មនុស្សគ្រប់គ្នាស្គាល់លោកយាយ លីន ថាគាត់ជាមនុស្សពេញដោយសេចក្តីស្រឡាញ់នៅក្នុងវួដទឹកថ្លារបស់គាត់ នៅស្តេកភ្នំពេញកម្ពុជាខាងជើង ។ គាត់គឺជាស្ត្រីដែលមានរាងតូចច្រឡឹង ដែលពេលគាត់សើចម្តងៗធ្វើឲ្យអ្នកដទៃចង់សើចតាម និងមានវិញ្ញាណដ៏ស្រស់ស្អាត ។ ទោះបីជាគាត់មានឈឺសន្លាក់ជង្គង់ និងមានខ្នងកោងដោយសារជំងឺពុកឆ្អឹងក៏ដោយ ក៏គាត់មានទស្សនវិស័យដ៏វិជ្ជមានយ៉ាងអស្ចារ្យអំពីជីវិតដែរ ។
ប៉ុន្តែអ្វីដែលត្រូវបានបិទបាំងដោយភាពរីករាយ និងភាពរស់រវើកដ៏ចែងចាំងរបស់គាត់ គឺជាជីវិតមួយដែលពោរពេញដោយការលំបាក និងសោកនាដកម្ម ។ លោកយាយលីនមានអាយុ៧៩ឆ្នាំ ដែលមានឈ្មោះកំណើតថា សុត ម៉ាក់លីន បានឆ្លងកាត់នូវការបាត់បង់គ្រួសារដ៏ធំមួយស្ទើរតែទាំងស្រុងនៅក្នុងវាលពិឃាដខ្មែរក្រហម ។ គាត់បានស៊ូទ្រាំនឹងភាពរន្ធត់នៃកងពលកម្មប៉ុលពត ភាពក្រីក្រដ៏អស់សង្ឃឹម គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងបញ្ហាសុខភាពជាច្រើនទៀត ។

GL-1.jpg
បងស្រី សុត ម៉ាក់លីន ដែលមិត្តភក្តិជាច្រើនរបស់គាត់ហៅគាត់ថាជាលោកយាយលីន គឺជាសមាជិកដ៏យូរឆ្នាំ និងដ៏រឹងមាំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។© 2025 by Intellectual Reserve, Inc. All rights reserved.ទោះបីជាលោកយាយលីនមានការពិបាកយ៉ាងណាក្ដី តែអ្វីដែលធ្វើឲ្យគាត់រីកចម្រើននោះគឺ ទីបន្ទាល់ដ៏រឹងមាំរបស់គាត់អំពីព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាចំណេះដឹងរបស់គាត់អំពីពលិកម្មរបស់ព្រះអង្គសង្គ្រោះ និងការសន្យានៃជីវិតដ៏រុងរឿងបន្ទាប់ពីជីវិតនេះ ដែលផ្តល់ការធានាថា ជីវិតដ៏សែនលំបាកខ្លាំងរបស់គាត់មានអត្ថន័យ ហើយថាគាត់នឹងបានជួបជុំគ្នាម្ដងទៀតជាមួយមនុស្សជាទីស្រឡាញ់ដែលបាត់បង់ជាយូរមកហើយ នៅកន្លែងមួយដ៏ប្រសើរជាងមុន ។
ការបាត់បង់ដ៏ធំធេងរបស់លោកយាយលីន ក៏ធ្វើឲ្យការមកដល់នៃដំណាក់របស់ព្រះអម្ចាស់គឺ ព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជា ដែលកាន់តែជារឿងដ៏ផ្អែមល្ហែមផងដែរ ព្រោះគាត់ដឹងថា ពិធីបរិសុទ្ធនៃការសង្គ្រោះអាចត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់សមាជិកគ្រួសារជាច្រើនដែលបានលាចាកលោកទៅហើយ ។
