Translation

ថ្នាក់​ដឹកនាំកុមារទូទាំង​ពិភពលោក​ផ្តល់​ការងារបម្រើ​ ដោយ​ក្តី​ស្រឡាញ់​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍

ស៊ីស្ទើរ អេមមី អេ រ៉ាយ នៃគណៈប្រធានអង្គការបឋមសិក្សាទូទៅបានចំណាយពេលប្រាំបួនថ្ងៃដើម្បីធ្វើការងារបម្រើនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កម្ពុជា និងវៀតណាម ។ មិនថាគាត់កំពុងជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការមនុស្សធម៌ អ្នកទទួលអំណោយពីកម្មវិធីសុខុមាលភាព ឬសមាជិកសាសនាចក្រនោះទេ គាត់គឺជាអ្នកតំណាងនៃសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទចំពោះបុត្រាបុត្រីរបស់ព្រះទាំងអស់ ជាពិសេសកុមារតូចៗបំផុតរបស់ទ្រង់ ។

នា​ល្ងាច​ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ​២០២៤ ស៊ីស្ទើរ អេមមី អេ រ៉ាយ ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​អញ្ជើញ​មក​ដល់​កោះ​សិង្ហបុរី ។ នេះ​ជាលើក​ទីមួយ​ហើយ​ដែល​គាត់​បាន​បោះជំហាន​ចូលក្នុង​តំបន់​ដែល​ត្រូវបាន​ស្គាល់​ថា​មាន​ភាពចម្រុះ​នៃ​ជំនឿ វប្បធម៌ និង​ប្រជាជន នៅពេល​ដែល​គាត់ និង​ស្វាមី​របស់​គាត់លោក ជេមស៍ បាន​ចាប់ផ្តើម​ដំណើរ​បំពេញ​បេសកកម្ម​រយៈពេល​ប្រាំបួន​ថ្ងៃ​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ លោក ជេមស៍ បានបម្រើ​នៅ​ក្នុងទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី កាល​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​បានធ្វើ​ការងារបម្រើ​ដល់​សហគមន៍​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជនរស់​នៅ​ទីនោះ ។ ស៊ីស្ទើរ រ៉ាយ បាន​មាន​ប្រសាសន៍​អំពី​ការទទួលនូវ​ការចាត់តាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ថា « ស្វាមី​ខ្ញុំ និង​ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ។ ទីនេះ​គឺជា​មួយ​ចំហៀង​ទៀត​នៃ​ពិភពលោក​ដែល​យើង​មិន​ធ្លាប់​មក​ពី​មុន​ឡើយ ។ ហេតុដូច្នេះ​ យើង​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​មក ហើយ​ជួប​ពួក​បរិសុទ្ធ​ដ៏​ស្រស់ស្អាត​នៅ​ទីនេះ ហើយ​ធ្វើ​ការងារបម្រើ​ដល់​ពួកគេ » ។

ដោយ​មាន​បទពិសោធន៍​ជីវិត​ចម្រុះ និង​ភាពរឹងមាំ​ដ៏​ពិសេស​របស់​គាត់នោះ ស៊ីស្ទើរ រ៉ាយ បាន​ត្រៀមខ្លួន​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាមួយនឹង​មនុស្ស​​ទាំងអស់​ដែល​គាត់​បានជួប ។ ចេញពី​ផ្ទះ​ដែល​សង់​ដោយ​ដៃ​ខ្លួន​ឯង រហូត​ដល់​ផ្នែក​ខាង​ក្នុង​នៃ​ការិយាល័យ​រដ្ឋាភិបាល គាត់​បាននាំ​មក​នូវ​ភាពកក់ក្តៅ​ដល់​កន្លែង​នីមួយៗ ក្នុង​នាម​ជា​អ្នកតំណាង​នៃ​សាសនាចក្រ និង​ជា​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ជា​លទ្ធផល  មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង​បាន​ចែកចាយ​ដោយ​បើក​ដួងចិត្ត​​របស់​ពួកគេ ។

