ថ្មីៗនេះ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជារាប់រយនាក់បានជួបជុំគ្នានៅក្រោមតង់ធំៗចម្រុះពណ៌ ជ្រកពីម្លប់នៃកម្ដៅព្រះអាទិត្យត្រូពិចដ៏ស្ងួតហែង ដើម្បីអបអរសាទរដល់ការបើកគម្រោងថែទាំសុខភាពធំៗចំនួនពីរ ដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានបរិច្ចាគ ។
មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងដ៏ទំនើបបំផុតនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្រោយមកនៅរសៀលថ្ងៃដដែលនោះ អគារមួយផ្សេងទៀតដែលសាសនាចក្របានផ្តល់មូលនិធិក៏បានប្រារព្ធពិធីសម្ពោធផងដែរ ដែលអគារនេះគឺជាអគារពិនិត្យ និងពិគ្រោះជំងឺថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ ប្រហែលមួយម៉ោងនៅភាគពាយព្យនៃខេត្តសៀមរាប ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ទាំងពីរ នៅចំពោះមុខការជួបជុំរបស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងឡាយ ។ នៅក្នុងសេចក្ដីអធិប្បាយពេញមួយថ្ងៃ លោកបានថ្លែងអំណរគុណដល់សមាជិកនៃសាសនាចក្រចំពោះសេចក្ដីសប្បុរសរបស់ពួកគេ ដោយបានលើកឡើងពីគម្រោងថែទាំសុខភាពជាច្រើនដែលសាសនាចក្របានជួយគាំទ្រនៅក្នុងប្រទេសកម្ពុជា ។
លោកបានមានប្រសាសន៍ថា « ខ្ញុំសូមសម្តែងការគោរពដ៏ស្មោះស្ម័គ្រ ដោយអស់ពីដួងចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសាសនាចក្រនេះ ដែលបានផ្តល់ជំនួយដោយមិនរំពឹងការតបស្នងវិញ » ។ លោកបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងនៅខេត្តសៀមរាបនេះមានតម្លៃលើសពីទឹកប្រាក់ ២.៤ លានដុល្លារអាមេរិកទៅទៀត ដោយសារអគារថ្មី និងឧបករណ៍ទំនើបៗទាំងនេះមានតម្លៃក្នុងរយៈពេលវែង ដែលមិនអាចវាស់វែងបានសម្រាប់ការព្យាបាល និងការជួយសង្គ្រោះជីវិត ។
-
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា សាស្ត្រាចារ្យ ឈាង រ៉ា ពិនិត្យព័ត៌មានអ្នកជំងឺនៅមជ្ឈមណ្ឌលបេះដូងសៀមរាបថ្មី ។
-
ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដោយមានអែលឌើរ តៃ នៅខាងស្តាំដៃ ចុះហត្ថលេខាលើសៀវភៅប្រារព្ធពិធីអបអរសាទរដល់មជ្ឈមណ្ឌលបេះដូងសៀមរាប ។
| 1 / 2 |
« ក្នុងនាមជាមនុស្សម្នាក់ ជាប្រជាពលរដ្ឋម្នាក់ ជាបុគ្គលិកសុខាភិបាលម្នាក់ ជាអ្នកដឹកនាំផ្នែកសុខភាពម្នាក់ និងជាប្រធានស្ថាប័នសុខាភិបាល ខ្ញុំចង់និយាយថា ការចូលរួមចំណែករបស់សមាជិកនៃសាសនាចក្រនេះ មិនថាតូចតាចប៉ុនណានោះទេ គឺពិតជាជះឥទ្ធិពលដល់ជីវិតរបស់អ្នកជំងឺ និងប្រជាពលរដ្ឋជាច្រើន » ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសរសើរដល់ « ទេពកោសល្យក្នុងការស្វែងរក និងផ្តល់ជំនួយ » របស់សាសនាចក្រផងដែរ ដែលស្របតាមគោលដៅរបស់ក្រសួង និងរដ្ឋាភិបាល « ដើម្បីនាំយកសេវាសុខភាពដែលមានគុណភាពមកកាន់តែជិតប្រជាជន » ។
