20251015_131405_Nilsson_LES8575C1.jpg
Translation

គណៈប្រធាន​ទីមួយ​ថ្មី​ពិភាក្សា​ពី​បញ្ហា​សំខាន់ៗ និង​ចែកចាយ​សេចក្ដី​សង្ឃឹម​ដល់​ពិភពលោក

ការសម្ភាសគឺជាការសន្ទនាដំបូងដែលមិនធ្លាប់មានពីមុនមកសម្រាប់គណៈប្រធានទីមួយថ្មី

គណៈប្រធាន​ទីមួយ ថ្មី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​អង្គុយ​ចុះ​ធ្វើការ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ដែល​ទទួល​ពាន​រង្វាន់ ជេន ខ្លេសុន ចនសុន នា​ថ្ងៃ​ពុធ ទី​១៥ ខែ​តុលា ឆ្នាំ​២០២៥ ។ ការសន្ទនា​នេះ​ពិភាក្សា​ពី​បញ្ហា​ជាច្រើន​ដែល​សាសនាចក្រ និង​ពិភពលោក​កំពុង​ប្រឈម​មុខ ។

ការសម្ភាស​នេះ​ត្រូវបាន​ចែកចាយ​នៅ​ទូទាំង​ពិភពលោក​ជាមួយ​នឹង​សាធារណជន ជា​ការសន្ទនា​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក តាំងពី បាន​ប្រកាស គណៈប្រធាន​ទីមួយ​ថ្មី​នៅ​ដើម​សប្ដាហ៍​នេះ ។

នៅក្នុង​ការសម្ភាស​នេះ ដែល​ធ្វើឡើង​នៅក្នុង​អគារ​សមាគម​សង្គ្រោះ​នៅក្នុង​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ អតីត​អ្នកសារព័ត៌មាន​ដែល​ធ្វើការ​ជាមួយ​សារព័ត៌មាន CBS News និង ABC News បាន​សួរ​ថា្នក់ដឹកនាំ​សាសនាចក្រ​អំពី​តួនាទី​របស់​ស្ដ្រី​នៅក្នុង​សេចក្ដី​ជំនឿ ការរីកចម្រើន​យ៉ាង​រហ័ស​នាពេល​ថ្មីៗ​នេះ​របស់​សាសនាចក្រ សារលិខិត​សម្រាប់​ជំនាន់​ដែល​កំពុង​ពេញវ័យ ការឈោង​ទៅជួយ​អ្នកដទៃ និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ។

អ្នក​សារព័ត៌មាន​អាច​ទាញយក​បាន​នៅលើ B-roll SOTs

តួនាទី​របស់​ស្ដ្រី

ចនសុន បាន​សួរ​ពី​អ្វី​ដែល​គណៈប្រធាន​ទីមួយ​ចង់​ឲ្យ​មនុស្ស​ទូទៅ​យល់​អំពី​តួនាទី​របស់​ស្ដ្រី​នៅក្នុង​សាសនាចក្រ ។

ប្រធាន គ្រីស្តូហ្វឺសិន បាន​ថ្លែង​អំពី​តម្រូវការ​នៅក្នុង​សាសនាចក្រ​ទាំងមូល ដើម្បី​ទទួល​បាន​ទស្សនវិស័យ​ពី​សំណាក់​បុរស និង​ស្ដ្រី ពេល​ពិចារណា​ធ្វើការ​សម្រេច​ចិត្ត ។

ប្រធាន គ្រីស្តូហ្វឺសិន បាន​ថ្លែង​ថា « [ នៅពេល ] យើង​ទទួល​បាន​ទស្សនវិស័យ​ទាំងពីរ​ចូលគ្នា នោះ​យើង​មាន​ទស្សនវិស័យ​ដ៏​ល្អ​ប្រសើរ​មួយ ។ យើង​ខិត​ទៅ​កាន់តែ​ជិត​ដល់​ទស្សនវិស័យ​ដ៏​ទេវភាព » ។

ប្រធាន អាវរិង បាន​បន្ថែម​ថា « ភាពជា​អ្នកដឹកនាំ​គឺជា​ការបម្រើ ហើយ​ស្ដ្រី​ធ្វើ​ការបម្រើ​តាម​របៀប​មួយ​ដែល​អស្ចារ្យ​យ៉ាង​ខ្លាំង » ។