អំណោយ​​រតនសម្បត្តិ

ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ស៊ីស្ទើរ រ៉ាយ នៅ​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០២៤ គឺ​នៅ​វិហារ​ឥស្លាម​ដែល​មាន​ឈ្មោះ​ថា Ba'alwie ។ គាត់​ត្រូវ​បានណែនាំ​ឲ្យ​ស្គាល់​លោក អ៊ីមេន ស៊ីដ ហាសាន់ ម៉ូហាម៉េដ អៃ-អាតាស ដែល​ជា​អ្នកដឹកនាំ​សាសនា​នៅក្នុង​វិហារ​នេះ​យ៉ាង​កក់ក្ដៅ ដែល​ឪពុក​របស់​លោក​បាន​សាងសង់ និង​ជា​អ្នកគាំទ្រ​គោរពឲ្យ​តម្លៃ​នៃ​អន្តរ​ជំនឿ ។ ពួកគាត់​បានយល់​ស្រប​គ្នា​លើ​សារៈសំខាន់​នៃ​ការចែកចាយ​តម្លៃ​បែបនេះ​ពី​យុវវ័យ ហើយ​បានផ្លាស់ប្តូរ​ដំណើររឿង​អំពី​សកលលោក​នៃ​មនុស្សជាតិ ។

1.-Handover-of-the-BOM.jpg
1.-Handover-of-the-BOM.jpg
ស៊ីស្ទើរ អេមមី អេ រ៉ាយ សម្លឹងមើលលោក អ៊ីមេន ស៊ីដ ហាសាន់ ម៉ូហាម៉េដ អៃ-អាតាស នៃព្រះវិហារឥស្លាម Ba'alwie ក្នុងប្រទេសសិង្ហបុរី អានព្រះគម្ពីរមរមនដែលជាអំណោយទើបជូនលោកជាភាសាអារ៉ាប់របស់លោក អំឡុងពេលទស្សនកិច្ចវិហារអ៊ីស្លាមរបស់លោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាផ្នែកនៃដំណើរផ្ដល់ការងារបម្រើនៅតំបន់អាស៊ីអាគ្នេយ៍របស់គាត់ ។2024 by Intellectual Reserve, Inc. All rights reserved.

ពេលវេលា​ដ៏​ពិសេស​មួយ​បានកើត​ឡើង​នៅពេល​ដែល​អែលឌើរ មីហ្គែល ថេ ក្នុង​គណៈប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រដែល​កំពុង​អមដំណើរ​គ្រួសារ រ៉ាយ បានបង្ហាញ​ព្រះគម្ពីរ​មរមន​របស់​ខ្លួន​ទៅកាន់​លោក អ៊ីមេន ។ ស៊ីស្ទើរ រ៉ាយ បានធ្វើ​ជា​សាក្សី​នូវ​ភាពរីករាយ និង​ការមិន​ជឿ​របស់លោក អ៊ីមេន ហើយ​បានរៀបរាប់​ថា « នៅពេល​លោក​បាន​ទទួល​ព្រះគម្ពីរ​មរមន … ដែល​មាន​ឈ្មោះ​របស់​លោក​នៅ​លើ​ក្រប ហើយ​ឈ្មោះ​លោក​សរសេរ​ជា​ភាសា​អារ៉ាប់​ទៀត នោះ​ទឹកមុខ​របស់​លោក​រីករាយ​ជា​ខ្លាំង ។ ហើយ​លោក​ចាប់ផ្ដើម​បើក​ព្រះគម្ពីរ​មរមន​ដោយ​ក្ដី​ស្រឡាញ់ និង​ដោយ​ភាពទន់ភ្លន់​ដូចជា​រតនសម្បត្តិ​ដែល​ទើប​រកឃើញ » ។

