ទិដ្ឋភាពខាងសាសនារបស់ពិភពលោកកំពុងមានការផ្លាស់ប្ដូរដ៏គួរឲ្យចាប់អារម្មណ៍មួយ ។ ឧទាហរណ៍ នៅក្នុងសហរដ្ឋអាមេរិក ចំនួនធ្លាក់ចុះនៃមនុស្សដែលជឿលើគ្រិស្ដសាសនាហាក់ដូចជានៅនឹង ។ អ្នកនិពន្ធ និងអ្នកកាសែតផ្សេងៗមកពីបណ្ដាញជាច្រើនតាំងពី New York Times រហូតដល់ Vanity Fair បានកត់សម្គាល់ថា មនុស្សចាប់ផ្ដើមមានសេចក្ដីជំនឿឡើងវិញ ។
នៅក្នុងបរិបទនេះ យើងមានដំណឹងលើកទឹកចិត្តអំពីការរីកចម្រើនដ៏រហ័សរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
រដូវកាលដ៏អស្ចារ្យនៃការរីកចម្រើនរបស់សាសនាចក្រ
ដោយថ្លែងទៅកាន់ថ្នាក់ដឹកនាំបេសកកម្មថ្មីនៅរដូវក្ដៅនេះ នៅឯមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាប្រូវ៉ូ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយទិដ្ឋភាពទូទៅដ៏សំខាន់មួយអំពីការរីកចម្រើននាពេលថ្មីៗនេះរបស់សាសនាចក្រ ។ សាវករូបនេះបានពោលថា នៅឆ្នាំ២០២៤ មានមនុស្ស ៣០៨,០០០នាក់ បានចូលរួមក្នុងសាសនាចក្រ—ជាចំនួនកើនឡើងប្រហែលជា ៥០,០០០នាក់លើសពីឆ្នាំ២០២៣ និងជាចំនួនដ៏ខ្ពស់បំផុតនៃអ្នកប្រែចិត្តជឿក្នុងរយៈពេលម្ភៃប្រាំឆ្នាំ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
អែលឌើរ ឃុក បានប្រាប់ថ្នាក់ដឹកនាំបេសកកម្មថា ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពិធីបុណ្យជ្រមុជទឹករបស់អ្នកប្រែចិត្តជឿរយៈពេល១២ខែនេះគឺខ្ពស់បំផុតបើធៀបនឹងរយៈពេល១២ខែណាៗទាំងអស់នៅក្នុងប្រវត្តិសាសនាចក្រ ។ គ្រប់តំបន់ទាំងអស់ក្នុងពិភពលោកបានឃើញយ៉ាងហោចណាស់ការកើនឡើងចំនួន២០% នៃពិធីបុណ្យជ្រមុជទឹករបស់អ្នកប្រែចិត្តជឿនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះនៅក្នុងឆ្នាំ២០២៤ ។
រឿងដដែលនេះកើតឡើងម្ដងទៀតនៅមួយខែក្រោយមក ។ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ដែលចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សាសនាចក្របានមានពិធីបុណ្យជ្រមុជទឹករបស់អ្នកប្រែចិត្តជឿ ច្រើនជាងរយៈពេល១២ខែផ្សេងទៀតទាំងអស់នៅក្នុងប្រវត្តិសាស្ដ្រ១៩៥ឆ្នាំនៃសេចក្ដីជំនឿនេះ ។
អែលឌើរ ឃុក បានថ្លែងថា « វាអស្ចារ្យខ្លាំងណាស់ ។ អ្វីដែលអស្ចារ្យនោះគឺ តំបន់នីមួយៗក្នុងពិភពលោកកំពុងរកបានអ្នកប្រែចិត្តជឿទាំងនេះតាមរបៀបជាច្រើន ដែលបំពេញតាមតម្រូវការ និងកាលៈទេសៈពិសេសរៀងៗខ្លួនតាមតំបន់ជាក់លាក់របស់ពួកគេក្នុងពិភពលោក ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលឃើញការរីកចម្រើននេះ ហើយខ្ញុំសង្ឃឹមថា បងប្អូនក៏រំភើបចិត្តខ្លាំងដែរអំពីរឿងនេះ ! នេះគឺជាគ្រាដែលមិនធ្លាប់មានពីមុនមក និងជាពេលដ៏មានពរជ័យក្នុងការបម្រើជាថ្នាក់ដឹកនាំបេសកកម្ម ។ បងប្អូនមានឱកាសដ៏ពិសេសដើម្បីធ្វើជាផ្នែកមួយនៃកិច្ចការដ៏សំខាន់ និងជាប្រវត្តិសាស្ដ្រ ។ ឱ វាជាពរជ័យណាស់ ! »
