ប្រធាន អិម រ័សុល បាឡឺដ បាន​ទទួល​មរណភាព​នៅ​ជន្មាយុ ៩៥ វស្សា

ព្យាការីបានសរសើរដល់លោកថាជា បុរសពេញដោយការជឿជាក់ ការប្តេជ្ញាចិត្ត និងការឧទ្ទិសថ្វាយ

យើង​មាន​ទុក្ខ​ដ៏​ក្រៀមក្រំក្នុងការ​ប្រកាស​ថា ប្រធាន អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្តីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ទទួល​មរណភាព​ហើយ ។ ក្រោយពី​ការសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​រយៈ​ខ្លី លោក​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​បំពេញ​ភារកិច្ច​តាម​លទ្ធភាព មុន​ពេល​ទទួល​មរណភាព​នៅ​ម៉ោង​ប្រមាណ ១១:១៥ នាទី​យប់ នា​ថ្ងៃ​អាទិត្យ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែល​ហ៊ុំព័ទ្ធ​ដោយ​មនុស្ស​ជា​ទីស្រឡាញ់ ។ លោក​មាន​ជន្មាយុ ៩៥ វស្សា ។

ប្រធាន បាឡឺដ បាន​ក្លាយជា​សាវក​នៅ​ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ១៩៨៥ ។ លោក​ត្រូវ​បានប្រកាស​ជា​ប្រធាន​ស្តីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៨ ។ ក៏ដូចជា​ពួក​សាវក​នៅក្នុង​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែរ ពួកសាវក​នៅ​សព្វថ្ងៃ​នេះ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ពិសេស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រធាន បាឡឺដ គឺជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស ១៥ នាក់ ដែល​មើល​ការខុសត្រូវ​លើ​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​នៃ​សាសនាចក្រ​ទូទាំង​ពិភពលោក ដែល​ឥឡូវ​នេះ​មាន​សមាជិក​ជាង ១៧ លាន​នាក់​ហើយ ។

ប្រធាន​សាសនាចក្រ រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ប្រធាន បាឡឺដ មិន​ដែល​ធ្វើ​អ្វី​មិនច្បាស់​លាស់ឡើយ ។ លោក​បាន​ដឹង​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន និង​របៀប​ដែល​ការបង្រៀន​នោះ​អាច​អនុវត្ត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់ ហើយ​នាំ​មក​នូវ​អំណរ និង​សុភមង្គល » ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ ដែល​អង្គុយ​ក្បែរ​ប្រធាន បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ អស់​រយៈពេល​ជាងបី​ទសវត្សរ៍ បាន​មាន​ប្រសាសន៍​ថា « យើង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​ខ្ញុំ​តែងតែ​ចូលចិត្ត​អាកប្បកិរិយា​ដ៏​កក់ក្តៅ​របស់​លោក ។ លោក​ជា​បុរស​ដែល​គួរ​ឲ្យ​ទុកចិត្ត ។ ហើយ​លោក​ជា​បុរស​ម្នាក់​ដែល​ទុក​ចិត្ត​អ្នក » ។

សព្វថ្ងៃនេះ ប្រធាន បាឡឺដ មាន​កូន​ប្រាំពីរ​នាក់ ចៅ ៤៣ នាក់ ចៅទួត ១០៥ នាក់ និង​ចៅ​លួត​ម្នាក់ ។

ព័ត៌មាន​លម្អិត​អំពី​ពិធីបុណ្យ​សព​កំពុង​រង់ចាំ ។

រៀន​ក្រមសីលធម៌​ការងារ​នៅ​ពី​ក្មេង

មែលវិន រ័សុល បាឡឺដ ជុញ្ញ័រ កើត​នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ នៅ​ថ្ងៃ​ទី ៨ ខែ តុលា ឆ្នាំ ១៩២៨ ជាកូន​របស់​លោក មែលវិន អរ និង​លោកស្រី ហ្គេរ៉ាឌីន ស្ម៊ីធ បាឡឺដ ។ លោក​បានរៀន​ពី​ក្រមសីលធម៌​ការងារ​របស់​លោក​តាំងពី​នៅ​វ័យ​ក្មេង—នៅ​ហាង​លក់​រថយន្ត ។ ឪពុក​របស់​គាត់​បាន​បង្កើត​ក្រុម​ហ៊ុន​មួយ​ហៅ​ថា Ballard Motor Company ហើយ​អ្នក​កំលោះ រ័សុល ជា​កូន​ប្រុស​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ដែល​មាន​កូន ៤ នាក់ បានធ្វើការ​នៅគ្រប់​ផ្នែក​នៅក្នុង​ក្រុម​ហ៊ុន​នេះ រួមទាំង​ការបើកបរ​រថយន្ត​ជជុះ​ចាស់ៗ​កាលនៅ​វ័យ​ជំទង់ ។

ballard_passing_02.jpeg
ballard_passing_02.jpeg
អិម រ័សុល បាឡឺដ ដែល​មាន​អាយុ ១ ខួប នៅ​ឆ្នាំ ១៩២៩ ។ © រូបថត​របស់ អិម រ័សុល បាឡឺដ2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

