Translation

គណៈប្រធាន​ទីមួយ​ចែកចាយ​សារលិខិត​សេចក្តីជំនឿ និងសេចក្តីសង្ឃឹម​សម្រាប់​ឆ្នាំថ្មី

នៅក្នុង​សារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅថ្ងៃ​ចូល​ឆ្នាំថ្មី ប្រធាន រ័សុល អិម ណិលសុន នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​រំឭក​ខួប​លើកទី២៥ នៃ​សេចក្ដីប្រកាស « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​របស់​ពួកសាវក » ។ ដោយ​ជញ្ជឹងគិត​ពី​ឥទ្ធិពល​នៃ​ឯកសារ​ដ៏​សំខាន់​នេះ ព្យាការី​បានអញ្ជើញ​ពួកបរិសុទ្ធ​ថ្ងៃចុង ក្រោយ​ឲ្យ​ខិតទៅកានតែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ដោយការអញ្ជើញទៅ​​ព្រះវិហារបរិសុទ្ធ​ជាញឹកញាប់ ។

កាលពី ២៥ ឆ្នាំមុន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០០ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បោះពុម្ពផ្សាយ​សេចក្តី​ប្រកាស « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​របស់​ពួក​សាវក » ។ នេះគឺជា​ឯកសារ​ច្បាប់​ដើម ៖ https://www.ChurchofJesusChrist.org/.../the-living-christ... ។ ខ្ញុំ​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​បួន​រូប​ដែល​មាន​ជីវិត​ដែល​បាន​ចុះហត្ថលេខា និង​ឈ្មោះ​របស់​ខ្ញុំ​នៅលើ​ឯកសារ​ដ៏សំខាន់​នេះ រួម​ជាមួយ​ប្រធាន ដាល្លិន អេក អូក ហែនរី ប៊ី អាវរិង និង  ជែហ្វ្រី អ័រ ហូឡិន

ក្នុង​រយៈពេល​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ទីបន្ទាល់​នេះ​ត្រូវបាន​អាន សិក្សា ព្រមទាំង​ទន្ទេញចាំ​ដោយ​សិស្ស​រាប់មិន​អស់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សា​របស់​ខ្ញុំ​អំពី​ទីបន្ទាល់​នេះ​បង្កើន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ក្លាយ​កាន់តែ​ដូច​ទ្រង់ ។

នៅពេល​ខ្ញុំ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​លើកទី ១០១ របស់ខ្ញុំ ខ្ញុំ​នៅតែ​បន្ត​ចូលចិត្ត​នូវឱកាស​ដែលសេចក្តី​ប្រកាស​នេះ​ផ្តល់ឲ្យ​សម្រាប់​ការចាប់ផ្តើម​ថ្មី ទស្សនៈវិស័យ​ថ្មី និង​ដំណោះស្រាយ​ថ្មីៗ​ផងដែរ ។

តើ​ខ្ញុំ​អាច​ធ្វើ​ការ​អញ្ជើញ​មួយ​នេះ​ទៅកាន់​បងប្អូន​បាន​ទេ ពេល​បងប្អូន​ពិចារណា​ថា តើ​បងប្អូន​នឹងមាន​ការតាំងចិត្ត​អ្វីខ្លះ​នៅក្នុង​ឆ្នាំនេះ ? ខ្ញុំ​សូមអញ្ជើញ​បងប្អូន​ឲ្យ​មកកាន់​ព្រះវិហារ​បរិសុទ្ធ​ឲ្យបាន​ញឹកញាប់​ទៅតាម​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាតឲ្យ ។

នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ យើង​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​រៀន​អំពី​ទ្រង់ និង​ដំណឹងល្អ​របស់ទ្រង់ ។ យើង​ធ្វើ​សេចក្ដី​សញ្ញា​ដែល​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង ។ តាមរយៈ​បទពិសោធន៍​​នៅក្នុង​ព្រះវិហារ​បរិសុទ្ធទាំងនេះ និង​ផ្សេងៗទៀត យើង​ត្រូវបាន​ពង្រឹង​ដើម្បី​សម្រេច​បាន​នូវការតាំងចិត្ត​របស់យើង​សម្រាប់​ឆ្នាំថ្មី​ ។

មិត្ត​ជាទី​ស្រឡាញ់​របស់ខ្ញុំ​អើយ សូម​ឲ្យឆ្នាំថ្មីនេះ​ពោរពេញ​ទៅដោយ​ពន្លឺ សេចក្តី​ស្រឡាញ់ អំណរ និងព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោស​លោះ​របស់​យើង ដែលជា​ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ចែកចាយ​ការចុះផ្សាយ​មួយ​ដែល​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​បុណ្យគ្រីស្ទម៉ាស់ និងបុណ្យអ៊ីស្ទើរ ។ លោក​បាន​លើកទឹក​ចិត្ត​មនុស្ស​គ្រប់គ្នា​ឲ្យ​ទន្ទឹង​រង់ចាំ​បុណ្យអ៊ីស្ទើរ
និង​សារលិខិត​នៃ​ការរស់​ឡើងវិញ​ជាសកល នៅពេល​យើងចូល​ឆ្នាំថ្មី ។

