Translation

ប្រធាន ផតធ័រ អញ្ជើញ​ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ​កុមារ​ជាតិ​ក្នុង​អំឡុង​ពេល​ផ្ដល់​ការងារបម្រើ​នៅ​តំបន់​អាស៊ី

ប្រធាន​អង្គការ​បឋមសិក្សា ស៊ូសាន អេច ផតធ័រ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​តំបន់​អាស៊ី នា​ចុង​ខែ​ឧសភា ឆ្នាំ២០២៥ ក្នុងដំណើរ​ផ្ដល់​ការងារបម្រើ​នៅ​ទីតាំង​ចំនួន​ប្រាំមួយ ជា​ពិសេស​នៅក្នុង​សហគមន៍​ដែល​កំពុង អភិវឌ្ឍ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ចំណុច​ពិសេស​មួយ​ចេញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នោះ​គឺ​ដើម្បី​ធ្វើ​ទស្សនកិច្ច​ដោយ​ផ្ទាល់​អំពីសក្តានុពល​នៃ​កិច្ចសហការ​ផ្នែក​មនុស្សធម៌​របស់​មន្ទីរ​ពេទ្យ​ជាមួយ​សាសនាចក្រ ។

ដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ

ប្រធាន ផតធ័រ ដែល​អមដំណើរ​ដោយ​ប្រធាន​តំបន់​អាស៊ី អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ និង​ភរិយា​របស់​លោក ស៊ីស្ទើរ ណាអូមី ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​លោកវេជ្ជ. ញឹប អង្គារបុស្ស ប្រធាន​មន្ទីរពេទ្យ និង​ក្រុម​គ្រូ​ពេទ្យ​របស់​លោក កាល​ពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។ ពួកគាត់ត្រូវ​បាន​ជម្រាប​ជូន​ជា​សង្ខេបៗ​អំពី​ប្រវត្តិ និង​ការអភិវឌ្ឍ​នៃ​មន្ទីរពេទ្យ​នេះ ព្រម​ទាំង​តម្រូវការ​របស់​មន្ទីរពេទ្យ​នេះ​ផងដែរ ហើយ​ពួកគាត់​ក៏​បានធ្វើ​ដំណើរ​ទៅ​មើល​អគារ​ផ្នែក​វះកាត់ ដែល​សាសនាចក្រ​បានបរិច្ចាគ ។

លោក​វេជ្ជ. អង្គារបុស្ស បាន​មាន​ប្រសាសន៍​ថា « កិច្ចសហការ​រវាង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​បន្ត​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ ។ សាសនាចក្រ​បាន​បរិច្ចាគ​សម្ភារបរិក្ខារ​មួយ​ចំនួន​សម្រាប់​គ្រូពេទ្យ​វះកាត់ ។ កិច្ចការ​នេះ​បាន​ផ្តល់​លទ្ធភាព​ឲ្យ​មន្ទីរពេទ្យ​កុមារ​ជាតិ​អាច​អភិវឌ្ឍ​បាន​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​សេវាកម្ម​ដើម្បី​ជួយ​ដល់​កុមារ​របស់​យើង … ដើម្បី​ទទួល​បាន​ការថែទាំ​គ្រប់គ្រាន់ និង​មាន​គុណភាព​ខ្ពស់ » ។

ប្រធាន ផតធ័រ បានអញ្ជើញ​ទៅ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ដែល​បានសហការ​ជាមួយ​សាសនាចក្រ​តាំងពី​ឆ្នាំ២០២២ មក​ម្ល៉េះ ។ លោក ង៉ែត ទិត្យា នាយករង​នៃ​មជ្ឈមណ្ឌល​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​របស់​លោក​ទទួល​ស្វាគមន៍​ប្រធាន ផតធ័រ ហើយ​ក៏​បានអញ្ជើញ​គាត់​ឲ្យធ្វើ​ទស្សនកិច្ច​ក្នុង​អគារ​ដើម្បី​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ និង​ដើម្បី​បាន​ឃើញ​ផ្ទាល់​នូវ​ភាពធូរស្បើយ​ពី​អាការ​រោគ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​អ្នក​ជំងឺ ។

