Translation

ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ​នៅ​សាលា​បឋមសិក្សា​សារាយ​អណ្តែត

សិស្សានុសិស្ស ឪពុកម្តាយ អ្នកដឹកនាំសហគមន៍ និងសង្គមស៊ីវិលក្នុងមូលដ្ឋាន ព្រមទាំងបុគ្គលិកសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រារព្ធពិធីសម្ពោធអគារដែលបានសាងសង់ និងជួសជុលកែលម្អឡើងវិញនៅសាលាបឋមសិក្សាសារាយអណ្តែត

សិស្សានុសិស្ស ឪពុកម្តាយ អ្នកដឹកនាំ​សហគមន៍ និង​សង្គម​ស៊ីវិល​ក្នុង​មូលដ្ឋាន ព្រមទាំង​បុគ្គលិក​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានប្រារព្ធ​ពិធីសម្ពោធ​អគារ​ដែល​បាន​សាងសង់ និង​ជួសជុល​កែលម្អឡើងវិញ​នៅ​សាលា​បឋមសិក្សា​សារាយ​អណ្តែត នៅស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង នៃ​ប្រទេស​កម្ពុជា នា​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២៤ ។ ការប្រារព្ធ​ពិធី​នេះ​គឺជា​ចំណុច​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហ​ប្រតិបត្តិការ​រួមគ្នា​រវាង​សហគមន៍​មូលដ្ឋាន ថ្នាក់ដឹកនាំ​របស់​ពួកគេ និង​សមាគម ។

អ្នក​ចូលរួម​ក្នុង​ពិធី​នេះរួម​មាន លោក សឿ ណាតប្បត្តិ អភិបាល​ខេត្ត លោក សេង សុខា ប្រធាន​ការិយាល័យ​អប់រំយុវជន និង​កីឡា​ស្រុក លោក អេង សារ៉ា មេឃុំ និង​លោក ណឹម ណុន នាយក​សាលា​បឋមសិក្សា​សារាយ​អណ្តែត ។ គ្រូបង្រៀន​ដទៃ​ទៀត​ដែល​មាន​វត្ត​មាន​គឺ អ្នក​គ្រូ គង់ សូរិយា អ្នកគ្រូ ឈឿម និមល លោក ជា ប៉ូ និងលោក ផុន សុភឿន ។ សមាជិក​សមាគម​ដែល​ចូលរួម​រួមមាន អែលឌើរ ប៊ែរី និង​ស៊ីស្ទើរ ខារិន អូតស៍ ព្រមទាំង​អែលឌើរ ឃឹមបឹល និង​ស៊ីស្ទើរ ស៊ូសាន ហារីស ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ផ្នែក​មនុស្សធម៌ និង​អ្នក​ស្ម័គ្រចិត្ត​ផ្នែក​ទំនាក់ទំនង ។ អ្នកម៉ៅការ​គម្រោង យន់ មុនីស័ក្ដ និង​ភរិយា អ៊ុំ ដូឡែន ក៏​បាន​ចូលរួម​ផងដែរ ។

លោក​នាយក​សាលា ណឹម ថ្លែង​សុន្ទរកថា និង​ចំណាប់​អារម្មណ៍​ក្នុង​ពិធីបើក​កម្មវិធី « សាលា​នេះ​គឺជា​សាលា​ដ៏​ស្រស់ស្អាត មាន​គុណភាព​ខ្ពស់ សម្រាប់​សិស្សានុសិស្ស​បានសិក្សា និង​រៀនសូត្រ ដើម្បី​ជួយ​អភិវឌ្ឍ​សហគមន៍ និង​សង្គម​កម្ពុជា​នា​ពេល​អនាគត » ។ គាត់​បានចែកចាយ​ថា សិស្សានុសិស្ស​ចំនួន ២១៨ នាក់ ស្រី ៩០ នាក់ និង​ប្រុស ១២៨ នាក់ បាន​ចុះ​ឈ្មោះ​ចូលរៀន​ក្នុង​សាលា​ដែល​មាន​ចំនួន ៧ ថ្នាក់ ។