បងស្រី សុត ម៉ាក់លីន កើតនៅខែសីហា ឆ្នាំ១៩៤៦ ហើយបានធំឡើងនៅក្នុងគ្រួសារដ៏រីករាយ និងពេញដោយក្ដីស្រឡាញ់មួយ នៅទីក្រុងភ្នំពេញ ជាកូនពៅក្នុងចំណោមបងប្អូន១៥នាក់ ។ ឪពុករបស់គាត់ឈ្មោះ សុត លីនហុង បានធ្វើការនៅទន្លេមេគង្គក្នុងខេត្តកំពង់ចាម ។ សមាជិកគ្រួសារគាត់បានធ្វើការយ៉ាងលំបាកជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃអាទិត្យ ពួកគាត់បានជួបជុំគ្នា ហើយរីករាយនឹងសកម្មភាពគ្រួសារដ៏សប្បាយរីករាយ ។
ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក សោកនាដកម្មបានវាយប្រហារគ្រួសារគាត់ ។ សុត លីនហុង ដែលមានដើមកំណើតជាជនជាតិចិន ចង់ឲ្យកូនច្បងរបស់គាត់ឈ្មោះ សុត វ៉េងគាង ស្គាល់ពូជពង្សរបស់គាត់ ។ ដូច្នេះគាត់បានបញ្ជូនវ៉េងគាងឲ្យទៅប្រទេសចិន ដើម្បីស្នាក់នៅជាមួយជីតារបស់គាត់ ។ ខណៈដែលគាត់នៅប្រទេសចិន បដិវត្តន៍វប្បធម៌បានកើតឡើង ហើយវ៉េងគាងគឺជាមនុស្សម្នាក់ក្នុងចំណោមមរណជនជាច្រើននៃហេតុការណ៍នោះ ។
បន្ទាប់មកនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ ពួកអ្នកកាន់អំណាចផ្ដាច់ការប្រល័យពូជសាសន៍ ប៉ុល ពត បានវាយយកជ័យជំន្នះលើប្រទេសកម្ពុជា ហើយបានសម្លាប់ ធ្វើទារុណកម្ម និងបង្អត់អាហារពលរដ្ឋកម្ពុជាជាច្រើននាក់ រហូតដល់ពីរលាននាក់នៅក្នុងវាលពិឃាដ ។
សមាជិកក្នុងគ្រួសារដ៏ធំរបស់លោកយាយលីន ស្ទើរតែបានស្លាប់ទាំងអស់ ។ គាត់មិនដឹងថា មានអ្វីកើតឡើងចំពោះពួកគេភាគច្រើននោះទេ ប៉ុន្តែគាត់ចងចាំនូវការឈឺចាប់ដែលមិនអាចរៀបរាប់បាន ព្រោះក្នុងរយៈពេលដ៏ខ្លីមួយ ក្រុមគ្រួសារជាច្រើនបានបែកបាក់គ្នា—ឪពុក ម្តាយ និងកូនៗត្រូវបានបំបែកគ្នា យកទៅបាញ់ចោល ឬបង្ខំឲ្យធ្វើជាទាសករពលកម្ម និងស្រេកឃ្លាន ។ នៅគ្រាមួយ គាត់បានស្នើឲ្យពួកទាហានបញ្ចប់ជីវិតរបស់គាត់ដែរទៅ ។ គាត់មិនចង់នៅរស់តែម្នាក់ឯងបែបនេះទេ ។

GL2.jpg
ម្តាយរបស់លោកយាយលីន ដែលមានឈ្មោះថា ឆាយលី គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពីរបីនាក់ក្នុងគ្រួសារដ៏ធំរបស់ពួកគាត់ ដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០នេះ ។© 2025 by Intellectual Reserve, Inc. All rights reserved.