ប្រធាន អូក បាន​ឯកភាព​ថា សាសនាចក្រ « មិន​តែងតែ​ឈ្លាសវៃក្នុង​ការប្រើប្រាស់​គុណសម្បត្តិ និង​អំណាច​ដ៏អស្ចារ្យ​ទាំងនេះ​របស់​បុត្រី​នៃ​ព្រះ​ជានិច្ច​នោះ​ទេ » ។

ប្រធាន អូក បាន​ថ្លែង​ថា « យើង​មាន​ការងារ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​យើង​មាន​ភាពល្អ​ប្រសើរ​ច្រើន​ជាង​កាលពី​មួយ​ទសវត្សរ៍​មុន » ។

អ្វី​ដែល​នាំឲ្យ​សាសនាចក្រ​មាន​ការរីកចម្រើន

ចនសុន បាន​កត់​សម្គាល់​ថា ទោះបីជា​និន្នាការ​ប្រជាសាស្ដ្រ​បង្ហាញ​ថា​មាន​មនុស្ស​ជា​ច្រើន​បញ្ជាក់​ថា ពួកគេ​មិន​ចូល​សាសនា​ក៏​ដោយ ក៏​សាសនាចក្រ​នៅតែ​រីកចម្រើន​ដដែល ។ ឧទាហរណ៍ មនុស្ស ៩០០,០០០​នាក់ បាន​ចូល​ជា​សមាជិក​នៃ​សាសនាចក្រ​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​ទៅ ។ គាត់​បាន​សួរ​ថា « តើ​អ្វី​ទៅ​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​នេះ ? »

ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា ការសម្ងាត់​អំពី​ការរីកចម្រើន​នៃ​សាសនាចក្រ​គឺជា​អំណាច​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន អូក បាន​ថ្លែង​ថា « វា​ជា​ដំណឹងល្អ​នៃ​សុភមង្គល និង​ការរីកចម្រើន ហើយ​មាន​ព័ត៌មាន​អំពី​គោលបំណង​នៃ​ជីវិត ។ មនុស្ស​ដែល​ជឿ​លើ​គោលលទ្ធិ​នេះ នឹង​រកឃើញ​ថា វា​ធ្វើឲ្យ​ជីវិត​ពួកគេ​កាន់តែ​រីករាយ កាន់តែ​សំខាន់ កាន់តែ​ធន់​នឹង​ការលំបាក ដែល​យើង​ទាំងអស់គ្នា​ជួបប្រទះ​នៅក្នុង​ជីវិត​រមែង​ស្លាប់ និង​កាន់តែ​អាច​បម្រើ​មនុស្ស​ជុំវិញ​ខ្លួន​បាន និង​ដើម្បី​ចិញ្ចឹម​កូនៗ​របស់​ពួកគេ » ។

ប្រធាន អាវរិង បាន​ថ្លែង​ថា ឫសគល់​នៃ​ការរីកចម្រើន​នេះ​គឺជា​សេចក្ដី​សង្ឃឹម​ដែល​មនុស្ស​មាន​នៅក្នុង​សារលិខិត​នេះ ។

លោក​បាន​និយាយ​ថា « ការរីកចម្រើន​នៃ​សាសនាចក្រ​នឹង​កើនឡើង នៅពេល​ពួកគេ​រកឃើញ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​បង្ហាញ​ដោយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ពួកគេ​មើលឃើញ​សេចក្ដី​សង្ឃឹម » ។

ប្រធាន គ្រីស្តូហ្វឺសិន បាន​ថ្លែង​ថា ការរីកចម្រើន​របស់​សាសនាចក្រ​រំឭក​លោក​ពី​ការបង្រៀន​របស់​ប្រធាន រ័សុល អិម ណិលសុន អំពី​ការប្រមូល​ផ្ដុំ​រាស្ដ្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះ​នៅ​ជុំវិញ​ពិភពលោក ។

លោក​ថ្លែង​ថា « ខ្ញុំ​ជឿ​ថា នោះ​គឺជា​អ្វី​ដែល​យើង​កំពុង​មើលឃើញ ។ ព្រះអម្ចាស់​កំពុង​នាំឲ្យ​រឿង​ទាំងឡាយ​កើតឡើង ។ យើង​អាច​ជួយ​បាន ប្រហែល​តែ​បន្ទាប់​បន្សំ​ទេ ប៉ុន្ដែ​ទ្រង់​កំពុង​ពន្លឿន​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។ ខ្ញុំ​ឃើញ​ព្រះអម្ចាស់​ពន្លឿន​នៅ​ទូទាំង​ផែនដី ហើយ​ព្រះវិញ្ញាណ​របស់​ទ្រង់​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ក្នុង​ជីវិត​របស់​ពួកគេ » ។

