Translation

គម្រោង​មនុស្សដ៏ធម៌​ធំ​បំផុត​របស់​ប្រទេស​អាស៊ី​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា

ការជួសជុល​ និង​កែលម្អមន្ទីរពេទ្យ​ខេត្ត​កំពង់ធំ​បាន​បើក​ដំណើរការ​ដោយ​មាន​ការប្រារព្ធ​ពិធី​បើកគម្រោង​សម្រាប់​ការដ្ឋានជួសជុល និង​កែលម្អ ។

ពិធីបើក​ការដ្ឋានជួសជុល និងកែលម្អ​នេះ​បាន​ប្រារព្ធឡើង​នៅ​ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ ២០២៣ សម្រាប់​គម្រោង​ជួសជុល និង​គ្រឿង​បរិក្ខារ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ​នៅ​ប្រទេស​កម្ពុជា ដែល​គម្រោង​នេះ​អាច​ធ្វើ​ទៅបាន​ក្រោម​ការបរិច្ចាគថវិការ​​ជិត ១.៥ លាន​ដុល្លារ​អាមេរិក​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ អែលឌើរ ខេលី អរ ចនសុន នៃ​គណៈ​ប្រធាន​តំបន់​អាស៊ី​របស់​សាសនាចក្រ ដែល​អម​ដំណើរ​ដោយ​បុគ្គលិក​ប្រចាំ​តំបន់​អាស៊ី​ផ្សេងទៀត បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កំពង់ធំ ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះ​ជាមួយ​នឹង​ឯកឧត្តម អភិបាល​ខេត្ត ងួន រតនៈ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​អែលឌើរ ចនសុន មកកាន់​មន្ទីរពេទ្យ​នេះ បន្ទាប់ពី​ធ្វើ​ការប្រកាស​ជាពិសេស​ពី​គម្រោងនេះនៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០២២ ក្នុង​វត្តមាន​របស់ ឯកឧត្តម អភិបាលខេត្ត ងួន រតនៈ ។

ឥឡូវនេះ ការងារ​ជួសជុល​នេះ​បាន​ចាប់ផ្តើម​ហើយ ដែល​ចាប់ផ្ដើម​ដោយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​​ផ្នែក​មនុស្សធម៌​ខាង​កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) ដែល​ស្ម័គ្រចិត្ត​លះបង់​ពេលវេលា​របស់​ពួកគាត់ ក្នុងការ​ជួយ​កែលម្អ​ទំហែទាំ​សុខភាព​សម្រាប់​ជនក្រីក្រ និង​ខ្វះខាត​នៅក្នុង​ប្រទេស​កម្ពុជា ។ ដោយជា​គម្រោង​មនុស្សធម៌​ដ៏​ធំបំផុត​មួយ​របស់​ប្រទេស​អាស៊ី គម្រោង​ជួសជុល និង​ផ្គត់ផ្គង់​បរិក្ខារ​មន្ទីរពេទ្យ​ដល់ខេត្ត​កំពង់ធំ រួមមាន​ការជួសជុល​អគារ​មន្ទីរពេទ្យ ដែល​គ្របដណ្តប់​លើ​ការងារ និង​ការជួសជុល​រចនា​សម្ព័ន្ធ​ផ្សេងៗ​ចំនួន ៣២ បន្ថែម​ពី​លើ​ឧបករណ៍​មន្ទីរពេទ្យ​ថ្មី ។ មន្ទីរពេទ្យកំពង់ធំ​ជា​មន្ទីរពេទ្យ​បង្អែក​តែ​មួយ​គត់ក្នុង​ចំណោម​មន្ទីរពេទ្យ​បង្អែក​បី​ក្នុង​ខេត្ត​ ដែល​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ៨៥០,០០០ នាក់ ។ មន្ទីរពេទ្យ​បង្អែក ផ្តល់​ការថែទាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ជនក្រីក្រ និង​ខ្វះខាត​ក្នុង​ខេត្ត​ជនបទ​មួយ​នេះ ។