ជាជាងត្រូវគេសម្លាប់ចោល ស្ត្រីវ័យក្មេងដ៏តូចច្រឡឹងនេះត្រូវបានគេបង្ខំឲ្យធ្វើការងារនៅជំរំពលកម្ម ។ គាត់បានចំណាយពេលជាច្រើនម៉ោងជារៀងរាល់ថ្ងៃដើម្បីជញ្ជូនទឹក លើកបាវអង្ករធំៗ ធ្វើគ្រឿងសង្ហារិម ជីករណ្ដៅសម្រាប់ចាក់គ្រឹះ និងរែកដី ។ គេប្តូរទីលំនៅគាត់ជាញឹកញាប់ទៅកាន់ផ្នែកផ្សេងៗនៃប្រទេស ហើយតែងតែមានអាហារតិចតួចខ្លាំងណាស់ដើម្បីបរិភោគ ។ អស់អ្នកដែលមិនអាចធ្វើការបាន ឬព្យាយាមរត់គេចខ្លួនត្រូវបានគេសម្លាប់ ។ ការស្ទាក់ស្ទើរមិនចង់ធ្វើការណាមួយ នឹងនាំឲ្យមានការធ្វើទារុណកម្ម ។ មនុស្សបានបាត់ខ្លួន ហើយមិនដែលឃើញមុខវិញទៀតនោះទេ ។ ជាច្រើនដង គាត់គិតថា គាត់នឹងត្រូវស្លាប់ ។
ក្នុងចំណោមគ្រួសារដ៏ធំរបស់គាត់ ទាំងសាច់ញាតិជិតឆ្ងាយទាំងប៉ុន្មាន មានតែលោកយាយលីន ម្តាយរបស់គាត់ និងក្មួយប្រុសម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីសង្គ្រាមនេះ ។ ឪពុករបស់លោកយាយលីនបាននៅជាមួយពួកគាត់មួយរយៈ ប៉ុន្តែគាត់បានឈឺធ្ងន់ដេកនៅតែមួយកន្លែង ហើយបានទទួលមរណភាពនៅឆ្នាំ១៩៧៩ ដោយសារការស្រេកឃ្លាន និងជំងឺ ។ គាត់ក៏បានបាត់បង់មិត្តភក្តិទាំងអស់ ដែលគាត់ធ្លាប់មានមុនពេលសង្គ្រាមផងដែរ ។
ក្មួយប្រុសរបស់លោកយាយលីន ឈ្មោះថា ស៊ុន វាសនា នៅចាំថាត្រូវបានពួកទាហានបង្ខំឲ្យធ្វើការ ។ ក្នុងចំណោមរឿងផ្សេងទៀតជាច្រើន គាត់ត្រូវដឹកដីដើម្បីធ្វើស្រះទឹកមួយ ហើយត្រូវបានបង្ខំឲ្យចូលទៅក្នុងព្រៃ និងកាត់ឫស្សី ។ ឆាយលី ដែលជាម្តាយរបស់លោកយាយលីន បានមើលថែកូនក្មេងតូចៗនៅក្នុងជំរំពលកម្ម និងស្វាមីរបស់គាត់ដែលឈឺដេកនៅតែមួយកន្លែង ។
បួនឆ្នាំក្រោយមក ខ្មែរក្រហមភាគច្រើនបានចុះចាញ់ ហើយប្រទេសរបស់លោកយាយលីន បានចាប់ផ្តើមងើបឡើងវិញ ។ គាត់បានត្រឡប់ទៅទីក្រុងភ្នំពេញវិញ ហើយបានចាប់ផ្តើមធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ។ គាត់បានជួបគ្នាជាមួយក្មួយប្រុសរបស់គាត់ ស៊ុន វាសនា ដែលនៅរស់រានមានជីវិតពីសង្គ្រាមដែរ ហើយសព្វថ្ងៃនេះ គាត់រស់នៅជាមួយវាសនា និងកូនស្រីរបស់លោកឈ្មោះ ស៊ុន ស៊ីណា នៅក្នុងផ្ទះតូចមួយដែលពួកគាត់បានទិញជាមួយគ្នា ។ លោកយាយលីនគឺជា « ជីដូន » របស់ ស៊ុន ស៊ីណា ទោះជាតាមពិតទៅ គាត់ជាក្មួយស្រីជីទួតមួយក៏ដោយ ។ គ្មានជីដូនជីតាណាទៀតនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនេះទេ ។

GL3.jpg