អែលឌើរ ឃុក ក៏បានកត់សម្គាល់ផងដែរថា សមាជិកថ្មីនៃសាសនាចក្រចូលរួមក្នុងកម្មវិធីថ្វាយបង្គំរាល់សប្ដាហ៍ក្នុងកម្រិតខ្ពស់ជាងមុន ។ ហើយលោកបានមានប្រសាសន៍ថា កិច្ចខិតខំដើម្បីទាក់ទងទៅ និងបង្រៀនមនុស្សដែលធ្លាប់រៀនពីមុនមកម្ដងទៀត បាននាំឲ្យមានពិធីបុណ្យជ្រមុជទឹកកាលពីឆ្នាំមុនជិត ៤០,០០០នាក់—ជាចំនួនដែលបានឃើញការរីកចម្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរីកចម្រើនផ្នែកបច្ចេកវិទ្យា ។
អំឡុងសិក្ខាសាលាប្រចាំឆ្នាំនេះ ថ្នាក់ដឹកនាំបេសកកម្មថ្មីទទួលបានការបំពាក់បំប៉នដ៏ស៊ីជម្រៅ ដែលផ្ដោតលើការរៀបចំពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងឲ្យអញ្ជើញអ្នកដទៃឲ្យ « មករកព្រះគ្រីស្ទ » ។ ពួកសាវកសង្កត់ធ្ងន់លើការជួយអ្នកដទៃឲ្យយល់ពីគោលលទ្ធិនៃព្រះគ្រីស្ទ និងមានបទពិសោធន៍ខាងវិញ្ញាណដ៏មានឥទ្ធិពល ដែលនឹងជួយពួកគេឲ្យបន្ដនៅសកម្ម និងចូលរួមក្នុងសេចក្ដីជំនឿនេះ ។ ការកើនឡើងដ៏ឥតឈប់ឈរនៃពិធីបុណ្យជ្រមុជទឹកនេះបញ្ជាក់ជាសកលថា កិច្ចខិតខំទាំងនេះគឺពិតជាត្រឹមត្រូវមែន ។
អែលឌើរ ឃុក បានថ្លែងថា « យើងអរព្រះគុណដល់ព្រះអម្ចាស់ ដែលអនុញ្ញាតឲ្យយើងមើលឃើញព្រះហស្ដរបស់ទ្រង់នៅក្នុងលទ្ធផលដ៏អស្ចារ្យទាំងនេះ ។ ទ្រង់គឺជាមូលហេតុសម្រាប់ការរីកមច្រើនដ៏សំខាន់នេះ » ។
- ae4d7967613411ed9204eeeeac1ef9554a3f6249.jpeg
- 53f9951fc1f7104cc863eca8fbacd1f0cfec6eff.jpeg
- ea920147086efc62979015e757b10e0bbc97dccd.jpeg
- 2e471279a5eb11ec86b6eeeeac1e73593cb94994_w1920.png
- 720c6504dfb6a6791f615ef3442f92361d0b72d6_w1920.jpeg
- Mission-Presidents-seminar-2025
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ដំណើររឿងផ្ទាល់ខ្លួន
ការរីកចម្រើននេះគឺអស្ចារ្យណាស់ មិនមែនដោយសារតែចំនួននោះទេ ប៉ុន្ដែដោយសារជីវិតរបស់បុគ្គលជាច្រើនបានផ្លាស់ប្ដូរសម្រាប់ការណ៍ល្អតាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះអាចឃើញនៅក្នុងដំណើររឿងផ្ទាល់ខ្លួនជាច្រើន ដែលបានចែកចាយនាពេលថ្មីៗនេះនៅលើបណ្ដាញអ៊ីនស្ដាក្រាមធំរបស់សាសនាចក្រ ។