បទពិសោធន៍​ទាំងនេះ​បាន​បង្កើត​ជាគំរូ​មួយ​សម្រាប់​ការងារ​ដែល​បានជួយ​ដល់​ប្រធាន បាឡឺដ បាន​យ៉ាងល្អនៅ​ក្នុង​គ្រប់​ផ្នែកទាំងអស់​នៃ​ជីវិត​របស់​លោក ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​រៀន​ពីឳពុករបស់​ខ្ញុំ​ថា នៅពេល​យើង​ចាប់ផ្តើម​ធ្វើ​កិច្ចការអ្វីមួយ យើង​​ត្រូវតែ​បញ្ចប់កិច្ច​ការនោះ ។ នៅ​ទីបំផុត យើង​បានយក​ឈ្នះលើ​កិច្ច​ការនោះ​ដោយ​ការពេញ​ចិត្ត ហើយ​វា​អាចមាន​ផលចំណេញ ឬ​យើងអាច​រៀន​ពីវាថា​វា​មិន​ដំណើរការ​ទេ ហើយ​យើង​ត្រូវដើរចេញ​ពី​វា ប៉ុន្តែ​​យើង​មិន​ដែល​ងឿងឆ្ងល់​ថា​តើ​យើង​សុខចិត្ត​នៅជា​មួយ​វា​ឬ​អត់​នោះ​ទេ » ។

អាកប្បកិរិយា​តស៊ូ​បែប​នេះ​បានក្លាយ​ជាគុណ​ប្រយោជន៍​ពេញ​មួយ​ជីវិត​របស់​លោក—រួមទាំង​កាល​លោក​នៅ​សាកលវិទ្យាល័យ​យូថាហ៍ ​អាជីព​ការងារ​ក្នុងជីវិតរបស់​លោក​នៅក្នុង​ឧស្សាហកម្ម​រថយន្ត អចលនទ្រព្យ និង​វិនិយោគ និង​កិច្ចការ​សាសនាចក្រ​ផ្សេងៗ​របស់​លោក ។

« បទពិសោធន៍​អាជីវកម្ម​របស់​លោក​បាន​ជួយ​ដល់​លោក​ជាច្រើន​ក្នុងការ​សួរ​សំណួរ​ពិចារណា ​ដែល​ចាំបាច់​ត្រូវ​សួរ​នៅពេល​អ្នក​ដាក់ស្នើ​កម្មវិធី​មួយ ឬ​នៅពេល​អ្នក​សួរ​ថា ‹ តើ​យើង​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​ឬ​អត់​នោះ ? › » ប្រធាន អូក​បាន​មាន​ប្រសាសន៍ ។

ជា​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​ជាប់​ខ្សែ​លោហិត​នឹង​ពួក​ព្យាការី

ប្រធាន បាឡឺដ​ជាប់​ខ្សែ​លោហិត​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដ៏​ល្បី​បី​រូប​ដែល​មានរូបនៅក្នុងការិយាល័យរបស់លោករួមមាន ៖ យ៉ូសែប ស៊្មីធ ជា​ស្ថាបនិក​សាសនាចក្រ និង​បង​ប្រុស​របស់​លោក​គឺ ហៃរុម ( ជា​ជីតា​លួត​របស់​ប្រធាន បាឡឺដ ) ព្រម​ទាំង​កូនប្រុស​របស់​ហៃរ៉ុម ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ដែល​ជា​ប្រធាន​ទីប្រាំមួយ​នៃ​សាសនា​នេះ ។ កេរដំណែល​របស់​ពួកលោក​នៃ​ភាព​ជាសិស្ស​របស់​ព្រះគ្រីស្ទ ដែល​ជា​ការ​ពិតណាស់ រួម​មាន​ទាំង​ការធ្វើ​ទុក្ករកម្ម​ចំពោះ​យ៉ូសែប និង ហៃរ៉ុម ក្នុងឆ្នាំ ១៨៤៤ បាន​ជំរុញ​ទឹកចិត្ត​ប្រធាន បាឡឺដ រហូត​ដល់​ថ្ងៃ​ដែល​លោក​បាន​ចែកឋាន​ទៅ ។

ក្នុង​ឆ្នាំ ២០១៩ ប្រធាន បាឡឺដ បាន​មាន​ប្រសាសន៍​ថា « នៅពេល​ខ្ញុំ​ដឹង​ថា​ពួក​លោក​ជានរណា ហើយ​ខ្ញុំ​ជា​នរណា វាគឺជា​រឿង​មិនគួរ​ឲ្យ​ជឿទេ » ។ « ខ្ញុំ​ដឹង​ជានិច្ច​ថា ខ្ញុំ​មាន​កាតព្វកិច្ច ដោយសារ​តែ​គុណធម៌​នៃ​ការពិត​ថា​ខ្ញុំ​ជាប់​ខ្សែលោហិត ។ ខ្ញុំ​ឮ​ពួកគាត់​និយាយ​គ្រប់​ពេល​វេលា​ថា ‹ ទៅ​ធ្វើ​វា ធ្វើ​អ្វីមួយ​ដែល​មាន​តម្លៃ ។ ចេញ​ទៅ អ្នក​កំលោះ កុំ​អង្គុយ​តែ​នៅ​ទីនេះ › ។ ពួកគាត់​គឺជា​អ្នក​ធ្វើកិច្ចការ ។ ពួកគាត់​ត្រូវតែ​ជា​អ្នក​ធ្វើកិច្ចការនោះ » ។