លោក អ៊ីមេន ហាសាន់ បាន​បញ្ជាក់​ថា « នេះ​ជា​រតនសម្បត្តិដ៏​ធំ​សម្រាប់​យើង » ហើយ​យក​ព្រះគម្ពីរ​មរមន​ទៅ​ដាក់តាំង​ក្នុង​សារមន្ទីរ​នៃ​ព្រះគម្ពីរ​បុរាណ និង​ដ៏​កម្រ​នៃវិហារ​អ៊ីស្លាម​របស់​លោក ។ កាល​លោក​ជូន​បងប្រុស និង​ស៊ីស្ទើរ រ៉ាយ នៅក្នុងដំណើរ​ទស្សនកិច្ច​ទស្សនាការសន្សំទុក​វត្ថុ​ផ្សេងៗ ​ដែល​បានរៀបចំ​ដោយ​ក្ដី​ស្រឡាញ់​របស់​លោក ដែល​វត្ថុ​ខ្លះ​មាន​អាយុកាល​ជាង ៦០០ ឆ្នាំ ស៊ីស្ទើរ រ៉ាយ បាន​សង្កេតឃើញ​ថា លោក​បាន​ទុក​កន្លែង​មួយ​សម្រាប់​ព្រះគម្ពីរ​មរមន​ជា​ភាសា​អារ៉ាប់​របស់​លោក « នៅ​កន្លែង​កិត្តិយស … នៅ​ជាប់​នឹង​សំណេរ​ដ៏​បរិសុទ្ធ​ផ្សេង​ទៀត » ។  

2.-Museum-Tour.jpg
2.-Museum-Tour.jpg
ស៊ីស្ទើរ អេមមី រ៉ាយ និងស្វាមីរបស់គាត់លោក ជេមស៍ មើលព្រះគម្ពីរប៊ីបពីបុរាណដែលលោក អ៊ីមេន ហាសាន់ បង្ហាញដល់ពួកគាត់នៅវិហារឥស្លាម Ba'alwie ក្នុងប្រទេសសិង្ហបុរី ។ លោកបាននាំពួកគាត់ទៅទស្សនាសារមន្ទីរផ្ទាល់ខ្លួនរបស់លោកដែលមានព្រះគម្ពីរអន្តរជំនឿក្នុងអំឡុងពេលទស្សនកិច្ចរបស់ស៊ីស្ទើរ រ៉ាយ ទៅវិហារឥស្លាមនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍របស់គាត់ ។2024 by Intellectual Reserve, Inc. All rights reserved.

ការចូលរួម​ក្នុង​ការងារ​មនុស្សធម៌

នៅ​ទីក្រុង​គូឈីង ប្រទេស​ម៉ាឡេស៊ី ស៊ីស្ទើរ រ៉ាយ បានជួប​ជាមួយ​អង្គការ​មនុស្សធម៌​ចំនួន​ពីរ​ដែល​សាសនាចក្រ​បាន​ឧបត្ថម្ភ និង​ចូលរួម​ក្នុង​គម្រោង​បម្រើ​មួយ​ជាមួយ​យុវវ័យ ព្រមទាំង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ដើម្បី​បរិច្ចាគ​សម្ភារ​អនាម័យ​ដល់​សាលារៀន និង​សិស្សានុសិស្ស​ដែលកំពុង​ខ្វះខាត ក្នុងអំឡុង​ពិធីបុណ្យ​ប្រមូល​ផល​ក្នុង​មូលដ្ឋាន​នៅ ហ្គាវ៉ៃ នោះផងដែរ ។ ក្រោយមក​ទៀត​គឺជា​កិច្ចសហការជាមួយ​​សមាគម​អឌ្ឍចន្ទ​ក្រហម​ម៉ាឡេស៊ី​ក្នុង​មូលដ្ឋាន ។

គេហដ្ឋាន សារ៉ាវ៉ាក់ ឆេសៀ ផ្តល់​ការស្នាក់នៅ និង​សេវាកម្ម​ផ្សេង​ទៀត​សម្រាប់​ជនពិការ និង​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ។ សាសនាចក្រ​បាន​ជួយ​កែលម្អ​អគារ​ផ្សេងៗ ។ ជេន សេបាសៀន ជា​អ្នកគ្រប់គ្រង​ផ្ទះ​ស្នាក់នៅ​បានឆ្លុះបញ្ចាំង​ថា « អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ថា វា​មិន​ចំណាយ​ពេល​យូរ​ពេក​មុនពេល​ទទួល​បាន​ការអនុម័ត​ឡើយ ។ នោះ​គឺជា​រឿង​ដ៏​ល្អ​បំផុត​មួយ ។ ខ្ញុំ​ពិត​ជា​ពេញចិត្ត​ចំពោះ​កិច្ចការ​នេះ​ណាស់ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹងបន្ត​ទំនាក់ទំនង​ដ៏​ល្អ​របស់​អ្នក​ទៀត ។ យើង​ត្រូវការ​មនុស្ស​ដូចជា​អ្នក » ។