អាល់ផានសូ ជាជនជាតិលីបេរីយ៉ាដែលបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧ បានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាពីររូបនៅឯមហាវិទ្យាល័យសហគមន៍នៅទីក្រុងសាន់ឌីអាហ្គូ រដ្ឋកាលីហ្វូញ៉ា ។ ពួកគេបានណែនាំគាត់ឲ្យស្គាល់សាសនាចក្រ ។
អាល់ផានសូ បាននិយាយថា « ខ្ញុំមិនធ្លាប់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះពីមុនមកទេ ប៉ុន្ដែអ្វីមួយនៃអ្វីដែលពួកគេបានចែកចាយ មានអារម្មណ៍ថាពិតចំពោះខ្ញុំ ។ ដូចថាវាមានគោលបំណងមួយអ៊ីចឹង » ។
ការទៅព្រះវិហារបានរឹតបន្ដឹងចំណងរវាងគាត់ និងសេចក្ដីជំនឿដែលទើបរកឃើញថ្មីរបស់គាត់ ។
អាល់ផានសូ បាននិយាយថា « នៅពេលខ្ញុំចាប់ផ្ដើមទៅព្រះវិហារ វាខុសគ្នា ។ សមាជិកពិតជាខ្វាយខ្វល់ ។ ពួកគេសួរសុខទុក្ខខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថា គេមើលឃើញខ្ញុំតាមរបៀបមួយដែលខ្ញុំមិនធ្លាប់មានពីមុនមក ។ ខ្ញុំរៀនពីរបៀបអធិស្ឋាន ។ ខ្ញុំចាប់ផ្ដើមទទួលអារម្មណ៍ពីកម្លាំងដ៏ស្ងប់ស្ងាត់នេះ ថាខ្ញុំលែងនៅឯកោទៀតហើយ ។ តាំងពីពេលនោះមក សេចក្ដីជំនឿរបស់ខ្ញុំក្លាយជាផ្នែកមួយនៃខ្លួនខ្ញុំ ។ វាធ្វើឲ្យខ្ញុំបន្ដគ្រប់គ្រងអារម្មណ៍បាន ។ វារំឭកខ្ញុំពីអ្វីដែលសំខាន់—ដូចជាគ្រួសារ ការបម្រើ ការក្លាយជាមនុស្សកាន់តែប្រសើរ » ។
អេឌ្រាននើ ដែលជាមេធាវីម្នាក់នៅវ៉ាស៊ីនតោន ឌី.ស៊ី. បានទៅព្រះវិហារអនិកាយជាមួយម្ដាយគាត់ពេលធំឡើង ។ នៅពេលគាត់ឈានដល់មជ្ឈិមវ័យ គាត់ចាប់ផ្ដើមស្វែងរកព្រះវិហារថ្មីមួយ « គ្រប់ទិសទី » ។ គាត់បានស្វែងរកកន្លែងមួយដែលមានមនុស្សវ័យស្រករគាត់ ជាកន្លែងដែលគាត់អាចបម្រើ និងជាកន្លែងដែលដំណឹងល្អរបស់ព្រះគ្រីស្ទគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ។
នៅថ្ងៃអាទិត្យមួយ គាត់បានចូលរួមជាមួយក្រុមជំនុំពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
អេឌ្រាននើ បានពោលថា « ភាពកក់ក្ដៅ និងសន្ដានចិត្តរបស់ក្រុមជំនុំបានប៉ះពាល់ដល់ចិត្តខ្ញុំ ។ នេះជាលើកដំបូងហើយដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំរកឃើញអ្វីដែលខ្ញុំបានស្វែងរក ។ ខ្ញុំបានសន្យានឹងខ្លួនឯងថា បើខ្ញុំមានអារម្មណ៍ចូលចុះចំណោមគេដូច្នេះម្ដងទៀត នោះខ្ញុំនឹងបន្ដទៅព្រះវិហារ ។ ហើយខ្ញុំមានអារម្មណ៍នោះមែន » ។
គាត់បានទាក់ទងទៅពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានទទួលបុណ្យជ្រមុជទឹកនៅទីបំផុត ។
