Additional Resource

ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា ថ្លែង​អរគុណ​ដល់​សាសនាចក្រ​សម្រាប់​គម្រោង​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​ខេត្តត្បូង​ឃ្មុំថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា ថ្លែង​អរគុណ​ដល់​សាសនាចក្រ​សម្រាប់​គម្រោង​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​ខេត្តត្បូង​ឃ្មុំ

មណ្ឌល​សុខភាព​តូច​មួយ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ឥឡូវ​នេះ​មាន​បន្ទប់​សម្ភព​ថ្មី ដែល​ទារក​អាច​សម្រាល​មក​ក្នុង​ស្ថានភាព​ដែល​មាន​សុវត្ថិភាព មាន​អនាម័យ ជាមួយនឹង​ឧបករណ៍​ទំនើប​ថ្មីៗ ។

លើស​ពី​នេះ មន្ទីរពេទ្យ​ថ្មី​ចំនួន​ពីរ​ក្នុង​ខេត្ត​នេះ ឥឡូវ​មាន​ឧបករណ៍​ថ្មីៗ​ដើម្បី​លើក​កម្ពស់​សេវាកម្ម​យ៉ាងល្អ​ជូន​ដល់​អ្នកជំងឺ ។ គ្រប់យ៉ាង​ទំាងនេះអរគុណ​ចំពោះ​ការបរិច្ចាគ និងការងារ​​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

នៅក្នុង​ពិធី​មួយ​នៅឯ​ស្រុកតំបែរ​នៃ​ខេត្ត​នេះ នា​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ រាជ​រដ្ឋាភិបាល សាសនាចក្រ និង​មន្ត្រី​សុខាភិបាល​បាន​ជួបជុំ​គ្នា​ដើម្បី​អបអរសាទរ « ពិធី​ប្រគល់-ទទួល » ឧបករណ៍ និង​បន្ទប់​សម្ភព​ថ្មី រួម​ជាមួយនឹង​គម្រោង​ជួសជុល​កែលម្អ​ថ្មី​នៅ​សាលា​បឋម​សិក្សា​ចំនួន​ប្រាំ​មួយ ( សូម​មើល​ដំណើររឿង​ដែល​ទាក់ទង ) ។

Seda-Senchey-equip.jpg
Seda-Senchey-equip.jpg
បរិក្ខាពេទ្យនៅមណ្ឌល​សុខភាព​សេដាសែនជ័យ © 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ឯកឧត្តម​បណ្ឌិត ឆាយ បូរិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​នៅ​កម្ពុជា ដែល​បានអញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​នេះ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការបញ្ចប់​គម្រោង​ទាំងនេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការលើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការថែទាំ​សុខភាព​សម្រាប់​អ្នក​ស្រុក​នៅ​ទីនេះ » ។ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ប្រធាន​តំបន់​អាស៊ី ជា​តំណាង​ឲ្យ​សាសនាចក្រ ។

ដំណើរការ​នៃ​ការគាំទ្រ​ដល់​តម្រូវការ​នៃ​ការអប់រំ និង​ការថែទាំ​សុខភាព​របស់​ខេត្ត​ត្បូងឃ្មុំ បានចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ២០២៤ នៅពេល​ដែល​អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បានជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ។ នៅក្នុង​ការប្រជុំ​នោះ អែលឌើរ រិនឡាន់ បានសន្យា​នឹង​សាងសង់​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​នៅ​ខេត្តសៀមរាប ហើយ​ក៏​បាន​ពិភាក្សា​ពី​តម្រូវការ​ផ្សេងទៀត​ផងដែរ ។ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម តម្រូវការ​ផ្នែក​ថែទាំ​សុខភាព​សំខាន់ៗ​ត្រូវ​បានកំណត់ ។

ក្នុង​ការរំឭក​ដល់​ការបញ្ចប់​ការងារ​នេះ អែលឌើរ តៃ បាន​មាន​ប្រសាសន៍​ថា « យើង​ជឿ​ថា​រូបកាយ​របស់​យើង​គឺជា​អំណោយទាន​មកពី​ព្រះ ហើយ​ដូចជា​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ចាំបាច់​ត្រូវ​ថែទាំ​ដោយ​ការយក​ចិត្ត​ទុកដាក់ និង​ការគោរព​យ៉ាងខ្លាំង ។ នោះ​មន្ទីរពេទ្យ និង​បរិក្ខារពេទ្យ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ដូចជា​សុខភាព​ខាងរាងកាយ និង​ខាងវិញ្ញាណ​គឺ​មាន​សារៈ​សំខាន់​ផងដែរ » ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​​រៀមច្បងផ្នែកមនុស្សធម៌ អែលឌើរ ម៉ាក និង​ស៊ីស្ទើរ ម៉ាវេល អ៊ើនសរ បានជួយ​មើល​ការខុសត្រូវ​លើ​គម្រោង​ការបរិច្ចាគ​ផ្នែក​ថែទាំ​សុខភាព​នេះ ។