ពិធី​បើកសម្ភោធ​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​រាជការខេត្ត​ជាច្រើន​រូប​ទៀត ដូចជា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា លោក តាន់ តៃជ្រួន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត វេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត វេជ្ជបណ្ឌិត ស្រេង សេងហ៊ាង និង​នាយក​រដ្ឋបាល​ខេត្ត​កំពង់ធំ ម៉ាក ប៊ុនហុង ។ អ្នកឡើង​និយាយ​នៅក្នុង​ពិធី​បើក​រួមមាន អែលឌើរ ចនសុន ឯកឧត្តម អភិបាល​ខេត្ត  ងួន រតនៈ វេជ្ជបណ្ឌិត ស្រេង និង​សៀ សំណាង ជា​ប្រធាន​សមាគមនិកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

វា​ជា​ថ្ងៃ​ដ៏​រីករាយ​សម្រាប់​វេជ្ជបណ្ឌិត ស្រេង ខណៈ​ដែល​លោក​ថ្លែង​ទៅកាន់​អភិបាលខេត្ត ភ្ញៀវ​កិត្តិយស និង​អង្គប្រជុំ ។ លោក​បាន​រៀបរាប់​លម្អិត​ពី​របៀប​ដែល​ការ​ជួសជុល​នឹង​ត្រូវ​បញ្ចប់​ជា​បី​ដំណាក់កាល ។ លោក​ក៏​បាន​ពិពណ៌នា​ពី​ទំហំ និង​វិសាលភាព​នៃ​មន្ទីរពេទ្យ​ដែល​មាន​គ្រែ​ចំនួន ១៥០ បុគ្គលិក​ចំនួន ១៨០​នាក់ វេជ្ជបណ្ឌិត​ចំនួន ២៨ នាក់ គិលានុបដ្ឋាយិកា​ចំនួន ៥៤ នាក់ ពេទ្យ​ឆ្មប​ចំនួន ៣២ នាក់ អ្នកបច្ចេកទេស​មន្ទីរ​ពិសោធន៍​ចំនួន ៨ នាក់ និងទន្តបណ្ឌិត​តែ​ម្នាក់ ។ គម្រោង​ដំណាក់កាល​ទីមួយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ ២០២៣ ហើយ​ដំណាក់​កាល​ដែល​នៅ​សេសសល់​ត្រូវ​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ ២០២៣ ។ កាល​ពី​មួយ​ខែ​មុន នៅ​ពេល​ដែល​បាន​ធ្វើ​ការប្រកាស​ត្រូវ វេជ្ជបណ្ឌិត ស្រេង មាន​អារម្មណ៍​រីករាយ និង​ពោរពេញ​ដោយ​អំណរ​ចំពោះ​ការប្រកាស​ដែល​សាសនាចក្រ​បានធ្វើឡើង ថា​សាសនាចក្រ​កំពុង​បន្ត​គម្រោង​ជួសជុល និង​ផ្គត់ផ្គង់​ឧបករណ៍ ។ ក្នុង​នាម​ជា​នាយក​មន្ទីរពេទ្យ លោក​បាន​បន្ត​បង្ហាញ​ទឹកចិត្ត​រំភើប​ចំពោះ​គម្រោង​នេះ ។

ប្រធាន សៀ បាន​ថ្លែង​ថា ​សាសនាចក្រ​មាន​នៅ ១៥៨ ប្រទេស​ទូទាំង​ពិភពលោក ។ លោក​បាន​ផ្តល់​ប្រវត្តិ​សង្ខេប​ខ្លីៗ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ​នៅក្នុង​កម្ពុជា តាំងពី​ឆ្នាំ ១៩៩៤ ដោយ​ចាប់ផ្តើម​ពី​គម្រោង​ទឹកស្អាត បន្ទប់ទឹក និង​កន្លែង​លាងសម្អាត ហើយ​ឥឡូវនេះ​ការកែលម្អ​ផ្នែក​ថែទាំ​សុខភាព​ជាមួយនឹង​គម្រោង​ដែល​មាន​តម្លៃ​សរុប​ជាង ១៣ លាន​ដុល្លារ​អាមេរិក​ក្នុងរយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ ។

