Translation

ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា

ការចូលទស្សនានឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែសីហា ដល់ថ្ងៃទី ២២ ខែសីហា ។

ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា បាន​បើក​ទ្វារ​របស់ខ្លួន​ដើម្បី​អបអរ​ពិធី​បើក​សម្ពោធ​ព្រះវិហារបរិសុទ្ធ នា​ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ។ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា មេដឹកនាំ​អន្តរ​ជំនឿសាសនា និង​ឥស្សរជន​ដទៃ​ទៀត​បាន​ចូលរួម​ជាមួយ​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​ធ្វើ​ទស្សនកិច្ច​ព្រះវិហារ​បរិសុទ្ធ​ដែល​ទើប​សាងសង់​រួច​ជា​ស្ថាពរ ។ ភ្ញៀវ​ដែល​ត្រូវបាន​អញ្ជើញ​នឹង​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃទី១៣ និង​ទី១៤ ខែសីហា ព្រម​ជាមួយ​នឹង​ការបើក​ឲ្យ​ទស្សនា​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី​១៥-២២ ខែសីហា លើកលែង​តែ​ថ្ងៃ​អាទិត្យ ។

ថ្ងៃ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ៖

អែលឌើរ ហ្គើរីត ដបុលយូ ហ្គុង ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មាន​ប្រសាសន៍​ទៅកាន់​អ្នកចូលរួម​ជាង​ប្រមាណ​៦០០​នាក់ រួមមាន អ្នក​សារព័ត៌មាន ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា សមាជិក​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មិត្តភក្តិ​នៃ​ជំនឿ​ផ្សេងៗ ដែល​បាន​ជួបជុំគ្នា​នៅក្នុង​បរិវេណ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ លោកថ្លែងថា « កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​គោរព និង​ឲ្យតម្លៃ​ដល់​ប្រាសាទ​នានា ។ មាន​ប្រាសាទ​ជាច្រើន​នៅ​ទូទាំង​ប្រទេសកម្ពុជា ។ ប្រាសាទ​ទាំងនោះ​ក៏​ពិសេស​ចំពោះ​យើង​ផងដែរ ។ យើង​សូម​សម្តែង​ការដឹងគុណ​ចំពោះ​ការអនុញ្ញាត និង​ការគាំទ្រ​ដែល​យើង​បាន​ទទួល ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ » ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន​អែលឌើរ ហ្គង និង​ឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​កិត្តិយស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ។

អែលឌើរ ហ្គង បាន​មាន​ប្រសាសន៍​ថា « ពួកយើង​មាន​កិត្តិយស​យ៉ាង​ជ្រាលជ្រៅ​ដែល សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់ទុក​ព្រឹត្តិការណ៍​នេះជា​ព្រឹត្តិការណ៍​ផ្លូវការ​មួយ​របស់​សម្តេច​នាយករដ្ឋមន្ត្រី » ។

នៅក្នុង​សុន្ទរកថា​របស់​លោក ឯកឧត្តម​បណ្ឌិត ចាយ បូរិន បាន​មាន​ប្រសាសន៍​ថា លោក​មាន « កិត្តិយស និង​សេចក្តី​សោមនស្ស​យ៉ាងខ្លាំង » ក្នុង​នាមជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​នាយករដ្ឋ​មន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ។ ឯកឧត្តម​រដ្ឋមន្ត្រី បូរិន បាន​មាន​ប្រសាសន៍​សំដៅ​ទៅកាន់​អែលឌើរ ហ្គង និង​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ថា « វត្តមាន​របស់​លោកអ្នក បាន​ធ្វើឲ្យ​ការទស្សនា​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃនេះ កាន់តែ​មាន​អត្ថន័យ និង​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សហគមន៍​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា » ។