សារលិខិត​ទៅកាន់​អ្នក​ដែល​នៅ​ចុងនៃ​សេចក្ដី​ជំនឿ

ចនសុន បាន​សូម​ឲ្យ​គណៈប្រធាន​ទីមួយ​លើកឡើង​ពី​អ្នក​ដែល​មាន​អារម្មណ៍​ថា ពួកគេ​ចូល​មិន​ចុះ​ចំណោម​សាសនាចក្រ ។ គាត់​សួរ​ថា « តើ​ប្រធាន​ចង់​ឲ្យ​ពួកគេ​ដឹង​អ្វីខ្លះ​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ និង​អំពី​អារម្មណ៍​របស់​ប្រធាន​ចំពោះ​ពួកគេ ? »

ប្រធាន អូក បាន​បញ្ជាក់​ថា « យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ។ ព្រះ​ស្រឡាញ់​ពួកគេ ហើយ​ទ្រង់​មាន​ផែនការ​សម្រាប់​ពួកគេ ទោះជា​ពួកគេ​នៅ​ទីណា​ក៏​ដោយ នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ជោគវាសនា​ដ៏ទេវភាព​នោះ » ។

ប្រធាន អាវរិង បាន​ចង្អុល​ទៅកាន់​ព្រះគម្ពីរ​ដែល​ពិពណ៌នា​ពី​ព្រះហស្ដ​របស់​ព្រះគ្រីស្ទ ដែល​ឈោង​ទៅជួយ​ដោយ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់ ។

ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា « ពេល​នរណា​ម្នាក់​មាន​អារម្មណ៍​ថា នៅ​ចុង​នៃ​សេចក្ដី​ជំនឿ ពួកគេ​មិន​អាច​ទៅ​ឆ្ងាយ​ខ្លាំង​ផុត​ពី​ព្រះអង្គ​សង្គ្រោះ រហូត​ដល់​ទ្រង់​មិន​អាច​ឈោង​ទៅ​ជួយ​ពួកគេ​បាន​ទេ ។ ការលើក​ទឹកចិត្ត​របស់​ខ្ញុំ​ទៅកាន់​ពួកគេ គឺ​ការអធិស្ឋាន ហើយ​បងប្អូន​នឹង​លែង​មាន​អារម្មណ៍​ថា​នៅ​ចុង​នៃ​សេចក្ដី​ជំនឿ​ទៀត​ហើយ ហើយ​មាន​ចំណែក​នឹង​យើង​វិញ » ។

ប្រធាន គ្រីស្តូហ្វឺសិន បាន​ទទូច​ឲ្យ​គ្រប់គ្នា​ដែល​មាន​អារម្មណ៍​ថា​មិន​មាន​ចំណែក​ក្នុង​សាសនាចក្រ ឲ្យ​ងាក​ទៅរក​ព្រះគ្រីស្ទ ហើយ​ចូលរួម​ក្នុង​ការបម្រើ ។

20251015_130957_Nilsson_LES8486C1.jpg
20251015_130957_Nilsson_LES8486C1.jpg
ប្រធាន ដាល្លិន អេក អូក និងប្រធាន ឌី ថត គ្រីស្តូហ្វឺសិន នៃគណៈប្រធានទីមួយ ទទួលការសម្ភាសពី ជេន ខ្លេសុន ចនសុន ជាអ្នកសារព័ត៌មានដែលទទួលពានរង្វាន់ នៅក្នុងអគារសមាគមសង្គ្រោះនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

លោក​ថ្លែង​ថា « សូម​កុំ​ចាំ​ឲ្យ​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ឡើយ ។ សូម​មក ហើយ​ចូលរួម​ចំណែក​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ទៅកាន់​ព្រះកាយ​នៃ​ព្រះគ្រីស្ទ ។ មនុស្ស​គ្រប់គ្នា​មាន​តម្លៃ ។ ការចូលរួម​ចំណែក​ទាំងអស់​គឺ​មាន​តម្លៃ » ។

សារលិខិត​ទៅកាន់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ

តើ​ថ្នាក់ដឹកនាំ​សាសនាចក្រ​មាន​សារលិខិត​អ្វីខ្លះ​ទៅកាន់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ?