លោក​ថ្លែង​បើក​សុន្ទរកថា​ដោយ​ថ្លែង​អំណរគុណ​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួម អែលឌើរ ចនសុន បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​ជា​បងប្អូន​នឹង​គ្នា ហើយ​មិន​ថា​យើង​រស់នៅ​ទីណា​ទេ ហើយ​ដោយសារ​យើង​ជា​បងប្អូន​នឹង​គ្នា នោះ​យើង​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​មើលថែ​គ្នា​ទៅវិញ​ទៅមក ។ របៀប​មួយ​ដែល​យើង​មើលថែ​គ្នា​ទៅវិញ​ទៅមក​គឺ​តាមរយៈ​ការតមអាហារ ។ សមាជិក​អត់​ទទួលទាន​អាហារ​ពីរ​ពេល ហើយ​បរិច្ចាគ​ចំនួន​នោះ​​ជួយ​ដល់​អ្នក​ដទៃ ។ ទោះបីជា​មនុស្ស​ជាច្រើន​ផ្តល់​ប្រាក់​បន្តិចបន្តួច​ក៏​ដោយ នៅពេល​ដែល​សមាជិក​រាប់លាន​នាក់​បរិច្ចាគ​បន្តិចបន្តួច យើង​អាច​ជួយ​មនុស្ស​ជាច្រើន​បាន ។ ដោយសារ​សមាជិក​ពលិកម្ម​ដើម្បី​បរិច្ចាគ នោះ​យើង​មាន​ទំនួលខុសត្រូវ​ដ៏​ពិសិដ្ឋ​ក្នុងការ​ជួយ​មនុស្ស​តាម​របៀប​ដ៏​មាន​អត្ថន័យ » ។

អែលឌើរ ចនសុន បាន​ចែកចាយ​ថា មនុស្ស​ជាច្រើន​ដែល​ឈរ​នៅ​ថ្ងៃនេះ គឺជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​លះបង់​ពេលវេលា និង​ទឹកប្រាក់​ដើម្បី​មកទីនេះ និង​ជួយ​អ្នក​ដទៃ ។ លោក​បាន​បន្ថែម​ថា ការថែទាំ​សុខភាព​មាន​សារៈសំខាន់​សម្រាប់​លោក ដោយសារ​លោក​មាន​កូន និង​ឪពុកម្តាយ​ដែល​ត្រូវការ​ការថែទាំ​នៅ​មន្ទីរពេទ្យ ហើយ​ជឿថា​ការថែ​ទាំសុខភាព​ល្អ​គឺ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់រូប ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ចាត់ទុក​គម្រោង​នេះ​ថា​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​លើក​តម្កើង និង​ផ្តល់ពរ​ដល់​ជីវិត​មនុស្ស​ជា​ច្រើន​ក្នុង​ខេត្ត​នេះ » ។ លោក​បាន​បញ្ចប់​ដោយ​ការថ្លែង​អំណរគុណ​ចំពោះ​អស់​អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ ៖ បុគ្គលិក​ទំហែទាំ​សុខភាព បុគ្គលិក​ក្រុម​សំណង់ និង​ទាំងអស់​ដែល​កំពុង​ធ្វើការ​ដើម្បី​ធ្វើ​ឲ្យ​អគារ​នេះ​ក្លាយ​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ទទួល​ការថែទាំ ។ ដោយ​លើក​ឡើង​អំពី « ឯកសិទ្ធិ​ដ៏​អស្ចារ្យ » គឺ​ត្រូវ​ធ្វើការ​ជាមួយ​ពួកគេ​ទាំងអស់ អែលឌើរ ចនសុន ក៏​បាន​អញ្ជើញ​អង្គប្រជុំ​ឲ្យ « រកមើល​វិធី​ដើម្បី​ជួយ​បងប្អូន​ប្រុសស្រី​របស់​យើង​ដែល​នៅ​ជុំវិញ​យើង » ។