លោក​ចង់​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់ រួមទាំង​កូនៗ​របស់​គាត់ ឲ្យគិតពិចារណា​ដោយ​ស៊ី​ជម្រៅ​អំពី​ជីវិត​នៃ​សេចក្តី​ជំនឿ ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជំនាន់​ដើម​បាន​រស់នៅតាម ។ លោក​បាន​ប្រាប់​កូន​ប្រុស​របស់​លោក​ថា ក្រេហ្គ ដែល​ជា​អ្នកផ្សព្វផ្សាយ​សាសនា​អាយុ ១៩ ឆ្នាំ​នៅ​ពេល​នោះ​ថា « ចូរ​ចាំ​ថា លោហិត​របស់​ព្យាការី​ហូរ​តាម​សរសៃ​របស់​កូន » ។

ក្រេហ្គ កំពុង​ពិចារណា​អំពីអ្វី​ដែល​គាត់​បានចងចាំថា « មែនហើយវាគ្មាន​សម្ពាធអ្វី​នោះ​ទេ » ។ « [ ឪពុក​ខ្ញុំ ] បាន​មើល​ពី [ ខ្សែ​លោហិត​ទាំង​នោះ ] ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការិយាល័យ​របស់​លោក​… ហើយ​ខ្ញុំ​គិត​ថា​លោក​មាន​អារម្មណ៍​ថា​លោក​ត្រូវតែ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​លោក ។ លោក​បាន​បណ្តុះ​បណ្តាលវា​នៅ​ក្នុងខ្លួន​ពួក​យើង​ទាំងអស់​គ្នា » ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ពី​ការជឿជាក់ ការប្តេជ្ញាចិត្ត និង​ការឧទ្ទិសថ្វាយ​ថា « មាន​នៅក្នុង​លោហិត​របស់ [ ប្រធាន បាឡឺដ ] ។ បងប្អូន​អាច​ស្រមៃ​បាន​ទេ​ថា — យើង​មាន​អភ័យ​ឯកសិទ្ធិ​អង្គុយ​នៅ​ជិត​បុរស​ដែល​ជា​ចៅទួតរបស់​ហៃរុម ស៊្មីធ ។ ហើយ​យ៉ូសែប ស្ម៊ីធ​ជា‑លោកពូ‑របស់​លោក ។ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​អភ័យ​ឯកសិទ្ធិ​នៃ​ការ​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​កូនចៅ​ជំនាន់ក្រោយ​របស់​ថ្នាក់​ដឹកនាំ​ដែល​គួរ​ឲ្យ​គោរព និង​កោតសរសើរ​ទាំងនោះ ។ លោក​មាន​សេចក្ដីទៀងត្រង់​ដូចពួកគាត់ដែរ » ។

នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​ចុងក្រោយ​របស់លោក ដែល​បានថ្លែង​នៅ​ថ្ងៃ​ទី ១ ខែ​ តុលា ឆ្នាំ ២០២៣ លោក​បាន​មាន​ប្រសាសន៍​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​អំពី​តួនាទី​សំខាន់​របស់​លោក​ក្នុងការ​ស្ដារឡើងវិញ​នូវ​ដំណឹងល្អ នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​អំពី​ពរជ័យ​នៅក្នុង​នោះ ។

ballard_passing_03.jpeg
ballard_passing_03.jpeg
ប្រធាន អិម រ័សុល បាឡឺដ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រើ​នៅ​បេសកកម្ម​ចក្រភព​អង់គ្លេស ពី​ឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៥០ ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ការបម្រើ​ខាង​សាសនា​របស់​ប្រធាន បាឡឺដ រួម​មាន​កាល​លោក​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅ​ប្រទេស​អង់គ្លេស ប៊ីស្សព ប្រធាន​បេសកកម្ម​តូរ៉ុនតូ កាណាដា សមាជិក​នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិបនាក់ និង​ជា​សាវក​ជាង​បី​ទសវត្សរ៍ ។

ប្រធាន បាឡឺដ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មិន​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ទទួល​កម្រៃ​នោះ​ទេ ។ អ្នក​មិន​អាចយកប្រាក់​មក​ជួល​ខ្ញុំ ឲ្យ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ក្នុង​នាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​នោះ​ទេ ។ ប៉ុន្តែ​ចំពោះ​ព្រះអម្ចាស់ វា​ជា​អភ័យ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​បំផុត​ដែល​មនុស្ស​ម្នាក់​មិន​ធ្លាប់​មាន ។ យើង​ជា​សាក្សី​អំពី​ការពិត​នៃ​ព្រះជន្ម និង​ការងារបម្រើ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ » ។

