យ​ថា​កូន​ម្នាក់ៗ​ធ្វើ​ការអធិស្ឋាន​រៀងៗ​ខ្លួន » ។

ស៊ីស្ទើរ​ខាលលីន បានបម្រើ​យ៉ាង​ស្មោះត្រង់​ក្នុង​ការទទួលខុសត្រូវ​ជា​ផ្លូវការ​របស់​សាសនាចក្រ​ជាច្រើន បម្រើ​ជា​គ្រូបង្រៀន​សួរសុខទុក្ខ និង​សរសេរ​អត្ថបទ​សម្រាប់​អង្គជំនុំ​របស់​គាត់​អស់ជាច្រើន​ឆ្នាំ ។ ប៉ុន្តែ​ការបម្រើ​អ្នក​ដទៃ​ដោយ​ស្ងប់ស្ងាត់ និង​មិន​សូវ​ផ្លូវការ​របស់​គាត់​ក៏​ធ្វើ​ឲ្យ​មាន​ការចងចាំ​ជាច្រើន​ដែរ ។ កូនប្រុស​របស់​គាត់ ម៉ាធូវ ជេ អាវរិង បាន​គិតពិចារណា​ថា « ការបម្រើ​ដ៏​សំខាន់​បំផុត​របស់​គាត់​គឺ​ការអាណិត​អាសូរ​ដ៏​ស្ងប់ស្ងាត់​ដល់​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ការលំបាក និង​ទុក្ខព្រួយ​ក្នុង​ជីវិត​របស់​ពួកគេ ។ គាត់​តែងតែ​ស្វែងរក ‹ អ្នក › ដែល​គ្មាន​ការគាំទ្រ ហើយ​ជួយ​បុគ្គល​នោះ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​គាត់ និង​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ » ។

ស៊ីស្ទើរ​ខាលលីន គឺជា​អ្នកនិពន្ធ​ដ៏​មាន​ទេពកោសល្យ​ម្នាក់ ហើយ​បាន​ផ្តល់​ការប្រឹក្សា​ផ្នែក​វិចារណកថា​ដល់ប្រធាន ហែនរី នៅក្នុង​អាជីព​របស់​លោក និង​ការបម្រើ​ដល់​សាសនាចក្រ ក្រោយមក​ធ្វើ​ជា​អ្នក​កត់ត្រា​ការប្រជុំ​ប្រចាំខែ​ជាមួយ​នឹង​ភរិយា​របស់​ពួក​អ្នក​មានសិទ្ធិ​អំណាច​ទូទៅ​ដទៃ​ទៀត ។ ស៊ីស្ទើរ​ខាលលីន ក៏​បាន​កត់ត្រា​អនុស្សាវរីយ៍​គ្រួសារ សរសេរ​អត្ថបទ​សម្រាប់​ព្រឹត្តិការណ៍​គ្រួសារ និង​បាន​ជួយ​សហការ​បោះពុម្ព​អត្ថបទ​គ្រួសារ​ប្រចាំខែ​ផងដែរ ។ គាត់​បាន​សរសេរ​ប្រលោមលោក​សម្រាប់​យុវមជ្ឈិមវ័យ ហើយ​បាន​ឈ្នះ​ពានរង្វាន់​ប្រចាំ​រដ្ឋ​សម្រាប់​ផ្នែក​អក្សរសិល្ប៍​យុវមជ្ឈិមវ័យ​ក្នុង​ឆ្នាំ ១៩៧៩ ។

ប្រធាន​ហែនរី ប៊ី អាវរិង ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅ​ឆ្នាំ ១៩៩៥ ហើយ ស៊ីស្ទើរ ខាលលីន បាន​ផ្តល់​ការគាំទ្រ និង​ភាពជាដៃគូ​អំឡុងពេល​លោក​ជា​សះស្បើយ​ពី​ការវះកាត់​ផ្នែក​មហារីក​យ៉ាង​យូរ​នៅ​ឆ្នាំ ២០០៥ ហើយ​នៅពេល​លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​គណៈប្រធាន​ទីមួយ​ក្នុង​ឆ្នាំ ២០០៧ ។ ក្នុង​អំឡុង​ពេល​នេះ​ស៊ីស្ទើរ ខាលលីន ចាប់ផ្តើម​មាន​ជំងឺ​ភ្លេចភ្លាំង ដែល​ឪពុក​របស់​គាត់​ធ្លាប់​បាន​ឆ្លងកាត់​ពេល​គាត់​ធំឡើង ។ នៅពេល​ការចងចាំ​របស់​គាត់​បន្ត​ភ្លេច​ទៅៗ ប្រធាន អាវរិង បាន​មើលថែ ស៊ីស្ទើរ ខាលលីន ជា​ញឹកញាប់​នាំ​គាត់​ទៅ​ការិយាល័យ​របស់​លោក​ដើម្បី​អាន និង​សម្រាក​នៅលើ​កៅអី​អង្គុយ​ពេល​លោក​កំពុង​ប្រជុំ ។ ខណៈ​ពេល​ដែល​ជំងឺ​នេះ​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​គ្រួសារ ពួកគាត់​នឹកគិត​ពី​អារម្មណ៍​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់ ស៊ីស្ទើរ ខាលលីន កាន់តែ​ខ្លាំងឡើង ហើយ​ទំនាក់ទំនង​ជាមួយ​ព្រះ​កាន់តែ​បង្ហាញ​ជា​រូបរាង​នៅពេល​ដែល​គាត់​កាន់តែ​ចាស់ ហើយ​ការបាត់បង់​ការចងចាំ​កាន់តែ​ខ្លាំងក្លា​ទៅ ។ ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា « ខាលលីន តែងតែ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ជានិច្ច » ។

ស្ត្រី​ម្នាក់​ដែល​ជឿ​លើ​សារៈសំខាន់​នៃ​ការអប់រំ និង​សេចក្តីជំនឿ ខាលលីន ជារឿយៗ​បានបង្រៀន​នៅក្នុង​សុន្ទរកថា​ជា​សាធារណៈ និង​ក្នុង​ពេល​បង្រៀន​ឯកជន​ជាមួយ​កូនៗ​របស់​គាត់​ថា រឿង​សំខាន់​បំផុត​ដែល​ត្រូវរៀន​នៅក្នុង​ជីវិត​នេះ​គឺ​របៀប​ត្រឡប់​ទៅរក​ព្រះហស្ថ​នៃ​ព្រះវរបិតាសួគ៌​យើងវិញ ។ ស៊ីស្ទើរ​ខាលលីន នឹង​ត្រូវ​បានចងចាំ​ថា​ជា​ស្ត្រី​ដ៏​ឈ្លាសវៃ ស្មោះត្រង់ និង​សុភាព ដែល​ឲ្យ​តម្លៃ​លើ​តួនាទី​របស់​គាត់​ក្នុងនាម​ជាម្តាយ ហើយ​រីករាយ​នឹង​ភាពជាដៃគូ​ពិតប្រាកដ​ជាមួយ​ស្វាមី និង​ដៃ​គូ​ដ៏​នៅ​អស់កល្បជានិច្ច ។