Translation

យុវវ័យ​កម្ពុជា​ប្រមូលផ្តុំ​គ្នា​ដោយ​សេចក្តី​ជំនឿ និង​ការរាប់អាន នៅ​ក្នុង​កម្មវិធី ដ.ក.យ. ប្រចាំ​ឆ្នាំ ២០២៣ នៅឯ​ខេត្ត​សៀមរាប

សប្តាហ៍​នៃ​ការលូតលាស់​ខាងវិញ្ញាណ និង​សាមគ្គីភាព​រៀបចំ​អ្នកដឹកនាំ​ នា​ពេល​អនាគត​សម្រាប់​ជីវិត​នៃ​ភាពជា​សិស្ស

នៅក្នុង​ការបង្ហាញ​នៃសេចក្តីជំនឿ និង​ការរាប់​អាន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ យុវវ័យ​ជាង ៤០០ នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ មកពី​ទូទាំង​ប្រទេស​កម្ពុជា​ជួបជុំ​គ្នា​នៅ​ខេត្ត​សៀមរាប នៅ​ឯ​សណ្ឋាគារ​សុខា ចាប់ពី​ថ្ងៃទី ២៧ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ១ ខែ​ធ្នូ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ ) ។ ព្រឹត្តិការណ៍​នេះ​គឺជា​កម្មវិធី​ពេញ​មួយ​សប្តាហ៍​ដែល​ពេញ​ទៅ​ដោយ​សិក្ខាសាលា ការធ្វើ​បទបង្ហាញ​ពី​ការទាក់ទង ឱកាស​នៃ​ការបម្រើ និង​សកម្មភាព​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ស្ថាបនា​ជីវិត​របស់​ពួកគេ​លើ​ការបង្រៀន​របស់ទ្រង់ ។ ប្រធានបទ​រួម​មាន ពង្សប្រវត្តិ ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ការចូល​ព្រះវិហារ​បរិសុទ្ធ ការសិក្សា​ព្រះគម្ពីរ និង​ជា​ច្រើន​ទៀត ។

បាវចនា ៖ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះ​គ្រីស្ទ »

យុវវ័យ​ដែល​ចូលរួម​មាន​អាយុ​ចាប់ពី ១៣ ទៅ ១៨ ឆ្នាំ​បាន​ពាក់​អាវ​យឺត​ពណ៌​ភ្លឺ​ឆើតឆាយ​ព្រម​ជាមួយ​បាវចនា​នា​ឆ្នាំ​នេះ ៖ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ។ ការរួបរួម​ក្នុង​សម្លៀក​បំពាក់​របស់​ពួកគេ​ឆ្លុះបញ្ចាំង​ពី​គោលបំណង​រួម និង​ភក្តីភាព​របស់ពួកគេ​ចំពោះ​ព្រះគ្រីស្ទ ។ ពួកគេ​ត្រូវ​បានដឹកនាំ​ដោយ​អ្នកប្រឹក្សា និង​អ្នក​សម្របសម្រួល​ដែល​ជា​យុវមជ្ឈិម​វ័យ​ចំនួន ៧២ នាក់ ដែល​អាច​សម្គាល់​បាន​ដោយ​អាវ​ប៉ូឡូ​ដែល​មាន​ពណ៌​ខុសៗ​គ្នា ។

ការលើក​ឧទាហរណ៍​នៃ​គំរូ​នៃ​ភាពជាសិស្ស ក្នុង​នាម​ជា​អ្នកដឹកនាំ

បងប្រុស អ៊ុក សុផល និង​បង​ស្រី សុខ បូលីនដា ដែល​បម្រើ​ជា​គូស្វាមីភរិយា​ដឹកនាំ​សន្និសីទ ដ.ក.យ. នេះ បាន​ផ្តល់​ការណែនាំ និង​ការបំផុស​គំនិត​ដល់​ព្រឹត្តិការណ៍​នេះ​ទាំងមូល ។ នៅក្នុង​ការប្រជុំ​មួយ​ក្នុង​ចំណោម​ការប្រជុំ​ជាច្រើន​ដែល​ស្វាមីភរិយា​នេះ​បាន​ថ្លែង​ទៅកាន់​យុវវ័យ​គ្រប់​ក្រុម​ទាំងអស់ បងស្រី បូលីនដា បាន​រំឭក​ពួកគេ​អំពី​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ​ទាំង​អារម្មណ៍​ក្ដុកក្ដួល ។ នៅពេល​គាត់​និយាយ យើង​អាច​មើលឃើញ​ថា ក្មេងៗ​មាន​អារម្មណ៍​រំជួលចិត្ត ដោយ​ទទួល​អារម្មណ៍​នៃ​ភាពកក់ក្ដៅ​នៃ​ព្រះវិញ្ញាណ ។

បងប្រុស អ៊ុក និង​បងស្រី សុខ ចែកចាយ​ចំណេះដឹង និង​ការណែនាំ ។© 2023 by Intellectual Reserve, Inc. All rights reserved.