ប្រធាន បាឡឺដ បាន​ចាប់​យក​ឱកាស​នេះ​យ៉ាង​ម៉ត់ចត់​មិនថា ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ដែល​រួម​ទាំង​កិច្ចការ​អភិវឌ្ឍ « ប្រកាស​ដំណឹងល្អ​របស់​យើង » សៀវភៅណែនាំ​អ្នកផ្សព្វផ្សាយសាសនា​ទាំងអស់ ) ដែល​នៅ​ពេលនោះ​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំនួន ៥០,០០០ នាក់ នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក ឬ​ជា​ឪពុក​នៃ​កូន​ស្រី​ប្រាំ​នាក់ និង​កូនប្រុស​ពីរ​នាក់​នោះ​ទេ ។

ជា​សាក្សី​ពិសេស ជា​ឪពុក​ពិសេស

ប្រធាន បាឡឺដ បាន​មាន​ប្រសាសន៍​ថា បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​មួយ​ចំនួន​របស់​លោក​បាន​មកពី​ការ​បង្រៀន​កូនៗ​របស់​លោក​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ « អ្នក​រៀន​ចាប់យក​ឱកាស​បង្រៀន ហើយ​បើ​អ្នក​ភ្ញាក់រលឹក និង​យកចិត្ត​ទុកដាក់ នោះ​អ្នក​ទទួល​បាន​បទ​ពិសោធន៍​ ហើយខណៈ​ពេល​នោះ​ដែរ​ក៏ជាការអាម៉ាស់ ​សម្រាប់​ឪពុក​ណា​ដែល​ខកខាន​ឱកាស​បង្រៀន​គោលការណ៍​មួយ​ដល់​កូន​របស់​ខ្លួន » ។

ឱកាស​មួយ​ក្នុង​ចំណោម​ឱកាស​ទាំងនោះ​បាន​កើត​ឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ បន្ទាប់ពី​ប្រធាន បាឡឺដ បានក្លាយ​ជា​សាវក ។ ក្រេហ្គ ជា​កូន​ពៅ​របស់​លោក សារភាព​ថា​មាន​ភាព « ជូរ​ចត់​បន្តិច » ពីព្រោះ​ឪពុក​របស់​គាត់​តែងតែ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ដើម្បី​បំពេញ​ភារកិច្ច ។ វា​មិន​ងាយស្រួល​ទេ​ក្នុង​ការចែកចាយ​បុរស​ដែល​គាត់​ហៅថា « ប៉ា » ជាមួយ​នឹង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជុំវិញ​ពិភពលោក ។ ក្រេហ្គ បាន​និយាយ​ថា « កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​យល់​ទេ » ។ ជា​សំណាង​ដែល​ប្រធាន បាឡឺដ បាន​យល់​ពី​ការយល់​ខុស​នោះ ។ ដោយ​មើលឃើញ​ពី​ឱកាស​បង្រៀន​មួយ ប្រធាន បាឡឺដ បាន​នាំ​ក្រេហ្គ​ទៅ​ជាមួយ​នៅក្នុង​ការចាត់តាំង​របស់​សាសនាចក្រ​មួយ​នៅ​ប្រទេស​តុងហ្គា និង​សាម័រ ។

ក្រេហ្គ បាន​និយាយ​ថា « នៅពេល​ដែល​យើង​ចុះ​ពី​លើ​យន្តហោះ​នោះ ជា​លើក​ដំបូង​ដែល​ខ្ញុំបាន​ដឹងថា​អ្នក​ដទៃ​បានមើលមក​លោករបៀបណា ។ មនុស្ស​ជាច្រើន​បាន​ដើរ​អស់​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​មក ហើយដើម្បី​គ្រាន់តែចង់ឃើញ​សាវក​ម្នាក់ ។ នោះ​ហើយ​ជា​ពេល​ដែល​វា​បាន​ប្តូរ​ពី​បន្ទុក​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្ញុំ​ដើម្បី​ស្គាល់​មនុស្ស​ម្នាក់​នេះ​យ៉ាង​ស្និទ្ធស្នាល » ។

នេះ​ជា​ពាក្យ​សម្តី​របស់ ក្រេហ្គ នៅពេល​ជញ្ជឹងគិត​ពី​អំណោយទាន​របស់​ប្រធាន​បាឡឺដ ដែល​មិន​គ្រាន់តែ​អាច ប្រាប់ មនុស្សអំ​ពី​អ្វី​មួយ​នោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី បង្រៀន ពួកគេ​ផងដែរ ។

ក្រេហ្គ បាន​និយាយ​ថា « លោក​មិន​បាន​មាន​ប្រសាសន៍​ថា ‹ មែន​ហើយ ទ្រាំ​ទៅ › នោះ​ទេ ។ លោក​ដឹង​ថា​ខ្ញុំ​ត្រូវតែ​យល់​ពី​បញ្ហា​នេះ ហើយ​ខ្ញុំ​ត្រូវតែ​ជា​ផ្នែក​នៃ​ការគាំទ្រ​ការហៅ​របស់​លោក ។ នោះ​គឺជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការរៀន ហើយ​គាត់​បាន​ធ្វើ​វា​ច្រើន​ដង​តាម​របៀប​ពិសេសៗ ។ លោក​មិន​ត្រឹមតែ​ជា​សាក្សី​ពិសេស​ប៉ុណ្ណោះ​ទេ លោក​ជា​ឪពុក​ដ៏​ពិសេស​ផងដែរ » ។

