byu-idaho-graduation.jpg
Translation

ទទួល​បាន​សញ្ញាបត្រ​ពី​មហាវិទ្យាល័យ BYU-Pathway, BYU-Idaho និង Ensign College ក្នុង​រយៈពេល​បី​ឆ្នាំ

កម្រិត​បរិញ្ញាបត្រ​អនឡាញ​ថ្មី​នឹង​ផ្តល់​ជូន​នូវជំនាញផ្នែក​ធុរកិច្ច បច្ចេកវិទ្យា ទំនាក់ទំនង សុខភាព សេវាកម្មគ្រួសារ និង​ការសិក្សា​ប្រកបដោយ​វិជ្ជាជីវៈ

ចាប់ផ្តើម​នៅ​ខែ​មេសា ឆ្នាំ ២០២៤ មហាវិទ្យាល័យ BYU–Idaho និង Ensign College ដោយ​មាន​ការគាំទ្រ​ពី BYU–Pathway Worldwide នឹង​ផ្តល់​សញ្ញាបត្រ​ដែល​មាន​ក្រេឌីត ៩០–៩៦ ដែល​នឹង​អនុញ្ញាត​ឲ្យ​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​តាម​អនឡាញ​នៅក្នុង​រយៈពេល​បី​ឆ្នាំ ។ សញ្ញាបត្រ​ថ្មី​នេះ​បាន​អនុម័ត​ដោយ Northwest Commission on Colleges and Universities (NWCCU) ដែល​វគ្គសិក្សា​សំខាន់ៗ និង​ការអប់រំ​ទូទៅ​ដែល​តម្រូវ​ឲ្យសិក្សា​ទាំងអស់​ត្រូវ​បាន​រក្សានៅ​ដដែល ខណៈ​ដែល​ក្រេឌីត​ជម្រើស​ខ្លះៗ​ត្រូវបាន​ដក​ចេញ ។

BYU–Idaho, Ensign College និង BYU–Pathway Worldwide គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ( ស៊ី. អ៊ី.អែស ) នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ស៊ី. អ៊ី.អែស បន្ត​ខិតខំ​ដើម្បី​ធ្វើ​ឲ្យ​អ្នកសិក្សា​ចម្រុះ​នៅ​ទូទាំង​ពិភពលោក​អាច​ទទួល​បាន​ការអប់រំ​ផ្នែក​ឧត្តមសិក្សា​កាន់តែ​ច្រើនឡើង ។

អែលឌើរ ក្លាក ជី. ហ្គីប៊ឺត អ្នក​តំណាង​ស៊ី.អ៊ី.អែស បាន​មាន​ប្រសាសន៍​ថា « ការផ្តល់​លទ្ធភាព​ទទួលបាន​ការអប់រំ​ដែល​មាន​តម្លៃ​សមរម្យ​នៅ​គ្រប់​ទីកន្លែង ដែល​សាសនាចក្រ​បានរៀបចំ​ឡើង គឺ​មាន​សារៈសំខាន់​ចំពោះ​អ្វី​ដែល​យើង​ធ្វើ » ។ « រចនា​សម្ព័ន​សញ្ញាបត្រ​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរឡើង​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​លទ្ធភាព​ទទួល​សញ្ញាបត្រ​កាន់តែ​ច្រើន​ថែម​ទៀត ជាពិសេស​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ការអប់រំ​កម្រិត​ឧត្តមសិក្សា គឺជា​ជម្រើស​ដែល​អាច​សម្រេច​បាន​សម្រាប់​ពួកគេ » ។

ការផ្ដល់​សេវាកម្ម​ដល់​និស្សិត​ជិត ៧០,០០០ នាក់​នៅលើ​បណ្តាល​ប្រទេស​ជាង ១៨០ ប្រទេស​ជា​រៀង​រាល់​ឆ្នាំ BYU-Pathway Worldwide ផ្តល់​ធនធាន និង​ការគាំទ្រ​ដល់​និស្សិត​នៅពេល​ពួកគេ​បំពេញ​ការសិក្សា​នៅលើ​អនឡាញ ហើយ​សញ្ញាបត្រ​ត្រូវបាន​ប្រគល់​ឲ្យ​ដោយ​មហាវិទ្យាល័យ BYU-Idaho និង Ensign College ។ និស្សិត​អនឡាញ​ជា​មធ្យម​មាន​អាយុ ៣៣ ឆ្នាំ រៀន​ពីរ​ថ្នាក់​ក្នុង​ពេល​តែមួយ ធ្វើការ​ពេញម៉ោង និង​ផ្គត់ផ្គង់​គ្រួសារ ។