លោកវេជ្ជ. ទិត្យា បាន​មាន​ប្រសាសន៍​ថា « មជ្ឈមណ្ឌល និង​សាសនាចក្រ​មាន​គោលបំណង​ស្រដៀង​គ្នា … គឺ​មាន​បំណង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​សប្បាយចិត្ត និង​ព្យាបាល​ពួកគេ​ដោយ​ស្មើភាព​គ្នា នេះ​ជា​មូលហេតុ​ដែល​យើង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើន​គុណភាព​នៃ​សេវា​ព្យាបាល​នៅទីនេះ ។ មិន​ត្រឹម​តែ​ទទួល​បាន​សម្ភារបរិក្ខារទំនើបៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បានទទួល​ការបំពាក់បំប៉ន​ពី​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី [ សាសនាចក្រ ] ក្នុង​ជំនាញ​ឯកទេស​ផ្សេងៗ​ទៀត » ។ សមត្ថភាព​ដ៏​ប្រសើរ​ទាំងនេះ​បានជំរុញ​ឲ្យ​មជ្ឈមណ្ឌល​ទទួល​បាន​នូវ​អត្រា​នៃ​ការពេញចិត្ត​ពី​អតិថិជន រហូត​ដល់​ទៅ ៩៤% ចេញពី​ការស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល ។

គម្រោងសេវាកម្មបឋម

ស្ថិត​នៅ​ឯ​មន្ទីរ​ពេទ្យ ប្រធាន ផតធ័រ បានប្រគល់​អំណោយ​ជា​សម្ភារ​សិក្សា​ចំនួន២០០កញ្ចប់ ដែល​កុមារៗ​នៃ​សាសនា​ចក្រ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ក្នុង​មូលដ្ឋាន​បាន​វេច​ខ្ចប់​យ៉ាងពិសេស​មួយ​ថ្ងៃ​មុន ។ កុមារ​អង្គការ​បឋមសិក្សា​មកពី​មណ្ឌល អ៊ូដន ប្រទេស​ថៃ ក៏​បាន​រៀបចំ​កញ្ចប់​ស្រដៀង​គ្នា​សម្រាប់​មជ្ឈមណ្ឌល យូដន ថៃនី សម្រាប់​កុមារី​ និង​ស្តេក​ខាងកើត តៃជុង តៃវ៉ាន់ សម្រាប់​មូលនិធិ​សប្បុរសធម៌​សុខុមាលភាព​សង្គម​ស៊ីហ្វាង​ផងដែរ ។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​គឺ​ឆ្លើយតប​ទៅនឹង​គំនិត​ផ្តួចផ្តើម​ឆ្នាំ២០២៥​របស់​អង្គការ​បឋមសិក្សា​ ដែល​មាន​គោលបំណង​រៀបចំ​គម្រោង​បម្រើ​ប្រចាំ​ឆ្នាំ ដើម្បី​ជួយ​កុមារ​ឲ្យ​បម្រើ​កុមារ​ដទៃ​ទៀត ។

ប្រធាន ផតធ័រ បាន​មាន​ប្រសាសន៍​ថា « ​កុមារ​​មាន​ចិត្ត​រំភើប​នៅពេល​ពួកគេ​គិត​អំពី​កុមារ​ផ្សេង​ទៀត​ដែល​មាន​សេចក្តី​ត្រូវការ ហើយ​ដឹង​ថា​ពួកគេ​អាច​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដើម្បី​ជួយ​ដល់​កុមារ​ដទៃ​ទៀត​បាន » ។ ផាឌី រីយ៉ានុត អាយុ​ប្រាំបី​ឆ្នាំ មកពី​មណ្ឌលខាងកើត​ភ្នំពេញ​កម្ពុជា​ បាន​និយាយ​ថា « ខ្ញុំ​ចង់​ជួយ​មនុស្ស​គ្រប់​គ្នា​នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​ចិត្ត » ។ មិត្តភក្តិ​របស់​នាង​មាន​ឈ្មោះ​ថា រ៉េត និម្មានរតី អាយុ​ប្រាំបី​ឆ្នាំ​បាន​បន្ថែម​ថា « ខ្ញុំ​មាន​អារម្មណ៍​ល្អ​ដែល​ខ្ញុំ​អាច​ធ្វើ​​ល្អ​ដល់​ពួកគេ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​ក៏​សប្បាយចិត្ត​ផងដែរ » ។