ឱកាស​បង្រៀន​មួយ​ទៀត​បាន​កើត​ឡើង​បន្ទាប់ពី តាំមី កូន​ស្រី​របស់​លោក​នៅក្នុង​វ័យ​សិក្សា កំពុង​លេង​ជាមួយ​មិត្ត​ភក្តិ​នៅ​ក្នុង​រថយន្ត ដែល​មិន​ដឹង​យ៉ាង​មិច វា​បាន​បើក​ថយ​ក្រោយ​បុក​នឹង​ទ្វារ ។ តាំមី​បាន​និយាយ​ថា នាង​ភ័យ​ណាស់ ពេល​ដឹង​ថា​រថយន្ត​ដែល​នាង​គិត​ថា​ជា​របស់​ឪពុក​នាង តាមពិត​ជា​រថយន្ត​របស់​អ្នក​ផ្សេង​ទេ ។ ប្រធាន បាឡឺដ បាន​មាន​ប្រសាសន៍​ថា នៅពេល​លោក​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បានឃើញ​ទឹក​មុខ​កូនស្រី​របស់​លោក លោក​ដឹង​ថា កូនស្រី​របស់​លោក​មាន​រឿង​ចង់ប្រាប់​ហើយ ។ « ខ្ញុំ​បាន​បង្រៀន​នាង​ថា នាង​មាន​តម្លៃ​ជាង​រថយន្ត កាឌីឡាក ដែល​នាង​បាន​ធ្វើ​ឲ្យ​ខូច​នោះ​ទៅទៀត ហើយ​អ្វី​ដែល​បានកើត​ឡើង​ក្នុង​ជីវិត​របស់​នាង និង​តម្លៃ​របស់​នាង​ចំពោះ​ខ្ញុំ​គឺ​សំខាន់​ជាង​នោះឆ្ងាយ​ណាស់ ។ យើង​អាច​ជួសជុល​រថយន្ត​បាន ប៉ុន្តែ​ប្រសិនបើ​នាង​ធ្វើ​អ្វី​ខុស​ក្នុង​ជីវិត​របស់​នាង នោះ​នឹង​ពិបាក​ក្នុង​ការជួសជុល​ឆ្ងាយ​ណាស់ » ។

ballard_passing_04.jpeg
ballard_passing_04.jpeg
ប្រធាន អិម រ័សុល បាឡឺដ និង​ភរិយា​របស់​លោក បាបារ៉ា ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « លោក​នឹងស្ថិត​នៅក្នុង​ការចងចាំថា​ជា​ស្វាមី​ និង​ជា​ឪពុក​ដ៏​អស្ចារ្យជានិច្ច ។ នេះ​គឺជា​ការណ៍​ដ៏​អាទិភាព​ខ្ពស់​បំផុត​របស់​លោក ។ លោក​បាន​ធ្វើជា​គំរូ​ដ៏​ល្អ​សម្រាប់​យើង​អំពី​រឿង​នោះ ទោះបីជា​លោក​​មមាញឹក​យ៉ាងណាក៏ដោយ ។ គ្រួសារ​លោក​តែងតែ​ជា​អាទិភាព​ជានិច្ច » ។

ជា​ច្រើន​ឆ្នាំ​មក​នេះ កូនចៅ​របស់​ប្រធាន​បាឡឺដ បាន​​ពឹងផ្អែក​លើ​កម្លាំង​ខាងវិញ្ញាណ​របស់​លោក ។ បាបារ៉ា ជា​ភរិយា​របស់​លោក​ដែល​បាន​ចែកឋាន​ទៅ បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​នៅ​កាណាដា បម្រើ​បេសកកម្ម​របស់​យើង កូនប្រុស​ពៅ​របស់​យើង​ទើបតែ​ចាប់ផ្តើម​ថ្នាក់​មត្តេយ្យ ហើយ​មិន​ស្គាល់​នរណា​នោះ​ទេ ។ គាត់​មាន​ការភ័យ​ខ្លាច ។ ស្វាមី​របស់ខ្ញុំ​បាន​នាំ​គាត់​ទៅ​ការិយាល័យ លុត​ជង្គង់​ជាមួយ​គាត់ ហើយ​អធិស្ឋាន​ទូល​សុំ​ឲ្យ​ព្រះវរបិតាសួគ៌​ជួយ​គាត់​ឲ្យមាន​មិត្តភក្តិ ។ ពួកគាត់​បានអធិស្ឋាន​ជាមួយ​គ្នា​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ។ លោក​បាន​ជួយ​កូនៗ​របស់​យើង​ជា​ច្រើន​នាក់​តាម​វិធី​នោះ ពេល​ពួកគេ​មាន​តម្រូវការ​ពិសេស » ។

