គណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះក្រុមអាយុសម្រាប់ក្រុមយុវនារី ។ គោលបំណងនៃឈ្មោះថ្មីនេះគឺដើម្បី « ជួយក្រុមយុវនារីឲ្យយល់ពីទីតាំងដ៏ទេវភាពរបស់ពួកគេនៅក្នុងកិច្ចការរបស់ព្រះ ដើម្បីតំណាងឲ្យសេចក្តីថ្លៃថ្នូរខាងវិញ្ញាណរបស់ពួកគេក្នុងនាមជាបុត្រីជាទីស្រឡាញ់របស់ទ្រង់ និងដើម្បីបញ្ជាក់ពីវឌ្ឍនភាពរបស់ពួកគេ » ។
ឈ្មោះក្រុមអាយុថ្មីនេះមានដូចតទៅនេះ ៖
- អ្នកកសាងសេចក្ដីជំនឿ ( យុវនារីដែលឈានដល់អាយុ១២ ឬ១៣ឆ្នាំ )
អ្នកកសាងសេចក្ដីជំនឿជួយកសាងនគររបស់ព្រះតាមរយៈសេចក្ដីជំនឿរបស់នាងលើព្រះគ្រីស្ទ ទីបន្ទាល់ដ៏រឹងមាំ និងសកម្មភាពដែលលើកស្ទួយ និងលើកទឹកចិត្តអ្នកដទៃ ( សូមមើល អេភេសូរ ២:២០ ) ។
- សារទូតនៃសេចក្តីសង្ឃឹម ( យុវនារីដែលឈានដល់អាយុ១៤ ឬ១៥ឆ្នាំ )
សារទូតនៃសេចក្តីសង្ឃឹមនាំយកសារលិខិតនៃសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទទៅកាន់អ្នកដែលហត់នឿយ និយាយដោយភាពសុខសាន្ដ ចែកចាយការលួងលោម និងលើកស្ទួយដល់ដួងចិត្តតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណ ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ។
- អ្នកប្រមូលផ្ដុំពន្លឺ ( យុវនារីដែលឈានដល់អាយុ១៦ឆ្នាំឡើងទៅ )
អ្នកប្រមូលផ្ដុំពន្លឺទុកចិត្តលើការណែនាំដ៏ទេវភាព ហើយទទួលបានកម្លាំងពីសេចក្ដីសញ្ញា នៅពេលនាងស្វែងរក ប្រមូល និងឆ្លុះបញ្ចាំងពន្លឺរបស់ព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:២៤ ) ។
Shareable Assets for Social Media
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ប្រធានក្រុមយុវនារីទូទៅ អេមីលី បេលី ហ្វ្រីមែន បានធ្វើទស្សនកិច្ចនៅសន្និសីទ ដើម្បីកម្លាំងយុវជន ( ដ.ក.យ. ) នៅតាហ៊ីទីនៅចុងឆ្នាំ២០២៥ ។ នៅពេលយុវនារីក្នុងមូលដ្ឋានច្រៀងបទ « ជាបងប្អូនស្រីស៊ីយ៉ូន » នោះអំណាចខាងវិញ្ញាណនៅពីក្រោយឈ្មោះទាំងនោះត្រូវបានបញ្ជាក់ម្តងទៀត ។ អ្នកដឹកនាំក្រុមយុវនារីបានឃើញពីរបៀបដែលវគ្គនីមួយៗនៃទំនុកតម្កើងនេះ ឆ្លុះបញ្ចាំងពីគោលបំណងនៃក្រុមអាយុនីមួយៗ—ទីមួយគឺអ្នកកសាងសេចក្ដីជំនឿ រួចហើយសារទូតនៃសេចក្ដីសង្ឃឹម ហើយទីបញ្ចប់នៅក្នុងវគ្គទីបីគឺ អ្នកប្រមូលផ្ដុំពន្លឺ ។