ជាមួយនឹងសាសនាចក្រ ពិតជាបានមាននូវ « កិច្ចសហប្រតិបត្តិការពិសេសមួយ » ដែលបំពេញតម្រូវការទាន់ពេលវេលា និងដំណើរការបានល្អ ដែលនាំមកនូវភាពជោគជ័យ ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វាអាចត្រូវបានប្រើជាគំរូសម្រាប់កិច្ចខិតខំប្រឹងប្រែងសហការផ្សេងទៀត ។ « ខ្ញុំសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះការធ្វើការជាមួយគ្នាតាមរបៀបនេះ » ។
-
ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអែលឌើរ បេនយ៉ាមីន អិម ហ្សឺ តៃ ប្រធានតំបន់អាស៊ីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានស្វាគមន៍ដោយមនុស្សយ៉ាងច្រើនកុះករដែលបានមកប្រមូលផ្តុំគ្នាដើម្បីអបអរសាទរដល់មជ្ឈមណ្ឌលបេះដូងសៀមរាប នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
-
អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ប្រធានតំបន់អាស៊ីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ថ្លែងទៅកាន់មនុស្សយ៉ាងច្រើនកុះករ នៅក្នុងពិធីអបអរសាទរបើកសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលបេះដូងសៀមរាប នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ អង្គុយនៅពីក្រោយអែលឌើរ តៃ គឺជាមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ថ្នាក់ដឹកនាំផ្នែកថែទាំសុខភាព និងថ្នាក់ដឹកនាំសាសនាចក្រ ។
-
អែលឌើរ តៃ បានកាត់ខ្សែបូជាការរំឭកដល់ពិធីសម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលបេះដូងសៀមរាប នៅមន្ទីរពេទ្យខេត្តសៀមរាបជាផ្លូវការ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
| 1 / 2 |
អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ប្រធានតំបន់អាស៊ីរបស់សាសនាចក្រ ត្រូវបានអញ្ជើញឲ្យថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ទាំងពីរ ហើយថ្នាក់ដឹកនាំសាសនាចក្រក្នុងតំបន់ និងពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកមនុស្សធម៌ក៏បានអមដំណើរផងដែរ ។ នៅក្នុងសុន្ទរកថារបស់លោកនៅខេត្តសៀមរាប លោកបានរំឭកឡើងវិញនូវពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះ ដែលបានធ្វើឡើងប្រហែលមួយឆ្នាំមុន ដែលក្នុងនោះពួកគេបាន « រួបរួមគ្នាដោយសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ » ។ លោកបានប្រកាសថា អគារថ្មីនេះជា « ចម្លើយដោយផ្ទាល់ចំពោះការអធិស្ឋាន និងជាការសម្រេចនូវសេចក្តីសង្ឃឹម និងសេចក្ដីជំនឿរបស់យើង » ។
នៅទីតាំងទាំងពីរនេះ អែលឌើរ តៃ បានអំពាវនាវសូមឲ្យពរជ័យរបស់ព្រះមានលើអស់អ្នកដែលបានមកកាន់មណ្ឌលសុខភាពនេះ ដោយមានប្រសាសន៍ថា « សូមឲ្យអ្នកជំងឺទាំងអស់តែងតែទទួលបានការព្យាបាលប្រកបដោយវិជ្ជាជីវៈ សេវាកម្មប្រកបដោយការអាណិតអាសូរ និងការថែទាំប្រកបដោយសប្បុរសធម៌នៅទីនេះ ។ សូមឲ្យទីកន្លែងនេះក្លាយជាទីកន្លែងនៃការព្យាបាលបេះដូង និងលួងលោមដល់ព្រលឹងទាំងឡាយ ។ យើងមានជំនឿយ៉ាងមុតមាំ និងមានក្តីសង្ឃឹមដ៏អស្ចារ្យបំផុតសម្រាប់បងប្អូន និងអនាគតនៃមណ្ឌលសុខភាពនេះ » ។