គ្រួសារ​បាឡឺដ មិន​ត្រឹម​តែ​បាន​អធិស្ឋាន​ជាមួយគ្នា​ជាទៀងទាត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​លេង​ជាមួយគ្នា​នៅ​វិស្សមកាល​គ្រួសារ​បែប​ផ្សងព្រេង​ផងដែរ ។ ប្រធាន បាឡឺដ បានរំឮក​ពី​ដំណើរ​មួយ​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា នៅក្នុង​ផ្ទះ​ចល័ត​ដំបូង​គេ​បង្អស់ ដើម្បី​រំកិល​ពី​ខ្សែ​ដំឡើង ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​បើក​វា​ទៅ​ទីក្រុង​ចិន ហើយ​មនុស្ស​គ្រប់គ្នា​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ បានមើល​ផ្ទះ​ដ៏​ធំ​នោះ ហើយ​ចង្អុល​ទៅ​ផ្ទះ​នោះ ហើយ​សើច​ចំអក​ផ្ទះ​នោះ ។ ខ្ញុំ​មិន​អាច​រក​កន្លែង​ចតឡាន​បាន​ទេ ដូច្នេះ​ហើយ​ខ្ញុំ​ដាក់​គ្រប់​គ្នា​ចុះ​នៅ​ទីក្រុង​ចិន​នោះ ហើយ​បន្ត​បើក​ជុំវិញ​ជើងភ្នំនៅ សាន់ហ្រ្វាន់ស៊ីស្កូ​ ហើយ​ទីបំផុត​បានធានារកកន្លែង​ឲ្យ​ពួកគេ​ត្រឡប់​មក​វិញ​ម្តង​ទៀត » ។

ការរៀបការ​ជាមួយ​បាបារ៉ា ជា « ទេវតា » របស់​លោក

ប្រធាន បាឡឺដ មិន​អាច​និយាយ​អំពី​គ្រួសារ​របស់​លោក​ដោយ​មិន​សរសើរ​ដល់ បាបារ៉ា នោះ​ទេ ។ លោក​បាន​មាន​ប្រសាសន៍​ថា « គាត់​ជា​មនុស្ស​ល្អ​ណាស់ ។ វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការរស់នៅ​ជាមួយ​នរណា​ម្នាក់​ដែល​ល្អ​ស្ទើរតែ​ឥតខ្ចោះ​នោះ ។ ពួក​លោក​បាន​ជួប​គ្នា​នៅ « Hello Day Dance » នៅ​សាកលវិទ្យាល័យ យូថាហ៍ ។ « គាត់​មិន​ត្រឹមតែ​ស្អាត​នោះ​ទេ ប៉ុន្តែ​មាន​បុគ្គលិក​លក្ខណៈ​ដែលមានពន្លឺ​ចែងចាំង​ទៀត​ផង ។ ខ្ញុំ​ដឹង​តាំង​ពី​ដំបូង​ថា​ខ្ញុំ​ចង់​រៀបការ​ជាមួយ​គាត់ ប៉ុន្តែ​គាត់​មិន​មាន​អារម្មណ៍​ដូច្នេះ​ទេ ។ វា​ពិបាក​បន្តិច​ក្នុង​ការបញ្ចុះបញ្ចូល​គាត់ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ការបញ្ចុះបញ្ចូល​គាត់​ឲ្យយល់ព្រម​រៀបការ​ជាមួយ​ខ្ញុំ គឺជា​ការប្រើជំនាញ​ផ្នែក​លក់​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ » ។

ប្រធាន បាឡឺដ បាន​សរសើរ បាបារ៉ា ថា​ជា​ម្តាយ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​វិធីសាស្រ្ត​ស្ងប់ស្ងាត់​របស់​គាត់​ធ្វើ​ឲ្យ​ជីវិត​ក្នុង​គេហដ្ឋាន​កាន់តែ​ដូច​ស្ថានសួគ៌ ។ « កូនៗ​របស់​យើង​ទាំង​ប្រាំពីរ​នាក់ ប្រសិនបើ​អ្នក​ចង់​នាំ​ពួកគេ​មក​ទីនេះ ហើយ​សួរ​ពួកគេ​ថា​តើ​ពួកគេ​ធ្លាប់​ឮ​ម្តាយ​របស់​ពួកគេ​ស្រែក​ទេ ចម្លើយ​របស់​ពួកគេ​នឹង​មិន​ធ្លាប់​ទេ គាត់​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ ។ គាត់​មាន​និស្ស័យ​អាច​ធ្វើការ​នៅ​គ្រា​លំបាក​បាន​ដោយ​មិន​ឆេវឆាវ និង​ដោយ​ស្ងប់ស្ងាត់ ។ គាត់​ជា​មនុស្ស​ទន់ភ្លន់ គាត់​ពេញ​ដោយ​ក្តី​ស្រឡាញ់ គាត់​ខ្វល់ខ្វាយ គាត់​មើលថែ ហើយ​កូនៗ​ស្រឡាញ់​គាត់​ណាស់ ។ គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​ដែល​ដូចជា​ម្តាយ​របស់​ពួកគេ​ឡើយ នេះ​ជា​អ្វី​ដែល​កូនៗ​របស់​យើង​មាន​អារម្មណ៍​ចំពោះ​ម្តាយ​របស់​ពួកគេ » ។