នៅពេល​ដែល​ប្រធាន ផតធ័រ បានចែក​កញ្ចប់​អំណោយ​ដល់​កុមារ​នៅ​មជ្ឈមណ្ឌល យូដន ថៃនី សម្រាប់​កុមារី គាត់​ប្រាកដ​ក្នុង​ចិត្ត​​ថា​គាត់​សម្លឹង​មើល​កែវ​ភ្នែក​ក្មេងៗ​ដែល​ជា​​អ្នក​ទទួល​បាន​អំណោយ​ឲ្យ​បាន​គ្រប់ៗគ្នា ហើយ « គ្រាន់​តែ​សង្ឃឹម​ថា ដោយ​មើលទៅ​កែវភ្នែក​របស់​ពួកគេ​ពីរបី​នាទី នោះពួកគេ​នឹង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ដឹងថាព្រះ​ស្គាល់​ពួកគេ » ។ គាត់​បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ធ្វើ​ការបម្រើ​ដោយ​ចេញពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ហើយ​យើង​បម្រើ​ដោយសារ​យើង​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ » ។

ការផ្ដល់ការងារបម្រើដល់សមាជិក

សមាជិក​ទាំងឡាយ​ក៏​ទទួល​បាន​អារម្មណ៍​មើល​មក​ដោយ​សេចក្តីស្រឡាញ់​ដូច​គ្នា​នោះ​ដែរ នៅពេល​ដែល​មាន​សមាជិក​ផ្សេង​ទៀត​និយាយ​ថា​ពួកគេ​ក៏​ទទួល​បាន​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​ពី​គាត់​ផងដែរ ។ ប្រធាន ផតធ័រ បាន​ប្រាប់​ពួកគេនៅពេល​គាត់​បានថ្លែង​សារលិខិត​អំពី​ការបម្រើ​ប្រកប​ដោយ​អំណរ ការអធិស្ឋាន​អស់​ពី​ដួងចិត្ត និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ដោយ​មាន​ប្រសាសន៍​ថា « អ្វី​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ចំពោះ​បងប្អូន​ម្នាក់ៗ គឺ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​អំណរ​ពី​បងប្អូន ។ នោះ​ជា​អំណោយទាន​ខាងវិញ្ញាណ​ដ៏​ស្រស់​ស្អាត​មួយ » ។

នៅក្នុង​ប្រទេស​ថៃ ប្រធាន ផតធ័រ ក៏​បានផ្ដល់​ការងារបម្រើ​ដល់​សមាជិក​ជនជាតិ​ភូមា ដែល​រស់នៅ​ក្នុង​ទីក្រុង​បាងកក ក្នុង​អំឡុងពេល​ធ្វើ​រាត្រី​ជួបជុំ​គ្រួសារ​ផងដែរ ។ អុង ធូ យ៉ មកពី​ប្រទេស​មីយ៉ាន់ម៉ា ដែល​ចូលរួម​នៅក្នុង​ស្តេកខាងជើង​បាងកក​ ​ប្រទេស​ថៃ បាន​រៀបរាប់​ថា « បន្ទាប់ពី​ការប្រជុំ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ទោះបី​យើង​រស់នៅ​ក្រៅ​ប្រទេស​ដែល​ជា​ប្រទេស​ថៃ​នេះ ក៏​ខ្ញុំ​មិន​ឯកា​ដែរ ។ ខ្ញុំ​មាន​មិត្តភក្តិ និង​សមាជិក​ដែល​ដូច​ជា​គ្រួសារ​របស់​ខ្ញុំ​នៅ​ទី​នេះ ហើយ​ពួកគេ​កាន់តែ​មាន​ចំនួនច្រើន​ឡើងៗ​នៅក្នុង​ជីវិត​របស់​ខ្ញុំ » ។