លោកយាយលីនជាមួយក្មួយប្រុសរបស់គាត់ ស៊ុន វាសនា ( ស្តាំ ) និងកូនស្រីរបស់លោក ស៊ុន ស៊ីណា ( ឆ្វេង ) នៅផ្ទះតូចរបស់ពួកគាត់នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។© 2025 by Intellectual Reserve, Inc. All rights reserved.នៅឆ្នាំ២០០១ ពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់គឺអែលឌើរ ហ្វីលីប ហល និងអែលឌើរ គាំ តុល មកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានគោះទ្វារផ្ទះរបស់លោកយាយលីន ដើម្បីបង្រៀនគាត់អំពីព្រះយេស៊ូវគ្រីស្ទ ។ គាត់តែងតែជឿលើព្រះតាមទម្រង់មួយចំនួន ហើយគាត់បានស្វាគមន៍ការមកលេង និងមេរៀនរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។
លោកយាយលីនបានមានប្រសាសន៍ថា តាំងពីដំបូងអ្វីៗគ្រប់យ៉ាងដែលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគាត់ ស្ដាប់ទៅគឺជាការពិត ។ ការបង្រៀននោះមានអារម្មណ៍ថាត្រឹមត្រូវណាស់ ។ គាត់បានមានប្រសាសន៍ថា គាត់ចង់ទទួលបុណ្យជ្រមុជទឹក តាំងពីមុនពេលពួកអ្នកផ្សព្វផ្សាយសាសនាបានត្រៀមខ្លួនរួចដើម្បីអញ្ជើញគាត់ម្ល៉េះ ។ ពួកគេចង់ឲ្យគាត់ទទួលបានការពិភាក្សាបន្ថែមទៀត ប៉ុន្តែបន្ទាប់ពីរៀនបានពីរខែមក គាត់បានទទូចថា គាត់ចង់ទទួលបុណ្យជ្រមុជទឹក ។
គាត់បានក្លាយជាសមាជិកសាសនាចក្រនៅឆ្នាំ២០០១ ។ ក្មួយប្រុសរបស់គាត់បានធ្វើបុណ្យជ្រមុជទឹកនៅឆ្នាំ២០០២ ។ គាត់បានធ្វើជាសមាជិកសាសនាចក្រដ៏លះបង់ម្នាក់តាំងពីពេលនោះមក ហើយឥឡូវនេះ គាត់គឺជាសមាជិកដែលមានវ័យចំណាស់ជាងគេម្នាក់នៅក្នុងក្រុមជំនុំរបស់គាត់ ។ សមាជិកវួដស្រឡាញ់ និងមើលថែគាត់ ។ ការគោរព និងការថែទាំមនុស្សចាស់គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌របស់ប្រជាជនកម្ពុជា ។

GL4.jpg
លោកយាយលីនជាមួយពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់ ដែលបានជ្រមុជទឹកឲ្យគាត់ គឺអែលឌើរ គាំ តុល និងអែលឌើរ ហ្វីលីប ហល រួមជាមួយនឹងសមាជិកសាសនាចក្រផ្សេងទៀតនៅឆ្នាំ២០០១ ។© 2025 by Intellectual Reserve, Inc. All rights reserved.លោកយាយលីនមិនដែលបានរៀនអានអក្សរនោះទេ ប៉ុន្តែគាត់ពិតជាចង់រៀនព្រះបន្ទូល និងបទបញ្ញត្តិរបស់ព្រះខ្លាំងណាស់ ។ គាត់បានបង្រៀនខ្លួនឯងឲ្យចេះអាន ដោយការសិក្សាព្រះគម្ពីរ ។