អែលឌើរ ហ្គង បាន​ថ្លែង​នៅក្នុង​ពិធី​ថា « យើងខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការអនុញ្ញាត​ឲ្យ​យើងខ្ញុំ​បាន​ចែករំលែក​អំពី​ព្រះវិហារបរិសុទ្ធ​របស់​យើង​ជាមួយ​លោកអ្នក​នៅ​ថ្ងៃនេះ ។ សម្រាប់​យើងខ្ញុំ ព្រះវិហារ​បរិសុទ្ធ​នេះ​គឺជា​ទីកន្លែង​ដ៏​បរិសុទ្ធ​និង​ពិសិដ្ឋ ដែល​ស្ថានសួគ៌​និង​ផែនដី​មក​រួមគ្នា​ប្រកប​ដោយ​ភាពស្ងប់ស្ងាត់ និង​សុខដុមរមនា ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ថ្វាយបង្គំ​ព្រះ ហើយ​ទទួលបាន​ពរជ័យ​របស់​ទ្រង់ » ។

ឯកឧត្តម​រដ្ឋមន្ត្រី បូរិន បាន​បន្ថែម​ថា « ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទីកន្លែង​បរិសុទ្ធ​ថ្មី​នេះ នឹង​ក្លាយជា​ទីកន្លែង​ដែល​សេចក្តី​ស្រឡាញ់ និង​ភាពសុខសាន្ត​ត្រូវបាន​លូតលាស់​ឡើង ជា​ទីកន្លែង​ដែល​មនុស្ស​អាច​ទុកចោល​នូវ​អំពើ​ខុសឆ្គង និង​អំពើ​បាប​នៅ​ពីក្រោយ ហើយ​ជា​ទីកន្លែង​ដែល​រួមចំណែក​ក្នុង​ការបណ្តុះ​សីលធម៌ គុណធម៌ និង​ការប្រព្រឹត្ត​ល្អ ក្នុង​ចំណោម​អ្នក​ទាំងអស់​ដែល​មក​ទីនេះ​ដើម្បី​ថ្វាយបង្គំ » ។

លោក អ៊ិត វិជិត សមាជិក​ដំបូងគេ​នៃ​សាសនាចក្រ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​សម្រេច​ឲ្យ​សាសនាចក្រ​ទទួលបាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​កម្ពុជា ក្នុងឆ្នាំ១៩៩៤ ក៏​បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​ព្រឹត្តិការណ៍នេះ​ផងដែរ អំពី​របៀប​ដែល​ការទទួល​ស្គាល់​នេះ​បាន​អនុញ្ញាត​ឲ្យ​សាសនាចក្រ​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ព្រះវិហារបរិសុទ្ធ​ដំបូង​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស​នេះ ។

លោក អ៊ិត បាន​មាន​ប្រសាសន៍​ថា «ព្រះវិហារ​បរិសុទ្ធ​នេះ មិន​ត្រឹមតែ​ឈរ​ជា​និមិត្តរូប​នៃ​សេចក្តី​ជំនឿ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សំណង់​ដ៏​លេចធ្លោ​រំឭក​ដល់​មិត្តភាព​ដ៏​យូរអង្វែង និង​ការគោរពគ្នា​ទៅវិញ​ទៅមក​រវាង​សាសនាចក្រ​របស់​យើង និង​ព្រះរាជាណាចក្រ​កម្ពុជា » ។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី អែលឌើរ ហ្គង បាន​ប្រគល់​ជូន​រូប​គំនូរ​ជូនដល់​ឯកឧត្តម​រដ្ឋមន្ត្រី បូរិន ដែល​បង្ហាញ​អំពី​រូបលោក​ឈរ​នៅ​ពីមុខ​ព្រះវិហារ​បរិសុទ្ធ ។

អែលឌើរ ហ្គង ដែល​ជា​សាវក ក៏​បាន​ជួបនិង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជូនដល់ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយ​មាន​អមដំណើរ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងឯកឧត្តម​រដ្ឋលេខាធិការ និងជា​អនុប្រធាន​ខុទ្ទកាល័យ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី ។

អែលឌើរ ហ្គង បាន​ផ្តល់​នូវ​ការគោរព​ចំពោះ​ប្រពៃណី​ខ្មែរ ដោយ​ពាក់​ក្រវាត់ក​ពណ៌​ស៊ីលៀប ដែល​ជា​ពណ៌​តំណាង​សម្រាប់​ថ្ងៃពុធ ។