នៅឯអង្គការ វិសលែន គូឈីង លោកស្រី អាហ្គនីស ស៊ីបាត អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌលបាន​ជូន​ស៊ីស្ទើរ រ៉ាយ ធ្វើទស្សនកិច្ច​ជុំវិញ​បរិវេណ​នោះ​ដែល​ជា​កន្លែង​បម្រើ​ដល់​កុមារ និង​មជ្ឈិមវ័យ​ដែល​មាន​បញ្ហា​ខួរក្បាល​តាមរយៈ​សេវាកម្ម​ជា​ច្រើន ។ លោកស្រី អាហ្គនីស បាន​រៀបរាប់​ថា​ដំបូង​ឡើយគាត់​គិត​ថា​ការទាក់ទង​របស់​សាសនាចក្រ​គឺជា​ការឆបោក « ដោយសារ​តែ​ពីមុន យើង​មិន​ដែល​មាន​អង្គការ​ណា​មកពី​ក្រៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ចង់​ជួយ វិសលែន ឡើយ » ។ គាត់​បានថ្លែង​ថា « ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​មកពី​សាសនាចក្រ​សម្រាប់​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការជួយ និង​រួមចំណែក​ដល់​អង្គការ​របស់​យើង » ។

នៅ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ទីក្រុង​គូឈីង នា​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០២៤ ស៊ីស្ទើរ រ៉ាយ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​ដល់​សាលា​បឋមសិក្សា សេកូឡា កេបាំងសាន ស៊ីម៉េងហ្គក ដែល​គាត់​បានថ្លែង​សុន្ទរកថា​ទៅកាន់​កុមារ​ដែល​បាន​មក​ជួបជុំ​គ្នា និង​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​របស់​ពួកគេ ។ គាត់​បាន​ថ្លែង​ថា ៖ « ខ្ញុំ​នៅ​ទីនេះ​ក្នុង​នាម​ជា​អ្នក​តំណាង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បានធ្វើ​ដំណើរ​តាំងពី​សហរដ្ឋ​អាមេរិក​មក ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង​ថា បងប្អូន​ក៏​មាន​គេ​ស្រឡាញ់ បងប្អូន​មាន​តម្លៃ » ។

គាត់​បានចូលរួម​ចែក​កាបូប​ចំនួន ៨០ និង​សម្ភារ​អនាម័យ ដែល​យុវវ័យ​របស់​សាសនាចក្រ​បាន​រៀប​ដាក់បញ្ចូលគ្នារួចស្រេច ។ នៅ​ចន្លោះ​ពេល​សម្រាក ប្រធាន​បេសកកម្ម​សិង្ហបុរី​គឺ​ប្រធាន ថាយ ថុលម៉ាន់ ដែល​ជា​ជនជាតិ​ម័រី ព្រមជាមួយ​ក្រុម​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ធ្វើ​ការសម្តែង​ដែល​មិន​បាន​គ្រោងទុក​ដ៏​ល្បី​មួយ​ហៅថា ហាកា និង​របាំ​ស្វាគមន៍​របស់​ជនជាតិ​ម័រី​រៀងៗខ្លួន ។ បុគ្គលិក​សាលា រួមទាំង​គ្រូបង្រៀន ហើយនិង​នាយក​សាលា​ចូលរួម​សម្តែង​ដោយ​មិន​បានគ្រោង​ទុក ដែល​បាន​ញុំាង​ឲ្យ​ទស្សនិកជន​រីករាយ​ជាមួយនឹង​ការរាំ​តាម​ចង្វាក់ Gawai ដ៏​ពេញនិយម ស្របពេល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​យុវវ័យ​ក៏​រត់​ឡើង​លើ​វេទិកា​ចូលរួម​សម្តែង​ជាមួយ​ពួកគេ​ផងដែរ ។  