ឯកឧត្តម អភិបាល​ខេត្ត​ ងួន បាន​បិទកម្មវិធី​ដោយ​ថ្លែង​សុន្ទរកថា​ទៅកាន់​ភ្ញៀវ​កិត្តិយស និង​អង្គប្រជុំ នូវអំណរគុណ​ចំពោះ​សមាគម​សម្រាប់​ការងារ និង​ការខិតខំ​ប្រឹងប្រែង​ទាំងអស់ ជា​ពិសេស​ក្នុង​ការបង្កើត​ផែនការ​ជួយ​ឲ្យ​មន្ទីរពេទ្យ​នេះ​បើក​ដំណើរការ​ឡើងវិញ ខណៈ​ដែល​កំពុង​ដំណើរ​ការជួសជុល ។ លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អាច​មាន​មន្ទីរពេទ្យ​ដ៏​ស្រស់​ស្អាត និង​មាន​ទំហែទាំ និង​សេវាកម្ម​កាន់តែ​ច្រើន ដូច្នេះ​ពួកគេ​មិន​ចាំបាច់​ចេញ​ពី​ខេត្ត និង​ធ្វើ​ដំណើរ​ទៅ​ទទួល​ការថែទាំ​ទៀត​ទេ ។ លោក​បាន​គូស​បញ្ជាក់​ថា មិន​ត្រឹម​តែ​អគារ​ត្រូវបាន​ជួសជុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បានទទួលគ្រឿងបរិក្ខារផង​ដែរ ។ ការបណ្តុះ​បណ្តាល​ក៏​នឹង​ត្រូវបាន​ផ្តល់​ឲ្យ​ជាមួយ​នឹង​គ្រឿងបរិក្ខារ ហើយ​ជាមួយ​នឹង​ចំណេះដឹង​ដែល​បុគ្គលិក​នឹង​ទទួល​បាន ការថែទាំ​សុខភាព​នឹង​ត្រូវ​បាន​កែលម្អ និង​ផ្តល់ពរ​ដល់​មនុស្ស​ជា​ច្រើន ។ បុគ្គលិក​ទំហែទាំ​សុខភាព​នឹង​មាន​មោទនភាព​ចំពោះ​គ្រឿងបរិក្ខារ​ថ្មី ហើយ​អ្នក​ជំងឺ​នឹង​ទទួល​បាន​ការថែទាំ​សុខភាព​កាន់តែ​ប្រសើរឡើង​នៅក្នុង​មន្ទីរពេទ្យ​នេះ ។

អែលឌើរ ចនសុន និង​ឯកឧត្តម អភិបាល​ខេត្ត ងួន បាន​ថ្លែង​ថា ពួកលោក​កំពុង​ទន្ទឹង​រង់ចាំ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ ដើម្បី​មើល​គម្រោង​ដែល​បានបញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ ២០២៣ និង​ធ្វើ​ជា​សាក្សី​ពី​របៀប​ដែល​ជីវិត​របស់​អ្នកស្រុក​នឹង​ទទួលបាន​ពរជ័យ​ពី​គម្រោង​នេះ ។

គម្រោង​នេះ​ចាប់ផ្ដើមឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​អែលឌើរ រ៉ន និង​ស៊ីស្ទើរ គីម អាន់ឌើរសិន ហើយ​ឥឡូវនេះ​អែលឌើរ ម៉ៃឃើល និង ស៊ីស្ទើរ ថានយ៉ា ឆានល័រ ដែល​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ ដែល​ស្វែងរក​ការជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាជន​គ្រប់​ជាតិសាសន៍ និង​សាសនា​ជាមួយ CHIE គ្រប់គ្រង​លើ​គម្រោង​នេះ ។