បរិញ្ញាបត្រ​ដែល​មាន​រយៈពេល​បី​ឆ្នាំ​នេះ មាន​សម្រាប់​និស្សិត​ដែល​បាន​ចុះ​ឈ្មោះ​ចូលរៀន​តាម​កម្មវិធី​អនឡាញ​តែ​ប៉ុណ្ណោះ ដែល​ផ្តល់​ជូន​ដោយ​មហាវិទ្យាល័យ BYU-Idaho និង Ensign តាមរយៈ​ការសហការ​ជាមួយ BYU-Pathway Worldwide ។ បរិញ្ញាបត្រ​នេះ​នឹង​ផ្តល់​ជូន​នៅ​ជំនាញ​ធុរកិច្ច បច្ចេកវិទ្យា ទំនាក់ទំនង សុខភាព សេវាកម្មគ្រួសារ និង​ការសិក្សា​ប្រកបដោយ​វិជ្ជាជីវៈ ។ BYU-Idaho និង Ensign College នឹង​រាយការណ៍​ជា​ប្រចាំ​ទៅ​កាន់ NWCCU អំពី​លទ្ធផល និង​ការរីកចម្រើន​របស់​និស្សិត​ដែល​បាន​ចុះឈ្មោះ​ចូលរៀន​បរិញ្ញាបត្រ​ថ្មី​នេះ ។

លោក​ប្រាយអិន ខេ អាស្តុន ជា​ប្រធាន BYU–Pathway Worldwide មាន​ប្រសាសន៍​ថា « និស្សិត BYU-Idaho និង Ensign College សិក្សា​អនឡាញ និង​បាន​ទទួល​សេវាកម្ម​តាមរយៈ BYU-Pathway Worldwide ជា​ទូទៅ​គឺជា​និស្សិត​មហាវិទ្យាល័យ​ជំនាន់​ទី ១ ដែល​ធ្វើការ​ពេញម៉ោង ហើយ​ជា​រឿយៗ​មាន​ការពុះពារ​ដើម្បី​រក​ដំណោះស្រាយ » ។ « ពួកគេ​ត្រូវការ​ជម្រើស​ដែល​ជួយ​ពួកគេ​ទទួល​បាន​សញ្ញាបត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ រចនាសម្ព័ន្ធ​បរិញ្ញាបត្រ​ថ្មី​នេះ​បង្កើន​លទ្ធភាព​នៃ​ការបញ្ចប់​ការសិក្សា ខណៈ​ដែល​ការខិត​ទាំងអស់​នោះ​គឺ​ដើម្បី​រៀបចំ​ពួកគេ​សម្រាប់​ការងារ និង​អាជីព ។

ទោះបីជា BYU-Idaho និង Ensign College ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​ដំបូង​គេ​ដែល​ទទួល​បាន​ការទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​រចនាសម្ព័ន្ធ​សញ្ញាបត្រ​នេះ​ក៏​ដោយ ក៏​មាន​អ្នកបង្កើត​ថ្មីៗ​ផ្សេង​ទៀត​ក្នុង​វិស័យ​អប់រំ​កម្រិត​ឧត្តមសិក្សា​នេះ​បាន​ស្វែងរក​អស់​ជាច្រើន​ឆ្នាំ​នូវ​ជម្រើស​សញ្ញាបត្រ​ដែល​ផ្អែក​លើ​លទ្ធផល​សិក្សា​ច្រើនជាង​ពេលវេលា​រៀន​ជាក់ស្តែង​នៅក្នុង​ថ្នាក់​ដែរ ។ ថ្មីៗនេះ BYU-Idaho បាន​ចូលរួម​ក្នុង​សហព័ន្ធ « មហាវិទ្យាល័យ​ទាំង ៣ » ជាសហគម​សាលារៀន​ដែល​រួម​មាន​សាកលវិទ្យាល័យ Minnesota Rochester និង​សាកលវិទ្យាល័យ Pennsylvania ដើម្បី​ស្វែងរក​វិធី​ផ្សេងៗ​ក្នុងការ​ពិចារណា​ឡើងវិញអំពី​វិធីសាស្រ្ត​ប្រពៃណី​ចំពោះ​ការអប់រំ​កម្រិត​ឧត្តមសិក្សា ។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការផ្តល់​ជូន​បរិញ្ញាបត្រ​ដ៏​ប្រសើរ​នេះ សូម​ចូល​ទៅកាន់​គេហទំព័រ byupathway.org/degree-in-three

អំពី ស៊ី. អ៊ី. អែស

ប្រព័ន្ធ​អប់រំ​សាសនាចក្រ ( ស៊ី. អ៊ី. អែស ) ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ បេសកកម្ម​របស់ ស៊ី. អ៊ី. អែស គឺ​ដើម្បី​អភិវឌ្ឍ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​អ្នក​ដឹកនាំ​នៅក្នុង​គេហដ្ឋាន សាសនាចក្រ និង​សហគមន៍​របស់​ពួកគេ ។