ប្រធាន ជែហ្វ្រី អ័រ ហូឡិន បានអញ្ជើញយុវមជ្ឈិមវ័យរាប់ពាន់នាក់នៅក្នុងមជ្ឈមណ្ឌលសន្និសីទនៅទីក្រុង សលត៍ លេក នាថ្ងៃអាទិត្យ ទី៣១ ខែកញ្ញា ឆ្នាំ២០២៥ ឲ្យបន្តដើរតាមមាគ៌ារបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់ពួកគេ ។
ការថ្លែងសុន្ទរកថាចុងបញ្ចប់នៃសន្និសីទ « រួមគ្នាក្នុងព្រះគ្រីស្ទ » រយៈពេលបីថ្ងៃនោះ ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយអំពីពេលវេលាដ៏សំខាន់បីអំពីយុវវ័យរបស់លោក ដែលជួយលោកឲ្យខិតទៅជិតព្រះអង្គសង្គ្រោះនៃពិភពលោក ៖ ១) ការបម្រើបេសកកម្មរបស់លោក ២) ការទទួលការអប់រំរបស់លោក ៣) អាពាហ៍ពិពាហ៍របស់លោក ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ការបម្រើបេសកកម្ម
មូលហេតុចម្បងដែលប្រធាន ហូឡិន បានបម្រើបេសកកម្មនៅចក្រភពអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ១៩៦០ គឺដោយសារតែពន្លឺចេញពីគំរូរបស់មិត្តចាស់ទាំងបួននាក់របស់លោកដែលបានបម្រើបេសកកម្មរួមមាន ៖ ស្ទីវិន ចូនស៍, វេនដល ហ្គ្រេ, មឺវិន ខ័ក និង អ័រ ជេ. ស្នូ ។
ប្រធាន ហូឡិន បានមានប្រសាសន៍ថា « ប្រាកដណាស់ នៅក្នុងបេសកកម្មរបស់ពួកគេ គឺមានបទពិសោធន៍នៃការការផ្លាស់ប្តូរដ៏ធំ » ។ « ពួកគេបានខិតទៅជិតព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ អាកប្បកិរិយា និងគំរូរបស់មិត្តភក្តិទាំងនេះបានជះឥទ្ធិពលយ៉ាងសំខាន់ដល់ការសម្រេចចិត្តរបស់ខ្ញុំដើម្បីបម្រើបេសកកម្ម ។ … រាល់ពេលខ្ញុំឃើញពួកគេដើរលេងជាគូ ឬនៅឯការប្រកួតបាល់ ឬនៅពេលស្តាប់ឮពួកគេឡើងនិយាយនៅក្នុងសាសនាចក្រ នោះខ្ញុំបាននឹកក្នុងចិត្តថា ៖ ‹ ខ្ញុំចង់ក្លាយខ្លួនដូចជាពួកគាត់ ។ ប្រសិនបើការណ៍ទាំងនោះគឺជាលទ្ធផលដែលបានមកពីបេសកកម្ម ដែលធ្វើឲ្យមិត្តភក្តិទាំងអស់នោះក្លាយជាពួកសិស្សរបស់ព្រះគ្រីស្ទ កាន់តែអស្ចារ្យ នោះខ្ញុំក៏ចង់បម្រើបេសកកម្មដែរ › » ។
សាវកបានមានប្រសាសន៍ថា មេរៀននៃការបន្តស្មោះត្រង់របស់ពួកគេបន្ទាប់ពីបេសកកម្ម គឺជាមេរៀនមួយសម្រាប់សមាជិកគ្រប់រូប— ជាពិសេសគឺសម្រាប់យុវមជ្ឈិមវ័យទាំងអស់ ។
