Translation

យុវវ័យ​ទូទាំង​ពិភពលោក​រៀន​ពី​របៀប​ដែល​ពួកគេ​អាច ‹ មើលទៅ​ព្រះគ្រីស្ទ › នៅឆ្នាំ​២០២៥

ថ្នាក់ដឹកនាំសាសនាចក្រចែកចាយសារលិខិតនៅក្នុងការពិភាក្សាទូទាំងពិភពលោកអំពីបាវចនាយុវវ័យឆ្នាំ២០២៥

សមាជិក​វ័យក្មេង​ប្រហែល​មួយលាននាក់​នៅក្នុង​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែលមាន​អាយុពី ១១ ដល់ ១៨ ឆ្នាំ​នៅទូទាំង​ពិភពលោក​កំពុង​ប្រមូល​ផ្តុំគ្នា​ចាប់ផ្តើម​ពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ដើម្បី​ស្វែងយល់​បន្ថែម​អំពី ​បាវចនា​យុវវ័យ​ឆ្នាំ២០២៥ « មើលទៅ​ព្រះគ្រីស្ទ » ។

ជារៀង​រាល់ឆ្នាំ បាវចនា​យុវវ័យ​មួយ​ត្រូវបាន​ជ្រើសរើស​ដើម្បី​ជួយលើក​ទឹកចិត្ត បំផុសគំនិត និង​បង្រួប​បង្រួម​យុវវ័យ​ជុំវិញ​ពិភពលោក ដែល​ខិតខំ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។ ជាធម្មតា បាវចនា​គឺជា​ប្រធានបទ ឬ​ឃ្លាដែល​ផ្អែកលើ​វគ្គបទគម្ពីរ ។ ជារៀងរាល់ឆ្នាំ បទចម្រៀងថ្មីៗ ស្នាដៃសិល្បៈ និងសម្ភារ​ផ្សេងទៀត​ជួយយុវវ័យ និងថ្នាក់​ដឹកនាំ​របស់​ពួកគេ​ក្នុងការ​បញ្ចូល​បាវចនា​នោះ​ទៅក្នុង​សកម្មភាព​របស់​ពួកគេ ការប្រជុំ​ព្រះវិហារ និងជីវិត​ផ្ទាល់ខ្លួន ។

បាវចនា​យុវវ័យ​ឆ្នាំ២០២៥ គឺផ្អែកលើ​បទគម្ពីរ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ) ។

យុវវ័យ​កំពុង​ប្រមូល​ផ្ដុំគ្នា​ក្នុង​មូលដ្ឋាន ដើម្បី​មើល​វីដេអូ​រយៈពេល ២៥ នាទី​នៃ​សារលិខិត និង​តន្ត្រី​ដែល​បង្ហាញ​ពី​ប្រធាន​យុវជន​ទូទៅ ស្ទីវីន ជេ ឡាន់ ប្រធាន​យុវនារី​ទូទៅ អេមីលី បេលី ហ្វ្រីមែន និង​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​ពិភាក្សា​អំពី​អត្ថន័យ​នៃការមករក​ព្រះគ្រីស្ទ ។

បានថត​កាលពី​រដូវផ្ការីក​ឆ្នាំមុន​នៅឯកន្លែង​ប្រវត្តិសាស្ត្រ ព្រៃពិសិដ្ឋ ក្នុងទីក្រុង​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក​ ប្រធានទូទៅ​ទាំងពីររូប​បាន​ទាញយក​ភាពស្រដៀងគ្នា​រវាង យ៉ូសែប ស្ម៊ីធ ដែលមាន​អាយុ ១៤ ឆ្នាំ—ដែលបាន​អធិស្ឋាន​នៅក្នុង​ព្រៃនោះ​អំពីអ្វី​ដែល​លោក​គួរដឹង និងអ្វី​ដែលលោកគួរ​ធ្វើបន្ទាប់ទៀត — និង​យុវវ័យ​សព្វថ្ងៃនេះ ។

ប្រធាន ហ្វ្រីមែន បាន​សួរ​ថា « តើយើង​ប៉ុន្មាន​នាក់​មាន​សំណួរ ? តើ​យើង​ប៉ុន្មាន​នាក់​មាន​ការ​សង្ស័យ ? តើ​យើង​ប៉ុន្មាន​នាក់​មាន​ការ​ភ័យ​ខ្លាច ? ហើយ​តើ​យើង​ប៉ុន្មាន​នាក់​ត្រូវ​ស្វែងរក … ព្រៃ​ផ្ទាល់​របស់​យើង​ជា​កន្លែង​ដែល​យើង​អាច​លុត​ជង្គង់​ចុះ ហើយ​មើលទៅ​ព្រះគ្រីស្ទ និង​មើល​ទៅ​ព្រះវរបិតា​របស់​យើង​សម្រាប់​សំណួរ​ទាំងនោះ​ដែល​យើង​កំពុង​សួរ … ហើយ​ដឹង​ថា​រស្មី​មួយ បង្គោល​ពន្លឺ​មួយ​នឹង​ចូល​មក​ក្នុង​ចលនានោះ ? »

