« ព្រះវិហារបរិសុទ្ធ ៖ ជាកន្លែងដែលឋានសួគ៌ និងផែនដីផ្សារភ្ជាប់គ្នា » គឺជាបាវចនាដែលមិនអាចបំភ្លេចបានសម្រាប់សន្និសីទស្តីពីការចាប់ផ្តើមរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធរបស់ YSA ទូទាំងប្រទេសប្រចាំឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែឧសភា នៅមណ្ឌលភ្នំពេញខាងកើត ។ YSA មកពីគ្រប់ស្តេក និងមណ្ឌលនៃសាសនាចក្រ បានជួបជុំគ្នានៅឯសន្និសីទដើម្បីរៀន និងរៀបចំខ្លួនដើម្បីចូលព្រះវិហារបរិសុទ្ធ ។
- Cambodia-YSA-Temple-Kick-off-Event.-May-2023.
- Cambodia-YSA-Temple-kick-off-event.-May-2023.
- YSA-Temple-Kick-off-event.-Phnom-Penh,-Cambodia.-May-2023.
- Cambodia-YSA-Temple-Lick-off-event-May-2023.
1 / 2 |
សន្និសីទនេះផ្ដោតលើការរៀបចំខ្លួនរបស់ YSA កម្ពុជាត្រៀមសម្រាប់សកម្មភាពទូទាំងប្រទេសនាពេលខាងមុខស្តីពីការទៅព្រះវិហារបរិសុទ្ធនៅទីក្រុងបាងកកប្រទេសថៃថ្មី ។ ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ សន្និសីទមានសេចក្តីណែនាំនៃកម្មវិធីដ៏ពេញលេញ និងបំផុសគំនិត ថ្នាក់រៀនអំពីពង្សប្រវត្តិ ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ និងផែនការនៃសេចក្តីសង្គ្រោះ អមដោយទីបន្ទាល់អំពីព្រះវិហារបរិសុទ្ធ ការបង្រៀនរបាំ និងការសម្តែងដោយសមាជិកសាសនាចក្រក្នុងមូលដ្ឋាន ។
សន្និសីទនេះត្រូវបានដាក់ផែនការ និងសម្របសម្រួលដោយគណៈកម្មាធិការទូទាំងប្រទេស ដែលបង្កើតឡើងដោយអ្នកដឹកនាំគណៈកម្មាធិការពីររូប និងសមាជិកគណៈកម្មាធិការចំនួន ១០ រូប ដែលម្នាក់ៗជាអ្នកដឹកនាំនៅក្នុងគណៈកម្មាធិការ YSA រៀងៗខ្លួន និងមណ្ឌល ។ គោលដៅនៃសន្និសីទគឺដើម្បីលើកទឹកចិត្តបុគ្គលម្នាក់ៗឲ្យរៀបចំខ្លួនខាងវិញ្ញាណ ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងស្វែងរកយ៉ាងហោចណាស់ឈ្មោះបុព្វការីជនម្នាក់ ដែលពួកគេអាចយកទៅជាមួយពួកគេពេលធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ ។
ប្រធានគណៈកម្មាធិការទូទាំងប្រទេស ឃុត រដ្ឋា បាននិយាយថា « ខ្ញុំគ្រាន់តែសង្ឃឹមថា YSA ចេញពីសន្និសីទនេះទៅដោយមានបំណងចង់រៀបចំខ្លួន ដើម្បីពួកគេបានត្រៀមខ្លួនចូលព្រះវិហារបរិសុទ្ធឲ្យបានរួចរាល់ » ។ YSA នឹងធ្វើដំណើរទៅនៅខែវិច្ឆិកា បន្ទាប់ពីព្រះវិហារបរិសុទ្ធបាងកកប្រទេសថៃត្រូវបានឧទ្ទិសនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ ។
- Cambodia-YSA-Kick-off.-May-2023.
- Cambodia-YSA-Kick-off-event.-May-2023.
- Cambodia-YSA-Kick-off-event-May-2023.
- Cambodia-YSA-Temple-Kick-off-event.-May-2023.
- Cambodia-YSA-Kick-off-event-May-2023.