អេឌ្រាននើ បន្ដថា « ពេលពិចារណាពីកន្លែងដែលខ្ញុំបានចាប់ផ្ដើម—វង្វេង និងស្វែងរក—និងពេលមើលមកកន្លែងដែលខ្ញុំនៅសព្វថ្ងៃ ហ៊ុមព័ទ្ធដោយក្ដីស្រឡាញ់ ខ្ញុំមានអារម្មណ៍ថា វាជាអំណោយដ៏ពិត ។ ជីវិតខ្ញុំ គ្រួសារក្នុងព្រះគ្រីស្ទដែលខ្ញុំបានរកឃើញ និងទំនាក់ទំនងដែលខ្ញុំបានស្ថាបនា ទាំងអស់គឺជាផ្នែកមួយនៃដំណើរដែលកំពុងបន្ដបើកសម្ដែងឡើង ។ ខ្ញុំមិនផ្លាស់ប្ដូរអ្វីសោះឡើយ » ។
ក្រោយពីប្ដូរទៅនៅរដ្ឋយូថាហ៍ អាលី បានងឿងឆ្ងល់ថា តើជំនឿលើព្រះយេស៊ូវគ្រីស្ទបានជះឥទ្ធិពលលើជីវិតរបស់មិត្តថ្មីៗរបស់គាត់ខ្លាំងប៉ុនណាដែរ ហើយតើវាខុសគ្នាយ៉ាងណាបើប្រៀបនឹងជំនឿរបស់គាត់ ។
អាលី បាននិយាយថា « ខ្ញុំចាំថា កាលពីទៅព្រះវិហារលើកដំបូង ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធតាមរបៀបមួយដែលខ្ញុំមិនធ្លាប់មានពីមុនមកសោះ ។ វាបន្ទន់ចិត្តខ្ញុំ ហើយទោះជាខ្ញុំមិនយល់ពីអ្វីគ្រប់យ៉ាងក៏ដោយ ក៏វាបានបើកទ្វារទៅកាន់អ្វីមួយថ្មីដែរ » ។
ខណៈដំណើររបស់គាត់នៅតែមានការលំបាក អាលី និយាយថា គាត់គ្មានការស្ដាយក្រោយនោះទេ ។
គាត់បានពោលថា « ការជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើ ហើយវានាំខ្ញុំឲ្យយល់កាន់តែជ្រាលជ្រៅអំពីសេចក្តីស្រឡាញ់របស់ព្រះ ។ ខ្ញុំដឹងថា ដំណើររបស់ខ្ញុំគឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយខ្ញុំរំភើបចិត្តនឹងបន្ដបណ្ដុះសេចក្ដីជំនឿ និងបម្រើព្រះយេស៊ូវគ្រីស្ទ » ។
« រឿងដ៏ល្អបំផុតជិតកើតឡើងហើយ »
ជាង១៩៥ឆ្នាំក្រោយពីការស្ថាបនា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅតែបន្ដរីកចម្រើន និងខិតខំចែកចាយពន្លឺ និងសេចក្ដីសង្ឃឹម ។ ថ្មីៗនេះសាសនាចក្រមានសមាជិក ( ១៧.៥ លាននាក់ ) អ្នកផ្សព្វផ្សាយសាសនា ( ៨០,០០០នាក់ ) ក្រុមជំនុំ ( ៣១,៦៧០កន្លែង ) បេសកកម្ម ( ៤៥០ ) និងព្រះវិហារបរិសុទ្ធ ( ៣៨២ ) ច្រើនជាងដែលយើងធ្លាប់មានពីមុន ។ សាសនាចក្របានរួមចំណែកក្នុងគម្រោងសប្បុរសធម៌កាន់តែច្រើនជាងមុន ( រួមមានការចំណាយ១.៤៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៤ តែមួយឆ្នាំប៉ុណ្ណោះ ) ។ ហើយសាសនាចក្របន្ដភ្ជាប់គ្រួសារមនុស្សជាតិទូទាំងសកលលោកតាមរយៈសេវាកម្មពង្សាវលីដោយឥតគិតថ្លៃលើកម្មវិធី FamilySearch ដែលឥឡូវនេះមានឈ្មោះ និងរូបភាពជាង ២០ ប៊ីលានដែលអាចស្រាវជ្រាវបាននៅក្នុងបណ្ណាសារកម្មវិធីនេះ ។