January-2025-youth-discussion
January-2025-youth-discussion
ប្រធានយុវជនទូទៅ ស្ទីវីន ជេ ឡាន់ និងប្រធានយុវនារីទូទៅ អេមីលី បេលី ហ្វ្រីមែន កាន់បង្អួចកញ្ចក់ពណ៌ពិពណ៌នាពីរស្មីព្រះអាទិត្យ ពេលកំពុងឈរនៅក្នុងព្រៃពិសិដ្ឋ អំឡុងពេលថតសម្រាប់កិច្ចពិភាក្សាទូទាំងពិភពលោកសម្រាប់យុវវ័យខែមករា ឆ្នាំ២០២៥ ៖ វីដេអូមើលទៅព្រះគ្រីស្ទ ។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន ឡាន់ បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​សង្ឃឹម​ថា យុវវ័យ​នឹង​មើល​ទៅ​ព្រះគ្រីស្ទ​ជា​រៀង​រាល់​ថ្ងៃ « មិនមែន​ម្តង​ក្នុង​មួយ​ជីវិត​ទេ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទៅ​លុត​ជង្គង់​អធិស្ឋាន​នៅ​កន្លែង​ពិសិដ្ឋ និង​កន្លែង​ស្ងប់​ស្ងាត់ ហើយ​អធិស្ឋាន ។ ... ប៉ុន្តែ​និយាយ​ជាមួយ​ព្រះវរបិតាសួគ៌​អំពី​របៀប​ដែល​យើង​អាច​ក្លាយជា​មនុស្ស​ល្អ​ជាង​មុន » ។

ដូចដែល​ព្រះ​បាន​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់ យ៉ូសែប ស្ម៊ីធ ដែល​បាន​ពិពណ៌នា​ខ្លួន​លោក​ថា​ជា « ក្មេង​ម្នាក់​ដែល​មិនសូវ​មាន​គេ​ឯង​ស្គាល់ មិនជា​អ្វី​ឲ្យ​ពិភពលោក​អើពើ » យើងដឹងថា « ទ្រង់​នឹង​ឆ្លើយតប​ដល់​ខ្ញុំ ហើយ​ទ្រង់ ក៏​នឹង​ឆ្លើយតប​នឹង​ដល់​ក្មួយៗ​ដែរ » ប្រធាន ​ហ្វ្រីមែន បាន​មាន​ប្រសាសន៍ ។ « ហើយ​នៅពេល​យើង​ម្នាក់ៗ​មើល​ទៅ​ព្រះគ្រីស្ទ​នៅ​ឆ្នាំ​នេះ ... សេចក្ដី​ជំនឿ​នឹង​កើតមាន រីឯ​បទពិសោធន៍​ដ៏​អស្ចារ្យ​ក៏កើតមាន​ផងដែរ ហើយ​យើង​នឹង​ធ្វើ​សកម្មភាព​ដ៏​ខ្លាំង​ក្លា » ។

ប្រធាន ឡាន់ បាន​បន្ថែមថា « ប្រសិនបើ​យើង​ស្តាប់​ប្រធាន [ រ័សុល អិម ] ណិលសុន នោះ​យើង​ដឹងថា​យើង​កើតមក​ក្នុង​គោលបំណង​មួយ ហើយ​ថា​យើង​ត្រូវបាន​បញ្ជូន​មក​ទីនេះ​ជាមួយនឹង​អំណោយទាន នៅពេល​អំណោយ​ទាំងនោះ​នឹង​រកឃើញ​កន្លែង​មួយ ហើយ​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​សំខាន់​ក្នុង​ការនាំមក​នូវ​ភាពរុងរឿង​នៃ​នគរ​ព្រះ » ។

អែលឌើរ អុជដូហ្វ ក៏​បាន​លើកឡើង​ពី យ៉ូសែប ស្ម៊ីធ ផងដែរ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សង្ឃឹម​ថា ក្មួយៗ​អាច​ឃើញ​ផ្នែក​តូចមួយ​នៃ​ខ្លួនឯង​នៅក្នុង​យ៉ូសែបដ៏​វ័យក្មេង » ។ « នៅឆ្នាំ១៨២០ លោក​មាន​អាយុ​ស្របាល​នឹង​ក្មួយៗ ។ លោក​មានសំណួរ​អំពី​សាសនា ។ លោក​មានការសង្ស័យ​អំពី​ជំហរ​របស់លោក​នៅចំពោះព្រះ ។ លោក​មាន​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច ដូច​ក្មួយៗ​ភាគច្រើន​ដែរ ។ ហើយលោក​មានសេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដី​ជំនឿ​នោះ​បាន​ដឹកនាំ​លោក​ឲ្យ​អធិស្ឋាន ។ លោក​បាន​មើល​ទៅ​ព្រះគ្រីស្ទ ដែលទ្រង់​បានលើក​លោក​ឲ្យ​លើស​ពី​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច » ។