ប្រធាន ហូឡិន បានមានប្រសាសន៍ថា « យើងមានកិច្ចការគ្រប់ប្រភេទដែលត្រូវធ្វើមុនពេលព្រះអង្គសង្គ្រោះយាងមក ។ ខ្ញុំសង្ឃឹមថា គ្មានស៊ីស្ទើរ ឬអែលឌើរណាម្នាក់ពេលត្រឡប់មកផ្ទះវិញពីបេសកកម្ម ហើយនិយាយថា ‹ មែនហើយ តើសាសនាចក្រមានអ្វីខ្លះសម្រាប់ខ្ញុំនាពេលនេះ ? ព្រោះខ្ញុំបានបម្រើបេសកកម្មរួចហើយ › ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងឮអ្នកសួរសំណួរនេះជំនួសវិញថា ‹ តើមានអ្វីដែលខ្ញុំអាចធ្វើបានបន្តទៀតសម្រាប់សាសនាចក្រ បន្ទាប់ពីសាសនាចក្របានផ្តល់នូវបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យបំផុតដែលខ្ញុំមិនធ្លាប់មាន ការបំពាក់បំប៉នផ្ទាល់ខ្លួន ដំណើរប្រកបដោយព្រះចេស្តាឈានទៅរកភាពពេញវ័យដែលពោរពេញទៅដោយអនុភាពជាងអ្វីដែលធ្លាប់បានឃើញចាប់តាំងពីមានការបំផ្ទុះដ៏គួរឲ្យភ្ញាក់ផ្អើលមួយពី Cape Kennedy ? »
ការអប់រំ
ប្រធាន ហូឡិន បានមានប្រសាសន៍ថា ឪពុកម្តាយរបស់លោកសង្ឃឹមថា លោកនឹងជោគជ័យក្នុងការសិក្សា ។ ការខិតខំដែលលោកធ្វើតាំងពីក្មេងបានដឹកនាំទៅរកឱកាសនៃការអប់រំយ៉ាងសំខាន់ៗនាពេលអនាគត រួមទាំងការទទួលវិវរណៈពីព្រះ ពីទីកន្លែងដែលលោកត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់លោកផងដែរ ។
លោកបានមានប្រសាសន៍ថា ការណ៍ទាំងនេះអាចជាការពិតសម្រាប់យុវមជ្ឈិមវ័យនាពេលបច្ចុប្បន្ននេះផងដែរ ។
ប្រធាន ហូឡិន បានមានប្រសាសន៍ថា « ប្រសិនបើអ្នកកំពុងព្យាយាមខិតទៅជិតព្រះអង្គសង្គ្រោះ ហើយអ្នកចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់អ្នក ហើយអ្នកកំពុងព្យាយាមកែលម្អរាល់ឆ្នាំ នោះអ្នកអាចពឹងផ្អែកលើវិវរណៈដើម្បីដឹកនាំអ្នក » ។ « ចូររឹងមាំឡើង ! ចូរអត់ធ្មត់ ! បន្តធ្វើកិច្ចការ ! ងើបមុខរបស់អ្នកឡើង ! »
លោកបានបន្ថែមថា ការបន្តការសិក្សាគ្រប់ប្រភេទគឺសំខាន់ខ្លាំងណាស់ ដើម្បីជួយយើងឲ្យចេះជួយខ្លួនឯង និងពិភពលោកទាំងមូល ។
ប្រធាន ហូឡិន បានមានប្រសាសន៍ថា « យើងត្រូវរៀនការណ៍គ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជាប្រយោជន៍ដល់ប្តី ឬប្រពន្ធ កូនៗ សហគមន៍ និងសាសនាចក្ររបស់យើង » ។ « យើងជំពាក់បុព្វហេតុដ៏ធំនៃជីវិតដែលនៅចំពោះមុខយើង ដែលយើងត្រូវតែរៀនសូត្រឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ។ … គ្រប់ទម្រង់នៃការអប់រំគឺជាផ្នែកមួយនៃផែនការនៃដំណឹងល្អ ដើម្បីលើកកម្ពស់ដល់ព្រលឹង និងកែលម្អជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ » ។
អាពាហ៍ពិពាហ៍
ប្រធាន ហូឡិន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ផាត អស់រយៈពេល៦០ឆ្នាំ ( គាត់បានទទួលមរណភាពក្នុងឆ្នាំ២០២៣ ) ។ លោកបានមានប្រសាសន៍ថា គាត់បានជួយធ្វើឲ្យលោកក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង — ដំបូងដោយការលើកទឹកចិត្តលោកឲ្យបម្រើបេសកកម្ម ហើយក្រោយមកដោយការជួយលោកឲ្យធ្វើជាអ្នកដើរតាមព្រះគ្រីស្ទដ៏រឹងមាំនៅក្នុងគេហដ្ឋានរបស់ពួកលោក ។