អស់​អ្នក​ដែល​ថ្វាយបង្គំ​ព្រះយេស៊ូវ​គ្រីស្ទ​អបអរ​ប្រារព្ធ​ពិធី​ពីរ​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ផែនដី គឺ​បុណ្យ​គ្រីស្ទម៉ាស់ និង​បុណ្យ​អ៊ីស្ទើរ ។ បុណ្យ​គ្រីស្ទម៉ាស់ ដែល​យើង​ទើប​តែ​បាន​ប្រារព្ធ​រួចហើយ​នោះ ផ្ដល់​កិត្តិយស​ថ្វាយ​ចំពោះ​ការប្រសូត​របស់​ទ្រង់ ។ ការយល់ដឹង​អំពី « ការប្រសូត្រ » គឺជា​រឿង​ទូទៅ​ទូទាំង​សកលលោក ។ ផ្ទុយទៅវិញ សារៈសំខាន់នៃ « ការរស់​ឡើងវិញ » ដែល​ត្រូវបាន​ស្គាល់ថា​បុណ្យ​អ៊ីស្ទើរ មិន​ត្រូវបាន​យល់ដឹង​ជា​សកលនោះទេ ។

ព្យាការី និង​ការបង្រៀន​របស់​សាសនាចក្រ​ដែលបាន​ស្ដារឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​បញ្ជាក់ថា ព្រះយេស៊ូវ​គ្រីស្ទ​បានយាង​ចេញពី​ផ្នូរ ហើយ​មាន​ព្រះជន្ម​រស់​នៅ​ថ្ងៃនេះ​ ជាអង្គ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ស្រដៀង​គ្នា​នេះផង​ដែរ ដោយសារ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​លើ​ផែនដី​នេះ​ក៏​នឹង​ត្រូវ​បាន​រស់​ឡើង​វិញ​ផងដែរ ដើម្បី​អាច​រស់​ជា​រៀង​រហូត ជាតួ​អង្គ​ដែល​រស់ឡើងវិញ ( សូមមើល កូរិនថូសទី ១ ១៥:២២; អាលម៉ា ៤០:២៣ ) ។

នៅពេល​យើង​ទន្ទឹង​រង់ចាំ​ឆ្នាំថ្មី​នេះ សូម​ឲ្យយើង​ចាប់ផ្តើម​ទន្ទឹង​រង់ចាំ​បុណ្យអ៊ីស្ទើរ និង​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ—ជាសារលិខិត​ដ៏រុងរឿង​បំផុត​ដល់​មនុស្សជាតិ ។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​ចែកចាយ​សារលិខិត​មួយ អំពី​ការ​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​ដោយ​សេចក្ដី​ជំនឿ និង​សេចក្ដីសង្ឃឹម ។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​សាកល្បង​ដ៏ពិត​មកពី​ព្រះ​ជាទីស្រឡាញ់ គឺមិន​គ្រាន់​តែ​ជាការ​ស៊ូទ្រាំ​នឹង​ការ​លំបាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស៊ូទ្រាំ​វា​ឲ្យ​បាន​ល្អ​ផងដែរ ។

ការសាកល្បង​ដែល​ព្រះជាទី​ស្រឡាញ់​បាន​កំណត់​នៅចំពោះ​មុខយើង មិនមែន​ដើម្បី​ដឹងថា​យើង​អាច​ស៊ូទ្រាំ​នឹង​ការលំបាក​បាន​ឬអត់​នោះទេ ។ វា​គឺ​ដើម្បី​មើល​ថា​តើ​យើង​អាច​ស៊ូទ្រាំ​វា​បាន​ល្អ​ឬអត់ ។

នៅក្នុង​ចំណោម​ពាក្យ​ដ៏ជា​ទីស្រឡាញ់ និង​លើក​ទឹក​ចិត្ត​បំផុត​សម្រាប់​ខ្ញុំ គឺ​ពាក្យ​របស់​នីហ្វៃ ៖

« អ្នក​រាល់​គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប។ … បើ​សិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ … ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះ​វរបិតា ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី ២ ៣១:២០ ) ។ នោះ​គឺ​ជា​ជីវិត​ជា​រៀង​រហូត​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា​ជា​ក្រុម​គ្រួសារ … និង​ដោយ​អំណរ​ជា​រៀង​រហូត ។

យើង​ឆ្លងកាត់​ការសាកល្បង​របស់យើង នៅពេល​យើង​បង្ហាញថា​យើង​ចងចាំ​ព្រះអង្គសង្គ្រោះ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់​តាមរយៈ​គ្រប់​ការសាកល្បង និង​ឱកាស​ទាំងអស់​នៅក្នុង​ជីវិត​របស់យើង ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ព្រះគម្ពីរ​មរមន​គឺជា​សាក្សី​ដ៏ពិត​ប្រាកដ​ដែលថា​ទ្រង់​មាន​ព្រះជន្មរស់—ថាទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់យើង​ដែលបាន​រស់​ឡើងវិញ ហើយ​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​ធានាអះអាង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ពួក​សិស្ស​របស់​ទ្រង់ គឺ​មានភាព​ប្រាកដ​ចំពោះ​យើង « ខ្ញុំមិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ » ( យ៉ូហាន ១៤:១៨ ) ។