នៅ​ប្រទេស​ឡាវ ដែលមាន​តែ​សាខា​មួយ​គត់​នៅក្នុង​ទីក្រុង​វៀងច័ន្ទ សមាជិក​បាន​ចេញពី​សាលាប្រជុំ​ដើម្បី​តម្រង់​ជួរ​គ្រវី​ដៃ​លា​ប្រធាន ផតធ័រ នៅពេល​យានយន្តរបស់​គាត់​ចាកចេញទៅ ។ សាខា​នេះ​មាន​សមាជិក​របស់គ្រួសារ អ៊ីនថាវង្ស បួន​ជំនាន់​មក​ហើយ​ ដែល​ពួកគាត់​បាន​ផ្ដល់​ក្តីស្រឡាញ់​ឲ្យ​ដល់​សមាជិក​ថ្មីៗ​នៅក្នុង​សាខា​ ហើយ​រាប់​ពួកគេ​ដូចជា​​គ្រួសារ​របស់​គាត់​ដែរ ដែល​នាំ​ឲ្យ​សាខា​នេះ​មាន​អត្រា​សមាជិក​នៅ​តែ​សកម្ម​ដល់​ទៅ​ជិត ១០០% ។ 

សមាជិក​នៅក្នុង​សាខា​ម្នាក់​ដែល​មាន​ឈ្មោះ​ថា វុទ្ធីសក្ដិ សិរីសោក អាយុ​១៩​ឆ្នាំ​បាននិយាយ​ថា « ខ្ញុំ​មាន​ការរំពឹង​ទុក​ខ្ពស់ ពីព្រោះ​ខ្ញុំ​ពិត​ជា​ចង់​ជួប​គាត់​ដោយ​ផ្ទាល់ ។ « គាត់​បាន​មាន​ប្រសាសន៍​អំពី​ជីវិត​កាលនៅ​រៀន​​របស់​គាត់ ដែល​គាត់​គឺជា​សមាជិក​នៃ​សាសនាចក្រ​តែ​ម្នាក់​ឯង​គត់ ហើយ​វា​ជា​រឿង​ដែល​ពិបាក​ជា​ខ្លាំង … វា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ ពេល​ដែល​ស្ដាប់​ឮ​រឿង​គាត់​បែប​នេះ ព្រោះ​ខ្ញុំ​ក៏​ជា​សមាជិក​តែ​ម្នាក់​ឯង​ដែរ នៅ​សាលា​ដែល​ខ្ញុំ​ទៅ​រៀន … ខ្ញុំ​ធ្លាប់​ជា​សមាជិក​អសកម្ម ជា​រឿយៗ​ត្រូវ​បានល្បួង​តាម​របៀប​ជាច្រើន … ប៉ុន្តែ​បន្ទាប់ពី​បាន​ឮ​គាត់​​មាន​ប្រសាសន៍​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​ព្យាយាម​បន្ថែម​ទៀត ព្រោះ​ខ្ញុំ​ជា​កូន​របស់​ព្រះ » ។

នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន សុបញ្ញា​ អាយុ​១៦​ឆ្នាំ មកពី​ខេត្ត​សៀម​រាប​បាននិយាយ​ថា « នៅពេល​ខ្ញុំ​បានស្តាប់​ពី​ការបង្រៀន​របស់​គាត់ ខ្ញុំ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ការគិត ។ ពីមុន ខ្ញុំ​មិន​យល់ពី​សារៈសំខាន់​នៃ​ការអធិស្ឋាន ឬ​របៀប​ដែល​ការអធិស្ឋាន​ជួយ​យើង​នោះ​ទេ ។ ប៉ុន្តែ តាម​អ្វី​ដែល​ខ្ញុំ​បានរៀន​ពី​គាត់ ខ្ញុំ​បានដឹង​ថា ពេល​យើង​អធិស្ឋាន យើង​គួរតែ​ទូល​សូម​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត » ។