អ្នកសម្រ​បសម្រួល​យុវមជ្ឈិមវ័យ​នៅលីវ បូ ឆៃដែន និង​ទេព មុន្នីរ័ត្ន ព្រម​ជាមួយ​ជំនួយការ​អ្នកសម្រប​សម្រួល​ចំនួន ១២ នាក់ គឺជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការណែនាំ​ដល់​ពួក​អ្នកប្រឹក្សា ។ ទៀង ចាស្មីន ជា​ជំនួយការ​ម្នាក់ក្នុង​ចំណោម​អ្នក​សម្រប​សម្រួល​ជាច្រើន​បាន​ចែកចាយ​បទពិសោធន៍​ដែល​ពង្រឹង​ជំនឿ​របស់​នាង​ក្នុង​ការយក​ឈ្នះ​លើ​ឧបសគ្គ​ខាងផ្នែក​ភស្តុភារ​តាម រយៈ​ការអធិស្ឋាន និង​ការទុកចិត្ត​លើ​ផែនការ​របស់​ព្រះអម្ចាស់ ។ « ទោះបីជា​យើង​បានរៀបចំ​កាលវិភាគ​យ៉ាង​លម្អិត​ក៏​ដោយ ពេលខ្លះ​អ្វីៗ​ផ្លាស់ប្តូរ​ដោយ​មិន​បាន​រំពឹងទុក ។ វា​អាច​ជា​ការ តានតឹង​ខ្លាំង​នៅពេល​យើង​ព្យាយាម​ដោះស្រាយ​បញ្ហា ។ យើង​មាន​អារម្មណ៍​តានតឹង​ណាស់​ក្នុង​នាម​ជា​អ្នកដឹកនាំ ។ ប៉ុន្តែ​បន្ទាប់មក​អ្វីៗ​ប្រែ​ទៅ​ជា​ល្អ ហើយ​យើង​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ » ។

ការនាំ​យក​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​មក​ក្នុង​ជីវិត

ប្រធាន​តំបន់​អាស៊ី បេនយ៉ាមីន អិម ហ្ស៊ី តៃ និង​ភរិយា​របស់​គាត់ គឺ​ស៊ីស្ទើរ ណាអូមី តូម៉ា តៃ បាន​ចូលរួម​ព្រឹត្តិការណ៍​ពាក់កណ្តាល​សប្តាហ៍ ដោយ​ផ្តោតលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ក្នុងការ​ដឹកនាំ​ការសម្រេចចិត្ត​ដ៏​សំខាន់ៗ​ក្នុង​ជីវិត អែលឌើរ តៃ បាន​លើក​ទឹកចិត្ត​យុវវ័យ​ឲ្យ​ស្រមៃ​មើល​ពី​អនាគត​របស់​ពួកគេ ៖ គាត់​បាន​ផ្ដល់​ដំបូន្មាន​ថា « សូម​បិទភ្នែក​របស់​ក្មួយៗ ហើយ​ព្យាយាម​ស្រមៃ​ថា តើ​ក្មួយៗ​នឹង​ ទៅ​ទីណា​ក្នុងរយៈ​ពេល ១០ ឆ្នាំ​ទៀត ។ ក្មួយៗ​មាន​ការសម្រេចចិត្ត​ជាច្រើន​ដែល​ត្រូវធ្វើ​​​​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​ដែល​នឹង​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ក្មួយៗ​តទៅ​មុខ​ទៀត ។ ឧបករណ៍​ដ៏​ល្អ​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ទាំងនេះ គឺ​ធ្វើ​តាម​គោលលទ្ធិ​របស់​ព្រះ គ្រីស្ទ » ។

Inspired-Leadership
Inspired-Leadership
អែលឌើរ អេង ប៊ុនហួច ​( ឆ្វេង ) ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ( កណ្តាល ) ប្រធាន​តំបន់​អាស៊ី និង​ភរិយា​របស់​លោក ស៊ីស្ទើរ ណាអូមី តូម៉ា តៃ (ស្តាំ) បង្រៀន​យុវវ័យ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ក្នុង​កម្មវិធី ដ.ក.យ.​ ​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.