លោកបានមានប្រសាសន៍ថា គម្រោងនៅខេត្តសៀមរាបនេះមានលក្ខណៈពិសេស ពីព្រោះវាដោះស្រាយតម្រូវការថែទាំសុខភាពសំខាន់ៗដែលនៅឆ្ងាយពីរាជធានីភ្នំពេញ ។ លោកបានចែកចាយថា គម្រោងនេះ « បាននាំយើងទៅលើដំណើរមួយ » នៃការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកជំនាញផ្នែកសុខាភិបាល ដែលបានបញ្ចប់ដោយការប្រជុំមួយក្នុងខែមករា ឆ្នាំ២០២៤ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងអែលឌើរ ឌែល ជី រិនឡាន់ ដែលជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់របស់សាសនាចក្រ និងជាវេជ្ជបណ្ឌិតផ្នែកវះកាត់ជំងឺបេះដូងដោយផ្ទាល់ ។ ពួកលោកបានពិភាក្សាអំពីសារៈសំខាន់នៃគម្រោងនេះ ហើយការតាំងចិត្តត្រូវបានធ្វើឡើងដើម្បីសាងសង់អគារនេះ ។
.jpg)
A-(892).jpg
អែលឌើរ តៃ និងអ្នកជំងឺម្នាក់នៅក្នុងមជ្ឈមណ្ឌលបេះដូងសៀមរាបថ្មី ស្វាគមន៍គ្នាទៅវិញទៅមកដោយការសំពះបែបប្រពៃណី ដើម្បីបង្ហាញពីការគោរព និងការដឹងគុណ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា សាស្ត្រាចារ្យ ឈាង រ៉ា នៅពីក្រោយអែលឌើរ តៃ ។2026 by Intellectual Reserve, Inc. All rights reserved.អែលឌើរ តៃ ក៏បានថ្លែងអំណរគុណដល់ « សេចក្តីជំនឿ ការលះបង់ ការឧទ្ទិស និងចិត្តសប្បុរសរបស់សមាជិកនៃសាសនាចក្រនៅទូទាំងពិភពលោក » ផងដែរ ដែលធ្វើឲ្យការបរិច្ចាគផ្នែកមនុស្សធម៌អាចធ្វើទៅបាន ។ « ដោយមិនគិតពីចំនួនទឹកប្រាក់ដែលពួកគេបានបរិច្ចាគនោះទេ ទោះជាមួយសេន មួយដុល្លារ ឬរាប់លានដុល្លារក៏ដោយ មូលនិធិមនុស្សធម៌ត្រូវបានគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ និងប្រើប្រាស់សម្រាប់គោលបំណងដ៏បរិសុទ្ធនៃកិច្ចការរបស់ព្រះអម្ចាស់ ។ យើងពិតជាមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីជំនឿ និងការលះបង់របស់សមាជិកទាំងនោះ ដែលធ្វើឲ្យកិច្ចការនេះអាចធ្វើទៅបាន » ។
លោកបានប្រាប់អ្នកចូលរួមថា លោកប្រាថ្នាថា « សមាជិកនៃសាសនាចក្ររបស់យើងមកពីជុំវិញពិភពលោកអាចមកទីនេះថ្ងៃនេះ ។ ខ្ញុំសង្ឃឹមថា បងប្អូនអាចជួបពួកគេ ហើយពួកគេក៏អាចជួបបងប្អូនដែរ » ។ លោកបានមានប្រសាសន៍ថា អ្នកបរិច្ចាគរបស់សាសនាចក្រគឺជា « មនុស្សដូចជាបងប្អូន និងរូបខ្ញុំដែរ ដែលបរិច្ចាគដោយស្ម័គ្រចិត្តនូវអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយអ្នកដទៃដោយមិនរំពឹងការតបស្នងវិញឡើយ ។ ខ្ញុំជឿជាក់ថា ពួកគេនឹងមានអារម្មណ៍រីករាយយ៉ាងខ្លាំងនៅពេលដឹងថា ពួកគេកំពុងជួយគាំទ្រដល់ការងារដ៏សំខាន់នេះ ដែលកំពុងកើតឡើងនៅទីនេះ » ។
មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងនៅខេត្តសៀមរាប គឺជាគម្រោងមនុស្សធម៌ដ៏ធំបំផុតរបស់សាសនាចក្រនៅក្នុងប្រទេសកម្ពុជា គិតមកដល់បច្ចុប្បន្ននេះ ។ វាគ្មិនបានលើកឡើងថា គម្រោងនេះមានសារៈសំខាន់ជាពិសេស ពីព្រោះអ្នកជំងឺបេះដូងពីមុនត្រូវធ្វើដំណើរប្រហែលប្រាំម៉ោងទៅកាន់ទីក្រុងភ្នំពេញដើម្បីព្យាបាល ។ អ្នកជំងឺជាច្រើនដែលមានស្ថានភាពជំងឺបេះដូងបន្ទាន់ មិនអាចរស់រានមានជីវិតបានក្នុងអំឡុងពេលធ្វើដំណើរទៅមន្ទីរពេទ្យឡើយ ។ ជំងឺបេះដូងគឺជាមូលហេតុចម្បងទីពីរនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា ។
-
ថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំសុខាភិបាល និងថ្នាក់ដឹកនាំសាសនាចក្រ បានជួបជុំគ្នានៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅពីមុខមជ្ឈមណ្ឌលបេះដូងសៀមរាបថ្មី នៅមន្ទីរពេទ្យខេត្តសៀមរាប ដែលបានបរិច្ចាគដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
បុគ្គលិកផ្នែកសុខាភិបាល មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅក្រោមតង់ពណ៌ស្រស់ឆើតឆាយមួយនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បីអបអរសាទរដល់មជ្ឈមណ្ឌលបេះដូងសៀមរាប ។
| 1 / 2 |
ខេត្តសៀមរាបក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយផងដែរ ដោយទទួលភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ដែលមកទស្សនាអង្គរវត្ត និងប្រាសាទបុរាណដទៃទៀតនៅក្នុងតំបន់នេះ ។ តម្រូវការថែទាំសុខភាព រួមទាំងសេវាផ្នែកបេះដូង កាន់តែមានចំនួនកើនឡើងតាមចំនួនភ្ញៀវទេសចរ ។ ឱកាសជាច្រើនសម្រាប់ការរៀនសូត្រនឹងត្រូវបានផ្តល់ជូនដល់និស្សិតផ្នែកវេជ្ជសាស្ត្រនៅតំបន់ភាគខាងជើងនាពេលនេះ ក្រៅពីនៅរាជធានី ។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងការសម្ភាសមួយថា « អត្រាមរណភាពខ្ពស់នៅក្នុងតំបន់របស់យើងគឺអ្នកជំងឺដែលមានជំងឺបេះដូង ។ ប៉ុន្តែឥឡូវនេះ យើងមានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ ដើម្បីព្យាបាលអ្នកជំងឺជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការនៅទីនេះ ។ វាពិតជាការផ្លាស់ប្តូរដ៏ធំធេង » ។
មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងថ្មីនេះ ត្រូវបានបំពាក់ដោយមន្ទីរពិសោធន៍ចាក់បំពង់បេះដូងពេញលេញ ដែលជាមន្ទីរពិសោធន៍ដំបូងគេនៅក្នុងប្រទេស នៅក្រៅរាជធានីភ្នំពេញ ។ វាអនុញ្ញាតឲ្យវេជ្ជបណ្ឌិតរកឃើញបញ្ហាជំងឺបេះដូងបានកាន់តែច្បាស់លាស់ និងអនុវត្តនីតិវិធីសង្គ្រោះជីវិត ។ លោកវេជ្ជបណ្ឌិត ប៉ែន បានមានប្រសាសន៍ថា « ឧបករណ៍នេះនឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើន ។ វាកំពុងផ្លាស់ប្តូរការថែទាំជំងឺបេះដូងនៅក្នុងតំបន់របស់យើង » ។
-
ប្រព័ន្ធថតកាំរស្មីអ៊ិចថ្មីនៅក្នុងមន្ទីរពិសោធន៍ Cath Lab ក្នុងមជ្ឈមណ្ឌលបេះដូងសៀមរាប អនុញ្ញាតឱ្យគ្រូពេទ្យមើលឃើញសរសៃឈាមបានភ្លាមៗ និងរកឃើញការស្ទះនៅក្នុងខ្លួនអ្នកជំងឺ ។
-