អែលឌើរ ខេលី ចនសុន ប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ បាន​មាន​ប្រសាសន៍​ថា « ថ្ងៃនេះ​ពិតជា​ថ្ងៃ​ដ៏​ពិសេស​អស្ចារ្យ​មួយ ។ ដោយ​មាន​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​រូប​ពី​រាជ​រដ្ឋាភិបាល និង​ឥស្សរជន​ជំនឿ​សាសនា​ផ្សេងៗ​ជាច្រើន​រូប ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បើក​សម្ពោធ​នេះ ។ នេះ​គឺជា​ការបង្ហាញ​នូវ​ការគោរព​យ៉ាងខ្លាំង​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ចំពោះ​សាសនាចក្រ » ។

អែលឌើរ ហ្គង មាន​អារម្មណ៍​រំភើប​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​ស្វាគមន៍​ដែល​បាន​សរសេរ​នៅលើ​បដា​ដែល​ចង​នៅឯ​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​សម្រាប់​សារព័ត៌មាន ។

អែលឌើរ ហ្គង បាន​មាន​ប្រសាសន៍​ថា « បដា​ដែល​នៅ​ខាងក្រៅ​បាន​សរសេរ​ថា ‹ សាមគ្គីភាព​ក្នុង​សាសនា នាំមក​នូវ​សុខ​សន្តិភាព និង​ការអភិវឌ្ឍ ។ សូម​អបអរ​សាទរ​ចំពោះ​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា របស់​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ › ។ តើ​មាន​អ្វី​អាច​ផ្តល់​នូវ​ភាពកក់ក្តៅ និង​ការស្វាគមន៍​ជាងនេះ​ទៀត ? »

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​ក្រុម​ជំនឿ​គ្រិស្ត​សាសនា​នៅ​ទូទាំង​ពិភពលោក ដែល​មាន​សមាជិក​ជិត​១៨​លាន​នាក់  ដែល​ផ្តោតលើ​ជំនឿ​ថា មនុស្ស​ទាំងអស់​គឺជា​បុត្រា​បុត្រី​របស់​ព្រះ​ជាទី​ស្រឡាញ់ ហើយ​ថាព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ជាតិ ។ បេសកកម្ម​របស់​សាសនាចក្រ​គឺ ដើម្បី​នាំ​មនុស្ស​មករក​ព្រះគ្រីស្ទ តាមរយៈ​ការរៀន​ដំណឹងល្អ​របស់​ទ្រង់ ការធ្វើ​ការសន្យា​ពិសេសៗ និង​ការអនុវត្ត​សេចក្តី​ស្រឡាញ់ និង​ការបម្រើ ។

ពួកបរិសុទ្ធ​ត្រួសត្រាយ​ផ្លូវ និង​អព្ភូតហេតុ​នៃ​ព្រះវិហារបរិសុទ្ធ

ប្រធាន នាង គួនណូ​វាសនា ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ​ម្នាក់​ក្នុង​មូលដ្ឋាន ដែល​ជា​សមាជិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​បី​ទសវត្សរ៍ និង​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​ភ្នំពេញ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា « ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ផ្លូវ​ដែល​ភ្ជាប់​ទំនាក់ទំនង​របស់​យើង​ជាមួយ​បុព្វការីជន​របស់​យើង ។ នេះ​ជា​ពេលវេលា​ដែល​ប្រជាជន​កម្ពុជា​អាច​បង្ហាញ​ពី​របៀប​ដែល​យើង​ស្រឡាញ់​ដល់​បុព្វការីជន​របស់​យើង » ។

លោក​បាន​មាន​ប្រសាសន៍បន្ត​ថា ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុព្វការីជន​គឺ​មាន​សារៈសំខាន់​ជា​ពិសេស​នៅ​ក្នុង​ទឹកដី​មួយ​ដែល​មាន​មនុស្ស​រហូត​ដល់២.៥​លាន​នាក់ ​ត្រូវ​បាន​សម្លាប់​ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ។

ប្រធាន នាង បាន​បន្តទៀត​ថា « ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​មួយ ។  វិញ្ញាណ​ទាំង​នោះ​កំពុង​រង់ចាំ​យើង​នៅ​ក្នុង​ពិភព​វិញ្ញាណ​ដើម្បី​ធ្វើ​អ្វី​មួយ​សម្រាប់​ពួកគាត់ » ។