បន្ទាប់ពី​បង្រៀន​អំពី​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត នោះ​អែលឌើរ តៃ បាន​សុំ​ឲ្យ​ក្មេងៗ​រំឭក ហើយ​ចែកចាយ​បទពិសោធន៍​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ។ មាន​សមាជិក​ថ្មី​ម្នាក់​បាន​លើក​ដៃ​ឡើង ហើយ​បាន​រាយការណ៍​ថា​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ « ថ្ងៃទី ១៧ ខែ​កញ្ញា ម៉ោង ១០ ព្រឹក ។ បន្ទុក​របស់​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង ! » គ្រប់គ្នា​បាន​ទះដៃ​អបអរ​ជា​ខ្លាំង ។ អ្នក​ចូលរួម​ជា​ច្រើន​បានបង្ហាញ​ថា ពួកគេ​ក៏​ជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ​ដែរ ពេល​អែលឌើរ តៃ សុំ​ឲ្យ​លើក​ដៃ​ឡើង ។ អ្នកចូលរួម​ជាង​ពាក់​កណ្តាល​បានបង្ហាញ​ថា ពួកគេ​បាន​ចូលរួម ដ.ក.យ ជា​លើក​ដំបូង ។

ការប្រារព្ធ​វប្បធម៌​ខ្មែរ

កម្មវិធី​បង្ហាញ​ទេពកោសល្យ​ផ្សេងៗ​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ បានបង្ហាញ​ទាំង​ការសម្ដែង ការច្រៀង និង​ការរាំ​តាម​បែប​ប្រពៃណី និង​បែប​សម័យ​ទំនើប ដើម្បី​អបអរសាទរ​នូវ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សហសម័យ​ដ៏​សម្បូរបែប​របស់​កម្ពុជា ។ មាស ម៉ានីពិសី អាយុ ១៨ ឆ្នាំ ជា​អ្នកដឹកនាំ​ការសម្តែង​ដ៏​អស្ចារ្យ​បានចែកចាយ​ថា « ខ្ញុំ​មិន​មាន​គម្រោង​ចូលរួម ដ.ក.យ. ទេ ប៉ុន្តែ​ខ្ញុំ​បានអធិស្ឋាន​អំពី​កម្មវិធី​នេះ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​ទៅ ព្រោះ​វា​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់ជីវិត​របស់ខ្ញុំ​ណាស់ ។ ខ្ញុំ​បាន​រៀន​ថា តាមរយៈ​ព្រះចេស្តា​នៃ​ការពលិកម្ម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​រៀន​គ្រប់គ្រង​អារម្មណ៍​របស់​ខ្ញុំ ។ វា​ពិត​ជា​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ណាស់ ។ ខ្ញុំ​រីករាយ​ណាស់​ដែល​ខ្ញុំ​សម្រេចចិត្ត​ចូល​រួម » ។

ការរៀន​បម្រើ​តាមរយៈ​ជំនួយ​មនុស្សធម៌

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ រួមមាន​នូវ​គម្រោង​ផ្តល់​ការបម្រើ​ជា​ការផ្ដល់​សម្ភារសិក្សា​ពេញ​កាបូប​ដល់​សិស្ស​ថ្មី​ចំនួន ១,០០០ នាក់​នៅ​តាម​សាលារៀន​នានា​ក្នុង​ខេត្ត​សៀមរាប និង​ក្នុង​រាជធានី​ភ្នំពេញ ។ យុវវ័យ​មួយ​ក្រុម​តូច​បាន​ស្ម័គ្រចិត្ត​ដោយ​ឯកឯង​ដើម្បី​បម្រើ​ឲ្យ​បាន​ល្អ​លើស​ពី​ពេលវេលា​ដែល​បានកំណត់ ដោយ​លើក​ជាឧទាហរណ៍​អំពី​សារលិខិត​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០២៣ របស់​អែលឌើរ ដេវីឌ អេ បែដណា ​អំពី​អ្នក​ដែល​ដើរ​ឆ្ពោះ​ទៅមុខ​« តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » ។ រីឆាដ ហ្គឺឡាក់ អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​មនុស្សធម៌ ​ដែល​មើល​ការ​ខុសត្រូវ​គម្រោង​នេះ​បាន​សរសើរ​ពួក​អ្នក​ស្ម័គ្រចិត្ត​ដោយ​និយាយ​ថា « យុវវ័យ​ទាំងនេះ​គឺជា​អនាគត​អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​ប្រទេស​នេះ » ។