កូន​ទី​ពីរ​របស់​ពួកលោក ហូលី បាន​យល់​ស្រប ។ នាង​បាន​និយាយ​ថា សេចក្តី​ស្រឡាញ់ និង​ការគោរព​របស់​ឪពុក​ម្តាយ​នាង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ជះ​ឥទ្ធិពល​ដល់​នាង និង​បងប្អូន​របស់​នាង​ក្នុង​ការធំលូតលាស់​ឡើង​របស់​ពួកគេ ។

នាង​បាន​និយាយ​ថា ៖ « យើង​មាន​អារម្មណ៍​ថា​កន្លែង​ដែល​ល្អ​បំផុត​ដែល​ត្រូវ​ទៅគឺ​ផ្ទះ ​ហើយដើម្បី​នៅ​ទីនោះ​ក្នុង​បរិយាកាសមួយ​ដែល​ឪពុក​ម្តាយ​យើងធ្វើ​ល្អដាក់គ្នាជានិច្ច ។ ខ្ញុំ​បាន​រៀន​ថា​យើង​ត្រូវ​គោរព​មនុស្ស​គ្រប់​គ្នា ។ ហើយ​ពួកលោ​កជាមនុស្សល្អ​ណាស់​ក្នុង​ការធ្វើ​បែប​នោះ​ជាមួយ​យើង​ក្នុងនាម​ជា​កូនៗ » ។

ប្រធាន អូក ដែល​ត្រូវ​បាន​ហៅបម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​មួយ​ឆ្នាំ​មុន​ប្រធាន បាឡឺដ បាន​មាន​ប្រសាសន៍​ថា លោក « កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​របៀប​ដែល​ប្រធាន បាឡឺដ បាន​ប្រព្រឹត្ត​ចំពោះ​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​របស់​លោក គឺ បាបារ៉ា ។ គាត់​ទើបតែ​បានធ្វើ​ជា​ស្វាមី​គំរូ ពេល​ពួកគាត់​ចាស់ៗ​រៀង​ខ្លួនប៉ុណ្ណោះ ។ ដោយចេះ​គិតគូរ ។ និង​ជា​សុភាពបុរស » ។

បាបារ៉ា បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៨ នៅ​អាយុ ៨៦ ឆ្នាំ ។ គាត់​បានប្រឈម​មុខ​នឹង​ការប្រយុទ្ធ​ដ៏​យូរ​ជាមួយនឹង​បញ្ហា​សុខភាព​មួយចំនួន រួម​ទាំង​ជំងឺ​ភ្លេចភ្លាំង ព្រម​ជាមួយ​ចរិតលក្ខណៈ និង​អារម្មណ៍​កំប្លែង​របស់​គាត់​ផងដែរ ។

ប្រធាន បាឡឺដ បាន​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​ទូទៅ ប្រាំថ្ងៃ​បន្ទាប់ពី​មរណភាព​របស់​បាបារ៉ា ថា « ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ខ្ញុំ​ដឹង​អំពី​ទីកន្លែង​ដែល​បាបារ៉ា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​បាន​ទៅ និង​ថា​យើង​នឹង​រួមរស់​ជាមួយ​គ្នា​ម្ដង​ទៀត​ជាមួយ​គ្រួសារ​យើង​ដ៏អស់កល្ប​ជានិច្ច » ។

ការងារបម្រើ​ម្នាក់​ទល់​ម្នាក់

អារម្មណ៍​ដ៏​ទន់ភ្លន់​របស់​ប្រធាន​បាឡឺដ​ចំពោះ​គ្រួសារ​របស់​លោក​បាននាំទៅកាន់​ដួងចិត្ត​របស់​បុគ្គលទាំងឡាយ​ដែល​លោក​បាន​បង្រៀន​នៅលើ​វេទិកា ។ នៅអំឡុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ១៩៨០ របស់​សាសនាចក្រ លោក​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ឲ្យ​ផ្ញើឈ្មោះ​អ្នក​ដែល​ខ្វះខាត​មក​លោក ។ លោក​បាន​សន្យា​ថា​នឹង​ត្រឡប់​ទៅ​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ទាំង​នោះ​វិញ ។ សំបុត្រ​រាប់រយ​បាន​ផ្ញើ​ទៅ​ជុំវិញ​ពិភពលោក ។ នៅទីបំផុត ប្រធាន បាឡឺដ បានសរសេរ​សំបុត្រ​លើក​ទឹកចិត្ត​ផ្ទាល់ខ្លួន​ជាង ៦០០ ដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ខាងវិញ្ញាណ ។ អ្នក​ទទួល​ម្នាក់​បាន​សរសេរ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា សំបុត្រ​របស់​លោក​គឺជា​ការចាប់ផ្តើម​ពិតប្រាកដ​នៃ​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សូម​អរគុណ​លោក​អស់​ពី​ដួងចិត្ត » ។