ការស្ថាបនា​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល

នៅពេល​មក​ដល់​ខេត្ត​សៀមរាប នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០២៤ ស៊ីស្ទើរ រ៉ាយ បាន​ជួប​ជាមួយ​អភិបាល​រង​ខេត្ត​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មីៗ ឯកឧត្តម ង៉ូវ សេងកាក់ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហការ​មនុស្សធម៌​បន្ថែម​ទៀត ។ ឯកឧត្តម​បាន​ថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​សម្រាប់​កិច្ចការ​សប្បុរសធម៌​តាំងពីដើម​រហូត​មក​ដល់​ពេល​នេះ ។ លោក​បាន​ប្រាប់​ស៊ីស្ទើរ រ៉ាយ ឲ្យជ្រាបថា « អ្នក​បានរួមចំណែក​យ៉ាងច្រើន​ដល់​ខេត្ត​សៀមរាប ។ យើង​ទន្ទឹង​រង់ចាំ​បង្កើត​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​បន្ថែម​ទៀត​នា​ពេល​អនាគត » ។

31.-CM-govt-visit.jpg
31.-CM-govt-visit.jpg
ស៊ីស្ទើរ អេមមី រ៉ាយ ជួបជាមួយអភិបាលរងខេត្តសៀមរាប ឯកឧត្តម ង៉ូវ សេងកាក់ នៅការិយាល័យរបស់ឯកឧត្តមក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីសក្តានុពលកិច្ចសហប្រតិបត្តិការរបស់សាសនាចក្រនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងការធ្វើការងារបម្រើរបស់ស៊ីស្ទើរ រ៉ាយ នៅតំបន់អាស៊ីអាគ្នេយ៍ ។2024 by Intellectual Reserve, Inc. All rights reserved.
32.-CM-govt-outside-pose.jpg
32.-CM-govt-outside-pose.jpg
ស៊ីស្ទើរ អេមមី អេ រ៉ាយ អមដំណើរដោយស្វាមីរបស់គាត់លោក ជេមស៍ ធ្វើការងារបម្រើដល់ក្រុមគ្រួសាររបស់ប្រធានសាខានៃសហគមន៍រុនតាឯក ក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ។ ដំណើរទស្សនកិច្ចរបស់ពួកលោកទៅកាន់ផ្ទះរបស់គាត់បានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងការធ្វើការងារបម្រើរបស់ស៊ីស្ទើរ រ៉ាយ នៅតំបន់អាស៊ី អាគ្នេយ៍ ។2024 by Intellectual Reserve, Inc. All rights reserved.

ស៊ីស្ទើរ រ៉ាយ បាន​មាន​ប្រសាសន៍​អំពី​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដែល​សាសនាចក្រ​បាន​ចូលរួម​ជា​ពិសេស​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ ដោយ​បញ្ជាក់​ថា « ធនធាន​ដ៏​មហិមា​បំផុត​នៅ​គ្រប់​ប្រទេស​ទាំងអស់​គឺកុមារ ។ ស៊ីស្ទើរ រ៉ាយ ក៏បាន​មាន​ប្រសាសន៍ដែរ​ថា ៖ « ជំនួប​នេះ​ពិត​ជា​ជំនួប​ដ៏​រីករាយ​ណាស់ ។ គោលបំណង​ដ៏​សំខាន់​បំផុត​នោះ​គឺ​ចាប់ផ្តើម​បង្កើត … មិត្តភាព​មួយ​ដែល​យើង​អាច​ធ្វើការ​ជាមួយ​គ្នា … ពិតជា​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​លើកស្ទួយ ​ស្ថាបនា និង​ពង្រឹង​ប្រជាជន​នៅក្នុង​សហគមន៍​នេះ » ។

នៅក្នុង​បេះដូង និងគេហដ្ឋាន

ស៊ីស្ទើរ រ៉ាយ ក៏​បានបន្តធ្វើ​ដំណើរ​ទៅកាន់​សហគមន៍​រុនតាឯក ជា​កន្លែង​ដែល​សាសនាចក្រ​បានជួយ​សមាជិក​ដែល​តម្រូវ​ឲ្យ​ប្តូរ​លំនៅដ្ឋាន​ពី​តំបន់​ជុំវិញ​ប្រាសាទ​អង្គរវត្ត ដោយ​មាន​សម្ភារ​សម្រាប់​សាងសង់​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ថ្មី​របស់​ពួកគេ ។ សាខា​រុនតាឯក ដែល​បានបង្កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ គឺជា​លទ្ធផល​នៃ​សេចក្តីជំនឿ ព្រមទាំង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​រីកចម្រើន​ឡើង​ក្នុង​ចំណោម​សមាជិក​ទាំងនេះ ។