ហើយ​នៅ​តៃវ៉ាន់ ប្រធាន ផតធ័រ បានអញ្ជើញ​សមាជិក​ទាំង​បី​ស្ដេក តៃជុង ​ឲ្យ​ដាក់​ព្រះ​ជា​មុន ហើយ​ស្វែងរក​ព្រះហស្ត​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ពួកគេ ។ ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ គាត់​ក៏​បានលើក​ទឹក​ចិត្ត​ដល់​យុវមជ្ឈិមវ័យ​នៅ​លីវ ( យ.ម.​ល. ) នៅ​ពេល​បិទ​សន្និសីទ យ.ម.​ល. ទូទាំង​ប្រទេស​តៃវ៉ាន់​ប្រចាំ​ឆ្នាំ​២០២៥ ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ញឹកញាប់​ដើម្បី​ស្វែងរក​អំណាច​បព្វជិតភាព​របស់​ព្រះ​ដើម្បី​ពង្រឹង​ពួកគេ ។

ឥទ្ធិពលជាព្រះ 

ប្រធាន ផតធ័រ បាន​បញ្ជាក់​ថា ព្រះវិហារ​បរិសុទ្ធ​ដែល​កំពុង​សាងសង់​គឺជា « ទីសម្គាល់​មួយ​ថា​ព្រះ​ជ្រាប​ដឹង​ថា សមាជិក​ទាំងនេះ​ស្មោះត្រង់​ប៉ុនណា ហើយ​ថា​ពួកគេ​នឹង​ក្លាយជា​ឧបករណ៍​ក្នុង​ការនាំ​យក​មនុស្ស​ជាច្រើន​បន្ថែម​ទៀត​មកកាន់​ដំណឹងល្អ » ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​អំពី​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា ដែល​កំពុង​សាងសង់​នៅ​ទល់មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​បាន​ធានា​ប្រាប់​បុគ្គលិកក្រុមគ្រូពេទ្យ​ថា ពួកគេ​នឹង​ទទួល​បាន​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​ពិធីបើក​សម្ពោធ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ប្រាំបួន​ថ្ងៃ​នេះ ប្រធាន ផតធ័រ ក៏​បាន​ចូលរួម​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​របស់​អង្គការ​បឋមសិក្សា​ចំនួន​បី ការប្រជុំ​ធម្មនិដ្ឋាន​សមាជិក​ចំនួន​បី ការប្រជុំ​បំពាក់បំប៉ន​បងប្អូន​ស្រ្តី​ជា​ថ្នាក់ដឹកនាំ​ចំនួន​បី ដែល​រួមមាន​អង្គការ​បឋមសិក្សា ក្រុម​យុវនារី និង​សមាគម​សង្រ្គោះ និង​ការ​ចុះ​សួរ​សុខទុក្ខ​របស់​អង្គការបឋមសិក្សា​ចំនួន​បី ឬ​ក្រុម​ពិភាក្សា​អំពី​ថ្នាក់ដឹកនាំ​ ។

ប្រធាន ផតធ័រ បានចែកចាយ​ថា « ខ្ញុំ​សង្ឃឹម​ថា សមាជិក​ទាំងអស់​ក្នុង​តំបន់​អាស៊ី​​បាន​ដឹង​ថា​ព្រះ​មាន​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួកគេ ។ ពួកគេ​អាច​មាន​អារម្មណ៍​ថា សមាជិក​សាសនាចក្រ​មាន​​តិចតួច​បំផុត​នៅក្នុង​ប្រទេស​របស់​ពួកគេ ​ឬ​ពួកគេ​អាច​ជា​សមាជិក​តែ​ម្នាក់​ឯង​នៅ​សាលា​ដែល​គេ​ទៅ​រៀន ឬ​នៅ​កន្លែង​ដែល​ពួកគេ​ធ្វើការ ។ ប៉ុន្តែ​ព្រះ​ទ្រង់​ស្គាល់​ពួកគេ ទ្រង់​ស្រឡាញ់​ពួកគេ ហើយ​ពួកគេ​មាន​កិច្ចការ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ទ្រង់ … ពួកគេ​ជា​បុត្រាបុត្រី​នៃ​សេចក្តីសញ្ញា … ហើយ​ពួកគេ​អាច​នាំមក​នូវ​រឿង​ដ៏​មហិមា និង​អស្ចារ្យ​បាន » ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.