1 / 2 |
រថយន្តក្រុងត្រូវបានជួលពីខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីទៅដឹកជញ្ជូន YSA ទាំងអស់មកទីក្រុងភ្នំពេញ ជាកន្លែងដែលសន្និសីទកំពុងប្រព្រឹត្តឡើង ។ បន្ទាប់ពីបានចុះឈ្មោះចូលក្នុងសណ្ឋាគាររួចរាល់ហើយ សន្និសីទបានចាប់ផ្តើមនៅក្នុងសាលាប្រជុំនៃអាគារមណ្ឌលខាងកើតដោយមានសេចក្តីប្រកាស និងព័ត៌មានអំពីដំណើរទៅកាន់ព្រះវិហារបរិសុទ្ធបាងកកប្រទេសថៃនាពេលខាងមុខ ដោយសង្កត់ធ្ងន់លើ YSA ម្នាក់ៗត្រូវមានលិខិតឆ្លងដែន ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងឈ្មោះដែលត្រូវយកទៅព្រះវិហារបរិសុទ្ធ ។
បន្ទាប់មក YSA ត្រូវបានបំបែកទៅជាក្រុមធំៗពីរ ដោយពាក់កណ្តាលក្រុមបានចូលរៀនថ្នាក់ពង្សប្រវត្តិ ហើយពាក់កណ្តាលក្រុមទៀតត្រូវបានបំបែកជាបីក្រុមបន្ថែមទៀត ដែលត្រូវប្ដូរវេនគ្នារៀន អំពីសិរីល្អទាំងបី ។ ងួន ថុ និង ស៊ុំ បុប្ផា ជាអ្នកបង្រៀនអំពីនគរទេឡេស្ទាល ។ ហួរ សំណាង និងប្រាក់សុដានីន បានធ្វើបទបង្ហាញពីនគរទេរេសស្ទ្រាល និងនគរសេឡេស្ទាលធ្វើបទបង្ហាញដោយ យូ វាសនា និង ចាប ម៉ាលីកា ។
ប្អូនស្រី កង សំណាង ជាអ្នកប្រឹក្សាផ្នែកពង្សប្រវត្តិប្រចាំប្រទេសកម្ពុជា រួមជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកពង្សប្រវត្តិ អែលឌើរ ខូរី និងស៊ីស្ទើរ អេឡែន គ្រីស្ទីនសិន ដោយមានជំនួយពីក្រុមអ្នកប្រឹក្សាប្រចាំមូលដ្ឋានបានបង្រៀនថ្នាក់ពង្សប្រវត្តិ ។ អស់អ្នកដែលចូលរួមបានទទួលព័ត៌មានអំពីសារៈសំខាន់នៃពង្សប្រវត្តិ ។ ស៊ីស្ទើរ គ្រីស្ទីនសិន មានប្រសាសន៍ថា « ពង្សប្រវត្តិមានសារៈសំខាន់ជាពិសេសនៅក្នុងប្រទេសកម្ពុជា ។ ដោយសារតែរបបខ្មែរក្រហមនោះមានកំណត់ត្រាតិចតួចណាស់ដែលបានរក្សាទុក ដូច្នេះហើយវាជាការសំខាន់ក្នុងការកត់ត្រាកម្រងអនុស្សាវរីយ៍និងព័ត៌មានឥឡូវនេះ ពីមុននឹងអ្នកដែលមានអនុស្សវរីយ៍ទាំងនោះចាកចេញទៅ » ។
អែលឌើរ គ្រីស្ទីនសិន បានប្រាប់ YSA ថា « ការធ្វើពង្សប្រវត្តិនាំយើងឲ្យខិតកាន់តែជិតបុព្វការីជនរបស់យើង ហើយខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ » ។ ស៊ីស្ទើរ គ្រីស្ទីនសិន ក៏បានបន្ថែមទៀតថា « មនុស្សគ្រប់គ្នាស័ក្តិសមនឹងឲ្យយើងចងចាំ » ។ អ្នកចូលរួមក្នុងថ្នាក់នីមួយៗត្រូវបានលើកទឹកចិត្តឲ្យស្វែងរកឈ្មោះបុគ្គលដែលត្រូវយកទៅព្រះវិហារបរិសុទ្ធ ហើយរៀបចំរឿងរ៉ាវមួយដើម្បីចែកចាយនៅលើគណនីពង្សប្រវត្តិរបស់ពួកគេ ។