លោក អ៊ិត វិជិត ជា​សមាជិក​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។ ចំពោះ​លោក ព្រះវិហារ​បរិសុទ្ធ​នេះ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស តំណាង​ឲ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស ដែល​សាសនាចក្រ​បាន​រីកចម្រើន​ជា​បន្ត​បន្ទាប់ ចាប់​តាំងពី​ទទួលបាន​ការទទួល​ស្គាល់​ជា​ផ្លូវការ​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ១៩៩៤—ជា​សមិទ្ធផល​មួយ​ដែល​លោក អ៊ិត បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ឲ្យ​សម្រេច​បាន ។

លោក អ៊ិត បាន​មាន​ប្រសាសន៍​ថា « [ ព្រះវិហារ​បរិសុទ្ធ​នេះ ]​ ពិត​ជា​មាន​អត្ថន័យ​ខ្លាំងណាស់ ពីព្រោះ​ខ្ញុំ​មិន​ដែល​គិត​ថា​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនេះ​នោះ​ទេ ។ ការមាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទី​នេះ​ក្នុង​រយៈពេល​ត្រឹម​តែ​៣២​ឆ្នាំ — វា​គឺជា​អព្ភូតហេតុ​មួយ » ។

ក្នុង​រយៈពេល​បី​ទសវត្សរ៍​កន្លង​មក​នេះ សមាជិកភាព​សាសនាចក្រ​បាន​ពង្រីក​ពី​ចំនួន​តិច​ទៅ​ដល់​ចំនួន​១៨,០០០​នាក់ ។

អែលឌើរ ចនសុន បាន​មាន​ប្រសាសន៍​ថា « [ ព្រះវិហារបរិសុទ្ធ ] នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កិច្ចការ​របស់​ព្រះអម្ចាស់ ឲ្យ​បន្ត​រីកចម្រើន​ទៅមុខ​នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា » ។

ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ពី​ការរីក​ចម្រើន​នោះ បងស្រី សួន ចាន់ម៉ូលីស ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ក្នុង​ឆ្នាំ២០០១ បន្ទាប់​ពី​បាន​ជួប​ជា​មួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ដំបូង​តាម​រយៈ​ថ្នាក់​ភាសា​អង់គ្លេស ។ ដោយ​បាន​ទទួល​យក​គំរូ​ពី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក្នុង​មូលដ្ឋាន និង​បំណង​ប្រាថ្នា​ចង់​ស្វែងយល់​បន្ថែម​អំពី​ព្រះយេស៊ូវ​គ្រីស្ទ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ជាង​ពីរ​ទសវត្សរ៍​ក្រោយ​មក គាត់​បាន​និយាយ​ថា គាត់​មាន​អំណរគុណ​ចំពោះ​ឥទ្ធិពល​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​នៅ​ក្នុង​ជីវិត​របស់​គាត់ និង​នៅ​ក្នុង​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដូចគ្នា ។

បងស្រី ម៉ូលីស ​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​មោទនភាព​ចំពោះ​សាសនាចក្រ​របស់​យើង​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ​បាន​ជួយ​ប្រជាជន​កម្ពុជា ។ ហើយ​ខ្ញុំ​បាន​ឃើញ​គំរូ​របស់​សមាជិក​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ ។ ពួកគេ​ចិត្តល្អ និង​រាក់ទាក់​ណាស់ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​រៀន​អំពី​សាសនាចក្រ ហើយ​បាន​សម្រេច​​ចិត្ត​ទទួល​បុណ្យ​ជ្រមុជទឹក » ។

សម្រាប់​ស៊ីស្ទើរ អ៊ៀវ ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ព្រះវិហារបរិសុទ្ធ​តំណាង​ឲ្យ​ការរីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​សាសនាចក្រ ។

ស៊ីស្ទើរ អ៊ៀវ ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​បម្រើ​នៅ​ប្រទេស​កម្ពុជា ដែល​ជីដូនជីតា​របស់​នាង​បាន​រួច​ផុត​ពី​របប​ខ្មែរក្រហម ហើយ​ក្រោយ​មក​បាន​រស់នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា  « សាសនាចក្រ​នៅ​ថ្មី​នៅ​ឡើយ​នៅ​ទី​នេះ ខ្ញុំ​គិត​ថា​មនុស្ស​ជា​ច្រើន​ភ្លេច​រឿង​នោះ ។ គ្រួសារ​ជាច្រើន​នឹង​ត្រូវបាន​ពង្រឹង​ដោយ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា » ។