អែលឌើរ អុជដូហ្វ បានផ្តោតលើ​វិធី​ជាក់លាក់​ពីរយ៉ាង​ដែល​យុវវ័យ​អាច​មើលទៅ​ព្រះគ្រីស្ទ ដែល​តំណាង​ដោយ​វត្ថុពីរ​ដែលលោក​តែងតែ​យក​តាមខ្លួន ៖ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ របស់​លោក និង​សៀវភៅណែនាំ « ដើម្បីកម្លាំង​នៃយុវជន » ។

January-2025-youth-event
January-2025-youth-event
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ កាន់សៀវភៅណែនាំ ‹ ដើម្បីកម្លាំងនៃយុវជន › ដែលរួមបញ្ចូលនូវការណែនាំសំខាន់ៗ ដែលលើកទឹកចិត្តយុវវ័យឲ្យធ្វើការសម្រេចចិត្តដោយសុចរិត ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

បានថត​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​ជាថ្មី អែលឌើរ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា « ក្នុង​ន័យ​មួយ ក្មួយៗ និង​ខ្ញុំ​ប្រៀប​ដូចជា​ព្រះវិហារ​បរិសុទ្ធ​នេះ​ដែរ ។ យើង​ទាំងអស់គ្នា​គឺជា​ការងារ​ដែល​កំពុង​ដំណើរការ នៅពេល​យើង​មើលទៅ​ព្រះគ្រីស្ទ ហើយ​ធ្វើតាមទ្រង់ ។ យើង​អាច​ធ្វើឲ្យ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ការប្រែចិត្ត ហើយ​តាមរយៈ​ការណ៍​នេះ យើង​ពង្រឹង​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង និង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​បម្រើ ។ ហើយ​យើង​នឹង​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​អ្វី​ដែល​អាច​កើត​មាន​នា​ពេល​អនាគត » ។

អែលឌើរ អុជដូហ្វ បាន​មាន​ប្រសាសន៍​អំពី​វត្ថុ​ទីពីរ ៖ « សៀវភៅណែនាំ​ដ៏​បំផុសគំនិត​សម្រាប់​ការ​ធ្វើ​ការ​ជ្រើសរើស​នេះ​ធានា​ថា​ក្មួយៗ​ទទួល​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ជា​កម្លាំង​របស់​ក្មួយៗ » ។

« នៅពេល​ក្មួយៗ​មាន​ជម្រើស​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ សូម​មើលទៅ​ព្រះគ្រីស្ទ ។ នៅពេល​ក្មួយៗធ្វើខុស ចូរ​មើលទៅ​ព្រះគ្រីស្ទ ។ នៅពេល​ក្មួយៗ​មាន​អារម្មណ៍​តានតឹង​ជាមួយនឹង​សំណួរ ឬ​ការសង្ស័យ សូម​មើលទៅ​ព្រះគ្រីស្ទ ។ នៅពេល​ក្មួយៗ​ភ័យខ្លាច ចូរមើលទៅ​ព្រះគ្រីស្ទ ។ មែនហើយ យើង​កំពុង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែលអាច​មាន​បញ្ហា និង​គួរ​ឲ្យ​ភ័យ​ខ្លាច » ។ « តែ​កុំ​ខ្លាច​អី ត្រូវមាន​ចិត្ត​ក្លាហាន ។ ក្មួយៗ​មាន​ព្រះយេស៊ូវគ្រីស្ទ​នៅខាង​ក្មួយៗ ជាពន្លឺ​នៃ​ពិភពលោក ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ទ្រង់​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយក្មួយៗ » ។

នៅក្នុង​ការប្រជុំ​តាមមូលដ្ឋាន​នីមួយៗ យុវវ័យ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ផ្អាក​វីដេអូ​ម្ដងម្កាល ដើម្បី « ជញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់​នូវ​ពេលវេលា​មួយក្នុង​ជីវិត​របស់ក្មួយៗ នៅពេលក្មួយៗ​បានទទួល​ពន្លឺពី​ស្ថានសួគ៌ » ហើយ​ពិភាក្សា​អំពី​ពេលវេលា​ដែល​ពួកគេ​ជួបប្រទះ​នឹង​ការសង្ស័យ ឬ​ការភ័យខ្លាច និង​របៀប​ដែលពួកគេ​មើលទៅ​ព្រះគ្រីស្ទ ។

វីដេអូ​ទាំងមូល​អាច​ត្រូវបាន​មើល​តាម​តម្រូវការ​ពី Media Library, YouTube និង​កម្មវិធី Gospel Stream ។

សាសនាចក្រ​ក៏បាន​ចេញ​ផ្សាយ​វីដេអូ​បាវចនា​យុវវ័យ​ខាងក្រោម​នេះ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នោះ​ផងដែរ ។ វា​ក៏មាន​នៅលើ​គេហទំព័រ Youth.ChurchofJesusChrist.org រួម​ជាមួយនឹង​ធនធាន​ផ្សេងទៀត ដូចជា​និមិត្តសញ្ញា អាល់ប៊ុម​ចម្រៀង និង​ស្នាដៃសិល្បៈ​ដែល​អាច​ទាញយក​បាន ។

( វីដេអូ​នេះ​ត្រូវបាន​ថតនៅ​ប្រទេស​ឥណ្ឌូនេស៊ី ) ។