Ballard-India
Ballard-India
ប្រធាន អិម រ័សុល បាឡឺដ បានអញ្ជើញទស្សនកិច្ចពួកបរិសុទ្ធថ្ងៃចុងក្រោយនៅប្រទេសឥណ្ឌា នាខែ ឧសភា ឆ្នាំ ២០១៩ ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន បាឡឺដ មាន​ប្រសាសន៍​ថា « យើង​គួរ​តែ​ឈោង​ទៅ​ជួយ​គ្នា ។ យើង​គួរតែ​ស្វែងរក​គ្រប់​មធ្យោបាយ​ដែល​យើង​អាច​ជួយ​គ្នា​ទៅវិញទៅមក​តាមរយៈ​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ខ្ញុំ​គិត​ថា ក្នុង​ជម្រៅចិត្ត​របស់​មនុស្ស មនុស្ស​គឺជា​មនុស្ស​ល្អ ហើយ​ខ្ញុំ​គិត​ថា​ពួកគេ​ចង់​ដឹង​ថា​អ្វី​ជា​ការពិត ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា​ត្រូវ​រក​នៅ​ឯ​ណា​នោះ​ទេ ។ ពួក​គេ​សួរ​ថា ‹ តើ​ខ្ញុំ​ជា​នរណា ? តើ​ខ្ញុំ​មក​ពី​ណា ? ហេតុអ្វី​បាន​ជា​ខ្ញុំ​នៅ​ទីនេះ ? តើ​ខ្ញុំ​ទៅ​ណា ? តើ​អ្វីៗ​ទាំងអស់​នេះ​នាំ​ទៅរក​អ្វី ? តើ​ការណ៍នេះ​នាំ​ខ្ញុំ​ទៅ​ណា ?

ប្រធាន​បាឡឺដ លើក​ប៊ិច​ឡើង​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងនោះ​នៅក្នុង​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា « Our Search for Happiness » [ ការស្វែងរក​សុភមង្គល​របស់​យើង ] ( ឆ្នាំ ១៩៩៣ ), ដែល​ជួយ​បង្រៀន​អ្នក​ដទៃ​អំពី​សាសនាចក្រ និង​គោលបំណង​របស់​ពួកគេ​នៅក្នុង​ជីវិត ។ ​សិទ្ធិអំណាចក្នុង​ជីវិត​របស់​ប្រធាន បាឡឺដ ក៏​រួម​បញ្ចូល​ទាំង « ការប្រឹក្សា​ជាមួយ​ក្រុមប្រឹក្សា​របស់​យើង » ( ឆ្នាំ ១៩៩៧ ) ដែល​ប្រើ​ដោយ​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​ជា​ច្រើន​ទូទាំង​សាសនាចក្រ ។

តាមរយៈ​បទពិសោធន៍​ទាំងអស់​របស់លោក​ក្នុង​នាម​ជា​ស្វាមី ជា​ឪពុក និង​ជា​សាវក ប្រធាន បាឡឺដ បាន​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​ការបំផុសគំនិត និង​ការធានា​នៅក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ តាម​ពិត ជា​រឿយៗ លោក​កាន់​រូបភាពព្រះអង្គ​សង្គ្រោះ​តូច​មួយ​នៅក្នុង​ហោប៉ៅ​ខោ​របស់​លោក ដើម្បី​លើក​ទឹកចិត្ត​នៅ​ថ្ងៃ​ដែល​ជួប​ការលំបាក ។

ហូលី បាន​និយាយ​ថា « នៅពេល​ណា​ដែល​លោក​បាក់​ទឹកចិត្ត លោក​នឹង​ទាញ​រូប​នោះ​ចេញមក ហើយ​សម្លឹង​មើល [ រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ ] ហើយ​គិត​ថា ‹ ខ្ញុំ​អាច​ធ្វើ​បាន ។ ខ្ញុំ​អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ទ្រង់ ›» ។

ប្រធាន បាឡឺដ បាន​ដឹង​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​យុថ្កា​មួយ​នៅក្នុង​ពិភព​នៃ​ការ​ផ្លាស់ប្តូរតម្លៃជានិច្ច ។ « ខ្ញុំ​ជឿជាក់​យ៉ាងមុតមាំ​ថា អស់​អ្នក​ដែល​ត្រូវ​បាន​បោះ​យុថ្កា​យ៉ាងរឹងមាំ​ក្នុង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​បេសកកម្ម​របស់​ព្យាការី​យ៉ូសែប និង​នៅក្នុង​វិវរណៈ​ដែល​បាន​ផ្ដល់​ដល់​សាសនាចក្រ​តាមរយៈ​លោក ដែល​បញ្ជាក់ និង​ប្រកាស​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ថា​ដំណឹង​ល្អ​មាន​នៅ​លើ​ផែនដី នឹង​អាច​ជួយ​ដល់​គ្រប់​យ៉ាង​ដែល​ជីវិត​ឆ្លងកាត់ » ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.