លោកយាយលីនតែងតែមានជីវិតលំបាកជានិច្ច ។ មធ្យោបាយដ៏ទូទៅបំផុតក្នុងការធ្វើដំណើរនៅក្នុងទីក្រុងដ៏មមាញឹក និងចង្អៀតនៃរាជធានីភ្នំពេញ គឺការជិះម៉ូតូ ( ម៉ូតូស៊្កូទើរ ឬម៉ូតូតូច ) ។ គាត់បានជួបគ្រោះថ្នាក់ចំនួនបីដង ខណៈកំពុងជិះនៅខាងក្រោយម៉ូតូ ហើយពីរដងក្នុងចំណោមគ្រោះថ្នាក់នោះគឺធ្ងន់ធ្ងរ ។ នៅក្នុងគ្រោះថ្នាក់ដំបូង ម៉ូតូមួយទៀតបានបុកម៉ូតូដែលគាត់កំពុងជិះ ហើយគាត់បានដួលទៅបុកនឹងថ្មមួយ បណ្ដាលឲ្យរបួសត្រង់ត្រគាករបស់គាត់ធ្ងន់ធ្ងរ ។ គាត់បានដើរទៅផ្ទះវិញ ទោះបីជាមានការឈឺចាប់ក៏ដោយ ។
គ្រោះថ្នាក់លើកទីពីរមិនបានបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទេ ប៉ុន្តែនៅក្នុងគ្រោះថ្នាក់លើកទីបី គាត់បានដួលទៅបុកនឹងថ្មយ៉ាងខ្លាំង រហូតដល់គាត់បានឮសំឡេងប្រេះឆ្អឹង ។ គេបាននាំគាត់ទៅផ្ទះ និងបានសម្រាកព្យាបាលដោយខ្លួនឯង ដោយមិនចង់ទៅមន្ទីរពេទ្យឡើយ ។
មិនយូរប៉ុន្មានបន្ទាប់ពីនោះ លោកយាយលីនបានធ្លាក់ពីជណ្តើរក្នុងផ្ទះរបស់គាត់ ហើយគាត់ពិបាកដើរចាប់តាំងពីពេលនោះមក ។
លោកយាយលីនបានមានប្រសាសន៍ថា គាត់បានងឿងឆ្ងល់ជាច្រើនដង ថាហេតុអ្វីបានជាគាត់នៅមានជីវិតនៅឡើយ ហេតុអ្វីបានជាព្រះមិនយកគាត់ទៅផ្ទះដើម្បីបាននៅជាមួយគ្រួសាររបស់គាត់វិញទៅ ។ គាត់ចង់ទៅស្ថានសួគ៌ ។

GL5.jpg
លោកយាយលីនជាមួយមិត្តល្អគាត់ឈ្មោះ ហម ហ៊ុម និងអែលឌើរ អេង ប៊ុនហួច ជាពួកចិតសិបនាក់ប្រចាំតំបន់សម្រាប់ប្រទេសកម្ពុជា នៅអគារស្តេកខាងជើង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ។© 2025 by Intellectual Reserve, Inc. All rights reserved.ប៉ុន្តែនៅពេលគាត់បានដឹងពីព្រះវិហារបរិសុទ្ធ ហើយបានអររីករាយយ៉ាងខ្លាំង នៅពេលព្យាការីបានប្រកាសថាប្រទេសកម្ពុជានឹងមានព្រះវិហារបរិសុទ្ធមួយ នោះគាត់ជឿជាក់ថា គេនៅតែត្រូវការគាត់នៅឡើយនៅលើផែនដីនេះ ដើម្បីធ្វើពង្សប្រវត្តិសម្រាប់ឪពុកម្តាយ និងបងប្អូនរបស់គាត់ និងសម្រាប់បុព្វការីជនរបស់គាត់ ។ គាត់បានបំពេញមែកធាងគ្រួសាររបស់គាត់ ប៉ុន្តែវាមានការលំបាកក្នុងការបំពេញជំនាន់ទាំងឡាយ ។