ប្រធាន អូក បាន​ថ្លែង​ថា « ក្មួយៗ​មាន​ព្រះវរបិតា​សួគ៌​ដែល​ស្រឡាញ់​ក្មួយៗ ។ ទ្រង់​បាន​ប្រទាន​ផែនការ​មួយ​ឲ្យ​ក្មួយៗ ហើយ​វា​ល្អ​បំផុត​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជា​កន្លែង​ដែល​យើង​មាន​ការពន្យល់​សម្រាប់​គោលបំណង​នៃ​ជីវិត ឧបសគ្គ និង​សកម្មភាព​នានា​ដែល​នាំ​ក្មួយៗ​ឲ្យ​ដើរ​នៅលើ​អ្វី​ដែល​យើង​ហៅ​ថា ផ្លូវ​នៃ​សេចក្ដីសញ្ញា ទៅរក​ជោគវាសនា​នៃ​ស្ថានសួគ៌ ។ សូម​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ សូម​មក​រីករាយ​នឹង​ពរជ័យ​របស់​ទ្រង់​ជាមួយ​ពួកយើង » ។

ប្រធាន អាវរិង បាន​ថ្លែង​ថា លោក​មាន​សុទិដ្ឋិនិយម​សម្រាប់​យុវវ័យ ដរាបណា​ពួកគេ​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។

ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា « សូម​អបអរ​សាទរ ! ព្រះអម្ចាស់​បាន​ទុក​ក្មួយៗ​សម្រាប់​គ្រា​ដ៏​រំភើប​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់​ក្នុង​ពិភពលោក​នេះ ។ ខ្ញុំ​សន្យា​ថា ពួកគេ​នឹង​មាន​អនាគត​ដ៏រុងរឿង ហើយ​ខ្ញុំ​គិត​ថា វា​ចាប់ផ្ដើម​លេច​ចេញ​មក​ហើយ ។ ពួកគេ​អាច​មាន​សុទិដ្ឋិនិយម​បាន ប្រសិនបើ​ពួកគេ​ទុកចិត្ត​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ធ្វើជា​អ្នកបម្រើ​របស់​ទ្រង់​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ពួកគេ » ។

ប្រធាន គ្រីស្តូហ្វឺសិន បាន​ឯកភាព​ចំពោះ​ឧបសគ្គ​ដ៏​ពិសេស​របស់​មនុស្ស​នៅ​ជំនាន់​សហសវត្សរ៍ និង​ជំនាន់ ហ្សី ។ លោក​ទទូច​ឲ្យ​យុវវ័យ​ប្រើ​បច្ចេកវិទ្យា​សម្រាប់​ការណ៍​ល្អ—ហើយ​ត្រូវ​ចងចាំ​ថា « គ្មាន​អ្វី​ជំនួស​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ » ។

លោក​បាន​ថ្លែង​ថា « គ្មាន​បច្ចេកវិទ្យា​ណា គ្មាន​ជម្រើស ឬ​ប្រភព​ផ្សេងទៀត​ណា ដែល​អាច​ជំនួស​ព្រះវិញ្ញាណ​បាន​ឡើយ ។ ដូច​ដែល​ប្រធាន​[ អូក ]​បាន​ថ្លែង​អ៊ីចឹង សូម​ងាក​ទៅរក​ព្រះអម្ចាស់ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចម្លើយ​ជានិច្ច » ។

20251015_130550_Nilsson_LES8374C1.jpg
20251015_130550_Nilsson_LES8374C1.jpg
ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សាទីមួយនៃគណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឆ្លើយសំណួរនៅអំឡុងការសម្ភាសជាមួយ ជេន ខ្លេសុន ចនសុន អ្នកសារព័ត៌មានដែលទទួលពានរង្វាន់ នៅក្នុងអគារសមាគមសង្គ្រោះនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

« ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ផ្លូវ »

ចនសុន បាន​សួរ​ពី​ឃ្លា ឬ​បទគម្ពីរ​អ្វី​ដែល​គណៈប្រធាន​ទីមួយ​ចង់​ឲ្យ​មនុស្ស​នឹកចាំ​ក្នុង​ចិត្ត កាល​ពួកគេ​ចាប់ផ្ដើម​ការងារ​បម្រើ​របស់​ពួកគេ ។

ប្រធាន អូក បាន​ថ្លែង​ថា « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ផ្លូវ » ។ បន្ទាប់​មក លោក​បាន​អាន ខគម្ពីរ​ចេញពី​ព្រះគម្ពីរ​មរមន ដែល​បង្រៀន​ថា « នឹង​ពុំ​មាន​នាម​ណាមួយ ឬ​ផ្លូវ ឬ​ក៏​មធ្យោបាយ​ឯណា​ទៀត​ឡើយ ដែល​អាច​នាំ​សេចក្ដី​សង្គ្រោះ​មក​ឲ្យ​កូនចៅ​មនុស្ស មាន​តែ​មធ្យោបាយ​មួយ​ប៉ុណ្ណោះ គឺ​ដោយ​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា » ។