ប្រធាន ហ្វ្រីមែន បានមានប្រសាសន៍ថា « នៅពេលយុវនារីច្រៀង ខ្ញុំទទួលបានការបំផុសគំនិតឲ្យគិតអំពីយុវនារីដែលរក្សាសេចក្ដីសញ្ញាទាំងនេះ ដែលមានគោលបំណង និងបេសកកម្មរបស់ខ្លួន គឺដើម្បីកសាងសេចក្ដីជំនឿ ចែកចាយសេចក្តីសង្ឃឹម និងប្រមូលផ្តុំ ព្រមទាំងឆ្លុះបញ្ចាំងពន្លឺនៅជុំវិញពិភពលោក ។ « ភ្នែកខ្ញុំជោរជន់ដោយទឹកភ្នែក កាលខ្ញុំដឹងថា ព្រះវិញ្ញាណបានដឹកនាំដំណើរការនេះតាំងពីដើមមក ដោយបំផុសគំនិតនូវឈ្មោះនៃសេចក្ដីជំនឿ សេចក្តីសង្ឃឹម និងពន្លឺ ដែលនឹងជួយពួកបុត្រីរបស់ព្រះឲ្យរស់នៅជាសិស្សរបស់ព្រះគ្រីស្ទ និងរៀបចំពួកគេឲ្យចូលទៅក្នុងភាពជាបងប្អូនស្រីនៃសេចក្ដីសប្បុរសពេញមួយជីវិត—សមាគមសង្គ្រោះ » ។
លិខិតគណៈប្រធានទីមួយលើកទឹកចិត្តថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ឲ្យស្វែងរកការបំផុសគំនិតប្រកបដោយការអធិស្ឋាន នៅពេលពួកគាត់រៀបចំក្រុមយុវនារីនៅក្នុងក្រុមជំនុំរបស់ពួកគាត់ដើម្បីផ្ដល់ការណែនាំ និងធ្វើសកម្មភាពនានា ។ នៅពេលសមស្រប ក្រុមអាយុខុសគ្នាទាំងនេះអាចជួបជុំគ្នាបាន ។ ដោយមិនគិតពីរបៀបដែលពួកគេជួបជុំគ្នា យុវនារីនៅតែត្រូវហៅតាមឈ្មោះក្រុម-អាយុរបស់ពួកគេដដែល ហើយក្រុមអាយុនីមួយៗមានប្រធានដែលត្រូវបានហៅរៀងៗខ្លួន ។ នៅពេលដែលអាចធ្វើបាន នោះគួរហៅទីប្រឹក្សាម្នាក់ ឬពីរនាក់ និងលេខាម្នាក់ឲ្យជួយគាំទ្រប្រធានម្នាក់ៗ ។
គណៈប្រធានទីមួយបានបញ្ចប់ថា « យើងសង្ឃឹមថា ឈ្មោះក្រុមអាយុទាំងនេះ និងគោលការណ៍ដែលឈ្មោះក្រុមទាំងនេះបង្រៀន នឹងជួយយុវនារីឲ្យក្លាយជាសិស្សពេញមួយជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំខ្លួនចូលរួមក្នុងកិច្ចការដ៏អស្ចារ្យរបស់សមាគមសង្គ្រោះ » ។
សមាជិកត្រូវបានលើកទឹកចិត្តឲ្យចាប់ផ្តើមប្រើប្រាស់ឈ្មោះទាំងនេះភ្លាមៗ ។ អង្គការយុវនារីវួដនឹងផ្លាស់ប្ដូរពីរចនាសម្ព័ន្ធថ្នាក់ទៅជារចនាសម្ព័ន្ធក្រុមអាយុ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។ ការណ៍នេះអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានមានពេលវេលាធ្វើការផ្លាស់ប្តូរគណៈប្រធានក្រុមអាយុ ប្រសិនបើវាចាំបាច់ ។
សូមមើលចម្លើយចំពោះសំណួរដែលចោទសួរញឹកញាប់នៅខាងក្រោម ។
សំណួរដែលចោទសួរញឹកញាប់
តើការផ្លាស់ប្ដូរឈ្មោះក្រុមយុវនារីតាមក្រុមអាយុនឹងកើតឡើងនៅពេលណា ?