ផ្ទះ​ដំបូង​ដែល​គាត់​ទៅ​ផ្ដល់​ការងារបម្រើ​នៅក្នុង​សហគមន៍​នោះ គឺផ្ទះ​របស់​ប្រធាន​សាខា ដែល​គាត់​បាន​សាងសង់​ផ្ទះ​នោះ​ដោយ​ដៃ​របស់​គាត់​ផ្ទាល់ ។ ក្រុម​គ្រួសារ​របស់​គាត់​ដែល​មាន​សមាជិក​បួន​នាក់​ទើប​តែ​បានផ្សារភ្ជាប់​សម្រាប់​ភាពអស់កល្ប​ជានិច្ច​នៅ​ព្រះវិហារ​បរិសុទ្ធ​បាងកក នៅ​មួយ​ខែ​មុន​នេះ​ប៉ុណ្ណោះ ។

ភរិយា​របស់​គាត់​គឺបងស្រី ហេង ប៊ុនធា អាយុ​៤៨​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​រំភើប​ណាស់​ដែល​ស៊ីស្ទើរ រ៉ាយ បាន​មក​លេង​ផ្ទះ​របស់​យើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​គឺ​អស្ចារ្យ​ណាស់ ដោយសារ​ព្រះវិញ្ញាណ​បានដឹកនាំ​ស៊ីស្ទើរ រ៉ាយ មក​សួរសុខទុក្ខ​យើង​នៅ​តំបន់​រុនតាឯក​នេះ ដើម្បី​ឲ្យ​គាត់​អាច​ដឹង​ពី​អ្វី​ដែល​យើង​បាន​ឆ្លងកាត់ » ។

នៅ​ផ្ទះ​របស់​បងស្រី អឿម សៀង ដែល​មាន​អាយុ​៦៨​ឆ្នាំ ដែល​បានទទួល​បុណ្យជ្រមុជទឹក​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ មាន​កូនស្រី​ពីរ​នាក់ កូនប្រសា និង​ចៅ​ប្រាំមួយ​នាក់​របស់​គាត់​បាន​ចូលរួម​ជាមួយ​ស៊ីស្ទើរ រ៉ាយ និង​អ្នក​អម​ដំណើរ​ជាមួយ​គាត់​យ៉ាងណែន​នៅ​រានហាល​ដ៏​តូច​របស់​ពួកគេ ។ ប៉ុន្តែ​អ្នក​ជិត​ខាង និង​កូនៗ​របស់​ពួកគេ​ក៏​មិន​ចង់​ខកខាន​វត្តមាន​ពិសេស​របស់​ស៊ីស្ទើរ រ៉ាយ ផងដែរ ។ នៅពេល​ពួកគេ​ជួបជុំ​គ្នា​នៅ​ជិត​ផ្ទះ និងអង្គុយ​ក្បែរ​គាត់​នោះ ស៊ីស្ទើរ រ៉ាយ បាន​លាន់មាត់​ថា « នេះ​ជា​អង្គការ​បឋមសិក្សា​ទាំងមូល​ហើយ !

ស៊ីស្ទើរ រ៉ាយ បានដឹកនាំ​ក្រុម​ដ៏​ធំ​មួយ​ច្រៀង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ទោះបី​ជា​បទ​នេះ​មាន​តែ​ក្មេងស្រី​តូច​ម្នាក់​ដែល​ចេះ​ក៏​ដោយ បន្ទាប់មក​គាត់​បាន​ថ្លែង​ទីបន្ទាល់​ទៅកាន់​នាង​ថា « ក្មួយ​មាន​តម្លៃ​ចំពោះ​ទ្រង់ ។ មីង​សង្ឃឹម​ថា ក្មួយ​នឹង​ដឹង ហើយ​ទទួល​អារម្មណ៍​នោះ​ជានិច្ច » ។ នៅក្នុង​ភាពស្ញប់ស្ញែង​ដ៏​ស្ងប់ស្ងាត់ និង​គាវរភាព​ដែល​បាន​បន្ត​នោះ ស៊ីស្ទើរ រ៉ាយ បាន​លូក​យក​ប័ណ្ណ​មួយ​ដុំ​ដែល​គាត់​បាន​យក​មក​ជាមួយ ដែល​បង្ហាញ​អំពី​ក្មេង​ស្រី​តូច​ម្នាក់​នាំ​អ្នកដទៃ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចែក​ប័ណ្ណ​ទាំង​នោះ​ទៅ​ឲ្យ​កុមារ​គ្រប់​គ្នា​ទុក​ជា​អនុស្សាវរីយ៍ ។