កិច្ចការពង្សប្រវត្តិមានការលំបាកយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ពីព្រោះកំណត់ត្រាជាច្រើនត្រូវបានបាត់បង់នៅសម័យខ្មែរក្រហម និងដោយសារកាលបរិច្ឆេទសំខាន់ៗជាច្រើន ដូចជាថ្ងៃកំណើត អាពាហ៍ពិពាហ៍ និងមរណភាពមិនត្រូវបានកត់ត្រាទុកឡើយ ។ គាត់ស្គាល់ឈ្មោះឪពុកម្តាយរបស់គាត់ និងបងប្អូនមួយចំនួនរបស់គាត់ ប៉ុន្តែមិនមានកាលបរិច្ឆេទសំខាន់ៗជាច្រើនក្នុងជីវិតរបស់ពួកគាត់នោះទេ ។
ប៉ុន្ដែលោកយាយលីន និងសមាជិកកម្ពុជាជាច្រើនទៀតបានប្តេជ្ញាចិត្តធ្វើអស់ពីសមត្ថភាពរបស់ពួកគេ ។
គាត់បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា « ខ្ញុំពេញដោយអំណរ និងការដឹងគុណជាខ្លាំង ដែលយើងនឹងមានព្រះវិហារបរិសុទ្ធ » ។ គាត់ចង់បម្រើជាអ្នកជំនួសសម្រាប់បុព្វការីជនរបស់គាត់ ហើយគាត់ចង់បម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។

GL6.jpg
ស៊ុន វាសនា និង ស៊ុន ស៊ីណា និងលោកយាយលីន នៅក្នុងពិធីបុណ្យសពរបស់ម្តាយគាត់នៅឆ្នាំ១៩៩២ ។© 2025 by Intellectual Reserve, Inc. All rights reserved.ទោះបីជាមានបញ្ហាសុខភាពក្តី ក៏លោកយាយលីនចូលចិត្តធ្វើខ្លួនឲ្យរវល់ និងសកម្មដែរ ។ គាត់មកដល់ព្រះវិហារមុនម៉ោង៨ព្រឹក ហើយនៅក្នុងការប្រជុំរបស់ក្រុមជំនុំទាំងបី ដែលជួបប្រជុំគ្នានៅក្នុងអគារស្តេកភ្នំពេញខាងជើង ។ គាត់បានមានប្រសាសន៍ថា គាត់ចង់ឃើញសមាជិកទាំងអស់ឲ្យបានច្រើនតាមដែលគាត់អាចធ្វើបាន មុនពេលគាត់ស្លាប់ ។
លោកយាយលីនចូលចិត្តច្រៀងបទចម្រៀងស៊ីយ៉ូន ហើយគាត់ច្រៀងដោយក្តីរីករាយ ។ គាត់មានអារម្មណ៍ទទួលខុសត្រូវផ្ទាល់ខ្លួនក្នុងការធ្វើឲ្យប្រាកដថា ពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បង ដែលបម្រើនៅក្នុងក្រុមជំនុំទាំងបីដែលគាត់ចូលរួមនោះ ដែលមិនចេះនិយាយភាសាខ្មែរមានអ្នកបកប្រែ ដើម្បីពួកគាត់ដឹងថា អ្វីដែលត្រូវបាននិយាយនៅក្នុងការឡើងនិយាយ និងនៅក្នុងមេរៀន ។ គាត់ប្រាប់សមាជិកវ័យក្មេងដែលនិយាយភាសាអង់គ្លេស ឲ្យអង្គុយក្បែរគូស្វាមីភរិយារៀមច្បងនោះ ។
គាត់ជាមនុស្សកំប្លែងខ្លាំងណាស់ ។ គាត់ឧស្សាហ៍បញ្ចេញមតិយោបល់នៅក្នុងថ្នាក់សមាគមសង្គ្រោះ និងថ្នាក់សាលាថ្ងៃអាទិត្យរួមគ្នា ដែលធ្វើឲ្យសមាជិកផ្សេងទៀតអស់សំណើច ។ សមាជិកនៃក្រុមជំនុំទាំងបីស្រឡាញ់គាត់ និងថែទាំគាត់ក្នុងអំឡុងពេលប្រជុំ ។ គាត់ជិះទៅព្រះវិហារជាមួយក្មួយប្រុសរបស់គាត់ នៅខាងក្រោយម៉ូតូរបស់គាត់ ហើយជិះទៅផ្ទះវិញជាមួយសមាជិកណាម្នាក់ ឬជិះតុកៗ ( ម៉ូតូកង់បី ) នៅពេលការប្រជុំចុងក្រោយបានបញ្ចប់នៅម៉ោង៤រសៀល ។