ប្រធាន អាវរិង បាន​បន្ថែម​ការអញ្ជើញ​របស់​លោក​ផ្ទាល់​ឲ្យ​ធ្វើ​លើសពី​ការគ្រាន់តែ « តាម​ខ្ញុំ​ទៅ​មើល » ដូចជា​ខគម្ពីរ​មួយ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ចែង​មក ។

លោក​បាន​មាន​ប្រសាសន៍​ថា « សូម​អញ្ជើញ​មក​ចូលរួម ហើយ​រកឃើញ​សេចក្ដី​សុខសាន្ដ​ដែល​បងប្អូន​កំពុង​ស្វែងរក ដែល​ពិបាក​រកឃើញ​ជាខ្លាំង​នៅក្នុង​ពិភពលោក​ជុំវិញ​បងប្អូន » ។

ប្រធាន គ្រីស្តូហ្វឺសិន បាន​ចង្អុល​ទៅកាន់​ភាពពិត​នៃ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ ថា​ជា​ប៉ម​ភ្លើង​នៃ​សេចក្ដី​សង្ឃឹម​ចុងក្រោយ ។

ប្រធាន គ្រីស្តូហ្វឺសិន មាន​ប្រសាសន៍​ថា « សម្រាប់​ខ្ញុំ ការពិត​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់​គឺជា​ភស្ដុតាង​នៃ​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​បំពេញ​ការសន្យា​ទាំងអស់​របស់​ទ្រង់ ។ វា​គឺជា​ភស្ដុតាង​ថា តើ​ទ្រង់​គឺជា​នរណា » ។

20251015_130953_CBell_CMB_1253.jpg.JPG
20251015_130953_CBell_CMB_1253.jpg.JPG
• ប្រធាន ដាល្លិន អេក អូក នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងភរិយារបស់លោក គ្រីស្ទីន មានពេលជាមួយគ្នាមួយភ្លែត ក្រោយពីលោក និងទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយ បានជួបសម្ភាសជាមួយនឹង ជេន ខ្លេសុន ចនសុន ជាអ្នកសារព័ត៌មានដែលទទួលពានរង្វាន់ នៅក្នុងអគារសមាគមសង្គ្រោះនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នាថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន អូក បាន​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​លោក​ថា « ខ្ញុំ​រីករាយ​នឹង​ឱកាស​នេះ ដើម្បី​ថ្លែង​ទីបន្ទាល់​ថា ខ្ញុំ​ដឹង​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ភាពពេញលេញ​របស់​វា គឺ​មាន​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

នៅ​ទីនេះ​មាន​ចម្លើយ​ចំពោះ​សំណួរ​ដ៏​អស្ចារ្យ​បំផុត​អំពី​ជីវិត ។ តើ​ខ្ញុំ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ព្រះ ? ហេតុអ្វី​ខ្ញុំ​នៅលើ​ផែនដី​នេះ ? តើ​អ្វី​ទៅជា​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​នេះ ដែល​ពេលខ្លះ​វា​ពិបាក​ខ្លាំង​ណាស់ ? តើ​យើង​ឆ្ពោះ​ទៅ​ទីណា ? តើ​យើង​ទៅ​ដល់​ទីនោះ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ?

ហើយ​តើ​ទំនាក់ទំនង​នោះ​អាច​បាន​ល្អ​ប្រសើរ​ឡើង​ដោយ​របៀប​ណា ហើយ​ខ្ញុំ​អាច​រស់នៅ​កាន់តែ​ប្រសើរ និង​កាន់តែ​មាន​សុវត្ថិភាព​ជាងមុន ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ និង​ទន្ទឹង​រង់ចាំ​រស់នៅ​ជាមួយ​ពួកគេ​នៅក្នុង​ជីវិត​ក្រោយ ដែល​ត្រូវបាន​ធានា​ថា​ជា​វិញ្ញាណ​ដែល​បាន​រស់​ឡើងវិញ មាន​រូបរាង​កាយ​ជា​កូន​របស់​ព្រះ ដោយសារតែ​បេសកកម្ម​របស់​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះនាម​របស់​ទ្រង់​នៃ​ការណ៍​ទាំងអស់​នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។