សមាជិកត្រូវបានលើកទឹកចិត្តឲ្យចាប់ផ្តើមប្រើប្រាស់ឈ្មោះតាមក្រុមអាយុថ្មីនេះភ្លាមៗ ។ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) នឹងត្រូវធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីរួមបញ្ចូលក្រុមអាយុថ្មីរបស់ក្រុមយុវនារី ។ នៅពេលនោះ យុវនារីទាំងអស់នឹងត្រូវបានចាត់តាំងដោយស្វ័យប្រវត្តិទៅតាមក្រុមអាយុ ដោយផ្អែកលើអាយុដែលពួកគេឈានដល់ក្នុងឆ្នាំ២០២៦ ។ បន្ទាប់មក គណៈប្រធានតាមក្រុមអាយុអាចត្រូវបានចាត់តាំងនៅក្នុង ធ.ថ.ស. ។ នៅក្នុងវួដ ឬសាខាមួយដែលមានចំនួនយុវនារីតិច នោះក្រុមអាយុទាំងអស់អាចជួបជុំគ្នាដើម្បីទទួលបានការណែនាំ និងធ្វើសកម្មភាពនានាបាន ។
តើគណៈប្រធានថ្នាក់ដែលមាននៅពេលនេះស្រាប់ត្រូវដោះលែង និងហៅឡើងវិញដែរឬទេ ?
ប្រសិនបើសមាជិកទាំងអស់នៃគណៈប្រធានថ្នាក់ដែលមានឥឡូវនេះស្រាប់ នឹងស្ថិតនៅក្នុងក្រុមអាយុតែមួយ នោះពួកគេមិនចាំបាច់ត្រូវដោះលែង និងហៅម្តងទៀតទេ ។ ទោះជាយ៉ាងណាក៏ដោយ ស្មៀនវួដនឹងត្រូវចាត់តាំងការហៅឡើងវិញនៅក្នុង ធ.ថ.ស. នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។ ប្រសិនបើគណៈប្រធានថ្នាក់មិនអាចក្លាយជាគណៈប្រធានតាមក្រុមអាយុមួយបានទេ នោះពួកគេគួរតែត្រូវបានដោះលែងជាផ្លូវការដោយសមាជិកម្នាក់នៃគណៈប៊ីស្សព ហើយគណៈប្រធានថ្មីនឹងត្រូវបានហៅ ។
ប្រសិនបើត្រូវការគណៈប្រធានថ្មី នោះគណៈប៊ីស្សពអាចចាប់ផ្តើមហៅយុវនារីឲ្យបម្រើឥឡូវនេះបាន ។ គណៈប្រធានក៏អាចត្រូវបានគាំទ្រ និងញែកចេញឥឡូវនេះផងដែរ ប៉ុន្តែស្មៀនវួដនឹងត្រូវរង់ចាំសិន ដើម្បីចាត់តាំងការហៅនៅក្នុង ធ.ថ.ស. នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឬក្រោយថ្ងៃនោះ ។
តើក្រុមអាយុ និងថ្នាក់មានភាពខុសគ្នាអ្វីខ្លះ ?
បច្ចុប្បន្ននេះ គណៈប៊ីស្សព និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារីធ្វើការរួមគ្នាដើម្បីរៀបចំយុវនារីឲ្យទៅជាថ្នាក់មួយ ឬច្រើន ។ ដោយមានប្រសិទ្ធភាពភ្លាមៗ ក្រុមអាយុទាំងបីនេះនឹងត្រូវបានរៀបចំឡើងស្របតាមអាយុដែលយុវនារីម្នាក់ៗឈានដល់ក្នុងអំឡុងឆ្នាំនេះ ៖ អ្នកកសាងសេចក្ដីជំនឿ ( ឈានដល់អាយុ ១២–១៣ ឆ្នាំ ) សារទូតនៃសេចក្ដីសង្ឃឹម ( ឈានដល់អាយុ ១៤–១៥ ឆ្នាំ ) និងអ្នកប្រមូលផ្ដុំពន្លឺ ( ឈានដល់អាយុ ១៦ ឆ្នាំឡើងទៅ ) ។
តើយើងអាចប្តូរយុវនារីឲ្យចូលទៅក្នុងថ្នាក់ទាំងឡាយ តាមរបៀបដូចគ្នានឹងអ្វីដែលយើងបានធ្វើក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះបានដែរទេ ?