ស៊ីស្ទើរ អ៊ៀវ គឺជា​ចៅ​ទីប្រាំ​របស់​ស៊ីស្ទើរ សារឿន និង​ប្រធាន លាង ដែល​កំពុង​បម្រើ​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ។ កេរដំណែល​គ្រួសារ អ៊ៀវ ឥឡូវនេះ​បាន​វិល​ត្រឡប់​មក​ដល់​ចំណុច​ដ៏​មាន​អត្ថន័យ​មួយ ។ គូស្វាមី​ភរិយា អ៊ៀវ ឥឡូវ​គឺជា​សមាជិក​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ​ថ្មី នៃ​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា ។

ព្រះវិហារ​បរិសុទ្ធ​នេះ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៣.១៦ ហិចតា​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ ។ អគារ​នេះ​មាន​កម្ពស់​ប្រហែល​៣៥ម៉ែត្រ​( ១១៥​ហ្វីត ) គិត​ដល់​ត្រឹម​កំពូល​ព្រះវិហារ​បរិសុទ្ធ និង​មាន​ផ្ទៃ​ក្រឡា​ប្រហែល​៩២៤​ម៉ែត្រ​ការ៉េ ( ជិត​១០,០០០​ហ្វីត )​។

ស្ថាបត្យកម្ម និង​ការរចនា​ផ្នែក​ខាង​ក្នុង​របស់​ព្រះវិហារ​បរិសុទ្ធ​បាន​មក​ពី​ការទាញ​យក​នូវ​ការបំផុសគំនិត​ពី​វប្បធម៌ និង​ប្រពៃណី​សិល្បៈ​ដ៏​ផូរផង់​របស់​កម្ពុជា ​។ លំនាំ​រចនា​ផ្ទៃ​ខាង​ក្នុង​ទទួល​បាន​ការបំផុស​គំនិត​ពី​គំរូ​បែប​ប្រពៃណី​ខ្មែរ​ដែល​ហៅ​ថា ក្បាច់ ដែល​មាន​នៅ​លើ​គ្រឿង​ប្រាក់ គ្រឿង​សង្ហារិម គំនូរ​នៅ​លើ​ជញ្ជាំង និង​ស្មូន​នៅ​ក្នុង​ស្រុក ។ ការជ្រើសរើស​ពណ៌​ឆ្លុះ​បញ្ចាំង​ពី​គ្រឿង​តម្បាញ​របស់​ប្រពៃណី​ខ្មែរ ផ្កា​តំណាងប្រទេស និង​និមិត្តរូប​នៃ​វប្បធម៌ ។

ស្នាដៃ​សិល្បៈ​ដើម​នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួម​មាន​ការពណ៌នាអំពី​ទេសភាព និង​ទស្សនីយភាព​ដែល​ឆ្លុះបញ្ចាំង​ពី​ជំនឿ និង​បេតិកភណ្ឌ​របស់​ប្រជាជន​កម្ពុជា ។

ការរីកចម្រើន​របស់​សាសនាចក្រ​នៅ​កម្ពុជា ត្រូវ​បាន​អម​ដោយ​ការផ្តល់​សេវាកម្ម​ផ្នែក​មនុស្សធម៌ និង​សហគមន៍​រាប់​ទសវត្សរ៍ ។ ចាប់តាំង​ពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៨០ សាសនាចក្រ​បាន​គាំទ្រ​គម្រោង​ផ្នែក​មនុស្សធម៌​រាប់រយ​នៅ​ទូទាំង​ប្រទេស រួម​ទាំង​ជំនួយ​សម្រាប់​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព គំនិត​ផ្តួចផ្តើម​ផ្នែក​អនាម័យ កិច្ចខិតខំ​សម្រាប់​ការជួយ​សង្គ្រោះ​បន្ទាន់ និង​កម្មវិធី​អប់រំ ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និងសាសនា តំណាង​​ផ្លូវការ​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា « ក្នុង​នាម​ខ្ញុំ​តំណាង​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​ដ៏​ស្មោះស្ម័គ្រ​របស់​យើង​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចំពោះជំនួយ​និង​ការគាំទ្រ​របស់​សាសនាចក្រ​ដល់​ប្រជាជន​កម្ពុជា ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ សាសនាចក្រ​បាន​សាងសង់​សាលារៀន ផ្តល់​ទឹក​ស្អាត ផ្តល់​រទេះ​រុញ និង​បញ្ជូន​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ ។ ការគាំទ្រ​នេះ​បាន​ធ្វើឲ្យ​ជីវិត​របស់​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ។ សេចក្តី​សប្បុរស និង​ការបម្រើ​របស់​អ្នក បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​មនុស្សធម៌ និង​ចំណង​មិត្តភាព » ។