ថ្នាក់រៀនថ្ងៃសៅរ៍បានបញ្ចប់ដោយការប្រជុំរួមគ្នានៅក្នុងសាលាប្រជុំ ដើម្បីចែកចាយបទពិសោធន៍អំពីអ្វីដែលបានរៀន ។ ឱអ៊ុម ចៅបូរាណ ដែល ជាអ្នកផ្សព្វផ្សាយសាសនាទើបបញ្ចប់នាពេលថ្មីៗនេះពីភ្នំពេញ បានចែកចាយថា « ខ្ញុំចូលចិត្តរៀនអំពីសេចក្តី សញ្ញាទាំងឡាយ និងរបៀបដែលយើងចុះសេចក្តីសញ្ញានៅពេលយើងរៀបការ » ។ ខុន ណាវី មកពីស្តេកភ្នំពេញខាងជើង បានគិតពិចារណាថា « ខ្ញុំចូលចិត្តរៀនអំពីផែនការនៃសេចក្តីសង្គ្រោះ ដោយដឹងថា ប្រសិនបើខ្ញុំប្រែចិត្ត ហើយទៅព្រះវិហារបរិសុទ្ធ នោះខ្ញុំអាចទៅកាន់សិរីល្អកម្រិតខ្ពស់បំផុត ហើយមានជីវិតអស់កល្បជានិច្ច » ។
ប៊ុម ហេងដា មកពីខេត្តបាត់ដំបង បានចែកចាយពីរបៀបដែលគាត់ស្ទើរតែខកជើងឡានក្រុងនៅម៉ោង ៥ ភ្លឺមកភ្នំពេញដើម្បីចូលរួមសន្និសីទនេះ ហើយបានបង្ហាញនូវការសប្បាយចិត្តដែលគាត់អាចចូលរួម ។ គាត់បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ក្នុងការចូលព្រះវិហារបរិសុទ្ធ ហើយថាដោយការរក្សាសេចក្ដីសញ្ញា នោះយើងទទួលបានជំនួយដើម្បីយកឈ្នះលើឧបសគ្គដែលយើងប្រឈមមុខ ។
ពីមុនចេញទៅទទួលទានអាហារប៊ូហ្វេ YSA បានធ្វើការហាត់រាំតាមតន្ត្រីដូចជា « Cupid Shuffle » និង « Saturday Fever » ដោយស៊ីស្ទើរ ម៉ាកខេត អលរ៉េឌ ក៏ដូចជាការរាំជាគូៗ ដែលស្វាមីរបស់គាត់ អែលឌើរ ដេវីឌ អលរ៉េឌ និងអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកទំនាក់ទំនងផ្សេងទៀតបានបង្រៀន ។ បន្ទាប់ពីអាហារពេលល្ងាច មជ្ឈិមវ័យនៅលីវក្នុងមូលដ្ឋានបានចែកចាយទេពកោសល្យរបស់ពួកគេក្នុងការសម្តែងរបាំ បន្ទាប់មកអ្នកចូលរួមទាំងអស់សប្បាយរីករាយជាមួយតន្ត្រី និងការរាំលេង ។ នៅថ្ងៃនោះ ជាថ្ងៃទីមួយនៃសន្និសីទបានបញ្ចប់ដោយមានរថយន្តក្រុងមកយកអ្នកចូលរួមដែលមកពីបណ្ដាលខេត្តទៅដាក់នៅសណ្ឋាគារដែលពួកគេស្នាក់នៅវិញ ។
ការប្រជុំសាក្រាម៉ង់រួមបញ្ចូលគ្នាជាពិសេសមួយបានធ្វើឡើងនៅថ្ងៃអាទិត្យដើម្បីបញ្ចប់សន្និសីទសម្រាប់ YSA ។ ការប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់អែលឌើរ អ៊េង ប៊ុនហួច ដែលទើបហៅជាពួកចិតសិបនាក់ប្រចាំតំបន់សម្រាប់ប្រទេសកម្ពុជានាពេលថ្មីៗនេះ ហើយបានដឹកនាំដោយប្រធាន តាយ សុខា ភិរម្យ ជាប្រធានមណ្ឌលខាងកើត ។ បន្ទាប់ពីការបម្រើសាក្រាម៉ង់ដ៏ស្ងប់ស្ងាត់ ដែលពោរពេញដោយព្រះវិញ្ញាណ បូ ឈៀឌៀន និង រឹទ្ធ ស៊ុនភីនិច្ច បានច្រៀងចម្រៀងពិសេសដ៏ពិរោះនៃទំនុកតម្កើងបទ « សូមទុកចិត្តទ្រង់ » ។
អែលឌើរអ៊េង បានសុំឲ្យពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញនាពេលថ្មីៗនេះដែលបានទៅព្រះវិហារបរិសុទ្ធម៉ានីល និយាយអំពីបទពិសោធន៍នៅព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ ឡេង ធាវី បាននិយាយថា « ព្រះវិហារបរិសុទ្ធគឺជាគន្លឹះក្នុងការទទួលបានពរជ័យពីស្ថានសួគ៌ » ។ ផុន ម៉ាលី បានចែកចាយទីបន្ទាល់របស់នាងអំពីព្រះវិហារបរិសុទ្ធ ហើយបាននិយាយថា « គ្មានអ្វីអាចប្រៀបធៀបនឹងព្រះវិហារបរិសុទ្ធបានទេ – វាភ្ជាប់ស្ថានសួគ៌ទៅផែនដី » ។ ព្រះវិហារបរិសុទ្ធគឺជាកន្លែងដែលខ្ញុំអាចទៅដើម្បីមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយទ្រង់ » ។