ការនាំយក​បទពិសោធន៍ ដ.ក.យ. ត្រឡប់​ទៅ​ផ្ទះ

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ចុង​បញ្ចប់ បងប្រុស អ៊ុក និង​បង​ស្រី សុខ បាន​ផ្តល់​វិធី​អនុវត្ត​ជាក់ស្តែង​ដែល​យុវវ័យ​អាច​យក​បទពិសោធន៍ និង​ការរីកចម្រើន​របស់​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​ពួកគេ ។ អែលឌើរ អេង ប៊ុនហួច ពួក​ចិតសិបនាក់​ប្រចាំ​តំបន់ បាន​បិទ​បញ្ចប់​សប្តាហ៍​នោះ​ជាមួយនឹង​សំណួរ និង​ចម្លើយ​យ៉ាង​ស៊ីជម្រៅ​ដូចតទៅ​នេះ ៖ « តើ​អ្វី​ជា​ទីបន្ទាល់​ពិត ? ទីបន្ទាល់​ពិត​ជា​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ចិត្ត​របស់​យើង » ។

Final-Guidance
Final-Guidance
នៅពេល​កម្មវិធី ដ.ក.យ.​ ឆ្នាំ ​២០២៣ បាន​ខិត​ដល់​ទីបញ្ចប់ អែលឌើរ អេង ប៊ុនហួច ( ឆ្វេង ) ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ ផ្តល់​ពាក្យ​ចុងក្រោយ​នៃ​ការបំផុស​គំនិត ។© 2023 by Intellectual Reserve, Inc. All rights reserved.

អ្នក​ចូលរួម​ជាច្រើន​នាក់​បាន​បង្ហាញ​ពី​របៀប​ដែល​បទពិសោធន៍ ដ.ក.យ. របស់​ពួកគេ​បាន​បង្កើត​នូវ​បំណង​ប្រាថ្នា​ដែល​បាន​រកឃើញ​ថ្មី ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ពេញ​ម៉ោង​នា​ពេល​អនាគត ។ បណ្ឌិត បញ្ញា បាន​ថ្លែង​ថា « ខ្ញុំ​បាន​រៀន​ពី​របៀប​រៀបចំ​ផែនការ​ដើម្បី​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​បាន​ពុះពារ​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​កាលពី​អតីតកាល ប៉ុន្តែ​ការ​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ការ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ពិតជា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​សុភមង្គល​ជាង ។ ខ្ញុំ​ចង់​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូច​គ្នា » ។

ង៉ែត កានីកា បាន​និយាយ​ថា « ខ្ញុំ​បាន​រៀន​ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ផែនការ​សម្រាប់​មនុស្ស​គ្រប់​គ្នា រួមទាំង​ខ្ញុំ​ផង ។ ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​ខ្សោយ​ពេក​ក្នុង​ការ​បម្រើ​បេសកកម្ម ។ ថ្ងៃនេះ ខ្ញុំ​បាន​រៀន​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ ។ វា​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​បម្រើ » ។

អ្នកដឹកនាំ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​បាន​ជំរុញ​យុវវ័យ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​នៅក្នុង​ការប្រជុំ​តម​អាហារ និង​ទីបន្ទាល់​នៅក្នុង​វួដ និង​សាខា​របស់​ពួកគេ​នៅថ្ងៃ​អាទិត្យ​បន្ទាប់ ។ គៀត សុគន្ធា មកពី​មណ្ឌល​សៀមរាប បាន​ថ្លែង​ទីបន្ទាល់​ទៅកាន់​ក្រុម​ជំនុំ​ក្នុង​សាខា​របស់​នាង​ថា « ខ្ញុំ​ជា​មនុស្ស​អៀន​ខ្លាំង​ណាស់ ។ នៅ​ពេល​ពួកគាត់​បាន​សុំ​ឲ្យ​យើង​ចែកចាយ​បទពិសោធន៍ ឬ​ទីបន្ទាល់ ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ការអធិស្ឋាន​តូចមួយ ហើយ​បាន​ទទួល​នូវ​ភាពក្លាហាន​ក្នុង​ការនិយាយ ។ ខ្ញុំ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​អំពី​ យ៉ូសែប ស្ម៊ីធ ។ លោក​អាច​សុំ​ជំនួយ​ពី​ព្រះ ហើយ​អាច​មើល​ឃើញ​ព្រះ ។ ខ្ញុំ​ក៏​អាច​មាន​ទីបន្ទាល់​កាន់​តែ​ខ្លាំង​អំពី​ព្រះគ្រីស្ទ​តាមរយៈ​ការអធិស្ឋាន និង​បទគម្ពីរ​ផង​ដែរ » ។

FSY-Cambodia-2023-Group-Portrait
FSY-Cambodia-2023-Group-Portrait
រូបភាព​ក្រុម​សម្រាប់​កម្មវិធី ដ.ក.យ.​ នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២៣© 2023 by Intellectual Reserve, Inc. All rights reserved.