ថ្នាក់ដឹកនាំក្នុងស្រុកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅភាគខាងជើងប្រទេសកម្ពុជា បានចូលរួមក្នុងពិធីប្រារព្ធអបអរសាទរដល់មជ្ឈមណ្ឌលបេះដូងសៀមរាប ។ ពីខាងឆ្វេងទៅស្តាំ លោក ឆុំ វុទ្ធី ជាទីប្រឹក្សាទីមួយនៅមណ្ឌលសៀមរាប លោក ចាកគ្វ័ន ហ្គាតលី ជាប្រធានសាខាទីមួយ លោក ឡយ ប៊ុនសៀក ប្រធានមណ្ឌលសៀមរាប និងលោក គង់ ហ៊ីង ជាទីប្រឹក្សាទីមួយនៅសាខាទីមួយ ។
| 1 / 2 |
លោកបានបន្ថែមថា វាជាសេចក្តីរីករាយមួយដែលបានធ្វើការជាមួយក្រុមមនុស្សធម៌របស់សាសនាចក្រលើគម្រោងនេះ « ពួកគេមានចិត្តសហការយ៉ាងខ្លាំង ហើយពួកគេចង់បានឧបករណ៍ និងសំណង់ដែលមានគុណភាពខ្ពស់ ព្រមទាំងនិរន្តរភាពរយៈពេលវែង ។ មជ្ឈមណ្ឌលនេះនឹងបម្រើដល់សហគមន៍របស់យើងបានរយៈពេលជាច្រើនឆ្នាំ » ។
ប្រធាន ឡយ ប៊ុនសៀក ដែលជាប្រធានមណ្ឌល និងជាអ្នកដឹកនាំសាសនាចក្រជាអធិបតីនៅភាគខាងជើងនៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរនេះនៅខេត្តសៀមរាប ។ គាត់បានបញ្ជាក់ថា សមាជិកកម្ពុជានៅក្នុងមណ្ឌលសៀមរាប មានសេចក្តីរីករាយ និងការដឹងគុណដែលសាសនាចក្ររបស់ពួកគេអាចជួយផ្តល់សេវាមនុស្សធម៌ដ៏មានអត្ថន័យបែបនេះនៅក្នុងសហគមន៍របស់ពួកគេ ។
.jpg)
A-(84).jpg
អ្នកមើលបានទះដៃ ពេលឃើញឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូអបអរសាទរការសម្ពោធអគារថ្មីសម្រាប់អ្នកជំងឺដែលមិនដេកពេទ្យ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។2026 by Intellectual Reserve, Inc. All rights reserved..jpg)
B-(124).jpg
អគារថ្មីសម្រាប់អ្នកជំងឺដែលមិនដេកពេទ្យ ត្រូវបានបរិច្ចាគដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមមានគ្លីនិកធ្មេញមួយដែលមានឧបករណ៍ និងគ្រឿងបរិក្ខារទំនើបៗនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ។2026 by Intellectual Reserve, Inc. All rights reserved.នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ អគារពិនិត្យ និងពិគ្រោះជំងឺត្រូវការការជួសជុលឡើងវិញជាខ្លាំង ។ អគារនេះចាស់ខ្លាំង និងតូចពេកសម្រាប់ចំនួនអ្នកជំងឺដែលកំពុងមានការកើនឡើង ដែលបានទទួលរងការខូចខាតដោយសារទឹកជំនន់ក្នុងរដូវវស្សា និងមានសត្វកណ្ដៀរច្រើន ។ ឧបករណ៍ភាគច្រើន ដូចជាម៉ាស៊ីនថតកាំរស្មីអ៊ិច ស្ថិតក្នុងស្ថានភាពមិនល្អ ។
អគារដែលទើបទទួលបានជាអំណោយនេះ រួមមានគ្រប់នាយកដ្ឋាន និងឧបករណ៍ចាំបាច់ទាំងអស់ ដែលរួមទាំងកន្លែងទទួលភ្ញៀវ កន្លែងរង់ចាំ និងកន្លែងចុះឈ្មោះ ឱសថស្ថាន មន្ទីរពិសោធន៍ពេញលេញ បន្ទប់ពិនិត្យ បន្ទប់កុមារ គ្លីនិកធ្មេញ អង្គភាពថែទាំពិសេស គ្លីនិកចិត្តសាស្រ្ត បន្ទប់វះកាត់ និងបន្ទប់ក្រោយការវះកាត់ ឧបករណ៍ថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូ និង ឧបករណ៍ EKG និងអ្វីជាច្រើនទៀត ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការចូលរួមជាបន្តបន្ទាប់របស់សាសនាចក្រក្នុងការថែទាំសុខភាពនៅក្នុងខេត្តរបស់លោក ។ លោកបានមានប្រសាសន៍ថា « យើងទទួលបានការទុកចិត្តពីសមាគមនិកាយនៃសាសនាចក្រនេះ ខណៈដែលយើងផ្តល់សេវាសុខភាពដ៏ល្អឥតខ្ចោះដល់ប្រជាជនរបស់យើង » ។ លោកបានកត់សម្គាល់ថា សាសនាចក្រពីមុនបានផ្តល់មូលនិធិដល់ការជួសជុលអគារមន្ទីរពេទ្យធំ ។ ចាប់តាំងពីពេលនោះមក មន្ទីរពេទ្យនោះបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមមន្ទីរពេទ្យបង្អែកល្អបំផុតនៅក្នុងប្រទេសកម្ពុជា ។
ការប្រារព្ធពិធីនៅក្នុងព្រឹត្តិការណ៍ទាំងពីរនេះ គឺជាព្រឹត្តិការណ៍សហគមន៍ដ៏សំខាន់ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងអស្ចារ្យ ។ ពួកគេបានបង្ហាញពីវប្បធម៌ខ្មែរ ជាមួយនឹងទង់ជាតិ ផ្កា គ្រឿងតុបតែងចម្រុះពណ៌ និងកម្រាលព្រំក្រហម ហើយមានគណៈប្រតិភូសំខាន់ៗជាច្រើនរូបបានអញ្ជើញចូលរួម រួមជាមួយសិស្សានុសិស្ស និងក្រុមកាកបាទក្រហមថ្នាក់ក្រោម ។ « របាំជូនពរ » ប្រពៃណីខ្មែរត្រូវបានសម្តែងដោយយុវតីក្នុងសម្លៀកបំពាក់វប្បធម៌ ដែលអមដោយ ភ្លេងពិណពាទ្យ ក្រុមតន្រ្តីប្រពៃណី ដែលមានអ្នកចម្រៀង និងការលេងស្គរ រនាត គង ឧបករណ៍ភ្លេងខ្យល់ និងឆាបតូចៗ ។
-
អ្នករាំអប្សរាប្រពៃណីខ្មែរសម្តែង « របាំជូនពរ » នៅក្នុងពិធីអបអរសាទរអគារថ្មីសម្រាប់អ្នកជំងឺដែលមិនដេកពេទ្យ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។
-
មនុស្សមួយក្រុមធំ រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំសុខាភិបាល ព្រមទាំងអ្នកដឹកនាំសាសនាចក្រ បានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរអគារថ្មីសម្រាប់អ្នកជំងឺដែលមិនដេកពេទ្យនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
-
បុគ្គលិកផ្នែកសុខាភិបាល មន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រមូលផ្តុំគ្នានៅមុខអគារថ្មីសម្រាប់អ្នកជំងឺដែលមិនដេកពេទ្យ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។
| 1 / 2 |
បន្ទាប់ពីពិធីទាំងនេះ គណៈប្រតិភូបានប្រគល់ប័ណ្ណសរសើរ ហើយដំណើរទស្សនកិច្ចនៃអគារថ្មីនេះបានចាប់ផ្តើមបន្ទាប់ពីពិធីកាត់ខ្សែបូរ ។ ប្រធានមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតបានពិពណ៌នាអំពីឧបករណ៍ថ្មី បន្ទប់អ្នកជំងឺ បន្ទប់វះកាត់ អង្គភាពថែទាំពិសេស និងគ្រឿងបរិក្ខារ និងសម្ភារចាំបាច់ទាំងអស់សម្រាប់មន្ទីរពេទ្យទំនើបៗ ដោយក្តីមោទនភាព និងការកោតសរសើរយ៉ាងខ្លាំង ។
ពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកមនុស្សធម៌របស់សាសនាចក្របានមានប្រសាសន៍ថា ជាទូទៅ បុគ្គលិកពេទ្យមានសេចក្តីរីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះកន្លែងថ្មី និងឧបករណ៍ទំនើបៗរបស់ពួកគេ ដែលពួកគេថែរក្សាវាបានយ៉ាងល្អ ។
.jpg)