មាស មន្នីពីសី ទីប្រឹក្សាផ្នែកពង្សប្រវត្តិ មកពីមណ្ឌលភ្នំពេញខាងកើត បាននិយាយថា « វាសំខាន់ណាស់ក្នុងការចាប់ផ្តើមគណនីផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះនៅពេលអ្នកទៅព្រះវិហារបរិសុទ្ធ វាមិនត្រឹមតែជួយអ្នករក្សាសេចក្តីសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ពរដល់គ្រួសាររបស់អ្នកផងដែរ នៅពេលអ្នកធ្វើកិច្ចការព្រះវិហារបរិសុទ្ធ » ។
អែលឌើរ អ៊េង បានថ្លែងសុន្ទរកថាចុងក្រោយនៅក្នុងការប្រជុំសាក្រាម៉ង់ទូទាំងប្រទេស ដោយមានប្រសាសន៍ដោយលើកអំពីបទពិសោធន៍ផ្ទាល់ខ្លួន ។ គាត់បានចែកចាយពីរបៀបដែលគាត់បានទទួលបុណ្យជ្រមុជទឹកក្នុងឆ្នាំ ១៩៩៨ បន្ទាប់មកបានបម្រើបេសកកម្មនៅឆ្នាំ ២០០០ ។ គាត់បានមានប្រសាសន៍ថា « បេសកកម្មបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ។ ខ្ញុំបានរៀនថា ព្រះមានផែនការសម្រាប់ខ្ញុំ » ។ គាត់បានចែកចាយបទពិសោធន៍របស់គាត់អំពីសារៈសំខាន់នៃកិច្ចការពង្សប្រវត្តិ និងរបៀបដែលវារៀបចំគាត់ដើម្បីជួបសមាជិកនៃកូរ៉ុមនៃសាវកដប់ពីរនាក់ ។ គាត់មានសុបិនមួយដែលគាត់បានឃើញឪពុកម្តាយគាត់ ហើយពួកលោកបានមានប្រសាសន៍ថាពួកលោកនឹងទៅជាមួយគាត់ ហើយគាំទ្រគាត់ក្នុងការប្រជុំរបស់គាត់ ។ ក្នុងអំឡុងពេលនៃការប្រជុំ អែលឌើរ អ៊េង បានមានប្រសាសន៍ថា « ខ្ញុំអាចមានអារម្មណ៍ថាឪពុកម្ដាយខ្ញុំនៅក្នុងបន្ទប់នេះ » ។
បន្ទាប់ពីបានញែកចេញ សាវកអែលឌើរ ហ្គ្រែរីត ហ្គង បានចែកចាយថា គាត់ក៏អាចមានអារម្មណ៍ថាមានវត្តមានរបស់ឪពុកម្ដាយរបស់អែលឌើរ អ៊េង ផងដែរ ។ អែលឌើរ អ៊េង បានចែកចាយថា « បុព្វការីជនរបស់យើងកំពុងអធិស្ឋានសូមឲ្យដួងចិត្តរបស់កូនបង្វែរទៅរកបុព្វការីជនរបស់ពួកគេ ហើយយើងនឹងយកឈ្មោះពួកគាត់ទៅព្រះវិហារបរិសុទ្ធ » ។
នៅពេលដែលការប្រជុំសាក្រាម៉ង់ពិសេសបានខិតជិតមកដល់ទីបញ្ចប់ អ្នកដែលត្រូវធ្វើដំណើរត្រឡប់ទៅខេត្តវិញបានទទួលអាហារថ្ងៃត្រង់សម្រាប់ការធ្វើដំណើរដ៏ឆ្ងាយត្រឡប់ទៅផ្ទះរបស់ពួកគេ ហើយអ្នកទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យរៀបចំខ្លួនដើម្បីចូលរួមដំណើរទៅកាន់ព្រះវិហារបរិសុទ្ធបាងកកប្រទេសថៃក្នុងខែវិច្ឆិកា ។ បន្ទាប់ពីសន្និសីទដ៏លើកតម្កើងក្នុងរយៈពេលពីរថ្ងៃ ពួកអ្នកចូលរួមត្រូវបានបំផុសគំនិតឲ្យរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ដោយការមានលិខិតឆ្លងដែន ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងឈ្មោះបុព្វការីជនរបស់ពួកគេដើម្បីយកទៅព្រះវិហារបរិសុទ្ធ ។