លោក សេង ប្រធាន​ការិយាល័យ​អប់រំ​ ​បាន​មាន​ប្រសាសន៍​ថា « សមាគម​បាន​ជួយ​ផ្តល់​អគារ និង​បន្ទប់រៀន​ដ៏​ស្រស់ស្អាត​មួយ ដើម្បី​ជួយ​សិស្សានុសិស្ស​បានសិក្សា និង​រៀនសូត្រ » ។ គាត់​បាន​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មើល​ថែ​សាលា​រៀន​នេះ ។

ស៊ីស្ទើរ ខារិន អូតស៍ មកពី​សមាគម​បានចែកចាយ​ថា « យើង​ជឿ​ថា យើង​ទាំងអស់​គ្នា​ជា​បងប្អូន​ប្រុសស្រី​នឹង​គ្នា ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ។ សមាជិក​ជា​ច្រើន​នៃ​សមាគម​ជុំវិញ​ពិភពលោក​បាន​បរិច្ចាគ​ប្រាក់​ដើម្បី​ផ្តល់​អគារ​សិក្សា​ទាំង​នេះ » ។

មុនពេល​គម្រោង​ចាប់ផ្តើម មាន​ការព្រួយបារម្ភ​អំពី​គ្រូបង្រៀន និង​កុមារ​ដែល​រៀន​នៅក្នុង​ថ្នាក់រៀន​ដែល​ត្រូវការ​ការជួសជុល ។ អគារ​ឈើ​ចាស់​ត្រូវ​បាន​រុះរើ ហើយ​ជំនួស​ដោយ​អគារ​ថ្ម និង​ដំបូល​ក្បឿង​ថ្មី ដែល​មាន​បន្ទប់​សិក្សា​ចំនួន​ប្រាំ ។ បង្គន់​ថ្មី​ចំនួន​បួន និង​កន្លែង​លាង​ដៃ​ថ្មី​មួយ​ក៏ត្រូវបាន​សាងសង់​ផងដែរ ។ បង្គន់ និង​កន្លែង​លាង​ដៃ​ចាស់​ត្រូវ​បាន​ជួសជុល​ឡើងវិញ ហើយ​ឡដុត​សំរាម​ថ្មី​ត្រូវ​បាន​សាងសង់​ឡើង ។ សហគមន៍​បាន​ផ្តល់​មូលនិធិ​ក្នុង​ការទិញ​ដី​ចាក់​រាប់​តោន​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច ។ សហគមន៍​ក៏​បាន​ជួសជុល​តុ និង​ជួយ​ទិញ​ឧបករណ៍ និង​សម្ភារសិក្សា​ផ្សេងៗ​ដែល​ត្រូវការ ។

ក្នុង​ពិធី​នោះ សិស្សានុសិស្ស​បានតម្រង់​ជួរ​ដើម្បី​ស្វាគមន៍​ប្រជាពលរដ្ឋ សហគមន៍ និង​ថ្នាក់ដឹកនាំ​សមាគម ជាមួយនឹង​ការច្រៀង​បទ​ចម្រៀង​និង​ការទះដៃ​តាម​ចង្វាក់​ច្រៀង វា​គឺជា​ការប្រារព្ធពិធី​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ដែល​បានចូលរួម ។

អភិបាលខេត្ត លោក សឿ បានថ្លែង​អំណរគុណ​ចំពោះ​សមាគម និង​សហគមន៍ដែល​បានសហការ​គ្នា និង​ធ្វើ​ឲ្យ​គម្រោង​នេះប្រព្រឹត្ត​ទៅ​បាន ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឪពុកម្តាយ​ឲ្យ​បញ្ជូន​កូន​របស់​ពួកគេ​មក​រៀន » ។