ប្រធាន ហូឡិន បានមានប្រសាសន៍ថា « មិត្តភាពដ៏ស័ក្តិសមរបស់អ្នក ( គួរតែមានម្នាក់ ! ) នឹងត្រូវបានពង្រឹងខ្លាំងឡើងនៅពេលអ្នកបន្តព្យាយាមមករកព្រះគ្រីស្ទ — ការអភិវឌ្ឍនេះដំបូងធ្វើឡើងតែម្នាក់ឯង ក្រោយមកជាគូស្វាមីភរិយា ទោះបីពេលខ្លះត្រូវរង់ចាំយ៉ាងយូរដើម្បីស្វែងរកដៃគូមា្នក់នេះក្តី ហើយបន្ទាប់មកឃើញឥទ្ធិពលនៃអាពាហ៍ពិពាហ៍ដ៏សុចរិតបានកើតឡើង » ។
ការលួងលោមតែមួយគត់ដែលលោកបានទទួលពីមរណភាពរបស់ភរិយាលោក គឺសេចក្តីសន្យាថាដោយសារតែព្រះគ្រីស្ទនោះលោកនឹងជួបភរិយាគាត់ម្តងទៀត ។
លោកបានមានប្រសាសន៍ថា « ប្រសិនបើខ្ញុំគិតថា ខ្ញុំមិនបានជួបគាត់ម្តងទៀត និងមិនបាននៅជាមួយគាត់រហូតអស់កល្បជានិច្ចទេ នោះខ្ញុំនឹងសោកសៅខ្លាំងណាស់ មិនថាអ្នកណាព្យាយាមចូលរួមរំលែកទុក្ខនោះទេ » ។ លោកបានមានប្រសាសន៍ថា « ប៉ុន្តែខ្ញុំនឹងជួបគាត់ម្តងទៀត ប្រសិនបើខ្ញុំមានភាពស័ក្តិសម ខ្ញុំនឹងរស់នៅជាមួយគាត់រហូតអស់កល្បជានិច្ច » ។
មានមេរៀននៅក្នុងដំណើររឿងនេះផងដែរសម្រាប់យុវមជ្ឈិមវ័យ ។ ដោយអានការដកស្រង់ពី ហេលេមិន ៥:១២ នៃព្រះគម្ពីរមរមន លោកបានពន្យល់ថា ចូរធ្វើឲ្យជីវិត និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទក្លាយជាគ្រឹះរបស់អ្នកដើម្បីទប់ទល់នឹងព្យុះដែលនឹងបោកបក់ ។
សាវកបានមានប្រសាសន៍ថា « ខ្ញុំប្រាកដថា អ្នកបានកត់សម្គាល់ឃើញ[ ក្នុងខនេះ ] សេចក្តីយោងទៅនឹងខ្យល់ព្យុះ និងខ្យល់កួច ព្រិល និងព្យុះកំណាចដ៏ខ្លាំងក្លាដែលបោកបក់មកលើអ្នក » ។ « យើងត្រូវតែរៀបចំខ្លួនដើម្បីប្រឈមមុខនឹងបទពិសោធន៍ទាំងនោះព្រោះវានឹងកើតឡើង ។ អ្នកទាំងអស់គ្នាមួយចំនួនបានដឹងរួចហើយ ។ អ្នកទាំងអស់គ្នាមិនគួរភ្ញាក់ផ្អើលពេលវាមកដល់នោះទេ » ។
« បាវចនារបស់យើងនារាត្រីនេះគឺ ‹ រួមគ្នាក្នុងព្រះគ្រីស្ទ › ខិតចូលទៅជិតព្រះគ្រីស្ទ ការចងភ្ជាប់នឹងព្រះគ្រីស្ទ នោះហើយគឺក្តីរីករាយនៅទីនេះ » ។ ប្រធាន ហូឡិន បានមានប្រសាសន៍នៅចុងបញ្ចប់ថា « ខ្ញុំសូមថ្លែងជាសាក្សីអំពីទ្រង់ថា ទ្រង់ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ជាអាលផា និងអូមេកានៃជីវិតរបស់យើង ជាអង្គបង្កើតនៃស្ថានសួគ៌ និងផែនដី ដែលតាមរយៈដង្វាយធួនរបស់ទ្រង់ និងការគោរពប្រតិបត្តិឥតងាករេចំពោះព្រះវរបិតា និងធ្វើឲ្យសុបិនរបស់យើងក្លាយជាការពិត » ។