អែលឌើរ ហ្គង បាន​មាន​ប្រសាសន៍​ថា សាសនាចក្រ​មាន​អំណរគុណ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​នេះ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់ « បងប្អូន​ប្រុសស្រី​ជនជាតិ​កម្ពុជា​របស់​យើង ដោយ​មិន​ប្រកាន់​សាសនា » ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​ក៏​បាន​បង្កើត​ទំនាក់ទំនង​យូរ​អង្វែង​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​សហគមន៍​ផងដែរ ។ នៅ​ខែ​មករា ​ឆ្នាំ​២០២៤ អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ជួប​ជា​មួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​បាន​ប្រកាស​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថែទាំ​ផ្នែក​សុខភាព រួម​ទាំង​ការបរិច្ចាគ​ដើម្បី​ជួយ​បង្កើត​មជ្ឈមណ្ឌល​បេះដូង​នៅ​មន្ទីរពេទ្យ​បង្អែក​សៀមរាប ។

ប្រធាន ណិលសុន បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ឆ្នាំ២០១៩ ហើយ​បាន​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ដែលនឹងត្រូវសាងសង់ ។ ពិធី​បើក​ការដ្ឋាន និង​សម្ពោធ​ទីតាំង​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ២០២១ ។

ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​នៅ​ក្នុងប្រទេស​កម្ពុជា ហើយ​បន្ទាប់​ពី​បាន​ឧទ្ទិសឆ្លង​រួច នោះ​នឹង​ក្លាយ​ជា​ព្រះវិហារ​បរិសុទ្ធ​ទី ២១២ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែលនឹងដាក់ឲ្យដំណើរការ​ ។

អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​នឹង​ធ្វើជា​អធិបតី​នៅក្នុង​ពិធីឧទ្ទិស​ឆ្លង​នៅ​ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ ព្រឹក ( ចាក់ផ្សាយ​ឡើងវិញ​នៅ​វេលាម៉ោង ២:០០ រសៀល ) ។ សម័យប្រជុំ​នៃ​ពិធីឧទ្ទិស​ឆ្លង​នឹង​ចាក់ផ្សាយ​ទៅកាន់​អង្គភាព​ទាំងអស់​នៅក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា ។

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាសអំពី​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា នៅឆ្នាំ​២០១៨ ។

លោក អ៊ិត បាន​លើក​ទឹកចិត្ត​ដល់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​ចូល​មក​ទស្សនា​ក្នុង​អំឡុង​ពេល​បើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ ដោយ​កត់​សម្គាល់​ពី​អំណាច​ដែល​ផ្តោត​លើ​ព្រះគ្រីស្ទ​នៃ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ការ​នាំ​មក​នូវ​ការព្យាបាល​ដល់​ព្រលឹង​ទាំងឡាយ​ដែល​ឈឺចាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា « សូម​មក​ស្វែងយល់​ពី​យើង​ថា យើង​ជា​នរណា យើង​ជឿ​លើ​អ្វី ហើយ​សូម​ទទួល​យក​នូវ​បទពិសោធន៍​នៃ​ភាពសុខសាន្ត និង​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​នេះ ។ ទឹកដី​នេះ​រងទុក្ខ​ច្រើន​ណាស់ ។ ព្រះវិហារ​បរិសុទ្ធ​មិន​ត្រឹម​តែ​នាំ​មក​នូវ​និមិត្ត​រូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នាំ​មក​នូវ​សេចក្តី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់​នៅ​លើ​ផែនដី​ទៀត​ផង ។