បន្ទប់​សម្ភព​ថ្មី​នៅ​មណ្ឌល​សុខភាព​សេដាសែនជ័យ ​ពីមុន​បានសាងសង់​​ផ្នែក​ខ្លះៗ ប៉ុន្តែ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​គម្រោង​នេះ​នោះ​ទេ ។ សាសនាចក្រ​ក៏​បាន​យក​មក​បន្ត និង​បញ្ចប់​ការសាងសង់​នេះ ហើយ​បានផ្តល់​ឧបករណ៍ OB-GYN ។ មណ្ឌល​សុខភាព​សហគមន៍​នេះ​បម្រើ​ដល់​ប្រជាជនចំនួន​១០,៤០០នាក់ នៅក្នុង​ភូមិចំនួន១៣ និង​ទារក​ទើបកើតពី​៨ ទៅ​ ១០នាក់​ក្នុង​មួយ​ខែៗ ។

ស៊ីស្ទើរ អ៊ើនសរ បានមាន​ប្រសាសន៍ ៖ « ការឃើញ​ទឹកមុខ​របស់​ប្រជាជន និង​ទឹកភ្នែក​នៃ​អំណរ បាន​ធ្វើ​ឲ្យ​កិច្ចខិតខំ​ទាំងអស់​កាន់តែ​មាន​អត្ថន័យ ។ យើង​ទទួល​បាន​រូបថត​ទារក​ដំបូង​ដែល​សម្រាល​នៅក្នុង​បន្ទប់​សម្ភព​ថ្មី​នេះ ។ វាពិត​ជា​កន្លែង​ដ៏​ល្អ » ។ 

អែលឌើរ អ៊ើនសរ បាន​មាន​ប្រសាសន៍​ថា មាន​តែ​គ្រូពេទ្យ​ផ្នែក​ខាងភ្នែក​ដែល​មាន​ឯកទេស​ខ្ពស់​ម្នាក់​ប៉ុណ្ណោះ​ដែល​បម្រើ​ដល់​ប្រជាជន​ជិត​មួយ​លាន​នាក់​នៅក្នុង​ខេត្ត​នេះ ។ វា​ជា​ការកម្រ​ណាស់​ដែល​មាន​គ្រូពេទ្យ​ជំនាញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ពីព្រោះ​ពួកគេ​មិន​ទទួលបាន​ប្រាក់​កម្រៃ​ល្អ​នៅ​តំបន់​ជនបទ​នេះ​ទេ ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​ម្នាក់​នេះ​បានធ្វើ​ការវះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ​ពី​៨ ទៅ​ ១០ដង​ក្នុង​មួយ​ថ្ងៃៗ​អស់​រយៈពេល​២០ឆ្នាំ​មក​ហើយ ។ យើង​អាច​ទទួល​បាន​ឧបករណ៍​ភ្នែក​ដែល​មាន​គុណភាព​ខ្ពស់​ពី​ប្រទេស​ជប៉ុន រួមទាំង​មីក្រូទស្សន៍​វះកាត់​ថ្មី និង​អំពូល​ឆ្លុះ​ភ្នែក ហើយ​តាំង​ពី​ពេលនោះ​មក គាត់​​ញញឹមមិន​ឈប់សោះ​ » ។

ការបរិច្ចាគ​សម្ភារ​សំខាន់ៗ​ក៏​ត្រូវ​បានធ្វើ​ឡើង​ដល់​មន្ទីរពេទ្យ​ចំនួន​ពីរ​ផងដែរ គឺ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូច​ឆ្មារ បម្រើ​ដល់ប្រជាជន​ចំនួន​១០៦,០០០នាក់ និង​មន្ទីរពេទ្យ​បង្អែក​តំបែរ បម្រើដល់​ប្រជាជន​ចំនួន​៨៥,០០០នាក់ ។ មន្ទីរពេទ្យ​ទាំងពីរ​នេះ​គឺជា​មន្ទីរពេទ្យ​ថ្មី​គួរ​សម ប៉ុន្តែ​ត្រូវការ​ឧបករណ៍​វេជ្ជសាស្ត្រ​ថ្មីៗ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ឲ្យ​បាន​គ្រប់គ្រាន់​ជាមួយនឹង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ផ្សេងៗ​គ្នា ។

គ្រឿងបរិក្ខារ​ដែល​បានបរិច្ចាគ​រួមមាន ម៉ាស៊ីន​កាំរស្មីអ៊ិច C-arm ម៉ាស៊ីន​កាំរស្មី​អ៊ិច​ធ្មេញ ម៉ាស៊ីន​តាមដាន​ចង្វាក់​បេះដូង​អ្នក​ជំងឺ ម៉ាស៊ីន​លាងឧកបរណ៍ ឧបករណ៍​មន្ទីរ​ពិសោធន៍ ឧបករណ៍​វាស់​ជីពចរ កុំព្យូទ័រ និង​ម៉ាស៊ីន​បោះពុម្ព ប្រព័ន្ធ​អុកស៊ីសែន ម៉ាស៊ីន​អេកូ គ្រែ​សម្រាល ម៉ាស៊ីន​តាមដាន​ចង្វាក់​បេះដូង​គភ៌ និង​ឧបករណ៍​ផ្សេងៗ​ទៀត ។