ផ្ដល់​ការងារបម្រើ​ដោយ​ក្ដីស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់គ្នា

12.-Special-Embrace.jpg
12.-Special-Embrace.jpg
ស៊ីស្ទើរ អេមមី អេ រ៉ាយ ធ្វើការងារបម្រើ និងឱបម្តាយម្នាក់បន្ទាប់ពីការប្រជុំធម្មនិដ្ឋានសមាជិក ដែលបានប្រារព្ធឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅស្តេកសិង្ហបុរី ក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងការធ្វើការងារបម្រើរបស់គាត់នៅតំបន់អាស៊ីអាគ្នេយ៍ ។2024 by Intellectual Reserve, Inc. All rights reserved.

ស៊ីស្ទើរ រ៉ាយ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ពី​គោលបំណង​នៃ​ការងារបម្រើ​របស់​គាត់​ថា « ខ្ញុំ​ចងចាំ​ពី​រាត្រី​មួយ​ដែល​ខ្ញុំ​បានអធិស្ឋាន​ជា​ពិសេស​សម្រាប់​ប្រជាជន​ដ៏​ស្រស់ស្អាត​នៃ​តំបន់​នេះ …ហើយ​ខ្ញុំ​ក៏​ទទួលបាន​អារម្មណ៍​ដ៏​បំផុស​គំនិត​នេះ​ថា ៖ គ្រាន់តែ​ប្រាប់​ពួកគេ​ថា​ យើង [ ជា​ព្រះវរបិតាសួគ៌​របស់​ពួកគេ ] ស្រឡាញ់​ពួកគេ​ខ្លាំងណាស់ ថា​ពួកគេ​មាន​តម្លៃ​ចំពោះ​យើង ហើយ​អរគុណ​ពួកគេ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​កំពុង​ធ្វើ ។ ពួកគេ​កំពុង​ធ្វើ​កិច្ចការដ៏​ល្អ ហើយ​ថា​យើង​ដឹង​អំពី​ពួកគេ ។ យើង​ស្គាល់​ពួកគេ​ម្នាក់ៗ ។ ហើយ​ខ្ញុំ​គិត​ថា ឱនោះ​ធ្វើ​ឲ្យ​ការងារ​របស់​ខ្ញុំ​ងាយ​ស្រួល​ណាស់ ព្រោះ​អ្នក​នៅ​ទីនេះ​ងាយ​ឲ្យ​ស្រឡាញ់​ណាស់ » ។

នៅ​ទូទាំង​ប្រទេស​សិង្ហបុរី ទីក្រុងគូឈីង ខេត្ត​សៀមរាប និង​ទីក្រុង​ហូជីមិញ​នៅក្នុងប្រទេស​វៀតណាម សមាជិក និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពិត​ជា​បាន​ទទួល​គាត់​ដោយ​ភាពកក់ក្ដៅ ។

ស៊ីស្ទើរ រ៉ាយ បាន​ពាំនាំមក​នូវ​សេចក្តី​ស្រឡាញ់ ការទុកចិត្ត និង​តម្រូវការ​របស់​ប្រធាន​សាសនាចក្រ​គឺប្រធាន រ័សុល អិម ណិលសុន សម្រាប់​កុមារគ្រប់រូប ហើយ​ផ្តល់​អំណាច​ឲ្យ​ពួកគេ​ចូលរួម​យ៉ាង​ពេញលេញ និង​ទទួល​យក​ការទទួល​ខុសត្រូវ​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ​ក្នុង​នាម​ជា​សមាជិក​វ័យក្មេង​បំផុត​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ 