មិនបានទេ ។ ក្រុមអាយុនីមួយៗគឺខុសគ្នា ។ ទោះជាយ៉ាងណាក៏ដោយ គណៈប៊ីស្សព និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារី អាចសម្រេចចិត្តប្រកបដោយការអធិស្ឋានអំពីរបៀបរៀបចំក្រុមយុវនារីដើម្បីផ្ដល់ការណែនាំ និងធ្វើសកម្មភាពនានា ។ នៅពេលចាំបាច់ ក្រុមអាយុទាំងឡាយអាចជួបជុំគ្នាបាន ។ ក្រុមអាយុនីមួយៗគួរតែនៅមានគណៈប្រធានមួយ ។ នៅពេលដែលមានក្រុមអាយុច្រើនជាងមួយជួបជុំគ្នា នោះគណៈប្រធានធ្វើការជាមួយគ្នាដើម្បីដាក់់ផែនការ និងរៀបចំការប្រជុំ និងសកម្មភាពនៅថ្ងៃអាទិត្យ ។
ចុះបើវួដរបស់យើងមានចំនួនយុវនារីតិចតួចនោះ ?
ក្រុមអាយុនីមួយៗដែលមានយុវនារីម្នាក់នៅក្នុងក្រុមនោះ គួរតែមានប្រធានម្នាក់ ។ ឧទាហរណ៍ ប្រសិនបើវួដមួយមានយុវនារីពីរនាក់ដែលស្ថិតក្នុងក្រុមអាយុខុសគ្នា នោះពួកគេម្នាក់ៗនឹងបម្រើជាប្រធានក្រុមអាយុរបស់ពួកគេ ។ នៅពេលដែលអាចធ្វើបាន សូមមានទីប្រឹក្សាម្នាក់ ឬពីរនាក់ និងលេខាម្នាក់បម្រើជាមួយប្រធានម្នាក់ៗ ។
ចុះបើវួដរបស់យើងមានចំនួនយុវនារីច្រើនវិញនោះ ?
ប្រសិនបើគណៈប៊ីស្សព និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារីសម្រេចថា ក្រុមអាយុមួយមានយុវនារីច្រើនពេក នោះពួកគាត់អាចបំបែកក្រុមអាយុនេះបាន ។ ក្រុមនីមួយៗនឹងមានគណៈប្រធានរៀងៗខ្លួន ។
តើអ្នកណាចូលរួមក្រុមប្រឹក្សាយុវវ័យវួដ ?
ប្រធានក្រុមអាយុនីមួយៗចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ។
តើថ្នាក់ដឹកនាំជាមជ្ឈិមវ័យត្រូវបានចាត់តាំងទៅតាមក្រុមអាយុយ៉ាងដូចម្តេច ?
ប្រធានក្រុមយុវនារីមានការទទួលខុសត្រូវលើក្រុមអ្នកប្រមូលផ្ដុំពន្លឺ ( អាយុ ១៦ ឆ្នាំឡើងទៅ ) ។ ទីប្រឹក្សាទីមួយរបស់នាងមានការទទួលខុសត្រូវលើក្រុមសារទូតនៃសេចក្ដីសង្ឃឹម ( អាយុ ១៤–១៥ ឆ្នាំ ) ។ ទីប្រឹក្សាទីពីររបស់នាងមានការទទួលខុសត្រូវលើក្រុមអ្នកកសាងសេចក្ដីជំនឿ ( អាយុ ១២–១៣ ឆ្នាំ ) ។ នៅពេលចាំបាច់ អ្នកផ្តល់ប្រឹក្សាអាចត្រូវបានហៅ និងចាត់តាំងទៅកាន់ក្រុមអាយុជាក់លាក់មួយ ។
Hតើវឌ្ឍនភាពតាមក្រុមអាយុនឹងកើតឡើងជារៀងរាល់ឆ្នាំយ៉ាងដូចម្តេច ?
យុវនារីនឹងក្លាយជាអ្នកកសាងសេចក្ដីជំនឿនៅដើមខែមករានៃឆ្នាំដែលពួកគេឈានដល់អាយុ ១២ ឆ្នាំ ជាសារទូតនៃសេចក្ដីសង្ឃឹមនៅដើមខែមករានៃឆ្នាំដែលពួកគេឈានដល់អាយុ ១៤ ឆ្នាំ និងជាអ្នកប្រមូលផ្ដុំពន្លឺនៅដើមខែមករានៃឆ្នាំដែលពួកគេឈានដល់អាយុ ១៦ ឆ្នាំ ។