សារៈសំខាន់មួយទៀតគឺ ការកើនឡើងចំនួនយុវមជ្ឈិមវ័យដែលកំពុងចូលរួម ។ ជ័យជម្នះនេះអាចមើលឃើញនៅក្នុងសកម្មភាពរបស់ប្រព័ន្ធអប់រំសាសនាចក្រ ។ សាសនាចក្រមានថ្នាក់សិក្ខាសាលា ( ការអប់រំខាងសាសនាសម្រាប់ក្មេងវ័យជំទង់ ) និងថ្នាក់វិទ្យាស្ថាន ( ការអប់រំខាងសាសនាសម្រាប់មជ្ឈិមវ័យ ) នៅទូទាំងពិភពលោក ។ សម្រាប់ឆ្នាំសិក្សា២០២៣–២០២៤ ការចុះឈ្មោះចូលរៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រ—សិស្សថ្នាក់សិក្ខាសាលា ៤២៧,៦៤២នាក់ និងសិស្សថ្នាក់វិទ្យាស្ថាន ៣៨៤,០៩៥នាក់ ។
អែលឌើរ ក្លាក ជី ហ្គីលប៊ឺត អភិបាលនៃប្រព័ន្ធអប់រំសាសនាចក្រ បានថ្លែងថា « នៅពេលបងប្អូនស្ដាប់ឮការនិយាយទាំងនេះថា ‹ អូ មនុស្សលែងសូវជឿហើយ › ឬថា ‹ ពួកគេមិនទៅព្រះវិហារទេ › ភាគរយដ៏ខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាសនាចក្រគឺការចូលរៀនថ្នាក់សិក្ខាសាលា ។ រឿងនោះក៏ពិតចំពោះថ្នាក់វិទ្យាស្ថានផងដែរ » ។
លោកបានបន្ថែមថា ការរីកចម្រើននេះមិនមែនកើតមានតែក្នុងទ្វីបអាហ្រ្វិកនោះទេ ។
អែលឌើរ ហ្គីលប៊ឺត បានមានប្រសាសន៍ថា « វាកើតមាននៅទីនេះ ក្នុងថ្នាក់វិទ្យាស្ថាន ស.រ.អ.—សាកលវិទ្យាល័យរដ្ឋយូថាហ៍ រដ្ឋអារីហ្សូណា [ និងរដ្ឋផ្សេងទៀត ] ថ្នាក់វិទ្យាស្ថាននៅ ស.រ.អ. កំពុងរីកចម្រើនឡើង » ។
ការរីកចម្រើនដ៏សំខាន់ក៏កើតមាននៅក្នុងសាកលវិទ្យាល័យទាំងបីរបស់សាសនាចក្រផងដែរ ។ បើគិតត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ ស្ថាប័នអប់រំកម្រិតខ្ពស់នីមួយៗបានឃើញអត្រាចុះឈ្មោះចូលរៀនកើនឡើង ។ ប៊ី.វ៉ាយ.យូ. អាយដាហូ មានចំនួនចុះឈ្មោះចូលរៀនច្រើនជាងគេបំផុត ( ២២,៩០៤នាក់ ) ។
តើអ្វីទៅដែលពន្យល់ពីការរីកចម្រើន និងសកម្មភាពនេះបាន ? អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានថ្លែងថា វាគឺជាកិច្ចការដែលព្រះកំពុងធ្វើក្នុងដួងចិត្តមនុស្ស ។
អែលឌើរ គ្រីស្តូហ្វឺសិន បាននិយាយថា « ព្រះអម្ចាស់កំពុងធ្វើការ ។ ព្រះវិញ្ញាណកំពុងធ្វើការនៅជំនាន់នេះ ហើយពួកគេទទួលអារម្មណ៍នោះ ។ អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ រ៉េចប៊ើក អៃដាហូ ពាក់កណ្ដាលគឺជាសិស្សរបស់ ប៊ី.វ៉ាយ.យូ. អាយដាហូ ។ នោះគ្រាន់តែជាសូចនាករមួយ ដែលបង្ហាញបងប្អូនពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេតែប៉ុណ្ណោះ ។ … ខ្ញុំជឿថា ពួកគេកំពុងងាកទៅរកព្រះអម្ចាស់ ។ សេចក្ដីជំនឿរបស់ពួកគេកំពុងរីកលូតលាស់ឡើង ។ ពួកគេឆ្លើយតបនឹងព្រះវិញ្ញាណ និងការបំផុសគំនិតខាងវិញ្ញាណ » ។
ពេលមើលទៅអនាគតសម្រាប់សាសនា អ្នកជឿទាំងឡាយនៅគ្រប់ទីកន្លែងអាចរកឃើញការលួងលោមចិត្តដ៏អស្ចារ្យនៅក្នុងប្រសាសន៍របស់ប្រធានសាសនាចក្រ រ័សុល អិម ណិលសុន ដែលបានរំឭកយើងថា « រឿងដ៏ល្អបំផុតជិតកើតឡើងហើយ » ។