ចំពោះ​យុវវ័យ​នៅ​ប្រទេស​សិង្ហបុរី ស៊ីស្ទើរ រ៉ាយ បាន​ផ្ដល់​សំណូមពរ​ថា « ក្មួយៗ​មិន​មែន​ជា​អនាគត​នោះ​ទេ ក្មួយៗ​គឺជា​បច្ចុប្បន្ន​នេះ ... គុណធម៌​នៃ​ជីវិត​របស់​ក្មួយៗ​កំពុងតែ​មាន​ឥទ្ធិពល​ដល់​មនុស្ស​គ្រប់​ជំនាន់​រាប់មិន​អស់ » ។

ចំពោះ​យុវមជ្ឈិមវ័យ​នៅលីវ​ក្នុង​ប្រទេស​វៀតណាម ស៊ីស្ទើរ រ៉ាយ ក៏បានរំឭក​ថា ពួកគេ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​ពួកគេ និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ មិន​ថា​ពួកគេ​នៅ​ទីណា​នោះ​ទេ ។

ចំពោះ​សមាជិក​គ-ថ្លង់​នៅទីក្រុង​គូឈីង ស៊ីស្ទើរ រ៉ាយ បាន​បញ្ជាក់​ថា « នៅពេល​ខ្ញុំ​បាន​ឮ​ដំណើររឿង​របស់​អ្នក យើង​ដឹង និង​ទទួល​អារម្មណ៍​ថា អ្នក​មានទឹក​ចិត្ត​ដ៏​ស្រស់ស្អាត និង​ទន់ភ្លន់ » ។

ចំពោះ​ថ្នាក់​ដឹកនាំ​អង្គការ​បឋមសិក្សា ស៊ីស្ទើរ រ៉ាយ បានលាតត្រដាង​ថា « អង្គការ​បឋមសិក្សា​គឺជា​កន្លែង​ដែល​អ្នក​នឹង​ទទួល​បាន​ការព្យាបាល » ។

ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ស៊ីស្ទើរ រ៉ាយ បាន​បង្រៀន​ថា « បេសកកម្ម​របស់​អ្នក​ត្រូវ​បាន​ធ្វើ​ឡើង​ជាក់លាក់​ដោយ​ការរចនា​ដ៏​ទេវភាព ដើម្បី​ជា​ការលត់ដំជាពិសេស​សម្រាប់​អ្នក … ដើម្បី​ឲ្យ​អ្នក​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​រស់នៅ​តាម​របៀប​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ » ។

ហើយ​ពេលដែល​ការងារបម្រើ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​របស់​គាត់​បាន​ឈាន​ចូលមក​ដល់​ទីបញ្ចប់​នោះ ស៊ីស្ទើរ រ៉ាយ បាន​សម្តែង​អារម្មណ៍​ថា « ក្តី​សង្ឃឹម​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ជា​ពិសេស​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺថា​ចក្ខុវិស័យ​នឹងត្រូវ​បានពង្រីក​ទៅ​ដល់​សិស្ស​វ័យក្មេង​បំផុត​របស់​ព្រះវរបិតាសួគ៌​របស់​យើង ដែលជា​បុត្រាបុត្រី​របស់​ទ្រង់​…ថា​កូនក្មេង​តូចៗ​ទាំងនេះ យើង​នឹង​ចាប់ផ្តើម​ឃើញ​ពួកគេ​តាមរយៈ​កញ្ចក់​នៃ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ » ។

3.-Excited-Over-the-Kid.jpg
3.-Excited-Over-the-Kid.jpg
ស៊ីស្ទើរ អេមមី អេ រ៉ាយ ថតជាមួយក្មេងប្រុសដំបូងដែលគាត់បានជួបក្នុងដំណើរទស្សនកិច្ចធ្វើការងារបម្រើរបស់គាត់នៅតំបន់អាស៊ីអាគ្នេយ៍ អំឡុងពេលដំណើរទស្សនកិច្ចអន្តរជំនឿនៅឯព្រះវិហារឥស្លាម Ba'alwie ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។2024 by Intellectual Reserve, Inc. All rights reserved.