GL7.jpg
លោកយាយលីន ( អង្គុយនៅខាងមុខពាក់ម៉ាស ) ជាមួយបងប្អូនស្រី្ដនៃសមាគមសង្គ្រោះនៅវួដទួលគោក រួមជាមួយស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ។© 2025 by Intellectual Reserve, Inc. All rights reserved.នៅពេលថ្មីៗនេះ គាត់បានមានប្រសាសន៍លេងសើចជាមួយសមាជិកកម្ពុជាវ័យក្មេងម្នាក់ឈ្មោះ ប៉ុក ម៉ូនីកា ដែលនៅលីវថា « បើក្មួយមិនយកប្ដីឥឡូវនេះទេ អ៊ុំនឹងស្លាប់មុនហើយ ! » នៅពេលម៉ូនីកាញញឹម ហើយឆ្លើយថា នាងមិនចង់បានប្តីនៅពេលនេះទេ រួចលោកយាយលីនបានឆ្លើយតបថា « អូខេ ពេលក្មួយទៅស្ថានសួគ៌ ក្មួយអាចធ្វើជាទេវតាបាន ប្រសិនបើក្មួយមិនចង់បានប្ដីទេនោះ » ។ ម៉ូនីកាបានតបថា « យើងចូលចិត្តនិយាយលេងសើចជាមួយគ្នា ។ គាត់ពូកែចម្អន់ឲ្យគេ » ។
ក្នុងអំឡុងជំងឺកូវីដ-១៩ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យទៅព្រះវិហារដោយផ្ទាល់ទេ ។ អគារទាំងឡាយត្រូវបានបិទ ។ វាគឺជាពេលវេលាដ៏លំបាកសម្រាប់លោកយាយលីន ដែលចូលចិត្តទៅព្រះវិហារ និងជួបជុំជាមួយពួកបរិសុទ្ធ ។
ថ្ងៃអាទិត្យដំបូង នៅពេលដែលកម្មវិធីថ្វាយបង្គំក្នុងព្រះវិហារដោយផ្ទាល់ត្រូវបានអនុញ្ញាតម្តងទៀត ប៊ីស្សពរបស់គាត់អាចមើលឃើញថា លោកយាយលីនពិតជាចង់និយាយជាមួយគាត់ខ្លាំងណាស់ ។ នៅពេលប៊ីស្សពស្វាគមន៍គាត់ គាត់បានប្រគល់ថង់ក្រណាត់មួយឲ្យទៅប៊ីស្សព ។ នៅខាងក្នុងនោះ គាត់អាចមើលឃើញកញ្ចប់តូចៗជាច្រើនជាប្រាក់រៀល ( រូបិយប័ណ្ណកម្ពុជា ) ដែលកញ្ចប់នីមួយៗមានខ្សែចង ។
ទោះបីជាគាត់ក្រីក្រខ្លាំងក៏ដោយ ក៏លោកយាយលីនបានសន្សំប្រាក់ដង្វាយមួយភាគក្នុងដប់របស់គាត់ដោយស្មោះត្រង់ដែរ ដោយការចងប្រាក់ទាំងនោះ ហើយដាក់ស្លាកវាជារៀងរាល់ខែ ។
ប៊ីស្សព អៀ ម៉េង បានមានប្រសាសន៍ថា « វាគឺពិតជា ‹ ប្រាក់ស្លឹងរបស់ស្ដ្រីមេម៉ាយ › ប្រាកដមែន » ។ រឿងមួយដែលធ្វើឲ្យលោកយាយលីនយំគឺថា គាត់មិនមានអ្វីបន្ថែមទៀតដើម្បីថ្វាយជូនព្រះអម្ចាស់ទេ ។
( កំណត់ចំណាំ ៖ សូមអរគុណដល់ ប៉ុក ម៉ូនីកា និង រ៉ូណល រដ្ឋា ដែលបានបកប្រែការសម្ភាសន៍ជាមួយលោកយាយលីន និង ស៊ុន វាសនា ) ។
